អត្ថបទព្រះគម្ពីរប្រចាំថ្ងៃ​៖ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦

សូមថ្លែងព្រះគម្ពីរសាស្ដា សស ១,២-១១

សាស្ដាបានថា អ្វីៗទាំងអស់សុទ្ធតែឥតន័យ ឥតខ្លឹមសារ និងឥតបានការ មនុស្ស​ខិតខំធើ្វការយ៉ាងនឿយហត់នៅលើផែនដី តើបានប្រយាជន៍អ្វី? មនុស្សមួយជំនាន់​ចាកចេញពីលោកនេះទៅ មនុស្សមួយជំនាន់ទៀតចូលមក ហើយផែនដីនៅស្ថិតស្ថេរ​ដដែល។ ព្រះអាទិត្យរះឡើងរួចលិចទៅវិញ ហើយប្រញាប់វិលត្រឡប់ទៅកន្លែងដែលត្រូវរះសាជាថ្មី។ ខ្យល់បក់ទៅខាងត្បូង ទៅខាងជើងវិញ វិលទៅវិលមក បក់​តាមទិសរបស់ខ្លួនវិញ។ ទន្លេទាំងប៉ុន្មានហូរចាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញ​ឡើង។ ហើយទឹកទន្លេក៏វិលទៅហូរតាមផ្លូវរបស់វាដែរ។ អ្វីៗទាំងអស់សុទ្ធតែច្រំដែលៗ​រហូតដល់មនុស្សរកពាក្យមកថ្លែងពុំបាន។ ភ្នែកសម្លឹងមើលតែមិនចេះស្កប់​ ត្រចៀក ត្រង់ត្រាប់ស្ដាប់តែមិនចេះធុញទ្រាន់។ ហេតុការណ៍ដែលមានកាលពីមុនក៏នឹងមាននៅពេលខាងមុខ ការអ្វីដែលគេធើ្វពីមុន​ គេនឹងធើ្វនៅពេលខាងមុខដែរ គឺនៅលើផែនដីគ្មានការអ្វីថ្មីសោះឡើយ។ ប្រសិនបើគេពោលអំពីហេតុការណ៍អ្វីមួយថា “នេះជាហេតុការណ៍ថ្មី” តោងដឹងថា ហេតុការណ៍នោះធ្លាប់កើតមានតាំងពីបុរាណកាលរួចស្រេច​ទៅហើយ។ គ្មាននរណានឹកចាំពីអតីតកាលទេ ហើយហេតុការណ៍ដែលកើតឡើងនៅ​អនាគត ក៏មនុស្សជំនាន់ក្រោយមិននឹកចាំដែរ។

ទំនុកតម្កើងលេខ ៩០ (៨៩),៣-៦.១២-១៤.១៧ បទពាក្យ ៧

ព្រះអង្គធើ្វឱ្យមនុស្សគ្រប់ទី ក្លាយជាធូលីដីវិញណា
គឺព្រះអង្គមានបន្ទូលថា៖ «អស់ពូជពង្សអដាំវិលវិញ!»
ចំពោះព្រះអង្គរយៈពេល មួយពាន់ឆ្នាំក្រែលដូចម្សិលមិញ
ឬដូចជាពេលមួយយប់ពេញ កន្លងផុតចេញទៅថ្មីៗ
ព្រះអង្គដកយកជិវិតមនុស្ស ជីវិតទាំងអស់សព្វអ្វីៗ
គឺប្រៀបបីដូចជាស្មៅខ្ចី មិនពិបាកអីដូចយល់សប្ដិ
នៅពេលព្រឹកព្រាងមានរស្មើ ស្មៅដុះពីដីហើយត្រឡប់
ជាក្រៀមស្រពោនសែនអភ័ព្វ ពេលល្ងាចស្ងួតងាប់គ្មានសល់អ្វី
១២ សូមណែនាំខ្ញុំឱ្យដឹងថា អាយុសង្ខារខ្ញុំឥឡូវ
កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវ ដើម្បីជាផ្លូវខ្ញុំរិះគិត
១៣ ឧិព្រះអម្ចាស់សូមប្រញាប់ យាងមកឆាប់ៗប្រាប់ការពិត
កុំនៅបង្អង់សូមអាណិត អាសូរដល់ចិត្តអ្នកបម្រើ
១៤ សូមសម្ដែងហប្ញទ័យមេត្តា ដោយក្ដីករុណាដ៏ប្រសើរ
ចំពោះខ្ញុំជាអ្នកបម្រើ ខ្ញុំមានអំណរគ្រប់វេលា
១៧ ឧិព្រះម្ចាស់អើយសូមសម្ដែង សេចក្ដីស្រឡាញ់មកខ្ញុំផង
សូមជួយពង្រឹងការទាំងពួង ខ្ញុំឱ្យខ្ជាប់ខ្ជួនរៀង​​​រហូត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ២,១០-១១

អាលេលូយ៉ា! អាលេលូយ៉ា!
សេ្ដចទាំងឡាយអើយ! ឥឡូវនេះចូររិះគិតពិចារណាឡើង! ចូរបម្រើព្រះអម្ចាស់ដោយគោរពកោតខ្លាច! ចូរថ្វាយបង្គំព្រះអង្គទាំងញាប់ញ័រ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៧-៩

ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជជ្រាបហេតុការណ៍ទាំងអស់ដែលកើតមានឡើង។ ទ្រង់មិនដឹងជាត្រូវគិតយ៉ាងណា ព្រោះមានអ្នកខ្លះនិយាយថា៖ «លោកយ៉ូហានបាទីស្ដ​រស់ឡើងវិញហើយ»។ អ្នកខ្លះទៀតនិយាយថា៖«មានព្យាការីអេលីបង្ហាញខ្លួនឱ្យ​គេឃើញ»។ ហើយអ្នកខ្លះទៀតនិយាយថា៖ «មានព្យាការីមួយរូបពីសម័យបុរាណ​រស់ឡើងវិញ»។ រីឯព្រះបាទហេរ៉ូដមានរាជឧិង្ការថា៖ «យើងបានឱ្យគេកាត់កយ៉ូហាន​ស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថា បានធើ្វការអស្ចារ្យទាំងនោះជា​នរណា?»។ ព្រះបាទហេរ៉ូដមានបំណងចង់ជួបព្រះយេស៊ូ។

Facebook
Twitter
LinkedIn