អាទិត្យក្រោយបុណ្យព្រះយេស៊ូប្រសូត
ព្រះសហគមន៍ចាត់ចែងរយៈពេលពីរ ឬបីអាទិត្យ ក្រោយបុណ្យព្រះយេស៊ូប្រសូត ដើម្បីដាស់តឿនគ្រីស្តបរិស័ទឱ្យនឹករំពឹងអំពីអត្ថន័យដ៏ប្រសើរបំផុតនៃថ្ងៃកំណើតរបស់ព្រះយេស៊ូ។ ក្នុងរដូវនេះ ព្រះសហគមន៍អានលិខិតរបស់គ្រីស្តទូតយ៉ូហាន ដែលរិះគិតយ៉ាងជ្រៅអំពីជីវិតថ្មី ដែលព្រះគ្រីស្តប្រទានឱ្យមនុស្សលោក។
គ្រីស្តបរិស័ទក៏នាំគ្នាគោរពសន្តបុគ្គលដែលបង្ហាញអំពីរបៀបរស់នៅថ្មីតាមព្រះគ្រីស្តគឺ៖
- ថ្ងៃ ២៦ ធ្នូ សន្តស្ទេផានជាគ្រីស្តបរិស័ទដែលបានបូជាជីវិតព្រោះព្រះគ្រីស្តមុនគេ។
- ថ្ងៃ ២៧ ធ្នូ គ្រីស្តទូតយ៉ូហានដែលបានបង្ហាញអត្ថន័យអំពីព្រះបុត្រាប្រសូតជាមនុស្ស។
- ថ្ងៃ ២៨ ធ្នូ ទារកដែលព្រះបាទហេរ៉ូបានសម្លាប់។
- ថ្ងៃ ១ មករា ព្រះនាងម៉ារីជាព្រះមាតារបស់ព្រះជាម្ចាស់។
មុនបុណ្យលើកតម្កើងព្រះយេស៊ូសម្តែងព្រះអង្គ ព្រះសហគមន៍ចាត់ចែងឱ្យអានអត្ថបទគម្ពីរតាមថ្ងៃរាយ គឺថ្ងៃ ២ ៣ ៤ ៥ ៦ ៧ មករា ដូចមានចម្លងជូននៅទំព័រ ១៦៣-១៧៤។ ក្រោយបុណ្យនោះ ត្រូវអានអត្ថបទតាមថ្ងៃច័ន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ “ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ” ដូចមានចម្លងជូននៅទំព័រ ១៨៤-១៩៦។ អត្ថបទគម្ពីរដំណឹងល្អទាំងនេះ សុទ្ធតែរៀបរាប់អំពីព្រះយេស៊ូប្រព្រឹត្តកិច្ចការបង្ហាញឋានៈរបស់ ព្រះអង្គ។
បុណ្យលើកតម្កើងព្រះរាជវង្ស
បុណ្យនេះធ្វើឡើងក្រោយបុណ្យព្រះយេស៊ូប្រសូត ឬថ្ងៃទី ៣០ ធ្នូ លុះត្រាតែមានថ្ងៃអាទិត្យ មុនថ្ងៃទី ១ មករា)។ ទោះបីព្រះយេស៊ូជាបុត្រានៃព្រះជាម្ចាស់ក្តី ក៏ព្រះអង្គរស់នៅដូចមនុស្សយើងក្នុងគ្រប់ប្រការទាំងអស់ដែរ គឺព្រះអង្គរៀនដើរ រៀននិយាយ រៀនសូត្រក្នុងសាលា ត្រូវឪពុកម្តាយប្រដៅ។ ល។ ព្រះអង្គគោរពតាមអរិយធម៌ និងទំនៀមទម្លាប់ស្រុកអ៊ីស្រាអែល ហើយកាន់តាមធម៌វិន័យរបស់លោកម៉ូសេដូចគេឯងដែរ។ ក្នុងពិភពលោក គ្រីស្តបរិស័ទមានអរិយធម៌ និងទំនៀមទម្លាប់ប្លែកៗគ្នា តាមស្រុក តាម ប្រទេស។ គ្រីស្តបរិស័ទគោរពព្រះគ្រីស្តតាមប្រពៃណី និងអរិយធម៌រៀងៗខ្លួន ដោយមានព្រះ វិញ្ញាណបំភ្លឺឱ្យមានចិត្តគំនិតដូចព្រះយេស៊ូ ក្នុងគ្រប់កិច្ចការទាំងអស់។
