ពិធីរំលឹកមរណបុគ្គលនៅតាំងគោក

កាលពី​ថ្ងៃ​ម្សិល​មិញនេះ ព្រះសហគមន៍​កាតូលិក​កម្ពុជា​បាន​ប្រារព្ធ​កម្មវិធី​រំលឹក​វិញ្ញាណក្ខន្ធជន​រង​គ្រោះ​ និងការ​ឈឺចាប់​ពី​ឧក្រិដ្ឋកម្ម​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុល​ពត​ នៅ​ព្រះសហគមន៍​តាំង​គោក​ ក្នុង​ខេត្ត​កំពង់ធំ ដោយ​មាន​លោក​អភិបាល​អូលីវីយេ ជ្មីតអីស្ល៊ែរ, លោកអភិបាល​អន់តូនីសាមី ស៊ូសៃរាជ្យ, លោក​អភិបាល​អេនរីគេ ហ្វីការេដូ រួម​នឹង​បូជាចារ្យ​ អ្នកបួស និង​គ្រីស្ត​បរិស័ទជាង​២០០០នាក់​ចូលរួម។

នៅក្នុង​ធម្មទេសនា លោកអភិបាល​អូលីវីយេ មាន​ប្រសាសន៍​ថា យើង​ត្រូវ​រួម​ជាមួយ​គ្នា​ ដើម្បីទទួល​ខុស​ត្រូវនៅ​លើ​ព្រះសហគមន៍​កម្ពុជា​ ដែល​យើង​ទទួល​ជាមរតក ដើម្បីរៀបចំ​អនាគត​នៃព្រះសហគមន៍។ លោកអភិបាល​បញ្ជាក់​ទៀត​ថា ការ​ទទួល​ខុស​ត្រូវ​នោះ​ត្រូវ​​​បម្រើដូច​ព្រះយេស៊ូនៅ​ក្នុង​ព្រះសហគមន៍​ដែល​ជាផ្ទះផ្ទាល់​របស់​យើងនៅ​ក្នុង​មហា​គ្រួសារ​ ដោយ​ឲ្យ​អ្នកដទៃ​រក​ឃើញ​សេចក្តីសុខទទួល​ស្វាគមន៍ ដោយ​ញញឹម​ និង​ស្រលាញ់ ជាពិសេស​គឺ​ផ្តល់​ក្តី​សង្ឃឹម។​

លោក​អភិបាល​បាន​ប្រសាសន៍ទៅកាន់​ក្រុម​អ្នក​បួស​​ថា «ដូច្នេះសម្រាប់យើងនៅថ្ងៃនេះ  យើងត្រូវនឹកឃើញការទទួលខុសត្រូវរបស់យើង។ ជាពេលដែលយើងនឹកឃើញ ឲ្យងាប់នូវទម្លាប់អាក្រក់ បណ្តេញអ្វីៗដែលនាំយើងឲ្យទៅឆ្ងាយពីព្រះជាម្ចាស់។ ជាពិសេសជាពេលដែលធ្វើឲ្យងាប់នូវវប្បធម៌របស់យើងផ្ទាល់ អំពីទស្សនៈ​​អំពីពិភពលោកដែលយើងមាន ដើម្បីបញ្ចូលនៅក្នុងទឹកដីនិងដើម្បីកើតសារជាថ្មី ដោយមានភ្នែកថ្មី ដួងចិត្តថ្មី»

លោកអភិបាល​បញ្ជាក់ទៀតថា «ឲ្យយើងមើលឃើញវប្បធម៌របស់យើងជាវប្បធម៌ខ្មែរ ដោយកើតសារជាថ្មីជាមួយប្រជារាស្ត្រដែលអង្គុយនៅទីនេះ ដែលទៅជាប្រជារាស្ត្ររបស់យើងផ្ទាល់»

លោកអភិបាលក៏បានជំរុញ និងលើកទឹកចិត្តដល់យុវជន និង​គ្រីស្ត​បរិស័ទ​ទាំងអស់ឲ្យបំពេញនូវគម្រោងការនិងក្ដីសុបិនរបស់ខ្លួន និង​ត្រូវ​ចូលរួម​ប្រកាសដំណឹងល្អ។

លោក​បន្ថែម​ថា ថ្ងៃនេះ យើង​បន្ត​ស្តាប់​សំលេង​របស់​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់​ដែល​បាន​បូជាជីវិត​​នៅ​ក្នុងអំឡុង​របប​ប៉ុល​ពត ដែល​ជា​គំរូ​នៃ​ជំនឿ​ ស្តែង​ចេញ​ដោយ​សារ​បម្រើ​ អធិដ្ឋាន​នៅ​ក្នុងភាព​ស្ងៀម​ស្ងាត់​និង​លាក់​កំបាំង។

នៅ​ក្នុង​​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ ពត អ្វី​ៗ​គ្រប់​យ៉ាង​ត្រូវ​បាន​បំផ្លាញ​ រួម​ទាំង​សាសនា​ផងដែរ ដែល​មនុស្ស​ជាច្រើន​បាន​ហៅ​ថា «ឆ្នាំ​សូន្យ»។ ប្រជាជន​គ្មាន​សេរីភាព គ្មាន​ការ​អប់រំ គ្មាន​ការ​ប្រតិបត្តិ​សាសនា គ្មាន​គ្រួសារ​ គឺ​អ្វីៗ​ត្រូវ​ស្ថិត​ក្រោម​ការគ្រប់​គ្រង​ដោយ​អង្គការ។ ប្រជាជន​ត្រូវ​ធ្វើការ​ងារ​យ៉ាង​ទម្ងន់​នៅ​លើ​វាល​ស្រែ​ដោយ​ខ្វះ​ខាត​អាហារ។

