អត្ថបទព្រះគម្ពីរប្រចាំថ្ងៃ​៖ ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦

សូមចុចទីនេះ

លោកយេរ៉ូម (៣៤០-៤២០) ជាជាតិដាម៉ាស់ម្នាក់ (ប្រទេសអាស៊ីសព្វថ្ងៃ) ដែលទៅរៀនសូត្រ នៅក្នុងក្រុងរ៉ូម។ នៅទីនេះលោកចាប់ចិត្តស្រឡាញ់ការសិក្សា។ បន្ទាប់មក លោកចូលបួសជាឥសីនៅវាលរហោស្ថានស្រុកស៊ីរ៉ី រួចលោកទទួលមុខងារជាបូជាចារ្យនៅព្រះសហ​គមន៍អន់ទីយ៉ូក ហើយត្រឡប់មកក្រុងរ៉ូម ធ្វើជាស្មៀនសម្តេចប៉ាបដាមាស់ ហើយលោកបកប្រែព្រះគម្ពីរជាភាសាឡាតាំង។ កាលលោកអាយុហាសិបឆ្នាំហើយ លោករស់នៅក្នុងអារាមនៅបេតលេអែម ទាំងនិពន្ធសេចក្តីអត្ថាធិប្បាយព្រះគម្ពីរផង។  លោកតែងពោលថា៖ “អ្នកដែលមិនស្គាល់ព្រះគម្ពីរ អ្នកនោះក៏មិនស្គាល់ព្រះគ្រីស្តដែរ”។

សូមថ្លែងព្រះគម្ពីរលោកយ៉ូប យប៩,១-១២,១៤-១៦

លោក​យ៉ូប​មាន​ប្រសាសន៍​តប​វិញ​ថា៖ ពិត​មែន​ហើយ ខ្ញុំ​ដឹង​ថា​ប្រាកដ​ជា​កើត​មាន​ដូច្នោះ​មែន មនុស្ស​មិន​អាច​តវ៉ា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់​ថា​ខ្លួន​សុចរិត​បាន​ឡើយ។បើ​គេ​ចង់​ជជែក​វែក‌ញែក​ជា​មួយ​ព្រះ‌អង្គ ក្នុង​មួយ​ពាន់​សំណួរ សូម្បី​តែ​មួយ​ក៏​មនុស្ស​ពុំ​អាច​ឆ្លើយ​ផង​។ ព្រះ‌អង្គ​ប្រកប​ទៅ​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ និង​មហិទ្ធិ‌ឫទ្ធិ អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌អង្គ មិន​អាច​រួច​ខ្លួន​ទេ។ ព្រះ‌អង្គ​រើ​ភ្នំ​ទាំង‌ឡាយ​មិន​ឲ្យ​វា​ដឹង​ខ្លួន ព្រះ‌អង្គ​រំលើង​ភ្នំ ដោយ‌សារ​ព្រះ‌ពិរោធរបស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផែន‌ដី​កក្រើក​នៅ​លើគ្រឹះ​របស់​វាហើយ​សសរ​របស់​វា​ក៏​រញ្ជួយ​ដែរ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ថ្ងៃនោះ​ថ្ងៃ​មិន​រះ​ទេព្រះ‌អង្គ​ក៏​ឃាត់​ផ្កាយ​មិន​ឲ្យ​ចាំង​ពន្លឺ​ដែរ។ ព្រះ‌អង្គ​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​គ្មាន​នរណា​ជួយព្រះ‌អង្គ​យាង​នៅ​លើ​រលក​សមុទ្រ។ ព្រះ‌អង្គ​បាន​បង្កើត​ផ្កាយ​ក្រពើ ផ្កាយ​នង្គ័ល និង​ផ្កាយ​កូន​មាន់ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​នៅ​ទិស​ខាង​ត្បូង។ ព្រះ‌អង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យដែល​ពុំ​អាច​យល់​បាន ព្រម​ទាំង​ការ​ដ៏​ល្អ​វិសេស​ច្រើន​ឥត​គណនា។ ព្រះ‌អង្គ​យាង​មក​ក្បែរ​ខ្ញុំ ក៏​ខ្ញុំ​មើល​ព្រះ‌អង្គ​មិន​ឃើញ ព្រះ‌អង្គ​យាង​ទៅ​បាត់ ក៏​ខ្ញុំ​មិន​អាច​យល់​បាន។ពេល​ព្រះ‌អង្គ​ដក​យក​អ្វី​ទៅ​ហើយ គ្មាន​នរណា​អាច​ឃាត់​ព្រះ‌អង្គ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​ពោល​ទៅ​ព្រះ‌អង្គ​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ដូច្នេះ” ដែរ។ ហេតុ​នេះ តើ​ឲ្យ​ខ្ញុំ​ឆ្លើយ​តប​ទៅ​ព្រះ‌អង្គ ដូច​ម្ដេច​បាន? តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​ទូល​ទៅ​កាន់​ព្រះ‌អង្គ? ទោះ​បី​ខ្ញុំ​សុចរិត​ក្តី ក៏​ខ្ញុំ​ពុំ​អាច​ឆ្លើយ​នឹង ព្រះ‌អង្គ​ដែរ គឺ​ខ្ញុំ​មាន​តែ​អង្វរ​សូម​ចៅ‌ក្រម​របស់​ខ្ញុំ មេត្តា​ប្រណី​សន្ដោស​ខ្ញុំ​ប៉ុណ្ណោះ។ ទោះ​បី​ព្រះ‌អង្គ​ឆ្លើយ​តប​មក​ខ្ញុំ នៅ​ពេល​ខ្ញុំ​ស្រែក​ហៅ​ព្រះ‌អង្គ​ក៏​ដោយ ក៏​ខ្ញុំ​មិន​ជឿ​ថា ព្រះ‌អង្គ​ផ្ទៀង​ព្រះ‌កាណ៌ ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ​ដែរ។

