ចងចាំបងស្រី រ៉េហ្ស៊ីន-ម៉ារី (Régine-Marie)៖ អ្នកនាំចំណេះដឹង និងក្តីសង្ឃឹមនៅកុមារក្រីក្រនៅកំពង់ឆ្នាំង

បងស្រី រេជីន ម៉ារី ង្វៀន ធី ជៀវ (Régine-Marie NGUYỄN THỊ CHIÊU) ជាដូនជីនៃក្រុមបងស្រីឧបការគុណ បានទទួលមរណភាពកាលពីវេលាម៉ោង ២៣:៤៥ នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ នៅផ្ទះថែទាំចាស់ជរា Cù Lao Giêng នៃក្រុមបងស្រីឧបការគុណ​ក្នុង​ប្រទេសវៀតណាម ក្នុងជន្មាយុ ៨៣ ឆ្នាំ និង៦៩ ឆ្នាំ ក្នុងជីវិតបព្វជិតា។

បងស្រី រេជីន ម៉ារី​ កើតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៤៣ នៅខេត្តកណ្តាល ប្រទេសកម្ពុជា។ បងស្រីបានចូលក្រុមបងស្រីឧបការគុណនៅឆ្នាំ១៩៥៨ និងបានថ្វាយសច្ចានិរន្តរ៍នៅឆ្នាំ១៩៦៨ ដោយបានលះបង់ពេញមួយជីវិតរបស់គាត់​បម្រើព្រះជាម្ចាស់ និងប្រជាពលរដ្ឋទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម។

នៅក្នុងដំណើរជីវិតបេសកកម្ម បងស្រីត្រូវបានចាត់ទៅកាន់ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០០២។ ពេលមកដល់ដំបូង បងស្រីបានស្នាក់នៅក្នុងបន្ទប់តូចមួយក្រោមដំបូលព្រះវិហារចាស់ ក្រុងកំពង់ឆ្នាំង។ ដោយក្តីអាណិតស្រឡាញ់ និងការមើលឃើញពីភាពក្រីក្រ​របស់កុមារ​នៅតំបន់​ផ្សារក្រោម នៅឆ្នាំ២០០៤ បងស្រីបានចាប់ផ្តើមប្រមូលកុមារតាមភូមិ និងលើទូកនានាមកបង្រៀនអក្សរ។ ពីថ្នាក់រៀនតូចមួយដែលមានកុមារត្រឹមតែ ៤ ទៅ ៥ នាក់ បានពង្រីករហូតដល់ថ្នាក់ទី១ ដល់ទី៣ ភាសាខ្មែរ ដែលមានកូនសិស្សជិត ១០០ នាក់។ ថ្នាក់រៀនដែលបងស្រីបានកសាងឡើងដោយការអត់ធ្មត់នេះ បានក្លាយជាគ្រឹះ​ដ៏សំខាន់ឈាន​ទៅរកការសាងសង់សាលាបឋមសិក្សាថ្មីនៅផ្សារក្រោមក្នុងឆ្នាំ២០០៩។ ក្រៅពីការបង្រៀន បងស្រីតែងតែចុះសួរសុខទុក្ខ ចែករំលែកអាហារដល់គ្រួសាររស់នៅលើផ្ទះបណ្តែតទឹក និងបង្រៀនអប់រំជំនឿតាមផ្ទះជាប្រចាំ។

ពិធីបុណ្យសពរបស់បងស្រី​រេជីន ម៉ារី ប្រព្រឹត្តទៅនៅវិហារនៅផ្ទះថែទាំចាស់ជរា Cù Lao Giêng នៅវៀតណាម ដោយពិធីទទួលសពបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ហើយពិធីដង្ហែសព និងអភិបូជាបុណ្យសពនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦។

ការចាកចេញរបស់បងស្រីរេជីន ម៉ារី បន្សល់ទុកនូវសេចក្តីអាឡោះអាល័យយ៉ាងជ្រាលជ្រៅ ប៉ុន្តែក្តីមេត្តាករុណា និងស្នាដៃនៃការអប់រំដែលបងស្រីបានបណ្តុះដល់កុមារក្រីក្រនៅកំពង់ឆ្នាំង នឹងបន្តស្ថិតនៅក្នុងការចងចាំជានិច្ច៕

ដោយ​ លី សុវណ្ណា

Facebook
Twitter
LinkedIn