ពូជ​នៃ​ព្រះបន្ទូល និង​ជីវិត​គ្រួសារ​ដ៏​វិសុទ្ធ

អភិបូជា​អគ្គ​សញ្ញា​លាប​ថ្ងាស

នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែប ផ្សារតូច

ភ្នំពេញ​ខាង​ជើង ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ​២០២៦

“ពូជ​នៃ​ព្រះបន្ទូល និង​ជីវិត​គ្រួសារ​ដ៏​វិសុទ្ធ”

អត្ថបទ​ទី​១៖ អេសាយ ៥៥,១០-១១ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើងនឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ។ អស ៥៥,១១អត្ថបទ​ទី​២៖ រ៉ូម ៨,១៨-២៣ទទួល​ព្រះ‌អំណោយ​ទាន​ដំបូង​របស់​ព្រះ‌វិញ្ញាណ។ រម ៨,២៣ដំណឹងល្អ៖ ម៉ាថាយ ១៣, ១-២៣អ្នក​ណា​មាន​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ថែម​ទៀត។ មថ ១៣,១២

បង​ប្អូន​ជា​ទី​ស្រឡាញ់!

ថ្ងៃនេះ យើង​សប្បាយ​ចិត្ត​ដែល​មាន​បង​ប្អូន​យើង​មួយ​ចំនួន​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក។ ឆ្នាំ​នេះ បុណ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក ជា​លើក​ទី​មួយ​ដែល​ខ្ញុំ​ជា​អត់​បាន​នៅ ព្រោះ​ត្រូវ​ចូល​រួម​នៅ​ក្នុង​ដំណើរ​សួរ​សុខ​ទុក្ខ​សម្តេច​ប៉ាប។ ខ្ញុំ​បាន​អធិដ្ឋាន​នៅ​លើ​ផ្នូរ​សន្ត​សិលា សន្ត​ប៉ូល នៅ​ពេល​ហ្នឹង​ខ្ញុំ​បាន​អធិដ្ឋាន​យ៉ាង​ពិសេស​នៅ​ក្នុង​វិសាល​វិហារ​សន្ត​សិលា​នៅ​ទីក្រុង​រ៉ូម។ ដោយ​នឹក​ឃើញ​ថា ព្រះសហគមន៍​របស់​យើង​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល ទៅ​ជា​ព្រះសហគមន៍​តែ​មួយ ដោយសារ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ពេល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក គឺ​អ្នក​ទាំង​អស់​ដែល​ចូល​រួម​សម្រាប់​ពិធី​បុណ្យ​ហាសិប នៅ​ក្នុង​សាសនា​យូដា​ដែល​មក​ពី​ប្រទេស​ផ្សេងៗ នៅ​ពេល​លោក​សិលា​ចេញ​ចាប់​ផ្ដើម​ធម្មតេសនា ដើម្បី​ប្រកាស​ថា​ពិត​មែន​ព្រះយេស៊ូ​សោយ​ទិវង្គត ក៏​ប៉ុន្តែ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​គង់​នៅ​ជា​មួយ​យើង​សព្វ​ថ្ងៃ។ ទាំង​អស់​គ្នា​គេ​ស្ដាប់​បាន ដោយ​បង្ហាញ​ថា​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​មក​ពី​ណា​ក៏​ដោយ យើង​ជា​ជនជាតិ​ណា​ក៏​ដោយ យើង​ជា​ព្រះសហគមន៍​កាតូលិក​តែ​មួយ យើង​ជា​ក្រុម​គ្រួសារ​តែ​មួយ ដឹក​នាំ​ដោយ​សម្តេច​ប៉ាប រួម​ជា​មួយ​គ្នា​យើង​ធ្វើ​ដំណើរ​នៅ​ក្នុង​សេចក្តី​សុខ និង​សុខ​ដុមរមនា។

