អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ទទួល បានគោរមងារជាអគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៏ ពីគណៈសង្ឃពុទ្ធសាសនាកម្ពុជា ដើម្បីបន្តរួមដំណើរ កសាងសុខដុមនីយកម្មរវាងគ្រិស្តសាសនានិងព្រះពុទ្ធសាសនា ក្រោមម្លប់សុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា។
លោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកប្រចាំភូមិភាគភ្នំពេញ ទទួលបានគោរមងារជា អគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៏ តាមរយៈព្រះរាជប្រកាសនីយបត្ររបស់គណៈសង្ឃពុទ្ធសាសនាកម្ពុជា ដែលពិធីនេះ ត្រូវបានធ្វើឡើងនៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។
សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ នៃគណៈមហានិកាយកម្ពុជា មានថេរដីកាលើកឡើងថា រាជរដ្ឋាភិបាលក៏ដូចជាច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យ៉ាងច្បាស់លាស់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែ ក៏បានផ្តល់សេរីភាពយ៉ាងពេញលេញក្នុងជំនឿសាសនា ដោយគ្មានការបង្ខិតបង្ខំ និងលើកកម្ពស់សុខដុមនីយកម្មសាសនា គឺភាពសុខដុមរមនានិងការគោរពគ្នាទៅវិញទៅមក រវាងសាសនាផ្សេងៗនៅកម្ពុជា។
ដោយឡែក ការផ្តល់គោរមងារជាអគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៏ ដល់លោក អូលីវីយ៉
ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញនៅពេលនេះ គឺជាកិត្តិយសដ៏ប្រពៃ ជាការលើកទឹកចិត្ត និងគោរពដល់លោកដែលជាអ្នកមានឧបការៈចំពោះព្រះពុទ្ធសាសនា និងតែងតែរួមដំណើរជាមួយព្រះពុទ្ធសាសនា តាមរយៈការជួយឧបត្ថម្ភទ្រទ្រង់កសាងសមិទ្ធផលផ្សេងៗជាច្រើន ជាឧត្តមប្រយោជន៍ទាំងក្នុងវិស័យពុទ្ធចក្រនិងអាណាចក្រ។
«នេះជាព្រឹត្តិការណ៍មួយដ៏ប្រកបដោយអត្ថន័យ សម្រាប់ខ្ញុំជាអភិបាលព្រះសហគមន៍កាតូលិក។ ហើយពីមុនមក ខ្ញុំជាលោកឪពុកដែរ កាលពីខ្ញុំជាលោកឪពុក បានចាប់ផ្តើមធ្វើដំណើរជាមួយពុទ្ធសាសនាភ្លាមៗ រវាងព្រះវិហារដែលខ្ញុំទទួលខុសត្រូវនៅក្នុងខេត្តតាកែវ ស្រុកត្រាំកក់ ព្រះវិហារសន្តម៉ារីញញឹម និងជាមួយវត្តអង្គមន្ត្រី។ យើងបានរៀបចំផ្លូវ ផ្លូវដើម្បីធ្វើដំណើររួមជាមួយគ្នា ២ គីឡូ និងក្រោយមក បង្កើតទំនាក់ទំនងតៗ រហូតដល់ខ្ញុំទៅជាលោកអភិបាល។
