ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបើកឆ្នាំមហាករុណាទិគុណ២០២៥

ក្នុង​ថ្ងៃបុណ្យ​ព្រះយេស៊ូ​សម្តែង​ឋានៈរបស់​ព្រះអង្គ​ លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ជា​អភិបាល​នៃ​ភូមិភាគ​ភ្នំពេញ​បាន​ប្រកាស​បើក​ឆ្នាំ​មហាករុណាទិគុណសម្រាប់​ភូមិភាគ​ភ្នំពេញ​ កាលពីថ្ងៃទី​៤ ខែ​មករានៅ​មជ្ឈមណ្ឌល​សកម្មភាព​សម្រាប់​ភូមិភាគក្នុ​ងរាជធានីភ្នំពេញ ដែល​មានបូជាចារ្យបម្រើ​ការងារ​ក្នុង​តំបន់ និង​គ្រីស្ត​បរិស័ទ​ចូលរួម​ប្រមាណ​៥០០នាក់​ដែល​ជា​តំណាង​មក​ពី​ព្រះសហគមន៍នានា​ក្នុង​ភូមិភាគ។​

ឆ្នាំ​មហាករុណាទិគុណ​ ជាព្រឹត្តិការណ៍​ដ៏អស្ចារ្យដែល​បូជនីយេសក៍​ម្នាក់ៗ អាច​ទទួល​បាន​បទ​ពិសោធអំពី​ធម៌មេត្តាករុណា​ឥតព្រំដែន​របស់​ព្រះជាម្ចាស់​ ណែនាំ​ឲ្យ​យើង​អាច​ផ្សះផ្សារ​ជាមួយព្រះជាម្ចាស់​និង​ទទួល​បាន​ការ​លើកលែងទោស​ឲ្យរួច​ពី​បាប​ពេញ​លក្ខណៈ។

ឆ្នាំ​មហា​ករុណា​ទិគុណ ត្រូវ​បាន​បង្កើតឡើងរៀងរាល់២៥​ឆ្នាំ​ម្ដង តួយ៉ាង​នៅឆ្នាំ​​​២០០០ គ្រីស្តបរិស័ទ​​បាន​ទទួល​ឆ្នាំ​មហាករុណា​ទិគុណនេះ ប៉ុន្តែ​ ក្នុងឆ្នាំ២០១៦ សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ​បានបង្កើត​​ឆ្នាំមហាករុណាទិគុណនេះ​ជាលក្ខណៈពិសេស ហើយ​ក្នុង​ឆ្នាំ​នេះ កាលពីថ្ងៃទី​២៤​ខែ​ធ្នូ​ឆ្នាំ​២០២៤​កន្លងទៅ យើង​ក៏​មាន​ឱកាស​ចូលរួម​ម្តងទៀត ដែល​ផ្តោត​សំខាន់​លើ​ «សេចក្តីសង្ឃឹម»ដែល​បាន​ប្រកាស​បើក​ដោយ​សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ។

លោកអភិបាល​អូលីវីយ៉េ​បាន​ប្រកាស​យក​កន្លែង​ចំនួន​៤ ​ធ្វើ​ជា​ទីសក្ការដ្ឋាន​នៃ​បូជនីយចរ គឺមាន​ទីសក្ការដ្ឋាន​ព្រះនាងម៉ារី​នៃ​ទន្លេមេគង្គនៅ​ព្រះវិហារ​ក្សត្រី​នៃ​សន្តិភាព(​អរិយក្សត្រ) ទីសក្ការដ្ឋាន​មរណសាក្សី​នៅកម្ពុជា​នៃព្រះវិហារ​តូច​សន្ត​យ៉ូសែប​(ផ្សារតូច) ខ្លោងទ្វារ​ដ៏វិសុទ្ធ​នៅឯព្រះវិហារសន្តសិ​លានិងសន្តប៉ូល និង​ព្រះវិហារ​សន្ត​មីកាអែល​ក្រុងព្រះសីហនុ ហើយ​នៅ​កន្លែង​នីមួយៗ​ មាន​លោក​បូជាចារ្យទទួល​ខុស​ត្រូវ​ណែនាំ​និង​ធ្វើ​អគ្គសញ្ញាលើក​លែង​ទោស។

លោក​អភិបាល​អូលីវីយ៉េ​មាន​ប្រសាសន៍ថា៖ «នៅក្នុងឱកាសនេះ មិនមែនត្រឹមតែជាការលើកលែងទោស រំដោះ​បាប ប៉ុន្តែលើសពីនេះទៅទៀត ផ្លែនៃអំពើបាបយើងយកចេញទាំងអស់ យើងរួចខ្លួន»។

ក្នុង​នោះ​បូជនីយេសក៍​​ម្នាក់​ត្រូវ​មាន​កូនសៀវភៅ​តូចមួយ​ ដែល​លោក​អភិបា​ល​អូលីវីយ៉េ ចាត់​ទុក​ថាជា​លិខិត​ឆ្លង​ដែន​ទៅ​កាន់​សេចក្តីសង្ឃឹម​ ដែល​មាន​ពន្យល់​អំពី​របៀប​រៀបចំ​ដំណើរ​បូជនីយចរ និង​របៀប​អធិដ្ឋាន ហើយ​ណែនាំ​ឲ្យ​គ្រីស្តបរិស័ទ​ម្នាក់ៗ​ មើលឃើញកំពូល​នៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ចំពោះ​ខ្លួនឯង។