ថ្ងៃ​នេះ​នៅ​ក្នុង​អត្ថបទ​ទី​ពីរ “ទុក្ខ​លំបាក​នា​បច្ចុប្បន្ន​កាល ពុំ​អាច​ប្រៀប​ផ្ទឹម​នឹង​សិរីរុងរឿង​ដែល​ព្រះជាម្ចាស់​នឹង​សម្តែង​ឲ្យ​យើង​ឃើញ​នៅ​អនាគត​កាល​នោះ​បាន​ឡើយ”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​មើល​ជីវិត​របស់​យើង ទុក្ខ​លំបាក​ក៏​មាន នៅ​ពេល​យើង​មើល​ពិភព​លោក​របស់​យើង​សព្វ​ថ្ងៃ ក៏​មាន​ទុក្ខ​លំបាក​យ៉ាង​ច្រើន។ ជា​ពិសេស​តាម​រយៈ​សង្គ្រាម តាម​រយៈ​ការ​ខ្វះ​ម្ហូប​អាហារ តាម​រយៈ​ជំងឺ​នានា…។ ប៉ុន្តែ បង​ប្អូន​ជា​ទី​ស្រឡាញ់​យើង​ដឹង​ថា ទុក្ខ​លំបាក​ដែល​យើង​មើល​ឃើញ​សព្វ​ថ្ងៃ មិន​អាច​ប្រៀប​ធៀប​នឹង​សិរីរុងរឿង​ដែល​យើង​នឹង​ទទួល​បាន​នៅ​ថ្ងៃ​អនាគត​ជា​មួយ​ព្រះជាម្ចាស់​នៅ​ស្ថាន​បរម​សុខ។ នេះ​ណែនាំ​ឲ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម ណែនាំ​ឲ្យ​យើង​នឹក​ឃើញ​ថា ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នៅ​លើ​ផែន​ដី​នេះ ទោះ​បី​យើង​ឆ្លង​ទុក្ខ​លំបាក ឆ្លង​គ្រោះ​អាសន្ន យើង​ដឹង​ថា​យើង​មាន​សេចក្តី​សង្ឃឹម​ជា​ផ្លូវ​មួយ ដែល​ព្រះយេស៊ូ​បាន​បើក។ សេចក្តី​សង្ឃឹម​នេះ យើង​មាន​សាក្សី​ពីរ​នាក់​យ៉ាង​ពិសេស គឺ លូវីស និង ហ្សេលី ម៉ាតាំង ជា​ប្តី​ប្រពន្ធ​ដែល​ព្រះសហគមន៍​បាន​ទទួល​ស្គាល់​ជា​សន្ត​សន្តី​ទាំង​ពីរ​រួម​ជា​មួយ​គ្នា។

លូវីស និង​ហ្សេលី ម៉ាតាំង បាន​ប្រទាន​កូន​ស្រី​ម្នាក់​គឺ តេរេសា ជា​បង​ស្រី​សម្ងាត់​នៅ​ក្នុង​អារាម​កាម៉ែល។ តេរេសា បាន​ទៅ​ជា​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ ដែល​សព្វ​ថ្ងៃ​គេ​គោរព គេ​ស្រឡាញ់​ពេញ​ពិភព​លោក​ទាំង​មូល។ គ្រួសារ​ដ៏​វិសុទ្ធ​នេះ ណែនាំ​ឲ្យ​យើង​មើល​ឃើញ​ពាក្យ​ប្រស្នា​របស់​ព្រះយេស៊ូ​ដែល​យើង​ស្ដាប់​នៅ​ថ្ងៃ​នេះ។ ព្រះយេស៊ូ​បង្ហាញ​ថា យើង​សាប​ព្រោះ​ព្រះបន្ទូល​នៅ​លើ​ផែនដី​ទាំង​មូល។ ផែនដី​ទាំង​មូល ជា​ចម្ការ​មួយ​ដ៏​ធំ ហើយ​ព្រះបន្ទូល​ជា​ពូជ​ដែល​ទៅ​លើ​ផ្លូវ លើ​ថ្ម លើ​បន្លា លើ​ដី​ល្អ ហើយ​ណែនាំ​ឲ្យ​យើង​បង្កើត​ផល​តាម​អ្វី​ដែល​យើង​ទទួល​នៅ​ក្នុង​ខ្លួន​របស់​យើង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​មើល​ឃើញ​ព្រះបន្ទូល​ដែល​ធ្លាក់​នៅ​លើ​បន្លា នេះ​ជា​ការ​ពិត​នៅ​ក្នុង​ពេល​វេលា​បច្ចុប្បន្ន​នេះ។ ប៉ុន្មាន​ដង​ប៉ុន្មាន​សារ ព្រះបន្ទូល​របស់​ព្រះយេស៊ូ​បាន​ទៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​នៅ​លើ​លោកីយ៍​នេះ ក៏​ប៉ុន្តែ​លោកីយ៍​នេះ​មិន​ទទួល។ ដោយសារ លោកីយ៍​នេះ​ជួន​កាល​រវីរវល់ និង​រត់​តាម​ទ្រព្យ​សម្បត្តិ តាម​សេចក្តី​សុខសាន្ត​ក្នុង​លោកីយ៍។ ដែល​យល់​ថា ប្រសិន​បើ​យើង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន មាន​លុយ​ច្រើន ផ្ទះ​មួយ​ស្អាត… ខ្ញុំ​ពោរ​ពេញ​ដោយ​សេចក្តី​សុខ។ ប៉ុន្តែ បង​ប្អូន​ជា​ទី​ស្រឡាញ់​ទ្រព្យ​សម្បត្តិ​ទាំង​នេះ ជា​ទ្រព្យ​សម្បត្តិ​ដែល​មិន​ស្ថិត​ស្ថេរ​ទេ។ ជា​ទ្រព្យ​សម្បត្តិ​ដែល​ណែនាំ​ឲ្យ​យើង​អាច​វង្វេង ណែនាំ​ឲ្យ​យើង​មាន​ចិត្ត​លោភ​លន់ ចិត្ត​ច្រណែន ណែនាំ​ឲ្យ​យើង​រក​មិន​ឃើញ​សុខដុមរមនា​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ ជា​សេច​ក្តី​សុខសាន្ត ដែល​ណែនាំ​ឲ្យ​ថ្ងៃ​ណា​មួយ​ទៅ​ជា​សេចក្តី​សុខសាន្ត​ដ៏​ស្ងួត ស្វិត រាំង បាត់​បង់​អ្វីៗ​ទាំង​អស់។