ពាក្យអង្វរពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះបុត្រារស់តាមជីវភាពជាមនុស្សសាមញ្ញទូទៅ ឥតបែកពីយើងខ្ញុំត្រង់ណា លើកលែងតែព្រះបុត្រាមិនប្រព្រឹត្តអំពើបាបសោះប៉ុណ្ណោះ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណយាងមកបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយកតម្រាប់តាមព្រះបុត្រាព្រះអង្គក្នុងគ្រប់កិច្ចការទាំងអស់ប្រចាំជីវិត សូមឱ្យយើងខ្ញុំចេះស្រឡាញ់គ្នាក្នុងរង្វង់គ្រួសារជាដើម។ សូមប្រទានពរដល់ក្រុមគ្រួសារទាំងឡាយផង!។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកសាម៉ូអែល ១សម ១,២០-២២.២៤-២៨
នៅឆ្នាំនោះ នាងហាណ្ហាមានផ្ទៃ ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “សាម៉ូអែល” (ឈ្មោះនេះមានន័យថា “ព្រះជាម្ចាស់ប្រោសប្រទានតាមពាក្យសុំ”) ដ្បិតនាងពោលថា «ខ្ញុំបានទូលសុំកូននេះពីព្រះអម្ចាស់»។ ក្រោយមក លោកអែលកាណាជាស្វាមីនាង នាំគ្រួសាររបស់គាត់ទាំងអស់ទៅធ្វើជាយញ្ញបូជាប្រចាំឆ្នាំ ថ្វាយព្រះអម្ចាស់ ព្រមទាំងមកលាបំណន់ផង។ ប៉ុន្តែ នាងហាណ្ហាពុំទៅជាមួយទេ។ នាងប្រាប់ប្តីថា៖«នៅពេលកូនខ្ញុំផ្តាច់ដោះនោះ ខ្ញុំនឹងនាំវាទៅថ្វាយព្រះអម្ចាស់ ហើយទុកវានៅទីនោះរហូត»។ លុះនាងផ្តាច់ដោះកូនហើយ នាងក៏នាំកូនឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់នៅស៊ីឡូ ព្រមទាំងយកគោឈ្មោលមួយក្បាលអាយុបីឆ្នាំ ម្សៅមួយថាំង និងស្រាទំពាំង បាយជូរមួយថង់ស្បែកទៅជាមួយផង។ គេយកគោនោះធ្វើយញ្ញ ហើយនាំកុមារទៅជូនលោកហេលី។ នាងហាណ្ហាពោលថា៖«លោកម្ចាស់! នាងខ្ញុំជាស្ត្រីដែលឈរទូលអង្វរព្រះអម្ចាស់កាលពីមុននៅទីនេះជិតលោក។ នេះជាការពិតដូចលោកម្ចាស់មានជីវិតនៅសព្វថ្ងៃដែរ។ នាងខ្ញុំទូលអង្វរព្រះអម្ចាស់សូមឱ្យមានកូន ហើយព្រះអង្គក៏ប្រោសប្រទានតាមពាក្យរបស់នាងខ្ញុំ។ ឥឡូវនេះ នាងខ្ញុំសូមយកកូនមកថ្វាយព្រះអម្ចាស់ ឱ្យនៅជាមួយព្រះអង្គអស់មួយជីវិត»។ បន្ទាប់មក គេនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់។
ទំនុកតម្កើងលេខ ៨៤ (៨៣), ៣-៥.៩-១០ បទព្រហ្មគីតិ
៣. | ខ្ញុំសែនអន្ទះសារ | ចិត្តប្រាថ្នាយ៉ាងជាក់ច្បាស់ |
ចង់ចូលវិហារព្រះ | ជាអម្ចាស់ទាំងចិត្តកាយ ។ | |
ចិត្តចង់នៅជាមួយ | ព្រះអង្គជួយមិនរសាយ | |
អស់ពីកម្លាំងកាយ | មិនមានណាយរួមទាំងចិត្ត ។ | |
៤. | ត្រចៀកកាំនិងចាប | ជាដរាបវានែបនិត្យ |
សំបុកធ្វើនៅជិត | អាសនៈពិតនៃព្រះអង្គ ។ | |
៥. | អស់អ្នកដែលបានស្នាក់ | ក្នុងដំណាក់ដ៏ត្រចង់ |