លោក​អភិបាល​ខ្មែរ​ យ៉ូសែប ឆ្មារសាឡាស់ និង​សហការី​របស់​គាត់​, លោក​អភិបាល​ទេព​អ៊ីម សុត្ថា រួម​និង​បូជាចារ្យ និង​បងប្រុស បងស្រី ត្រូវ​បាន​ស្លាប់​និង​សម្លាប់​នៅ​ក្នុង​របប​វាល​ពិឃាត​មួយនេះ។ តាម​ការ​ឲ្យដឹង​របស់​រដ្ឋាភិបាល​ ក្នុង​របប​នេះ មាន​អ្នក​ស្លាប់​ចំនួន​ប្រមាណ​ជិត​២លាននាក់។

ជាមួយ​គ្នា​នេះដែរ លោកអភិបាល​អូលីវីយេ បានសុំ​ឲ្យ​គ្រីស្ត​បរិស័ទ​ចេះ​ស្វែង​រក​អ្នក​ក្រីក្រដែល​ស្រេក​ឃ្លាន ដែល​មិន​ត្រឹម​តែ​រូបកាយ​ប៉ុណ្ណោះទេ តែ​ជា​វិញ្ញាណ ដែល​រួម​ជាមួយ​ព្រះជាម្ចាស់។

មុន​ពេល​បិទ​បញ្ចប់​ធម្ម​ទេសនា លោ​ក​អភិបាល​បាន​ចោទ​សំណួរ​បី ដើម្បី​ឲ្យ​គ្រីស្ត​បរិស័ទ​ឆ្លើយ​តប។ លោក​អភិបាល​អូលីវីយេ «គ្រីស្ត​បរិស័ទ​ត្រូវ​សុខចិត្តទទួលខុសត្រូវព្រះសហគមន៍របស់ខ្លួន អស់ពីជំនឿ និងសេចក្ដីក្លាហាន, សុខចិត្តប្រកាសដំណឹងល្អ ដោយលះបង់ចោលមាសាតាំង និងអ្វីដែលរារាំងផ្លូវក្នុងការប្រកាសដំណឹងល្អ,  សុខចិត្តបើកដួងចិត្តយ៉ាងពិតប្រាកដ ដើម្បីមានចិត្តស្រឡាញ់ អាណិតមេត្តាដល់មនុស្សតូចតាចនៅក្នុងសង្គម»

បងស្រី ស្រី សុជាតិ ​ជា​ដូនជី​ក្នុងក្រុម​គ្រួសារ​ស្រលាញ់​ឈើ​ឆ្កាង​ព្រះយេស៊ូ​មាន​ប្រសាសន៍​ថា វា​ជា​រឿង​សំខាន់​ណាស់​ដែល​យើង​ប្រារព្ធ​ពិធី​រំលឹក​អំពី​អ្នកស្លាប់​ដោយ​ជំនឿនៅថ្ងៃនេះ។ បងស្រី សុជាតិ «ពួកគាត់គឺជាគំរូ និងជាគ្រឹះនៃជំនឿរបស់​យើង ដែល​នាំ​ឲ្យ​យើង​ទាំង​អស់​គ្នាមាន​គ្រឹះ​រឹង​មាំ​បន្ត​ជំនឿ​នេះនៅ​ក្នុងព្រះសហគមន៍​រហូត​មក​ដល់​សព្វ​ថ្ងៃ»

លោក​អឹង​ ទ្រី អាយុ​៧៦​ឆ្នាំ ជា​គ្រីស្ត​បរិស័ទ​​ បាន​ឲ្យ​ដឹងថា​ គាត់​មិន​ដែល​បំភ្លេច​បទ​ពិសោធ​ក្នុង​របប​ប៉ុលពត​នោះ​ទេ។ លោក​បន្តថា លោក​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការងារ​លើក​ទំនប់​ដោយ​គ្មាន​អាហារ​គ្រប់​គ្រាន់។ លោក​ថា «៣កំប៉ុង មនុស្ស​មួយ​កងចល័ត​ ​៤០នាក់​»

ក្នុងរបប​នេះ ​លោក​ទ្រី​បាន​បាត់​បង់​ញាតិ​សន្តាន​ប្រមាណ​ជា​១៥នាក់។​ គាត់​និយាយ​ថា ដោយ​សារ​ជំនឿ​ចំពោះ​ព្រះជាម្ចាស់​ គាត់​បាន​អត់​ទោស​ឲ្យ​ពួកគេ​ដែល​បាន​ធ្វើ​បាប​រូប​លោក​និង​សាច់​ញាតិ។ លោក​អឹង​ទ្រី «ដោយសារយើងជឿ​លើ​ព្រះបន្ទូល​ យើង​មាន​មេត្តាករុណា​។ យើង​អត់​មាន​ចង​កំហឹងលើ​គាត់​ទៀត​ទេ។ (អធិដ្ឋាន)ទៅ​ព្រះជាម្ចាស់​ទទួល​គាត់​ផងដែរ»

Facebook
Twitter
LinkedIn