អត្ថបទព្រះគម្ពីរប្រចាំថ្ងៃ​៖ ថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២៦

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៣,១-៩

បងប្អូនជាទីស្រឡាញ់!
ចំពោះខ្ញុំ ខ្ញុំពុំអាចនិយាយជាមួយបងប្អូន ដូចនិយាយទៅ​កាន់​អ្នកដែលបានទទួលព្រះវិញ្ញាណនោះទេ គឺខ្ញុំនិយាយទៅកាន់បងប្អូនដូចនិយាយ​ទៅកាន់មនុស្សលោកី​យ៍ ឬនិយាយទៅកាន់កូនខ្ចីខាងជំនឿដែរ។ ខ្ញុំបានយកទឹកដោះ​ឱ្យបងប្អូនពិសា ពុំឱ្យចំណី​អាហាររឹងៗទេ ព្រោះបងប្អូនពុំអាចពិសាបាន។ សូម្បីតែនៅ​ពេលនេះក្ដី ក៏បងប្អូននៅតែពុំអាច​ទទួលបានដែរ មកពីបងប្អូននៅមានចិត្តគំនិតជា​មនុស្សលោកីយ៍នៅឡើយ។ ក្នុងចំណោម​បងប្អូន បើនៅតែមានការច្រណែនទាស់ទែង​​គ្នាដូច្នេះ បញ្ជាក់ឱ្យឃើញថា បងប្អូននៅតែមានចិត្តគំនិតជាមនុស្សលោកីយ៍ឡើយ ​ហើយបងប្អូនក៏រស់នៅតាមរបៀបមនុស្សធម្មតាដែរ។ ពេល​មានម្នាក់និយាយថា “ខ្ញុំជា​កូនចៅរបស់លោកប៉ូល!” និងម្នាក់ទៀតថា៖ «​ខ្ញុំជាកូនចៅ​របស់លោកអប៉ូឡូស!” នោះ​បញ្ជាក់ឱ្យឃើញថា បងប្អូននៅតែមានរបៀបរស់នៅដូចមនុស្សធម្មតាពិតមែន!។ តើ​លោកអប៉ូឡូសមានឋានៈអ្វី? រីឯប៉ូលមានឋានៈអ្វីដែរ? អ្នកទាំងពីរគ្រាន់តែជាអ្នក​បម្រើដែល​ណែនាំបងប្អូនឱ្យមានជំនឿប៉ុណ្ណោះ គឺម្នាក់ៗបំពេញតែកិច្ចការដែលព្រះ​អម្ចាស់ប្រទានឱ្យ​ធើ្វ។ ខ្ញុំជាអ្នកដាំ លោកអប៉ូឡូសជាអ្នកស្រោចទឹក ប៉ុន្ដែ មានតែព្រះ​ជាម្ចាស់ទេដែលធ្វើឱ្យដុះឡើង ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹក​មិន​សំខាន់អ្វីឡើយ គឺព្រះជាម្ចាស់ដែល​ធើ្វឱ្យដុះឡើងឯណោះ ទើបសំខាន់។ អ្នកដាំ និងអ្នកស្រោចទឹក​រួមគ្នាធើ្វការតែមួយទេ ម្នាក់ៗ​នឹងទទួលរង្វាន់តាមការនឿយហត់របស់ខ្លួន​ ដ្បិតយើងជា​សហការីរបស់ព្រះជាម្ចាស់។ បងប្អូនជាចម្ការដំណាំរបស់ព្រះជាម្ចាស់។

