យុវជនអន្តរភូមិភាគ បោះជំរំរិះគិតអំពី «ការត្រាស់ហៅ» នៅក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ៖ យុវជនប្រមាណ ២៣០នាក់ មកពីព្រះសហគមន៍នានាក្នុងប្រទេសកម្ពុជា ទាំងបីភូមិភាគ បានប្រមូលផ្តុំគ្នាចូលរួមយ៉ាងសកម្មក្នុងកម្មវិធីបោះជំរំប្រចាំឆ្នាំស្តីពី «ការត្រាស់ហៅ» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី១ តុលា កន្លងទៅ នៅព្រះសហគមន៍សន្តមីកាអែល ក្រុងព្រះសីហនុ រៀបចំ​ដោយ​គណៈកម្មការ​អន្តរភូមិភាគ​សម្រាប់​ការត្រាស់ហៅ។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអភិបាល សិលា សួនហង្សលី ជាអភិបាលព្រះសហគមន៍​កាតូលិក​ឧបត្ថម្ភកៈ​ភូមិភាគភ្នំពេញ​និង​ជាអភិបាល​ស្តីទី​របស់​ព្រះសហគមន៍​​កាតូលិក​ភូមិភាគកំពង់ចាម រួមជាមួយវត្តមានរបស់បូជាចារ្យ បងប្រុស និងបងស្រីជាច្រើនរូបផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាល សិលា សួនហង្សលី បានគូសបញ្ជាក់ថា កម្មវិធីបោះជំរំអន្តរភូមិភាគនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត ដោយលោកបាន​លើកឡើង​នូវចំណុចសំខាន់ៗចំនួនបី៖ ទី១ គឺការណែនាំឲ្យយុវជនយល់ច្បាស់ថា ព្រះជាម្ចាស់នៅតែបន្តត្រាស់ហៅមនុស្សគ្រប់រូប ដើម្បីបន្តបេសកកម្មក្នុងការនាំយកដំណឹងល្អ និងចែករំលែកសេចក្តីស្រឡាញ់ ក៏ដូចជាការសង្គ្រោះដល់មនុស្សជុំវិញខ្លួន។

ទី២ គឺការបង្កើតឱកាសឱ្យយុវជនមកពីគ្រប់ទិសទីបានជួបជុំគ្នា បង្កើតទំនាក់ទំនង មិត្តភាព ស្គាល់គ្នា និងចែករំលែកបទពិសោធន៍ជីវិតរៀងៗខ្លួន។ និងទី៣ គឺការលើកកម្ពស់ការយល់ដឹងស៊ីជម្រៅអំពីជំនឿ សីលធម៌នៃការរស់នៅជាគ្រីស្តបរិស័ទ​​ និងសេរីភាពក្នុងការពិចារណាជ្រើសរើសផ្លូវជីវិតរបស់ខ្លួនដោយមនសិការ។

ក្នុងកម្មវិធី​បោះជំរំនេះ ក៏មាននូវ​ប្រធាន​បទ​រិះគិត​មួយ​ចំនួ​ន​ ដើម្បី​ឲ្យយុវជន​អា​ច​យក​ទៅ​អនុវត្ត​នៅ​ក្នុងជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ដោយ​ផ្អែក​លើ​ជំនឿ​និង​សីលធម៌​តាម​បែប​ព្រះសហគមន៍កាតូលិក ដែលក្នុងនោះ​មាន សីលធម៌ក្នុង​ការរស់នៅ បកស្រាយដោយ​លោកអភិបាល​សិលា​ សួនហង្សលី តើបញ្ញាសិប្បនិម្មិត​អាច​ជួយ​ខ្ញុំ​ឲ្យស្តាប់លឺ​កាត្រាស់ហៅ​បានទេ? ដោយ​ការិយាល័យ​ផ្សព្វផ្សាយព័ត៌មានកាតូលិក ការត្រាស់ហៅ​ដើម្បីស្រឡាញ់​ព្រះជាម្ចាស់​និង​បម្រើ​បងប្អូន ដោយ​លោក​អភិបាលសិលា​ សួនហង្សលី។

ការចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងបោះជំរំនេះ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ និងការយល់ដឹងថ្មីៗជាច្រើនដល់យុវជនដែលបានចូលរួមផ្ទាល់។កញ្ញា ចំរើន រ៉ាតី មកពីព្រះសហគមន៍​បាត់ដំបង បានរៀបរាប់ថា នេះគឺជាលើកដំបូងបំផុតរបស់នាងដែលបានចូលរួមក្នុងកម្មវិធីនេះ នាង​បាន​រៀន​អំពី ចំណុច​ពិសេស​ៗ​ជា​ច្រើន ដែល​មិន​ធ្លាប់​ដឹងពីមុន​មកមិនថាក្នុងជីវិតអ្នកបួស ឬការជ្រើសរើសគូស្រករនោះទេ។ នាង​ឲ្យដឹងថា «សម្រាប់មេរៀនទាំងអស់នេះ ធ្វើឱ្យខ្ញុំយល់បន្ថែមអំពីការសម្រេចចិត្តចំពោះខ្លួនឯង […] ជាការសម្រេចចិត្ត​មួយដែលឲ្យ​យើងជ្រើស​រើសដោយខ្លួនឯង ផ្លូវណាដែលគួរជ្រើសរើស»។

លោក ទេព សីហា មកពីព្រះសហគមន៍ព្រៃកប្បាស ក្នុងខេ្តត​តាកែវ បានបង្ហាញចំណាប់អារម្មណ៍ថា នេះជាលើកទីបីហើយ​ដែល​សីហា​ចូលរួម។ យុវ័ន​រូបនេះ​បន្ត​ថា ឆ្នាំ​នេះ​ប្លែកពីមុនត្រង់ថា កម្មវិធីឆ្នាំនេះ​បានបញ្ចូលនូវប្រធានបទពាក់ព័ន្ធនឹងការត្រាស់ហៅក្នុងសម័យបច្ចេកវិទ្យា និងយុគសម័យ AI ដែលជួយឱ្យយុវជនចេះប្រើប្រាស់ពេលវេលាឱ្យចំគោលដៅ មិនបណ្តោយឱ្យបច្ចេកវិទ្យា​គ្រប​ដណ្តប់​លើការសម្រេចចិត្តផ្ទាល់ខ្លួន និងស្គាល់ពីព្រះហឫទ័យ​របស់ព្រះជាម្ចាស់​កាន់តែច្បាស់។

កញ្ញា ស្រន សាម៉ាន់ មកពីព្រះសហគមន៍​ដាក់ដាំក្នុង​ខេត្ត​មណ្ឌលគិរី បានចែករំលែកដៀងគ្នាថា ប្រធានបទស្តីពីសីលធម៌ និងការស្វែងរកសេចក្តីសុខសុភមង្គលដែលបានសិក្សារួមគ្នា បានជួយដាស់តឿនស្មារតី និងជម្រុញឱ្យនាងចេះពិចារណានិង​ចូលរួម​សកម្មភាព​ក្នុង​ព្រះសហគមន៍​ផ្អែកលើស្មារតីអធិដ្ឋាន និងការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយព្រះជាម្ចាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃបាន​កាន់តែ​ប្រសើរជាងមុន។

លោកអភិបាលសិលា សួន ហង្សលី បានលើកទឹកចិត្ត​ដល់​យុវជន​ទាំងអស់​ ឲ្យ​ខិតខំ​ស្វែងរក​ការត្រាស់ហៅ​របស់​ព្រះជាម្ចាស់ និង​ហ៊ាន​ឆ្លើយតប​៖ «សារជាចុងក្រោយដែលខ្ញុំចង់ជម្រាប​ដល់យុវជនយុវនារី​យើងគឺ សូមកុំឱ្យយើងភ័យខ្លាចក្នុងការឆ្លើយ​តបចំពោះ​ការត្រាស់ហៅ​របស់​ព្រះជាម្ចាស់។ សំខាន់គឺយើងត្រូវអធិស្ឋានស្តាប់សំឡេងរបស់ព្រះអង្គ ពិនិត្យមើលស្ថានភាពជីវិត និងសង្គមបច្ចុប្បន្ន ដើម្បីសម្រេចចិត្តជ្រើសរើសផ្លូវដ៏ត្រឹមត្រូវក្នុងការបម្រើព្រះជាម្ចាស់ និងបងប្អូន»។

កម្មវិធី​បោះជំរំ​យុវជន​អន្តរភូមិភាគ​អំពីការត្រាស់ហៅ​នេះ បាន​រៀបចំ​ជារៀងរាល់​បីឆ្នាំ​ម្តង ក្រោម​ការណែនាំ​របស់​លោកអភិបាល​ទាំងបី​ភូមិភាគ ដែលមាន​ភូមិភាគភ្នំពេញ ភូមិភាគ​បាត់ដំប និង​ភូមិភាគ​កំពង់ចាម៕​

ដោយ​ កែវ កញ្ញា

Facebook
Twitter
LinkedIn