ពេលខ្ញុំទៅជាលោកអភិបាល ខ្ញុំចូលនៅក្នុងកម្រិតមួយទៀត ដែលមានទំនាក់ទំនងជាមួយសម្ដេច ជាមួយថ្នាក់ដឹកនាំពុទ្ធសាសនាទូទាំងប្រទេស។ ហើយថ្មីៗនេះ ខ្ញុំបានបង្កើតសាលាពុទ្ធិកបឋមសិក្សានៅវត្តអង្គមន្ត្រី គឺឱកាសដើម្បីឱ្យរៀន កម្រិតបឋមសិក្សា ភាសាបាលី សំស្ក្រឹត និងចំណេះផ្សេងទៀត។ ដូច្នេះ នេះជារបៀបដែលយើងសហការគ្នានៅក្នុងធម៌មេត្តាករុណា ជួយអភិវឌ្ឍមនុស្សរួមជាមួយគ្នា។
និងជាពិសេស នៅក្នុងសម័យកូវីដ និងថ្មីៗនេះ នៅពេលមានជម្លោះរវាងប្រទេសថៃ និងកម្ពុជា ជាមួយចៅអធិការវត្ត យើងបានទៅដល់កន្លែងជនភៀសសឹកតាមវត្ត ដើម្បីជួយគេជាច្រើន ដោយប្រមូលសម្ភារៈ ប្រមូលម្ហូបអាហារ ការជួយទានពីគ្រិស្តបរិស័ទ និងពុទ្ធបរិស័ទផង។ ដូច្នេះ នេះជាសញ្ញាសម្គាល់មួយនៃការធ្វើដំណើរ ដើម្បីកសាងសុខដុមរមនានៅក្នុងចិត្តរបស់មនុស្ស និងនៅក្នុងប្រទេសរបស់យើង។
ថ្មីៗនេះ យើងបានមានសិក្ខាសាលាអន្តរជាតិ រវាងសន្តិអាសនៈ បុរីវ៉ាទីកង់ ជាមួយពុទ្ធសាសនា និងគ្រិស្តសាសនាទូទាំងប្រទេសកម្ពុជា និងទ្វីបអាស៊ីទាំងមូល ដើម្បីរួមគ្នានៅក្នុងបីថ្ងៃ ១៥០ នាក់ ទាំងលោកសង្ឃ សម្ដេច ទាំងលោកអភិបាល ទាំងគ្រិស្តបរិស័ទ ពុទ្ធបរិស័ទ ទាំងនិស្សិតមក ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដើម្បីគិតរួមជាមួយគ្នា យើងកសាងសុខសន្តិភាព ដោយសម្រុះសម្រួលគ្នាគ្រប់ពេលវេលា។
ថ្មីៗនេះ ពេលសម្ដេចប៉ាប សោយទិវង្គត ធម្មយាត្រាដូចជា មហានិកាយ បានទៅគោរពវិញ្ញាណក្ខន្ធរបស់សម្ដេចប៉ាប ហ្វ្រង់ស័រ។ ចំណែកខ្ញុំផ្ទាល់ មានបទពិសោធន៍បីឆ្នាំមុន បានទៅធម្មយាត្រា ធម្មយាត្រានៅប្រទេសឥណ្ឌា ជាមួយលោកសង្ឃ ១១ អង្គ ពីប្រទេសកម្ពុជាយើង ជាមួយយាយៗ យាយជី លោកតាអាចារ្យ ៥០ នាក់ ហើយយើងបានធ្វើដំណើរអស់រយៈពេលបីសប្ដាហ៍ នៅគ្រប់ទីកន្លែងដែលមានវត្តខ្មែរ ៩ កន្លែង នៅប្រទេសឥណ្ឌា។
ដូច្នេះ ថ្ងៃនេះ ពេលទទួលឋានៈជាអគ្គមហឧបាសក គឺពេលវេលាមួយដើម្បីប្រហែលទទួលស្គាល់អំពីរបៀបដែលយើងរួមគ្នានៅក្នុងសាសនាកាតូលិក ជាមួយសាសនាព្រះពុទ្ធ ធ្វើដំណើរយ៉ាងជិតស្និទ្ធ ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជនរបស់យើង សម្រាប់ប្រទេសរបស់យើង។ និងយើងដឹងហើយ ពេលប្រទេសកម្ពុជាពោរពេញដោយសេចក្ដីសុខ ក៏មានឥទ្ធិពលសម្រាប់ពិភពលោកដែរ។ នេះជាសញ្ញាសម្គាល់ នៅពេលសាសនាធ្វើដំណើររួមជាមួយគ្នា យើងយល់ថា ពិភពលោកនឹងមើលឃើញសុខសន្តិភាព។
ដូច្នេះ ខ្ញុំសូមជូនពរដល់រាជរដ្ឋាភិបាល ជាពិសេសដល់ក្រសួងធម្មការ និងសាសនា ដែលគ្រប់ពេលវេលាគាំទ្រសាសនារបស់យើង ធ្វើដំណើរជាមួយយើង លើកទឹកចិត្តតាមរបៀបផ្សេងៗ ដើម្បីឱ្យបន្តកសាងប្រទេសរបស់យើងប្រកបដោយសុខសន្តិភាព ប្រកបដោយសុខដុមរមនាដ៏ពេញលេញ។