នៅ​ពេល​យើង​មើល លូវីស ដែល​ជា​អ្នក​ជួស​ជុល​នាឡិកា ហ្សេលី ដែល​ជា​ជាង​កាត់​ដេរ យើង​មើល​ឃើញ​ប្តី​ប្រពន្ធ​មួយ​គូរ​ដែល​មិន​រត់​តាម​ទ្រព្យ​សម្បត្តិ។ ប៉ុន្តែ ដែល​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យក​ចិត្ត​ទុក​ដាក់​ចិញ្ចឹម​គ្រួសារ​ផ្ទាល់ គឺ​កូន​ស្រី​ប្រាំ​នាក់ (តែ​កូន​បួន​នាក់​បាន​ទទួល​មរណភាព​តាំង​ពី​ទារក)។ យើង​មើល​ឃើញ​គ្រួសារ​ដែល​បាន​តស៊ូ​នៅ​ក្នុង​ទុក្ខ​លំបាក​នៃ​ជីវិត​ប្រចាំ​ថ្ងៃ ប៉ុន្តែ​ភាព​អស់​កម្លាំង​របស់​គេ​ដោយសារ​ការងារ ដោយសារ​គ្រប់គ្រង​គ្រួសារ គឺ​ជា​ការ​អស់​កម្លាំង​ដែល​គេ​ផ្ញើ​ទៅ​លើ​ព្រះជាម្ចាស់ ដើម្បី​ទទួល​សេចក្តី​សុខ​ជា​មួយ​ព្រះជាម្ចាស់។ ថ្ងៃ​អាទិត្យ គ្រួសារ​របស់​លូវីស និង​ហ្សេលី អត់​ធ្វើ​ការ​ទេ គេ​គោរព​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ ថ្ងៃ​អាទិត្យ គេ​ដឹង​ថា​ជា​ថ្ងៃ​របស់​ព្រះជាម្ចាស់​ពិត​មែន គេ​បិទ​ហាង​ដើម្បី​ទៅ​ព្រះវិហារ ដើម្បី​អធិដ្ឋាន ដើម្បី​ស្វាគមន៍​អ្នក​ក្រីក្រ​នៅ​ក្នុង​ផ្ទះ​របស់​គេ ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​មើល​ឃើញ​ព្រះបន្ទូល​ដែល​ចូល​នៅ​ក្នុង​បន្លា​នៃ​សង្គម​បច្ចុប្បន្ន​នេះ នៅ​ក្នុង​បន្លា​នៃ​ទ្រព្យ​សម្បត្តិ​ដែល​អត់​ប្រយោជន៍ យើង​អធិដ្ឋាន​តាម​រយៈ​លូវីស និង​ហ្សេលី ម៉ាតាំង ដើម្បី​ឲ្យ​ព្រះ​ជាម្ចាស់​ទៅ​ជា​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​យើង ដើម្បី​ឲ្យ​ទ្រព្យ​សម្បត្តិ​ដ៏​គ្មាន​តម្លៃ​ទៅ​ជា​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ ដែល​យើង​ស្វែង​រក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ក្នុង​ជីវិត​របស់​យើង​។ នៅ​ពេល​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​ទទួល​ព្រះអំណោយ​ទាន​មួយ​យ៉ាង​ពិសេស គឺ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់។ នៅ​ក្នុង​ព្រះអំណោយ​ទាន​ទាំង​ប្រាំពីរ​មាន​មួយ គឺ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ដោយ​ដឹង​ថា​ព្រះជាម្ចាស់​ជា​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​យើង។ ដូច្នេះ កុំ​ឲ្យ​ព្រះបន្ទូល​របស់​ព្រះអង្គ​បាត់​បង់​កម្លាំង​ដើម្បី​ដុះ​ឡើង ដោយសារ​ការ​រវីរវល់​នឹង​លោកីយ៍ ការ​រវីរវល់​នឹង​ទ្រព្យ​សម្បត្តិ ការ​រវីរវល់​នឹង​ចិត្ត​លោភ​លន់ និង​ភាព​អាត្មា​និយម ឲ្យ​យើង​មើល​ឃើញ​ពិត​មែន​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ណែនាំ​ឲ្យ​យើង​មាន​ជីវិត​ដ៏​ពេញ​លក្ខណៈ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​មើល​ឃើញ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ជា​ពូជ​ដែល​ធ្លាក់​នៅ​លើ​ផ្លូវ​ដែល​មាន​ថ្ម​យ៉ាង​ច្រើន។ ជា​ពេល​វេលា​ដែល​ព្រះបន្ទូល​អត់​មាន​សមត្ថភាព​ដើម្បី​ចាក់​គ្រឹះ ដោយសារ​ថ្ម​ទៅ​ជា​របៀប​ដែល​រារាំង​គ្រឹះ​ហ្នឹង។ ប៉ុន្តែ យើង​ដឹង​ថា​នៅ​ក្នុង​អំណរ​សប្បាយ​របស់​ព្រះជាម្ចាស់ ទោះ​បី​យើង​មាន​ឧបសគ្គ មាន​ទុក្ខ​លំបាក​នៅ​ក្នុង​ជីវិត ពេល​យើង​មើល​ឃើញ​អនាគត​របស់​យើង គឺ​សិរីរុងរឿង​ដ៏​ពេញ​លក្ខណៈ។ ដូច្នេះ កុំ​ឲ្យ​ថ្ម​ដែល​មាន​នៅ​ក្នុង​ដួង​ចិត្ត នៅ​ក្នុង​បេះដូង​របស់​យើង ទៅ​ជា​ទុក្ខ​លំបាក​សម្រាប់​យើង។ ផ្ទុយ​ទៅ​វិញ ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​ព្រះ​បន្ទូល​ចាក់​គ្រឹះ​ដ៏​ជ្រៅ កុំ​ឲ្យ​ថ្ម​នានា​រំខាន​យើង។ អ្នក​ណា​ក៏​មាន​ថ្ម​នៅ​ក្នុង​ជីវិត ប៉ុន្តែ​កុំ​ឲ្យ​ថ្ម​នេះ​រារាំង​សេចក្តី​សង្ឃឹម​របស់​យើង។ មើល​ក្រុម​គ្រួសារ​លូវីស និង​ហ្សេលី ម៉ាតាំង តាម​ពិត​គេ​រង​ទុក្ខ​លំបាក​យ៉ាង​ច្រើន។ ហ្សេលី គាត់​បាន​បាត់​បង់​កូន​បួន​នាក់​ដែល​ទទួល​មរណភាព​ភ្លាមៗ​នៅ​ពេល​គេ​កើត ហ្សេលី គាត់​មាន​ជំងឺ​មហា​រីក ហើយ​ស្លាប់​ទាំង​វ័យ​ក្មេង នៅ​ពេល​នោះ តេរេសា អាយុ​តែ​ប្រាំ​ឆ្នាំ បាន​ក្លាយ​ទៅ​ជា​កុមារ​កំព្រា។ លូវីស ជា​ឪពុក​ដែល​ស្រឡាញ់​កូន នៅ​ពេល​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់ គាត់​ចាប់​ផ្តើម​វង្វេង​ស្មារតី។ ប៉ុន្តែ ទោះ​បី​មាន​ទុក្ខ​លំបាក​នៅ​ក្នុង​ជីវិត គេ​ដឹង​ថា​ជំនឿ​របស់​គេ​បាន​ស៊ី​ជម្រៅ​និង​ជីវិត​របស់​គេ​ផ្ទាល់ ដោយសារ​បាន​អធិដ្ឋាន បាន​ចូល​ព្រះវិហារ​រាល់​ថ្ងៃ និង​ទទួល​អគ្គ​សញ្ញា​គ្រប់​ពេល​វេលា។

