អត្ថបទព្រះគម្ពីរ ថ្ងៃទី៣០ ខែធ្នូ សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត ពណ៌ស

បពិត្រព្រះជាអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ព្រះអង្គចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គឱ្យប្រសូតមកជាមនុស្សដូចយើងខ្ញុំ។ យើងខ្ញុំសូមស្ងើចសរសើរព្រះអង្គចំពោះការអស្ចារ្យនេះ ដែលយើងខ្ញុំរកគិតមិនដល់។ ដោយសារព្រះបុត្រាប្រសូតជាមនុស្ស សូមទ្រង់ព្រះមេត្តារំដោះយើងខ្ញុំឱ្យរួចពីចំណងនានា មានចំណងកិលេសតណ្ហាជាដើម ដើម្បីឱ្យយើងខ្ញុំមានសេរីភាពដ៏ពិតប្រាកដផង។

អត្ថបទទី១៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតយ៉ូហាន ១យហ ២,១២-១៧

ម្នាលកូនចៅទាំងឡាយ! ខ្ញុំសរសេរមកអ្នករាល់គ្នាថា ព្រះជាម្ចាស់បានលើកលែងទោសអ្នកឱ្យរួចពីបាប ដោយសារព្រះនាមរបស់ព្រះយេស៊ូ។ ចាស់ទុំទាំងឡាយអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ! ខ្ញុំបានសរសេរមកប្អូនៗថា ប្អូនបានឈ្នះមារកំណាចហើយ។ ក្មេងៗទាំងឡាយអើយ! ខ្ញុំបានសរសេមកប្អូនៗថា ប្អូនបានស្គាល់ព្រះបិតា។ ចាស់ទុំទាំងឡាយអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ! ខ្ញុំសរសេរមកប្អូនៗថា ប្អូនមានកម្លាំងពលំ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ស្ថិតនៅក្នុងប្អូន ហើយប្អូនបានឈ្នះមារកំណាច។ កុំស្រឡាញ់លោកីយ៍ និងអ្វីៗដែលនៅក្នុងលោកីយ៍នេះឡើយ។ អ្នកណាស្រឡាញ់លោកីយ៍ សេចក្តីស្រឡាញ់របស់ព្រះបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។ អ្វីៗដែលនៅក្នុងលោកីយ៍នេះ ដូចជាចិត្តលោភលន់របស់មនុស្ស ចិត្តលោភលន់ចង់បានអ្វីៗដែលភ្នែកមើលឃើញ និងអំនួត ព្រោះមានទ្រព្យសម្បត្តិ មិនមែនមកពីព្រះបិតាទេ គឺមកពីគំនិតលោកីយ៍។ លោកីយ៍នេះកំពុងតែរសាត់បាត់ទៅ ហើយចិត្តលោភលន់របស់មនុស្សលោក ក៏កំពុងតែរសាត់បាត់ទៅដែរ។ ផ្ទុយទៅវិញ អ្នកដែលប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងនៅស្ថិតស្ថេរគង់នៅអស់កល្បជានិច្ច។

ទំនុកតម្កើងលេខ ៩៦ (៩៥), ៧-១០ បទព្រហ្មគីតិ

៧. ប្រជាទាំងឡាយអើយ កុំកន្តើយចូរតម្រង់
លើកតម្កើងព្រះអង្គ ថ្លែងឥតហ្មងពីឫទ្ធា ។
៨. លើកតម្កើងសិរី រុងរឿងជ័យព្រះនាមា
យកតង្វាយគ្រប់គ្នា ទៅព្រះវិហារថ្វាយក្សត្រា ។
៩. ចូរក្រាបថ្វាយបង្គំ ពេលទ្រង់សម្តែងបាដិហារីយ៍
មនុស្សលើផែនដីលោកា ញ័រកាយចំពោះព្រះភក្ត្រ ។
១០. ចូរប្រកាសនៅម្តុំ ចំណោមក្រុមជាតិច្រើននាក់
ថាទ្រង់គ្រងរាជ្យជាក់ ឥតបែកបាក់រឹងមាំល្អ ។
ព្រះម្ចាស់គ្រប់គ្រងលើ សព្វសារពើមានអំណរ
ពេញដោយយុត្តិធម៌ រាស្ត្រអបអរពន់ពេកក្រៃ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២,៣២

អលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ពន្លឺបានភ្លឺនៅលើផែនដី។ ប្រជាជាតិក្នុងពិភពលោកទាំងមូល សូមចូលមកក្នុងពន្លឺរបស់ព្រះជាម្ចាស់! ចូរនាំគ្នាមកក្រាបថ្វាយបង្គំព្រះអម្ចាស់!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២,៣៦-៤០

កាលលោកយ៉ូសែប និងនាងម៉ារីបីព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់ក្នុងព្រះវិហារ មានព្យាការីម្នាក់ឈ្មោះហាណ្ហា ជាកូនរបស់លោកផានូអែល ក្នុងកុលសម្ព័ន្ធអស៊ែរនៅទីនោះ។ គាត់រៀបការបានប្រាំពីរឆ្នាំ រួចប្តីគាត់ទទួលមរណភាពចោលទៅ គាត់ក៏នៅមេម៉ាយរហូត។ ឥឡូវនេះ គាត់មានវ័យចាស់ណាស់ទៅហើយ គឺអាយុប៉ែតសិបឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីព្រះវិហារទេ គាត់នៅគោរពបម្រើព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និងអធិដ្ឋានផង។ ពេលនោះ លោកយាយហាណ្ហាក៏នៅទីនោះដែរ។ គាត់សរសើរតម្កើងព្រះជាម្ចាស់ ហើយតំណាលអំពីព្រះឱរសនោះ ប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំព្រះជាម្ចាស់យាងមកលោះក្រុងយេរូសាឡឹម។ កាលមាតាបិតារបស់ព្រះយេស៊ូបានបំពេញកិច្ចការទាំងអស់ស្របតាមធម្មវិន័យរបស់ព្រះអម្ចាស់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅណាសារ៉ែត ជាភូមិរបស់គាត់ក្នុងស្រុកកាលីឡេវិញ។ ព្រះកុមារមានវ័យចម្រើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួន ឡើង និងពោរពេញទៅដោយព្រះប្រាជ្ញាញាណ។ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះកុមារនេះណាស់។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានចាត់ព្រះយេស៊ូឱ្យយាងមកប្រសូតជាមនុស្សដូចយើងខ្ញុំ។ ក្រៅពីថ្វាយខ្លួនរួមជាមួយព្រះយេស៊ូដែលថ្វាយព្រះកាយក្នុងនាមយើងខ្ញុំទាំងអស់គ្នា យើងខ្ញុំគ្មានអ្វីថ្វាយព្រះអង្គទេ។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់ យើងខ្ញុំដោយអនុគ្រោះ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមថ្លែងអំណរព្រះគុណព្រះអង្គដែលចាត់ព្រះបុត្រាឱ្យប្រសូតជាមនុស្សដូចយើងខ្ញុំ! ព្រះបុត្រាបានសម្តែងសិរីរុងរឿង និងធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គឱ្យយើងខ្ញុំឃើញ។ ព្រះបុត្រាបានប្រសូតជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះបិតា។ ព្រះអង្គសព្វព្រះហឫទ័យលះបង់ឋានៈខ្ពង់ខ្ពស់បំផុត ដើម្បីកើតជាមនុស្សសាមញ្ញធម្មតា ទ្រង់រួមសុខរួមទុក្ខជាមួយយើងខ្ញុំ។ ព្រះបុត្រាពិតជាពន្លឺបង្ហាញអត្ថន័យនៃដំណើរជីវិតយើងខ្ញុំមែន!។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូតនៅស្ថានបរមសុខ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ ”ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលណាយើងខ្ញុំទទួលព្រះកាយព្រះគ្រីស្ត ពេលនោះព្រះអង្គយាងមករកយើងខ្ញុំ។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ។ មានតែព្រះអង្គទេដែលអាចតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំឱ្យបានទៀងត្រង់ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យទទួលព្រះកាយនេះយ៉ាងសមសួន។ សូមប្រោសយើងខ្ញុំឱ្យរស់នៅបែបសមរម្យនឹងព្រះកាយដែលយើងខ្ញុំបានទទួលផង។

Facebook
Twitter
LinkedIn