លោកអភិបាល អូលីវីយ៉េ រំលឹកក្រុមប្រឹក្សា អំពីការធ្វើដំណើររួមគ្នា» និងការឆ្លើយតបនឹងបញ្ហាសង្គមបច្ចុប្បន្ន

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។

លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ បងប្រុស បងស្រី និងលោកអភិបាល។

នៅក្នុងសុន្ទរកថា លោកអភិបាលអូលីវីយ៉េ បានរំលឹកឡើងវិញអំពីការវិវត្តនៃសង្គមចាប់តាំងពីឆ្នាំ២០០០ មកទល់បច្ចុប្បន្ន ដោយសង្កេតឃើញថា បច្ចេកវិទ្យា ទំនោរសម្ភារនិយម និងការគិតតែពីរឿងលុយកាក់ បានបង្កើតឱ្យមានបញ្ហាស្មុគស្មាញជាច្រើន ដូចជា បំណុល គ្រឿងញៀន និងការប្រែប្រួលផ្លូវចិត្ត។ ដូច្នេះ ព្រះសហគមន៍ចាំបាច់ត្រូវអង្គុយរិះគិតរួមគ្នា ដើម្បីតម្រង់ទិសការងារឱ្យស្របទៅតាមស្ថានភាពជាក់ស្តែងនៃសតវត្សរ៍ទី២១។

លោកអភិបាលបានលម្អិតអំពីតួនាទីសំខាន់ៗនៃគណៈកម្មការនានាក្នុងព្រះសហគមន៍ដែល​នឹងរួមចំណែក​ជួយ​ដល់​កិច្ចការព្រះសហគមន៍​។

លោក​មានប្រសាសន៍ថា គណៈកម្មការកណ្តាល ដើរតួជាអ្នកប្រមូលផ្តុំតំណាងក្រុមនីមួយៗ ដោយជួបជុំគ្នា ៣ ទៅ ៤ខែម្ដង ដើម្បីពិគ្រោះយោបល់ និងគិតគូរពីការអភិវឌ្ឍព្រះសហគមន៍ទាំងមូល។ លោកអភិបាលបានរំលឹកពីគំរូក្រុមគ្រីស្តទូតសម័យដើម ដែលចេះបែងចែកការងារដឹកនាំអធិដ្ឋាន ពិធីបុណ្យ អប់រំជំនឿ និងបង្កើតក្រុមឧបដ្ឋាកដើម្បីជួយកិច្ចការមេត្តាករុណា។

រីឯគណៈកម្មការពិធីបុណ្យ ត្រូវ​ផ្តោតសំខាន់​លើការអធិដ្ឋាន និងពិធីបុណ្យ គឺជាគ្រឹះនៃជីវិតគ្រីស្តបរិស័ទ និងជាមធ្យោបាយទីមួយក្នុងការប្រកាសដំណឹងល្អ។ លោកបានក្រើនរំលឹកឱ្យមានការរៀបចំពិធីបុណ្យឱ្យបានល្អ មានសោភ័ណភាព និងទឹកចិត្តកក់ក្តៅ ព្រមទាំងជំរុញឱ្យបញ្ចូលជំនឿទៅក្នុងប្រពៃណីវប្បធម៌ខ្មែរ ដូចជា ពិធីបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌ ដោយរៀបចំឱ្យមានការអធិដ្ឋានតាមវេនគ្រួសារ។ បន្ថែមលើសនេះ គ្រីស្តបរិស័ទត្រូវយកចិត្តទុកដាក់លើការសូត្រផ្គាំ និងការរក្សាភាពស្ងៀមស្ងាត់អរព្រះគុណក្រោយទទួលព្រះកាយ។

ការអប់រំជំនឿជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដោយត្រូវ​ផ្តោតលើ «គុណភាព និងជំនឿពិតប្រាកដប្រសើរជាងបរិមាណ»។ ក្នុងតួនាទី​របស់​គណៈកម្មការអប់រំជំនឿនេះ លោកអភិបាលបានកំណត់ច្បាស់លាស់រវាងការអប់រំជំនឿកុមារ និងមនុស្សពេញវ័យ (អាយុចាប់ពី ១៧-១៨ ឆ្នាំឡើង) ក្នុងការទទួលជំហានទី១ និងពិធីជ្រមុជទឹក ដើម្បីចៀសវាងការយល់ច្រឡំពីសង្គមខាងក្រៅ។ លោកបានបង្ហាញការទុកចិត្តខ្ពស់លើគ្រូអប់រំជំនឿក្នុងការវាយតម្លៃ និងតាមដានជីវិតជំនឿរបស់បេក្ខជន។