បង​ប្អូន​ជា​ទី​ស្រឡាញ់ សព្វ​ថ្ងៃ​សម្រាប់​ព្រះសហគមន៍​របស់​យើង ដែល​ឆ្លង​ទុក្ខ​លំបាក​យ៉ាង​ច្រើន ព្រះសហគមន៍​ដែល​បាត់​បង់​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ឆ្នាំ​១៩៧៥។ ព្រះសហគមន៍​ដែល​បាន​ចាប់​ផ្តើម​រស់​ឡើង​វិញ ឲ្យ​យើង​បន្ត​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ទឹក​ដី​របស់​យើង នៅ​ក្នុង​ជីវិត​របស់​យើង​ដោយ​អធិដ្ឋាន ដោយ​ស្រឡាញ់​ព្រះជាម្ចាស់ ដោយ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ។ ដោយ​ដឹង​ថា ទុក្ខ​លំបាក​ដែល​យើង​ទទួល​នៅ​ក្នុង​ជីវិត​របស់​យើង មិន​មែន​ជា​ទី​បញ្ចប់​នៃ​ជីវិត​របស់​យើង ទុក្ខ​លំបាក​នេះ​ជា​សញ្ញា​សម្គាល់​នៅ​ពេល​អនាគត​យើង​មាន​សិរីរុងរឿង​ជា​មួយ​ព្រះជាម្ចាស់។ នេះ​ជា​របៀប​ដែល លូវីស និង​ហ្សេលី បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​ការ​តស៊ូ នៅ​ក្នុង​ការ​ទទួល​ទុក្ខ​លំបាក​ដែល​គេ​មាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ប៉ុន្តែ ដោយ​ថែរក្សា​សេចក្តី​សង្ឃឹម​ជានិច្ច ដោយ​ដឹង​ថា​ថ្ម​នីមួយៗ​មិន​ណែនាំ​ឲ្យ​ជីវិត​របស់​គេ​បាត់​បង់​ឡើយ។ ផ្ទុយ​ទៅ​វិញ ថ្ម​នីមួយៗ​ទៅ​ជា​របៀប​ដើម្បី​ភ្ជាប់​នឹង​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ថែម​ទៀត។