ទន្ទឹម​គ្នានេះ គ្រីស្តបរិស័ទ​ក៏មាន​​ឱកាស ធ្វើកិច្ចការធម៌មេត្តាករុណាចំនួន​៧ ខាង​រូបកាយ រួម​មាន​ ផ្តល់​អាហារ​ដល់​អ្នក​ខ្វះខាត ផ្តល់​ទឹក​ដល់​អ្នក​ស្រេក ផ្តល់​សម្លៀកបំពាក់ដល់​អ្នក​គ្មាន ជួយអាសារជន​បរទេស សួរសុខទុក្ខអ្នកជាប់​ឃុំឃាំង សួរសុខទុក្ខ​អ្នក​ជំងឺ និង​ជួយ​ធ្វើ​បុណ្យ​បញ្ចុះសព។

 

ជាមួយគ្នា​នេះ លោក​អភិបាល​គ្រោងនឹង​រៀបចំ​ឲ្យ​មាន​ទិវានានា​ជា​លក្ខណៈ​ភូមិភាគ និងក្នុង​តំបន់មណ្ឌល​សកម្មភាព​ ក្នុង​នោះ​រួម​មាន ទិវា​សម្រាប់​បូជាចារ្យ ទិវា​សម្រាប់​បព្វជិត-ជិតា ទិវា​សម្រាប់​យុវជន ទិវាសម្រាប់​គ្រូអប់រំជំនឿ ទិវាសម្រាប់​គ្រួសារ ទិវា​សម្រាប់​ចាស់ជរា ទិវា​សម្រាប់​អន្តរសាសនា ទិវាសម្រាប់​សិស្សានុសិស្ស​ជាដើម។

ក្នុង​ពិធីនេះដែរ លោក​អភិបាល​សូមអញ្ជើញបងប្អូន ជាគ្រីស្តបរិស័ទនៅក្នុងភូមិភាគភ្នំពេញទាំងអស់ ទាំង​លោកបូជាចារ្យ បព្វជិត-ជិតា ការិយាល័យទាំងអស់ ឲ្យ​មើលឃើញសញ្ញានិងពន្លឺនៃសេចក្ដីសង្ឃឹម ដើម្បីយកចិត្តទុកដាក់​ធ្វើ​កិច្ច​ការ​​ក្នុង៧វិស័យ គឺមាន ​ទីមួយ​អត្តសញ្ញាណ​ជា​កាតូលិក គឹ​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ម្នាក់ៗ​ចេះ​ចេះ​រស់នៅ​និង​អនុវត្ត​តាម​ព្រះបន្ទូល ទី២​ជាមួយ​ចាស់ជរា គឺយក​ចិត្ត​ទុកដាក់​ដល់​ចាស់​ដែលគ្មានទីពឹង​និង​មាន​បន្ទុក​ធ្ងន់​ ទី៣​ជាមួយ​អន្តរសាសនា​គឺ​ត្រូវ​មាន​វិធី​ទំនាក់ទំនង​និង​រស់នៅ​ជាមួយ​អ្នក​កាន់សាសនាផ្សេងៗ​ជាពិសេស​ពុទ្ធបរិស័ទ​ ទី៤ទាសករសម័យទំនើប គឺ​ធ្វើ​យ៉ាងនា​ឲ្យ​គ្រីស្តបរិស័ទ​អាច​ចៀសផុត​ពី​គ្រឿងញាណនិងធ្វើ​ការងារ​បោក​បញ្ឆោតដែល​នាំ​ទុក្ខទោស​ដល់ខ្លួន​និង​អ្នក​ដទៃ ទី៥​សុខភាព គឺឲ្យ​គ្រីស្តបរិស័ទ​ចេះ​ថែរក្សា​សុខភាព​ដើម្បី​ឲ្យជីវិត​មាន​អំណររីករាយ ទី៦​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ គឺ​ឲ្យ​គ្រីស្តបរិស័ទ​ចេះ​ប្រើ​ប្រាស់​ប្រព័ន្ធផ្សព្វ​ផ្សាយ​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ប្រកាសដំណឹងល្អ ​និង​ទី​៧បរិស្ថាន គឺ​ឲ្យ​យើង​ចេះ​ស្រឡាញ់​អ្វីៗដែល​ជាស្នាព្រះហស្តរបស់​ព្រះជាម្ចាស់។

លោក​អភិបាលបន្ត​ថា ឲ្យយើងធ្វើដំណើរ ឆ្ពោះទៅសេចក្ដីសង្ឃឹម ដើម្បីឲ្យឆ្នាំមហាករុណាទិគុណ ទៅជាឆ្នាំមួយដែលយើងមានបទពិសោធ អំពីព្រះហឫទ័យព្រះទ័យសន្តោសរបស់ព្រះជាម្ចាស់ដោយណែនាំនិងជំរុញយើងឲ្យ «យើងស្រឡាញ់ថែមទៀត ដើម្បីឲ្យយើងបម្រើថែមទៀត និងឲ្យយើងអធិដ្ឋានថែមទៀត ដើម្បីឲ្យយើងប្រកាសដំណឹងល្អថែមទៀត»។

កម្មវិធី​ធ្វើ​បូជនីយចរឆ្ពោះ​ទៅ​កាន់​សេចក្តីសង្ឃឹម​សម្រាប់​ភូមិភាគ​ភ្នំពេញ​ នឹង​បើក​ដំណើរការ​នៅ​ក្នុង​ខែ​កុម្ភៈ​ខាង​មុខនេះសម្រាប់​គ្រីស្តបរិស័ទ​ទាំងអស់ ហើយ​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៨ ខែ​ធ្នូ​ឆ្នាំ​២០២៥នេះ

Facebook
Twitter
LinkedIn