លោកបូជាចារ្យហ្វ្រង់ស្វ័រ ប៉ុងសូដ៍ (François Ponchaud) ជាសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីសប្រទេសបារាំង (MEP) ដែលបានបម្រើព្រះសហគមន៍កាតូលិកនៅកម្ពុជាអស់រយៈពេល៥៦ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅល័រីស (Louris) ដែលជាផ្ទះចូលនិវត្តន៍របស់ក្រុមសាសនទូត MEP ជាកន្លែងដែលលោករស់នៅចាប់តាំងពីឆ្នាំ២០២១ ក្រោយពីត្រឡប់ទៅប្រទេសបារាំងវិញ។
លោកបូជាចារ្យកើតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៣៩ នៅសាឡង់ឆេស (Sallanches) ជាកូនទី៧ក្នុងចំណោមបងប្អូន១២នាក់ ដែលមានឪពុកឈ្មោះឡេអុង ប៉ុងសូដ៍ (Léon Ponchaud) ជាកសិករ ដែលជាសមាជិកក្រុមប្រឹក្សាទូទៅនៃតំបន់សាឡង់ឆេស បានចូលរួមក្នុងចលនាសាធារណរដ្ឋ។
បន្ទាប់ពីចូលរួមសិក្ខាសាលាសម្រាប់ភូមិភាគអាន់នីស៊ី (Annecy) លោកបានបម្រើជាទាហានឆ័ត្រយោងអាល់ហ្សេរី រយៈពេល២៨ខែ។ ហើយក្នុងឆ្នាំ១៩៥៧ លោកបានចូលរួមជាមួយសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស ក្រោយមកត្រូវបានបញ្ជូនមកបំពេញបេសកកម្មនៅកម្ពុជា។
«ខ្ញុំទទួលការតែងតាំងជាបូជាចារ្យនៅឆ្នាំ១៩៦៤ នៅសាឡុង នៅប្រទេសបារាំង។ ខ្ញុំចូលនៅក្នុងសមាគម សាសនទូតដែលទៅប្រកាសដំណឹងល្អនៅទ្វីបអាស៊ី។ ហើយដោយចៃដន្យ ខ្ញុំមិនដឹង មេដឹកនាំឲ្យខ្ញុំមកប្រទេសកម្ពុជា។ នេះមិនមែនខ្ញុំជ្រើសរើស គេចាត់តាំងខ្ញុំឲ្យមកប្រទេសកម្ពុជានៅពេលនោះ។ ខ្ញុំមិនដឹងប្រទេសកម្ពុជាមានទាស់ជាមួយវៀតណាម និងទាស់ជាមួយសៀម ខ្ញុំមិនដឹងទេ។ កាលណាខ្ញុំមកដល់ប្រទេសកម្ពុជា ខ្ញុំរៀនសូត្រ ហើយស្គាល់ប្រទេសកម្ពុជា។» នេះជាប្រសាសន៍របស់លោក ក្នុងបទសំភាសន៍ជាមួយការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ មុនពេលលោកចាកចេញទៅរស់នៅឯប្រទេសបារាំងវិញ។
លោកបានមកដល់ប្រទេសកម្ពុជាដំបូងនាថ្ងៃទី៨ខែតុលាឆ្នាំ១៩៦៥។ ពីឆ្នាំ១៩៦៥-១៩៦៨ លោកបានខិតខំរៀនភាសាខ្មែរ និងទទួលខុសត្រូវលើព្រះសហគមន៍មួយចំនួន។ ក្រោយពីរៀនភាសានិងវប្បធម៌ប្រជាជនបានបីឆ្នាំហើយ លោកបានទៅបម្រើការងារនៅព្រះសហគមន៍ភូមិភាគកំពង់ចាម។
ដោយមើលឃើញសេចក្តីខ្វះខាតរបស់ព្រះសហគមន៍ចំពោះសៀវភៅឯកសារអំពីគ្រីស្តសាសនា ក្នុងឆ្នាំ១៩៧០-១៩៧៥ លោកបានបកប្រែឯកសារជាច្រើន រួមនិងព្រះគម្ពីរជាភាសាខ្មែរផងដែរ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានវាយយករាជធានីភ្នំពេញ ហើយលោកឪពុកហ្វ្រង់ស្វ័រ ប៉ុងសូដ៍ ត្រូវបានឃុំខ្លួននៅក្នុងស្ថានទូតបារាំង។ ៣សប្តាហ៍ក្រោយ លោកត្រូវបានបណ្តេញចេញពីកម្ពុជាដែលជាជនបរទេសចុងក្រោយបំផុត។
អំឡុងពេលនិរទេសខ្លួន លោកបានទៅរស់នៅប្រទេសបារាំង ហើយធ្វើដំណើរជុំវិញពិភពលោក និងទៅសួរសុខទុក្ខជនភៀសខ្លួនខ្មែរនៅបារាំង អឺរ៉ុប កាណាដា និងសហរដ្ឋអាមេរិក រួមទាំងជំរំជនភៀសខ្លួនខ្មែរថៃផងដែរ។ ហើយលោកតាមដានព័ត៌មានតាមរយៈវិទ្យុ ឯកសារផ្លូវការជាច្រើន និងតាមរយៈសំណេរសំបុត្ររបស់ជនភៀសខ្លួនដែលរៀបរាប់អំពីរបបនេះ។ ក្នុងឆ្នាំ១៩៧៦ លោកបានចងក្រងសៀវភៅកម្ពុជាឆ្នាំសូន្យ ដើម្បីជាសក្ខីកម្មអំពីការសម្លាប់រង្គាលរបស់ពួកខ្មែរក្រហមទៅកាន់សហគមន៍អន្តរជាតិ ឲ្យជួយអន្តរាគមន៍។ សៀវភៅនេះបានបកប្រែចំនួន៨ភាសា និងបានរួមចំណែកជួយដល់ប្រទេសកម្ពុជាដើម្បីឲ្យមតិអន្តរជាតិបង្ខំឲ្យប្រទេសវៀតណាមដកការគ្រប់គ្រងលើប្រទេសកម្ពុជាក្នុងឆ្នាំ១៩៨៩ផងដែរ។
«ខ្ញុំស្មានថា វៀតណាមកាន់កាប់ស្រុកខ្មែររហូត ខ្មែរលែងបានកាន់កាប់ប្រទេសរបស់ខ្លួន ប៉ុន្តែវៀតណាមដកថយដោយសារតែមតិអន្តរជាតិបានបង្ខំ។ ក្នុងមតិអន្តរជាតិ មានខ្ញុំដែរ គឺសៀវភៅរបស់ខ្ញុំ កម្ពុជាឆ្នាំសូន្យធ្វើឲ្យមតិអន្តរជាតិ យកចិត្តទុកដាក់នឹងប្រជាជនខ្មែរ បានជាតាំងពីនោះមក មតិអន្តរជាតិយកចិត្តទុកដាក់នឹងប្រទេសកម្ពុជា។ ខ្ញុំគិតថានេះក៏ប្រហែលបានជួយខ្លះៗដែរ។» លោកបូជាចារ្យហ្វ្រង់ស្វ័រ ប៉ុងសូដ៍ ក្នុងបទសំភាសន៍ដដែល។
ក្រោយកម្ពុជាបានទទួលសុខសន្តិភាព លោកបូជាចារ្យរូបនេះ បានត្រឡប់មកវិញ នៅឆ្នាំ១៩៩៣ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងការបិទបញ្ចប់ការកាន់កាប់របស់វៀតណាម។ ក្នុងឆ្នាំ២០១៦ លោកត្រូវបានចាត់តាំងឲ្យបម្រើការងារនៅព្រះសហគមន៍ចម្លាក់ ស្ថិតក្នុងខេត្តត្បូងឃ្មុំសព្វថ្ងៃ។ នៅទីនោះលោកបានខិតខំជួយដល់ប្រជាជនខ្មែរ ក្នុងវិស័យអប់រំនិងអភិវឌ្ឍសង្គម ដោយជីកប្រឡាយទប់ទឹក សម្រាប់ប្រជាកសិករធ្វើកសិកម្ម។ បង្កើតសាលាមត្តេយ្យសិក្សាសម្រាប់កុមារតូច និងផ្តល់កន្លែងស្នាក់នៅនិងអាហាររូបករណ៍សម្រាប់សិស្សរៀននៅវិទ្យាល័យជាដើម។
លោកតែងតែនិយាយថា លោកមកប្រទេសកម្ពុជា មិនមែនដើម្បីឲ្យប្រជាជនខ្មែរផ្លាស់ប្តូរសាសនា តែឲ្យពួកគេស្គាល់អំពីសេចក្តីដែលគេទទួលនិងរៀនសូត្រពីព្រះពុទ្ធ។ «មើលព្រះពុទ្ធនិងគ្រីស្តសាសនា ព្រះបន្ទូលព្រះយេស៊ូត្រូវគ្នាយ៉ាងម៉េច ហើយប្រសិនបើគេចង់ចូលគ្រីស្តសាសនា ឬចង់ផ្ញើជីវិតលើព្រះយេស៊ូ ខ្ញុំសប្បាយចិត្ត។» លោកមានប្រសាសន៍នេះ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅព្រះវិហារចម្លាក់ ក្នុងពិធីជម្រាបលាលោកទៅប្រទេសបារាំងវិញ។
ក្នុងអំឡុងពេលបម្រើការងារ ទោះបីជារវល់នឹងកិច្ចការព្រះសហគមន៍ក្នុងតំបន់យ៉ាងណា លោកបានខិតខំបន្តកិច្ចការបកប្រែព្រះគម្ពីរជាភាសាខ្មែរ ដោយរួមជាមួយសមាគមព្រះគម្ពីរកម្ពុជា ដែលសៀវភៅនេះយើងកំពុងប្រើប្រាស់សព្វថ្ងៃ។ លោកក៏បានចងក្រងសៀវភៅអប់រំជំនឿ គម្ពីរសិក្សាសម្រាយ សៀវភៅស្តីអំពីវ៉ាទីកង់ទី២ និងឯកសាររាប់មិនអស់អំពីព្រះសហគមន៍កាតូលិកជាភាសាខ្មែរ។
លោកក៏មានទំនាក់ទំនងល្អជាលក្ខណៈអន្តរសាសនា កិច្ចសន្ទនាអន្តរសាសនាស៊ីជម្រៅ ដោយផ្អែកលើគោលការណ៍គោរពចំពោះព្រះពុទ្ធសាសនា។ លោកក៏បានសរសេរសៀវភៅអំពីប្រវត្តិសាស្ត្ររបស់ព្រះសហគមន៍កាតូលិកនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ គួររំលឹកថា ក្រោយពេលត្រឡប់មកវិញ លោកបានបង្កើតមណ្ឌលវប្បធម៌កាតូលិកកម្ពុជា ហៅកាត់ថា ស៊ីស៊ីស៊ីស៊ី ដើម្បីបង្រៀនភាសានិងវប្បធម៌ខ្មែរដល់បេសកជនវ័យក្មេង និងអ្នកស្ម័គ្រចិត្ត ដើម្បីឲ្យពួកគេបម្រើប្រជាជនខ្មែរបានកាន់តែប្រសើរឡើង។
មុនលោកចេញទៅបារាំងវិញនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោកបាននិយាយថា «ទោះបីខ្ញុំចេញពីកន្លែងនេះ …ខ្ញុំទុកបងប្អូនជាព្រះកាយព្រះគ្រីស្ត ខ្ញុំទុកក្នុងចិត្ត ទោះបីខ្ញុំនៅស្រុកបារាំងក៏ដោយ»។
«ពាក្យទូន្មានរបស់ខ្ញុំមានតែមួយគត់ សូមកាន់គ្រីស្តសាសនាដោយយកចិត្តទុកដាក់ និងការពារអរិយធម៌ខ្មែរ នេះជាគោលបំណងរបស់យើង!»៕
ដោយកែវ កញ្ញា