មានសុខមង្គលផង | សរសើរថ្កើងទ្រង់មិនឈប់ ។ | |
៩. | ឱ!ព្រះជាអម្ចាស់ | មានតេជះខ្លាំងពេកពន់ |
ស្តាប់ពាក្យទូលបង្គំ | អង្វរសុំក្តីករុណា ។ | |
ព្រះលោកយ៉ាកុបអើយ | កុំកន្តើយផ្ទៀងព្រះកាណ៌ | |
សណ្តាប់យើងខ្ញុំណា | ដោយមេត្តាករុណាផង ។ | |
១០. | ឱ! ព្រះជាអម្ចាស់ | ទតឱ្យច្បាស់កុំរំលង |
មើលស្តេចដែលឃុំគ្រង | ជាខែលរងបាំងការពារ ។ | |
សូមទ្រង់ព្រះសន្តោស | មេត្តាប្រោសព្រះរាជា | |
ដែលព្រះអង្គគាំពារ | តែងតាំងងារដោយប្រេងជ័យ ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតយ៉ូហាន ១យហ ៣,១-២.២១-២៤
ម្នាលកូនចៅជាទីស្រឡាញ់! សូមគិតមើល៍ ព្រះបិតាមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងដល់កម្រិតណា! គឺព្រះអង្គស្រឡាញ់យើង រហូតដល់ឱ្យយើងទៅជាបុត្រធីតារបស់ព្រះអង្គ ហើយយើងពិតជាបុត្រធីតារបស់ព្រះអង្គមែន!។ ហេតុនេះហើយ បានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ព្រះអង្គ។ កូនចៅជាទីស្រឡាញ់! ពេលនេះ យើងទាំងអស់គ្នាជាបុត្រធីតារបស់ព្រះជាម្ចាស់ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះ ព្រះអង្គពុំទាន់សម្តែងឱ្យយើងដឹងនៅឡើយទេ។ ប៉ុន្តែ នៅពេលព្រះគ្រីស្តយាងមកដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិតព្រះអង្គមានភាពយ៉ាងណា យើងនឹងឃើញព្រះអង្គយ៉ាងនោះ។
កូនចៅជាទីស្រឡាញ់! ប្រសិនបើចិត្តគំនិតរបស់យើងមិនដាក់ទោសយើងទេ នោះយើងនឹងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភក្ត្រព្រះអង្គ។ អ្វីៗក៏ដោយឱ្យតែយើងទូលសូម យើងមុខជាទទួលពីព្រះអង្គមិនខាន ព្រោះយើងកាន់តាមវិន័យរបស់ព្រះអង្គ និងប្រព្រឹត្តអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គ។ រីឯវិន័យរបស់ព្រះអង្គមានដូចតទៅ គឺយើង ត្រូវជឿលើព្រះនាមព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រារបស់ព្រះអង្គ និងត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមវិន័យដែលព្រះអង្គប្រទានមកយើង។ អ្នកណាកាន់តាមវិន័យរបស់ព្រះអង្គ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ដោយសារព្រះវិញ្ញាណដែលព្រះអង្គប្រទានមកយើង។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះអង្គពិតជាលាក់កំបាំងមែន! បពិត្រព្រះយេស៊ូជាព្រះសង្គ្រោះ!
ព្រះអង្គពិតជាព្រះជាម្ចាស់ដែលគង់នៅជាមួយមនុស្សលោក!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២,៤១-៥២
ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង មាតាបិតារបស់ព្រះយេស៊ូតែងតែធ្វើដំណើរទៅក្រុងយេរូសាឡឹម។ លុះដល់ព្រះយេស៊ូមានព្រះជន្មាយុដប់ពីរព្រះវស្សា មាតាបិតាក៏នាំព្រះអង្គឡើងទៅចូលរួមក្នុងពិធីបុណ្យតាមទំនៀមទម្លាប់។ លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯព្រះកុមារយេស៊ូគង់នៅក្រុងយេរូ សាឡឹមនៅឡើយ តែមាតាបិតាពុំបានដឹងទេ។ គាត់នឹកស្មានថា ព្រះកុមារគង់នៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយគ្នា។ ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ ទើបគាត់នាំគ្នាដើររកព្រះកុមាក្នុងចំណោមញាតិមិត្តទាំងអស់ ប៉ុន្តែ រកពុំឃើញសោះ គាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដើម្បីរកព្រះអង្គនៅទីនោះទៀត។ បីថ្ងៃ ក្រោយមក មាតាបិតាឃើញព្រះយេស៊ូក្នុងព្រះវិហារ ព្រះអង្គគង់នៅកណ្តាលចំណោមគ្រូអាចារ្យ កំពុងតែស្តាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។ អស់អ្នកដែលស្តាប់ព្រះកុមារនឹកឆ្ងល់ពីព្រះបន្ទូលឆ្លើយឆ្លងរបស់ព្រះអង្គ ប្រកបដោយព្រះប្រាជ្ញាញាណ។ កាលមាតាបិតាបានឃើញព្រះកុមារហើយ គាត់នឹកឆ្ងល់យ៉ាងខ្លាំង។ មាតាសួរថា៖«កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ឪពុកម្តាយព្រួយចិត្តណាស់ខំដើររកកូន»។ ព្រះកុមារមានព្រះបន្ទូលតបថា៖«ហេតុអ្វីបានជាលោកឪពុកអ្នកម្តាយរកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្តាយមិនជ្រាប់ថា កូនត្រូវនៅក្នុងដំណាក់ព្រះបិតារបស់កូនទេឬ»។ ប៉ុន្តែ មាតាបិតាពុំបានយល់អត្ថន័យនៃព្រះបន្ទូលរបស់ព្រះកុមារឡើយ។
បន្ទាប់មក ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែតជាមួយមាតាបិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ មាតារបស់ព្រះអង្គចងចាំហេតុការណ៍ទាំងអស់នោះទុកក្នុងចិត្ត។ ព្រះយេស៊ូមានវ័យចម្រើនឡើង ហើយមានប្រាជ្ញាកាន់តែវាងវៃ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងជាទីគាប់ចិត្តមនុស្សផងទាំងពួង។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គប្រោសយើងខ្ញុំឱ្យចូលរួមក្នុងសក្ការបូជារបស់ព្រះបុត្រាដែលសម្រុះសម្រួលមនុស្សលោកជាមួយព្រះអង្គ។ យើងខ្ញុំសូមថ្វាយតង្វាយទាំងនេះទុកជាសញ្ញាសម្គាល់នៃកិច្ចការ នៃកង្វល់ នៃទុក្ខលំបាក និងនៃអំណរសប្បាយរបស់យើងខ្ញុំ និងរបស់មនុស្សលោក។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយទាំងនេះដោយអនុគ្រោះ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យមានចិត្តសង្ឃឹមជាប់លើព្រះអង្គក្នុងគ្រប់កាលៈទេសៈ ទោះក្នុងគ្រាស្រណុក ទាំងក្នុងគ្រាពិបាកផង។ សូមប្រទានពរដល់ក្រុមគ្រួសារទាំងអស់របស់យើងខ្ញុំផង។