ចុង​ក្រោយ សាប​ព្រោះ​គ្រាប់​នៃ​ព្រះបន្ទូល​នៅ​ក្នុង​ដី​ដ៏​ល្អ​ប្រសើរ​បំផុត ដែល​ណែនាំ​ឲ្យ​មាន​ផល​ច្រើន ណែនាំ​ឲ្យ​ជីវិត​របស់​យើង​ពោរពេញ​ដោយ​កម្លាំង ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ។ តាម​ពិត លូវីស និង​ហ្សេលី បាន​ទទួល​ផ្លែ​មួយ​ដ៏​ពិសេស ដោយ​គេ​មិន​បាន​ដឹង​នៅ​ពេល​រស់​នៅ​លើ​ផែន​ដី​នេះ។ គេ​ស្រឡាញ់​ថែរក្សា​គ្រួសារ  ជា​ប្តី​ប្រពន្ធ​ដែល​ស្រឡាញ់​កូន ណែនាំ​កូន​ឲ្យ​ស្រឡាញ់​ព្រះជាម្ចាស់ ហើយ​ផល​ផ្លែ​ដ៏​ពិសេស​ដែល​គេ​ទទួល​បាន គឺ​សព្វ​ថ្ងៃ​យើង​គោរព លូវីស និង​ហ្សេលី នៅ​លើ​អាសនៈ​ទូទាំង​ពិភព​លោក​ទាំង​មូល។ នេះ​ជា​ផល​ផ្លែ​ដែល​យើង​មើល​ឃើញ ជា​ផ្លែ​ដែល​គេ​មើល​ឃើញ​នៅ​ស្ថាន​បរមសុខ។ សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ ជា​សន្តី​ម្នាក់​ដែល​បាន​ណែនាំ​ឲ្យ​យើង​ទទួល​ផ្លូវ​ថ្មី​ដើម្បី​ដឹក​នាំ​ជីវិត​របស់​យើង គឺ​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូ។ ព្រះហស្ត​របស់​ព្រះយេស៊ូ ដូច​ជា​ជណ្ដើរ​យន្ត​ដែល​ណែនាំ​ឲ្យ​យើង​ឡើង​ទៅ​ស្ថាន​បរមសុខ លុះត្រាតែ​យើង​លះ​បង់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន លុះត្រាតែ​យើង​យល់​ថា​ព្រះយេស៊ូ​ជា​អាទិភាព​នៃ​ជីវិត​របស់​យើង។ សេចក្តី​ស្រឡាញ់​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់ ជា​កម្លាំង​ដ៏​អស្ចារ្យ​ដែល​ណែនាំ​ឲ្យ​យើង​ទៅ​មុខ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ដែល​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​រួម​ជា​មួយ​គ្នា​តាម​រយៈ​បេក្ខជន​របស់​យើង យើង​មើល​ឃើញ​ផល​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​នៅ​ក្នុង​ជីវិត​របស់​យើង។ យើង​ទូល​អង្វរ​ព្រះអង្គ ដូច​សន្ត​លូវីស សន្តីហ្សេលី ម៉ាតាំង សន្តី​តេរេសា និង​ក្រុម​គ្រួសារ​ដ៏​វិសុទ្ធ​ព្រះយេស៊ូ ព្រះនាង​ម៉ារី និង​សន្ត​យ៉ូសែប ឲ្យ​យើង​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​រស់​នៅ​ក្នុង​ជីវិត​របស់​យើង​ធម្មតា នៅ​ក្នុង​ទុក្ខ​លំបាក​ដែល​យើង​មាន​ធម្មតា នៅ​ក្នុង​អំណរ​សប្បាយ​ដែល​យើង​មាន​ដែរ ឲ្យ​យើង​ខិតខំ​រស់​នៅ​ជា​មួយ​ព្រះជាម្ចាស់ ដែល​ណែនាំ​ឲ្យ​ជីវិត​របស់​យើង​ភ្លឺ​ស្វាង​នៅ​ក្នុង​របៀប​ពិសេស។ ឲ្យ​យើង​ចាក់​គ្រឹះ​យ៉ាង​ជ្រៅ​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះយេស៊ូ នៅ​ក្នុង​ជីវិត​អធិដ្ឋាន នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់​ផ្ទាល់ នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់ តាម​រយៈ​បង​ប្អូន​ឯទៀតៗ។ នេះ​ជា​ផ្លែ​ដែល​យើង​អាច​ទទួល​សម្រាប់​យើង សម្រាប់​ព្រះសហគមន៍​របស់​យើង។ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់ យើង​ទូល​អង្វរ​ព្រះអង្គ​ដើម្បី​ឲ្យ​ថ្ម បន្លា​ដែល​ត្រូវ​មាន មិន​មែន​ទៅ​ជា​ឧបសគ្គ តែ​ផ្ទុយ​ទៅ​វិញ​គ្រប់​ទុក្ខ​លំបាក ណែនាំ​ឲ្យ​យើង​ចាប់​ផ្តើម​មើល​ឃើញ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ឲ្យ​យើង​ចាប់​ផ្តើម​ស្គាល់​ជីវិត​អស់​កល្បជានិច្ច។

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn