អត្ថបទព្រះគម្ពីរ ថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៥,១-១០

ជនជាតិយូដាតែងតែជ្រើរើសមហាបូជាចារ្យទាំងអស់ពីចំណោមមនុស្ស ហើយតែងតាំងលោកសម្រាប់ឱ្យទាក់ទងជាមួយព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់មនុស្សក្នុងការថ្វាយតង្វាយ និងថ្វាយយញ្ញបូជារំដោះបាបមនុស្ស។ លោកមហាបូជាចារ្យអាចមានអធ្យាស្រ័យដល់មនុស្សល្ងិតល្ងង់ និងមនុស្សវង្វេងបាន ព្រោះខ្លួនលោកផ្ទាល់​ក៏ទន់ខ្សោយដែរ។ ដោយលោកទន់ខ្សោយដូច្នេះ លោកត្រូវថ្វាយយញ្ញបូជាសម្រាប់​ឱ្យទាំងខ្លួនលោកផ្ទាល់ និងប្រជារាស្រ្តឱ្យបានរួចពីបាប។ គ្មាននរណាតាំងខ្លួនឯងឱ្យ​បំពេញមុខងារដ៏ប្រសើរនេះបានឡើយ គឺទាល់តែព្រះជាម្ចាស់ត្រាសហៅដូចលោកអរ៉ុនទើបបំពេញបាន។ រីឯព្រះគ្រីស្តវិញក៏ដូច្នោះដែរ ព្រះអង្គពុំបានលើកតម្កើងព្រះអង្គ​ផ្ទាល់ ធ្វើជាមហាបូជាចារ្យទេ គឺព្រះជាម្ចាស់ទេតើដែលបានតែងតាំងព្រះគ្រីស្តជាមហាបូជាចារ្យ ដោយមានព្រះបន្ទូលមកកាន់ព្រះអង្គថា៖ «ព្រះអង្គជាបុត្ររបស់យើង​ គឺយើងហ្នឹងហើយដែលបានទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ»។ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលនៅក្នុងទំនុកតម្កើងមួយទៀតថា៖«ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ​​តាមរបៀបស្តេចមែលគីសេដែក»។ ពេលព្រះគ្រីស្តរស់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គបានពន្លឺព្រះសូរសៀងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែកទូលអង្វរ ទូលលូមព្រះជាម្ចាស់ដែលអាចសង្រ្គោះព្រះអង្គឱ្យរួចពីស្លាប់។ ដោយព្រះគ្រីស្តបានគោរពប្រណិប័តន៍ព្រះជា​ម្ចាស់ នោះព្រះជាម្ចាស់ក៏ប្រោសប្រទានតាមពាក្យទូលអង្វរ។ ថ្វីដ្បិតតែព្រះអង្គជាព្រះបុត្រាក៏ដោយ ក៏ព្រះអង្គបានរៀនធ្វើតាមបង្គាប់ដោយរងទុក្ខលំបាក។ បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណ៍ហើយ ទ្រង់ក៏បានទៅជាប្រភពនៃការសង្រ្គោះដ៏ស្ថិតស្ថេរនៅ​អស់កល្បជានិច្ច សម្រាប់អស់អ្នកដែលធ្វើតាមបង្គាប់ព្រះអង្គ ហើយព្រះជាម្ចាស់ក៏​​ប្រកាសតែងតាំងព្រះអង្គជាមហាបូជាចារ្យតាមរបៀបព្រះបាទមែគីសេដែក។

ទំនុកតម្កើងលេខ ១១០ (១០៩),១-៤ បទកាកគតិ

ព្រះអម្ចាស់មាន បន្ទូលមកកាន់ ព្រះរាជាខ្ញុំ
ថាសូមអញ្ជើញ អង្គុយខាងស្តាំ កុំនៅសំងំ
ចាំយើងចាត់ចែង
ទម្រាំដល់យើង បង្ក្រាបពួកខ្មាំង ចិត្តធំឥតក្រែង
យើងដាក់វានៅ ក្រោមជើងព្រះស្តែង ទោះវាស្រែកក្តែង
អ្នកកុំខ្វល់ខ្វាយ
សូមព្រះប្រទាន ព្រះករុណាបាន លាតសន្ធឹងឆ្ងាយ
ព្រះរាជ្យព្រះអង្គ ពីស៊ីយ៉ូននាយ តទៅអន្លាយ
បង្រ្កាបលើខ្មាំង
ថ្ងៃព្រះករុណា កេណ្ឌទ័ពនោះណា ប្រជាទូទាំង
រួមនិងយុវជន ស្ម័គ្រស្មោះទៅច្បាំង ដូចសន្សើមខ្លាំង
ធ្លាក់ចុះរាល់ថ្ងៃ
ព្រះអម្ចាស់មាន បន្ទូលថ្កើងថ្កាន សន្យាថ្លាថ្លៃ
លោកបូជាចារ្យ ជាអចិន្ត្រៃយ៍ យកតាមនិស្ស័យ
មែលគីសេដែក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិប្ញទ្ធិ ឈ្វេងយល់ចិត្តគំនិតមនុស្ស។ ​អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ២,១៨-២២

​ថ្ងៃមួយ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ត និងពួកសិស្សខាងគណៈផារីស៊ីនាំគ្នាតមអាហារ។ ពួកគេមកទូលសួរព្រះយេស៊ូថា៖ «សិស្សរបស់លោកយ៉ូហាន និងសស្សិខាងគណៈផារីស៊ីតមងាហារ ចុះហេតុដូចម្តេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ក្នុងពិធីមង្គលការ នៅពេលកូនកំឡោះនៅជាមួយ តើភ្លៀវអាចតមអាហារឬទេ? ទេៗ ដរាបណាកូនកំឡោះនៅជាមួយ ភ្លៀវមិនអាចតមអាហារបានឡើយ។ ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្លៀវតមអាហារវិញ។ ពុំដែលមាននរណា​យកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នេះ​​​​​ ក្រណាត់ថ្មីនឹងបណ្តាលឱ្យសម្លៀកបំពាក់ចាស់រហែកលើសដើមទៅទៀត។ ពុំដែល​មាននរណាច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នេះ ស្រា​នឹងធ្វើឱ្យថង់ស្បែកនោះធ្លាយ បណ្តាលឱ្យខូចទាំងស្រា ទាំងថង់ស្បែកជាមិនខាន។ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។

Facebook
Twitter
LinkedIn