ក្រសួងប្រកាសដំណឹងល្អដល់ប្រជាជាតិទាំងឡាយ ទទួលការអនុញ្ញាតពីសម្តេចប៉ាបឡេអូទី១៤ បានជ្រើសតាំងលោកបូជាចារ្យឡាយ ប៉ូល ជាអភិបាលស្តីទី(Administrator) សម្រាប់ព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគកំពង់ចាម។ នេះបើយោងតាមលិខិតផ្លូវការរបស់ស្ថានអគ្គរាជទូតសន្តអាសនៈ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ក្នុងលិខិតដដែលបានសរសេរថា ស្ថានអគ្គរាជទូតសន្តអាសនៈ សូមចូលរួមជាមួយព្រះហសគមន៍កាតូលិកនៅកម្ពុជា ក្នុងការអធិដ្ឋានសម្រាប់លោកអភិបាលឡាយ ប៉ូល និងអស់បងប្អូនគ្រីស្តបរិស័ទដែលនៅក្រោមការណែនាំរបស់លោក។
លោកអភិបាលឡាយ ប៉ូល ប្រសូតនៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៦០ នៅប្រទេសកម្ពុជាក្នុងគ្រួសារគ្រីស្តបរិស័ទកាតូលិក។ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត លោកនិងគ្រួសារបានភៀសខ្លួនទៅនៅជំរំខ្មែរថៃ ហើយលោកបានឈ្វេងយល់អំពីជីវិតជាអ្នកបួសក្នុងអំឡុងពេលនោះ។ ក្រោយសង្គ្រាមបញ្ចប់ លោកបានធ្វើមាតុភូមិនិវត្តន៍ និងបានសិក្សាបន្តនៅទេវវិទ្យាល័យកម្ពុជា ដែលពេលនោះមានទីតាំងនៅក្នុងខេត្តបាត់ដំបង។
លោកត្រូវបានតែងតាំងជាបូជាចារ្យ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០១ ជាមួយនិស្សិតទេវវិទ្យាល័យ៣រូបផ្សេងទៀត។ បន្ទាប់មក លោកត្រូវបានចាត់ឲ្យទៅបម្រើការងារនៅភូមិភាគកំពង់ចាមនៅព្រះសហគមន៍ក្តុលលើ ក្នុងខេត្តត្បូងឃ្មុំសព្វថ្ងៃ។ ក្នុងឆ្នាំ២០០៦ លោកត្រូវបានចាត់ឲ្យទៅសិក្សាបន្ថែមនៅទីក្រុងប៉ារីសប្រទេសបារាំង លើមុខវិជ្ជាការងារណែនាំជំនឿ ដែលមានរយៈពេល៤ឆ្នាំ ដើម្បីក្លាយជាធនធានអប់រំសម្រាប់ប្រទេសកម្ពុជា ដែលទើបងើបពីសង្គ្រាមដ៏រ៉ាំរ៉ៃ។
ក្រោយបញ្ចប់ការសិក្សា លោកបានត្រឡប់មកកម្ពុជាវិញ។ ក្នុងឆ្នាំ២០១០ លោកអភិបាលភូមិភាគកំពង់ចាមបានចាត់លោកឲ្យទៅបំពេញការងារនៅព្រះសហគមន៍អ្នកលឿង។ នៅទីនោះ លោកបានកសាងព្រះវិហារថ្មី បន្តកិច្ចការអប់រំជំនឿដល់បងប្អូន ជួយណែនាំយុវជន ស្ថាបនានិងគ្រប់គ្រងសាលាមតេ្តយ្យព្រះសហគមន៍ រៀបចំមណ្ឌលសិស្សស្នាក់នៅ និងជួយគាំទ្រព្រះសហគមន៍ដែលស្ថិតក្រោមការមើលថែនិងគ្រប់គ្រងរបស់លោក ដែលមានដូចជា កាទិល កអណ្តើក ស្វាយរៀង និងកោះសំពៅជាដើម។
ក្នុងឆ្នាំ២០១១-២០១៩ លោកត្រូវបានចាត់តាំងឲ្យទទួលមុខងារជាតំណាងពេញសិទ្ធិលោកអភិបាលភូមិភាគកំពង់ចាម ដោយលោកអភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម អន់តូនីសាមី ស៊ូសៃរាជ្យ។ លោកអភិបាលសិលា សួនហង្សលី ដែលត្រូវបានតែងតាំងដោយសន្តអាសនៈ សម្រាប់ព្រះសហគមន៍ភូមិភាគកំពង់ចាម កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានតែងតាំងលោកជាតំណាងពេញសិទ្ធិរបស់លោកអភិបាលភូមិភាគកំពង់ចាមជាថ្មីម្តងទៀត នា ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ រហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយចាត់លោកឲ្យជួយមើលការខុសត្រូវលើព្រះសហគមន៍មួយចំនួនដូចជា ស្វាយរៀង កោះសំពៅ កាទិល និងក្រុងបាវិត។
ស្ថិតនៅក្នុងក្រុមប្រឹក្សាភិបាលលោកអភិបាល លោកមានមុខងារជាអនុប្រធាន បានដឹកនាំនិងជ្រោមជ្រែងការងារផ្ទៃក្នុង និងតម្រង់ទិសព្រះសហគមន៍ក្នុងភូមិភាគកំពង់ចាមរួមជាមួយលោកអភិបាលព្រះសហគមន៍យ៉ាងសកម្ម៕





