យុវជន យុវនារីជាច្រើននាក់ មកពីមណ្ឌលសកម្មភាពទាំង ៧ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមមាន៖ មណ្ឌលសកម្មភាពភ្នំពេញថ្មី ភ្នំពេញខាងជើង ភ្នំពេញខាងត្បូង តាខ្មៅ បាសាក់ មេគង្គ និងផ្លូវដ៏វិសុទ្ធ បានជួបជុំគ្នានៅព្រះសហគមន៍សន្តសិលា សន្តប៉ូល ភ្នំពេញថ្មី ដើម្បីចូលរួមកម្មវិធីសិក្ខាសាលាប្រចាំឆ្នាំ ក្រោមប្រធានបទ «ឥរិយាបថ និងការរីកចម្រើនផ្ទាល់ខ្លួន»។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ដល់១៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ដែលរៀបចំឡើងដោយការិយាល័យយុវជន ជំទង់ និងកុមារ នៃភូមិភាគភ្នំពេញ។
បើតាមការឱ្យដឹងពី លោក ស៊ាន់ សារឿន ប្រធានការិយាល័យយុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ បានរៀបរាប់ថា កម្មវិធីសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ជួយឱ្យយុវជន យុវនារី យកចិត្តទុកដាក់លើចិត្តគំនិត ឥរិយាបថ និងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ដោយស្វែងយល់ពីចំណុចវិជ្ជមាន និងអវិជ្ជមាន ដែលពួកគេបានប្រព្រឹត្តនៅក្នុងសង្គម និងចំពោះមនុស្សជុំវិញខ្លួន។ ការណ៍នេះ គឺដើម្បីជំរុញឱ្យពួកគេព្យាយាមអភិវឌ្ឍចំណុចវិជ្ជមាន កែប្រែចំណុចអវិជ្ជមាន និងខិតខំចែករំលែកសេចក្តីស្រឡាញ់ទៅកាន់អ្នកដទៃ តាមរយៈការចេះជួយគ្នាទៅវិញទៅមក។
លោកប្រធាន បានបន្តថា ទាក់ទងនឹងការរីកចម្រើនផ្ទាល់ខ្លួន យុវជនត្រូវតែយកចិត្តទុកដាក់ឱ្យមែនទែន ព្រោះវ័យរបស់មនុស្សម្នាក់ៗវិវត្តទៅមុខឥតឈប់ឈរ ដូច្នេះបើមិនខិតខំរៀនសូត្រអភិវឌ្ឍចំណេះដឹង និងជំនាញបន្ថែមទេនោះ វានឹងមិនអាចដើរទាន់វ័យឡើយ។ ហេតុនេះ យុវជន យុវនារីទាំងអស់ ត្រូវតែមានផែនការជីវិត និងមានក្តីស្រមៃ ដើម្បីអភិវឌ្ឍខ្លួនទៅមុខតាមជំនាញរៀងៗខ្លួន។ មួយវិញទៀត មិនត្រូវបាក់ទឹកចិត្ត ឬវាយតម្លៃខ្លួនឯងទាប គិតថាខ្លួនអន់ ធ្វើមិនបានល្អ ឬមិនពូកែដូចគេនោះឡើយ។ ផ្ទុយទៅវិញ ត្រូវរៀនបើកចិត្តទទួលយកការពិត ខិតខំស្វែងរកចំណេះដឹងបន្ថែម បង្កើតទំនាក់ទំនងល្អក្នុងសង្គម ទាំងក្នុងរង្វង់គ្រួសារ និងមនុស្សជុំវិញខ្លួន ហើយជាពិសេសនោះ គឺទំនាក់ទំនងជាមួយព្រះជាម្ចាស់។
លោក ស៊ាន់ សារឿន បានបន្ថែមថា សិក្ខាសាលារបស់ការិយាល័យយុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១០ មកម៉្លេះ។ ការិយាល័យតែងតែរៀបចំសិក្ខាសាលាបែបនេះ ១ឆ្នាំ ២ដង ជារៀងរាល់ឆ្នាំ នៅតាមព្រះសហគមន៍ និងមណ្ឌលសកម្មភាពទាំងឡាយរបស់ភូមិភាគភ្នំពេញ ទៅតាមប្រធានបទផ្សេងៗគ្នា។
សូមបញ្ជាក់ផងដែរថា ការិយាល័យយុវជន ជំទង់ និងកុមារ គឺជាការិយាល័យមួយក្នុងចំណោមការិយាល័យជាច្រើនរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ ការិយាល័យនេះ បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការអប់រំណែនាំយុវជន យុវនារី ឱ្យយល់ដឹងពីតម្លៃ និងតួនាទីរបស់ខ្លួន ព្រមទាំងជំរុញការចូលរួមសកម្មភាពក្នុងសង្គម ដើម្បីក្លាយជាយុវជនដែលមានថាមពលពេញលេញ ក្នុងការរួមចំណែកកសាងព្រះសហគមន៍ និងសង្គមជាតិទាំងមូល ជាពិសេសគឺការរស់នៅក្នុងជំនឿឱ្យបានត្រឹមត្រូវ។
ដោយ ឆាក លាំង





