អត្ថបទព្រះគម្ពីរប្រចាំថ្ងៃ​៖ ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៦

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៤,៦-១៥

បងប្អូនជាទីស្រឡាញ់!
បើតាមខ្ញុំយល់ឃើញ ព្រះជាម្ចាស់ដាក់យើងជាសាសនទូត​នៅកន្លែងទាបជាងគេ គឺនៅទីសាធារណៈ ឱ្យគ្រប់ៗគ្នាឃើញទាំងទេវទូត ទាំងមនុស្ស​លោក ទុក​ដូចជាអ្នកដែលត្រូវគេដាក់ទោសប្រហារជីវិតរួចហើយ។ ​យើងជាមនុស្ស​លេលាព្រោះតែ​ព្រះគ្រីស្ដ រីឯបងប្អូនវិញ បងប្អូនជាអ្នកចេះដឹង ដោយរួមជាមួយព្រះ​គ្រីស្ដ យើងទន់ខ្សោយ តែ​បងប្អូនមានកម្លាំង បងប្អូនមានសិរីរុងរឿង តែយើងត្រូវគេ​មើល​ងាយ​។ សូម្បីតែនៅពេលនេះ​ក្ដី​ក៏យើងនៅតែឃ្លាន នៅតែស្រេក នៅតែខ្វះ​សម្លៀកបំពាក់ មានគេវាយ ហើយរស់នៅអនា​ថា។ យើង​ធើ្វការចិញ្ចឹមជីវិតយ៉ាងនឿយហត់ ដោយកម្លាំងខ្លួនឯងផ្ទាល់។ គេជេរយើង​ តែយើងឱ្យពរគេវិញ គេបៀត​បៀនតែយើងស៊ូទ្រាំ គេនិយាយ​មួល​បង្កាច់យើង តែយើង​និយាយសម្រាលទុក្ខគេ។ មកទល់ពេលនេះ យើងប្រៀបបីដូចជាសំរាមរបស់លោកីយ៍ និងជាមនុស្សគ្មានគេ​រាប់​រក។ ខ្ញុំសរសេរសេចក្ដីនេះមកជូនបងប្អូន មិនមែនក្នុងគោលបំណងចង់ឱ្យបងប្អូនអៀន​​ខ្មាសទេ គឺចង់ទូន្មានបងប្អូនដូចទូន្មានកូនជាទីស្រឡាញ់របស់ខ្ញុំដែរ។ ទោះបីបងប្អូន​មានគ្រូ​អាចារ្យមួយម៉ឺននាក់ណែនាំតាមមាគ៌ាព្រះគ្រីស្ដក៏ដោយ ក៏បងប្អូនគ្មានឪពុក​ច្រើនដែរ គឺមាន​តែខ្ញុំហ្នឹងហើយដែលបានបង្កើតបងប្អូនមកឱ្យរួមរស់ជាមួយព្រះយេស៊ូ​គ្រីស្ដ ដោយបាននាំ​ដំណឹងល្អមកជូនបងប្អូន។

ទំនុកតម្កើងលេខ ១៤៥ (១៤៤) ,១០.១៧-២១ បទកាកគតិ

១០ បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ មានច្រើនពេកក្រៃ
នាំគ្នាតម្កើង រុងរឿងសិរី រាស្រ្ដទាំងប្រុសស្រី
ក៏ថ្កើងទ្រង់ដែរ
១៧ ព្រះជាអម្ចាស់ ធើ្វសព្វទាំងអស់ នូវរាល់កិច្ចការ
ដោយព្រះហប្ញទ័យ សុចរិតថ្លៃថ្លា សន្ដោសករុណា
ទ្រង់បានប្រព្រឹត្ត
១៨ ព្រះអង្គម្ចាស់គង់ នៅជិតអែបអង្គ កៀកកើយនែបនិត្យ
នឹងអ្នកអង្វរ ដោយសុទ្ធចិត្ត រកព្រះអង្គពិត
មិនយាងទៅណា
១៩ ទ្រង់បានសម្រេច តាមបំណងកិច្ច ដែលគេប្រាថ្នា
របស់អស់អ្នក កោតខ្លាចចេស្ដា ព្រះអង្គស្ទុះស្ទា
ហើយសង្គ្រោះគេ
២០ អ្នកដែលស្រឡាញ់ ព្រះម្ចាស់ពោរពេញ ឥតក្រឡះប្រែ
ទ្រង់នឹងគ្រប់គ្រង ការពារថ្នមថែ ហើយទ្រង់តែងតែ
បំផ្លាញមនុស្សខូច
២១ ខ្ញុំសូមថ្លែងឡើង សរសើរតម្កើង គ្មានចិត្តលាក់លួច
តម្កើងព្រះម្ចាស់ សត្វលោកធំតូច ទាំងអស់ជួយលើក
ព្រះនាមព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,៦.៩

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់! ព្រអង្គពិតជា​ផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ អ្នកដែលជឿលើព្រះអង្គបានស្គាល់ព្រះបិតាហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ​៦,១-៥

មានថ្ងៃមួយ ជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ។ សាវ័ករបស់ព្រះអង្គ​នាំគ្នា​បូតកួរស្រូវមកឈ្លីបរិភោគ។ មានពួកខាងគណៈ​ផារីស៊ីខ្លះ និយាយទៅសាវ័ក​ទាំងនោះថា៖​«ហេតុអ្វីបានជាអ្នករាល់គ្នាធើ្វការ ដែលបញ្ញត្តិហាមមិនឱ្យធើ្វនៅថ្ងៃសីលដូច្នេះ?»។ ព្រះយេ​ស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយ ស្ដីអំពី​កាលដែលព្រះបាទដាវីឌ និងបរិពារ​បានប្រព្រឹត្តនៅពេលឃ្លាន គឺស្ដេចយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំប័ុងដែល​គេតាំងថ្វាយព្រះជាម្ចាស់មកសោយ​ ព្រមទាំងចែកឱ្យពួកបរិពារបរិភោគទៀតផង។ តាម​ធម្ម​វិន័យ មានតែពួកបូជាចារ្យប៉ុណ្ណោះដែលមានសិទ្ធិបរិភោគនំប័ុងនោះបាន។ តើអ្នករាល់គ្នា​ធ្លាប់អានអត្ថបទនោះ​ឬទេ?»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ “បុត្រមនុស្សជាម្ចាស់​លើថ្ងៃ​សប្ប័ទ»។

Facebook
Twitter
LinkedIn