អត្ថបទព្រះគម្ពីរប្រចាំថ្ងៃ​៖ ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦

សូមថ្លែងព្រះគម្ពីរសាស្ដា សស ១១,៩-១២,៨

យុវជនអើយ ចូរសប្បាយទាន់ខ្លួនអ្នកនៅក្មេង ចូរឱ្យចិត្តរបស់អ្នកបានរីករាយ​ក្នុងគ្រាយុវវ័យនេះ ចូរប្រព្រឹត្តតាមចិត្តប៉ង់ប្រាថ្នានិងតាមការយល់ឃើញរបស់អ្នកទៅ។ ក៏ប៉ុន្ដែ តោងដឹងថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យគ្រប់កិច្ចការដែលអ្នកធើ្វ។ ចូរដកទុក្ខកង្វល់ចេញពីចិត្តរបស់អ្នក ហើយដកអ្វីៗដែលនាំឱ្យរូបកាយអ្នកឈឺចាប់នោះចេញ ដ្បិតយុវវ័យនិងគ្រាពេញវ័យមិននៅស្ថិតស្ថេរយូរឡើយ។ ក្នុងពេលដែលអ្នកនៅក្មេង​នៅ​ឡើយ ត្រូវនឹកដល់ព្រះអាទិកររបស់អ្នកមុនពេលថ្ងៃវេទនាមកដល់ និងមុនពេលអាយុរបស់អ្នកកាន់តែជ្រេរទៅៗហើយពេលនោះ អ្នកនឹងពោលថា«ខ្ញុំលែងសប្បាយក្នុងជីវិត​ទៀតហើយ»។ ត្រូវនឹកដល់ព្រះអង្គ មុនពេលពន្លឺព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយ​ទាំងឡាយប្រែទៅជាអាប់រស្មី ហើយមុនពេលពពកនិងភ្លៀងមកដល់ផ្ទួនៗគ្នា។ នៅ​ថ្ងៃនោះ អ្នកយាមផ្ទះនឹងរញីរញ័រ មនុស្សដ៏ខ្លាំងពូកែបែរជាកោងខ្នង ស្រី្ដៗដែលកិនម្សៅនឹងឈប់កិនមកពីខ្វះគ្នាជួយ ហើយអស់អ្នកដែលធ្លាប់តែសម្លឹងតាមបង្អួច ប្រែជា​ងងឹតភ្នែក។ ជីវិតរបស់អ្នកនឹងរសាត់បាត់ទៅ ដូចទ្វារដែលបែរទៅរកផ្លូវត្រូវគេបិទដូចសំឡេងត្បាល់កិនដែលឮកាន់តែខ្សោយទៅៗ ដូចសំឡេងបក្សាបក្សីស្ងាត់សូន្យទៅ​វិញ និងដូចសំឡេងស្រ្ដីចម្រៀងទាំងអស់ចុះខ្សោយ។ ពេលនោះអ្នកនឹងមិនហ៊ានឡើងទៅកាន់ទីខ្ពស់ៗ ហើយក៏មិនហ៊ានធើ្វដំណើរដែរ។ សក់របស់អ្នកនឹងស្កូវដូចផ្កា​កប្បាស អ្នកលែងរហ័សរហួនដូចកណ្ដូប អ្នកនឹងលែងដឹងរសជាតិអាហារទៀតហើយ។ មនុស្សលោកចេះតែឈានទៅរកទីលំនៅដែលស្ថិតស្ថេររហូត។ ពួកស៊ីឈ្នួលយំនិងដើរ​ក្រឡឹងជុំវិញផ្ទះអ្នក រង់ចាំពេលអ្នកស្លាប់។ ពេលនោះ ខ្សែជីវិតត្រូវដាច់ដូចជាថូមាស​បែក ដូចក្អមបែកនៅប្រភពទឹក ឬដូចរហាត់យោងទឹកបាក់ធ្លាក់ទៅក្នុងអណ្ដូង។ ពេល​​នោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណដែលព្រះជាម្ចាស់​ប្រទានឱ្យក៏នឹងវិលទៅកាន់ព្រះអង្គវិញដែរ។
សាស្ដាបានថ្លែងថា អ្វីៗទាំងអស់សុទ្ធតែគ្មានន័យ គ្មានខ្លឹមសារ និងឥតបានការ។

ទំនុកតម្កើងលេខ ៩០ (៨៩),៣-៦.១២-១៤.១៧ បទពាក្យ ៧

៣ ព្រះអង្គធើ្វឱ្យមនុស្សគ្រប់ទី ក្លាយជាធូលីដីវិញណា
គឺព្រះអង្គមានបន្ទូលថា៖ «អស់ពូជពង្សអដាំវិលវិញ!» ។
៤ ចំពោះព្រះអង្គរយៈពេល មួយពាន់ឆ្នាំក្រែលដូចម្សិលមិញ
ឬដូចជាពេលមួយយប់ពេញ កន្លងផុតចេញទៅថ្មីៗ ។
៥ ព្រះអង្គដកយកជីវិតមនុស្ស ជីវិតទាំងអស់សព្វអ្វីៗ
គឺប្រៀបបីដូចជាស្មៅខ្ចី មិនពិបាកអីដូចយល់សប្ដិ ។
៦ នៅពេលព្រឹកព្រាងមានរស្មី ស្មៅដុះពីដីហើយត្រឡប់
ជាក្រៀមស្រពោនសែនអភ័ព្វ ពេលល្ងាចស្ងួតងាប់គ្មានសល់អ្វី ។
១២ សូមណែនាំខ្ញុំឱ្យដឹងថា អាយុសង្ខារខ្ញុំឥឡូវ
កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវ ដើម្បីជាផ្លូវខ្ញុំរិះគិត ។
១៣ ឧិព្រះអម្ចាស់សូមប្រញាប់ យាងមកឆាប់ៗប្រាប់ការពិត
កុំនៅបង្អង់សូមអាណិត អាសូរដល់ចិត្តអ្នកបម្រើ ។
១៤ សូមសម្ដែងហប្ញទ័យមេត្តា ដោយក្ដីករុណាដ៏ប្រសើរ
ចំពោះខ្ញុំជាអ្នកបម្រើ ខ្ញុំមានអំណរគ្រប់វេលា ។
១៧ ឧិព្រះម្ចាស់អើយសូមសម្ដែង សេចក្ដីស្រឡាញ់មកខ្ញុំផង
សូមជួយពង្រឹងការទាំងពួង ខ្ញុំឱ្យខ្ជាប់ខ្ជួនរៀង​​​រហូត ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ធម ១,១០

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្ដយេស៊ូជាព្រះសង្គ្រោះរបស់យើងបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈ ដោយសារដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៤៣-៤៥

នៅពេលនោះ មនុស្សគ្រប់គ្នាកំពុងកោតស្ញប់ស្ញែងនឹងការទាំងប៉ុន្មានដែលព្រះ​យេស៊ូប្រព្រឹត្ត។ ព្រះអង្គមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «ចូរអ្នករាល់គ្នាត្រងត្រាប់​ស្ដាប់ពាក្យទាំងនេះ ហើយចងចាំទុកក្នុងចិត្ត គឺបុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន»។ សាវ័កពុំបានយល់ព្រះបន្ទូលនេះទេ ព្រោះ​ព្រះជាម្ចាស់មិនទាន់បានសម្ដែងអត្ថន័យឱ្យគេយល់ ប៉ុន្ដែ ពួកគេមិនហ៊ានទូលសួរព្រះអង្គអំពីរឿងនេះឡើយ។

Facebook
Twitter
LinkedIn