ទំនុកតម្កើងលេខ ៨៨ (៨៧) ,១០-១៥ បទព្រហ្មគីតិ

១០ ភ្នែកខ្ញុំប្រែស្រវាំង វេទនាខ្លាំងពេកកន្លង
ខ្ញុំអង្វរព្រះអង្គ លើកដៃផងសូមប្រណី ។
១១ តើមនុស្សដែលស្លាប់ទៅ នឹងនិត្យនៅក្រោកឃ្មាតខ្មី
តម្កើងជោគសិរី ព្រះអង្គថ្លៃកើតប្ញទេ ។
១២ តើអ្នកនៅក្នុងផ្នូរ អាចថ្លែងអរគិតរិះរេ
ពីព្រះទ័យស្និទ្ធស្នេហ៍ ព្រះអង្គដែរកើតទេឬ? ។
១៣ តើពួកអ្នកដែលស្ថិត ទីងងឹតអាចដឹងឮ
ស្គាល់ស្នាដៃរន្ទឺ ព្រះអង្គឬ ដូចម្ដេចបាន? ។
១៤ ឱព្រះអម្ចាស់អើយ ខ្ញុំដង្ហោយឥតស្រាកស្រាន
អង្វរម្ចាស់ថ្កើងថ្កាន លំឱនប្រាណតាំងពីព្រឹក ។
១៥ ឱព្រះអម្ចាស់អើយ ខ្ញុំដង្ហោយឥតស្រាកស្រាន្ត
ចោលខ្ញុំឱ្យវរវឹក មិននានឹកខ្ញុំយ៉ាងនេះ? ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម សម ៣,៩,យហ ៩,៥៧

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ព្រះអម្ចាស់ត្រាស់ហៅយើងខ្ញុំ! យើងខ្ញុំនាំគ្នាដើរតាមព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៥៧-៦២

កាល​ព្រះ‌យេស៊ូ​កំពុង​យាង​តាម​ផ្លូវ​ជា​មួយ​សាវ័ក មាន​បុរស​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ ប៉ុន្តែ បុត្រ​មនុស្ស*​គ្មាន​ទី​ជម្រក​សម្រាក​សោះ​ឡើយ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ម្នាក់​ទៀត​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ ប៉ុន្តែ អ្នក​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​បញ្ចុះ​សព​ឪពុក​សិន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ។ រីឯ​អ្នក​វិញ ចូរ​ទៅ​ផ្សាយ​ដំណឹងអំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់»។ មាន​ម្នាក់​ទៀត​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់! ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក​ដែរ ប៉ុន្តែ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​ជម្រាប​លា​ក្រុម​គ្រួសារ​សិន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​វិញ​ថា៖ «អ្នក​ណា​កាន់​នង្គ័ល ហើយ​បែរ​ជា​ងាក​មើល​ក្រោយ អ្នក​នោះ​គ្មាន​សារ‌ប្រយោជន៍​អ្វី​ដល់​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ឡើយ»។

Facebook
Twitter
LinkedIn