ទំនុកតម្កើងលេខ ៣៣ (៣២),១២-១៥.២០-២១ បទព្រហ្មគីតិ

១២ ប្រជាដែលគោរព បម្រើគ្រប់គ្មានទំនេរ
ទុកជាព្រះឥតប្រែ នោះជួបតែសុខគ្រប់គ្រា
ជនដែលព្រះអង្គជ្រើស ឥតមានឃ្នើសជាទ្រព្យា
ជារាស្រ្ដផ្ទាល់អង្គា នោះមុខជារួចផុតទុក្ខ
១៣ ព្រះម្ចាស់ទតមកពី ស្ថានរមណីបរមសុខ
ទតមើលពីលើមក ឃើញមនុស្សយើងទាំងអស់គ្នា
១៤ ពីព្រះរាជដំណាក់ ល្អសមសក្ដិឥតមានទាស់
ទតមើលជនទាំងអស់ ដែលនៅរស់លើផែនដី
១៥ គឺពិតជាព្រះអង្គ ដែលបង្កើតចិត្តប្រុសស្រី
ទ្រង់ពិនិត្យរំពៃ មើលសព្វអ្វីដែលគេធើ្វ
២០ យើងសូមផ្ញើជីវិត លើព្រះពិតឥតខកខាន
ជាខែលដ៏ចំណាន សង្គ្រោះប្រាណផុតភិតភ័យ
២១ យើងខ្ញុំសែនរីករាយ ចិត្តសប្បាយអរពេកក្រៃ
សូមផ្ញើជីវិតថ្លៃ លើព្រះទ័យល្អបំផុត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៤,១៨-១៩

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានចាត់ខ្ញុំឱ្យមកនាំដំណឹងល្អ​ទៅប្រាប់ប្រ​ជាជនក្រីក្រ ឱ្យមកប្រកាសប្រាប់ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ​៤,៣៨-៤៤

ព្រះយេស៊ូយាងចេញពីធម្មសាលាទៅផ្ទះលោកស៊ីម៉ូន។ ពេលនោះ ម្ដាយក្មេកលោក​ស៊ីម៉ូនគ្រុនយ៉ាងខ្លាំង។ គេទូលព្រះអង្គមេត្តាប្រោសគាត់ឱ្យបានជា។ ព្រះយេស៊ូ​ឧិនទៅលើ​អ្នកជំងឺ ព្រះអង្គគំរាមជំងឺគ្រុន ជំងឺគ្រុនក៏ចេញបាត់ទៅ។ រំពេចនោះ គាត់​ក្រោកឡើង ហើយ​បម្រើភ្ញៀវ។ នៅពេលថ្ងៃលិច អ្នកស្រុកទាំងអស់នាំបងប្អូនដែលមានជំងឺផ្សេងៗមករកព្រះ​យេស៊ូ។ ព្រះអង្គដាក់ព្រះហស្ដលើអ្នកទាំងនោះ ហើយប្រោសគេឱ្យជាសះស្បើយគ្រប់ៗគ្នា។ មានខ្មោចចេញពីមនុស្សជាច្រើន ទាំងស្រែកថា៖ «ព្រះអង្គជាព្រះបុត្រា​របស់ព្រះជាម្ចាស់»។ ប៉ុន្ដែ ព្រះយេស៊ូគំរាមខ្មោចទាំងនោះ មិនឱ្យនិយាយជាដាច់ខាត ​ព្រោះពួកវាដឹងថា ព្រះអង្គជាព្រះ​គ្រីស្ដ។ ព្រលឹមឡើង ព្រះយេស៊ូយាងចេញពីក្រុងទៅកន្លែងស្ងាត់។ ​បណ្ដាជននាំគ្នាដើររក​ព្រះ​អង្គ។ លុះជួបហើយ គេឃាត់ព្រះអង្គឱ្យនៅជាមួយ មិនចង់ឱ្យ​យាងចាកចោលគេ​ឡើយ ប៉ុន្ដែ​ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំត្រូវនាំដំណឹងល្អពីព្រះរាជ្យរបស់​ព្រះជាម្ចាស់ទៅ​ក្រុងឯទៀតៗដែរ ដ្បិតព្រះអង្គបានចាត់ខ្ញុំឱ្យមកបំពេញការនេះ​ឯង»។ បន្ទាប់មក ព្រះយេស៊ូ​ប្រកាសដំណឹងល្អ តាមធម្មសាលានានានៅក្នុងស្រុក​កាលីឡេ។

Facebook
Twitter
LinkedIn