ម្យ៉ាងទៀត ដើម្បី​ឲ្យការប្រកាសដំណឹងល្អ​ស្តែងចេញជាក់ច្បាស់ ការធ្វើ​ធម៌មេត្តាករុណា​គឺ​ពិតជា​​ត្រូវការចាំបាច់ ដោយ​លោក​បាន​ឆ្លុះបញ្ចាំងពីពាក្យពេចន៍របស់សន្តីតេរេសានៅកាល់គូតា ដើម្បីរំលឹកដល់​គណៈកម្មការសង្គហៈ (មេត្តាករុណា)។ លោកបានបញ្ជាក់ថា «មានតែមេត្តាករុណា និងស្នាដៃនៃសេចក្តីស្រឡាញ់ទេ ដែលអាចសង្គ្រោះមនុស្សលោកបាន»។ សកម្មភាពមេត្តាករុណាមិនមែនគ្រាន់តែជាការផ្តល់អង្ករ ឬលុយកាក់ប៉ុណ្ណោះទេ តែជាការដើរជាមួយ និងលើកទឹកចិត្តអ្នករងទុក្ខ។ ជីវិតគ្រីស្តបរិស័ទត្រូវមានជើងពីររឹងមាំទន្ទឹមគ្នា គឺ «មេត្តាករុណា និងការអធិដ្ឋានផ្លូវវិញ្ញាណ» ព្រោះផ្លែផ្កានៃជំនឿពិត គឺសេចក្តីមេត្តាករុណា។

ការគិតគូរដល់អ្នកជំនាន់ គឺត្រូវ​តែ​ធ្វើពី​ឥឡូវនេះ ដើម្បី​ឲ្យពួកគេ​រឹងមាំនិងមានគុណភាព ដូច្នេះគណៈកម្មការកុមារ ជំទង់ និងយុវជនរបស់​​ព្រះសហគមន៍ត្រូវមានសកម្មភាពផ្ទាល់ខ្លួនជាប្រចាំ (ដូចជា កាយឫទ្ធិ សិល្បៈ ក្រុមយុវជន)សម្រាប់កុមារ និងយុវជនចាប់ពីអាយុ ៥ ដល់ ១៨ ឆ្នាំ ដើម្បីអប់រំ បំភ្លឺ និងកសាងពួកគេជាមនុស្សពេញលក្ខណៈ មិនមែនគ្រាន់តែហៅពួកគេមកប្រើការនោះឡើយ។

លោកអភិបាលបានបង្ហាញការព្រួយបារម្ភចំពោះបញ្ហាគ្រឿងញៀន និងឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) រួមទាំងព័ត៌មានមិនពិតលើបណ្តាញសង្គម។ ព្រះសហគមន៍ត្រូវមានសំឡេង និងពន្លឺនៃព្រះបន្ទូល ដើម្បីជួយយុវជនឱ្យចេះពិចារណាដឹងខុសត្រូវចំពោះបញ្ហាសង្គម សិទ្ធិមនុស្ស និងការកសាងអនាគត។

លោកមាគ ស៊ន ជាគ្រូអប់រំជំនឿ​នៅព្រះសហគមន៍​ចំការទៀង​បាន​និយាយថា ទិសដៅ​ព្រះសហគមន៍​របស់​យើង​នាបច្ចុប្បន្ន​ត្រូវ​តម្រង់ទិស​ច្រើន​ទៅលើក្រុមគណៈកម្មការ​នីមួយៗ​ដែល​មាន​ខាងលើ ហើយ​ត្រូវ​ពង្រឹងសកម្មភាពគ្រីស្តបរិស័ទ​លើផ្លូវវិញ្ញាណ ពិធីបុណ្យ​ និង​ការអប់រំជំនឿ​របស់​យើង​​បន្ថែមទៀត។

លោក​ស៊ន បន្ថែមថា ជាទូទៅ​នៅព្រះសហគមន៍នេះ មានពិធី​គោរពព្រះកាយព្រះគ្រីស្ត​និង​អធិដ្ឋានតេហ្សេជារៀងរាល់សប្តាហ៍ ហើយយើង​នឹងរិះគិតបន្ថែមអំពី​របៀប​នៃការចូលរួមជាមួយ​ពិធីបុណ្យធំៗ​របស់​ជាតិ​ឲ្យ​ស្របតាម​ប្រពៃណី​ព្រះសហគមន៍​យើង​។

ជាចុងក្រោយ លោកអភិបាល អូលីវីយ៉េ បានអំពាវនាវឱ្យសមាជិកទាំងអស់សហការគ្នាយ៉ាងជិតស្និទ្ធតាមជំនាញ និងឯកទេសរៀងៗខ្លួន ដើម្បីកសាងព្រះសហគមន៍មួយដែលមានជីវិត និងក្លាយជាពន្លឺដ៏កក់ក្តៅបំភ្លឺដល់សង្គមជាតិ៕

ដោយ លី សុវណ្ណា

Facebook
Twitter
LinkedIn