អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ៣៣,១៤-១៦
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យាជាមួយជនជាតិអ៊ីស្រាអែល និងជនជាតិយូដា។ នៅពេលនោះ យើងនឹងធ្វើឱ្យមានស្តេចមួយអង្គដ៏សុចរិត កើតចេញពីពូជពង្សរបស់ដាវីឌ។ ស្តេចនោះនឹងគ្រប់គ្រងស្រុកដោយសុចរិត និងយុត្តិធម៌។ នៅគ្រានោះ ជនជាតិយូដានឹងទទួលការសង្គ្រោះ ក្រុងយេរូសាឡឹមនឹងមានសន្តិសុខ។ គេនឹងដាក់ឈ្មោះក្រុងនោះថា ព្រះអម្ចាស់ជាសេចក្តីសុចរិតរបស់យើង»។
ទំនុកតម្កើងលេខ ២៥,១.៤-៥.៨-១០.១៤ បទពាក្យ ៧
១. | ឱ! ព្រះអម្ចាស់ខ្ញុំផ្ចង់ចិត្ត | ផ្ចង់ទាំងគំនិតឥតរវាត |
ទៅលើព្រះអង្គមិនឃ្លៀងឃ្លាត | នឹកហើយគិតទៀតមិនបែកចិត្ត ។ | |
៤. | ឱព្រះអម្ចាស់ទូលបង្គំ | សូមជួយណែនាំនិងបង្រៀន |
ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន | វិសុទ្ធហួសស្មាននៃព្រះអង្គ ។ | |
៥. | សូមជួយអប់រំខ្ញុំឱ្យរស់ | តាមក្តីពិតស្មោះព្រះអង្គផង |
ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង | សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ ។ | |
៦. | ឱព្រះអម្ចាស់សូមកុំភ្លេច | ចាំជាប់ជានិច្ចពេញព្រះទ័យ |
ដែលធ្លាប់អាណិតពន់ពេកក្រៃ | ករុណាប្រណីខ្ញុំជានិច្ច ។ | |
៧. | សូមបំភ្លេចបាបនិងកំហុស | ដែលខ្ញុំមានទោះច្រើនឬតិច |
នៅពីក្មេងខ្ចីសូមបំភ្លេច | ទ្រង់គ្មានកលកិច្ចធ្លាប់មេត្តា ។ | |
៨. | ព្រះអម្ចាស់មានព្រះហឫទ័យ | សប្បុរសពេកក្រៃករុណា |
សូមជួយបង្ហាញពីមាគ៌ា | មនុស្សបាបរាល់គ្នាបានស្គាល់ផង ។ | |
១០. | មាគ៌ារបស់ព្រះអម្ចាស់ | សម្តែងយ៉ាងច្បាស់ករុណាធម៌ |
ដល់អ្នកគោរពទោះក្រីក្រ | ខ្ពង់ខ្ពស់បវរតាមសម្ពន្ធ ។ | |
១៤. | ព្រះតែងសម្តែងភក្តីភាព | អ្នកតូចខ្ពស់ទាបយ៉ាងស្ម័គ្រស្មោះ |
អ្នកដែលកោតខ្លាចទ្រង់សប្បុរស | ឱ្យគេទាំងអស់ស្គាល់មេត្រី ។ |
អត្ថបទទី ២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងថេសាឡូនិក ១ថស ៣,១២-៤,២
បងប្អូនជាទីស្រឡាញ់!
សូមព្រះអម្ចាស់ប្រទានឱ្យបងប្អូនមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់កាន់តែខ្លាំងឡើងៗជាអនេក ដូចយើងស្រឡាញ់បងប្អូនដែរ។ សូមព្រះអង្គប្រទានឱ្យចិត្តគំនិតរបស់បងប្អូនមានជំហររឹងប៉ឹង ឱ្យបងប្អូនបានវិសុទ្ធឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះជាមា្ចស់ជាព្រះបិតារបស់យើង ក្នុងពេលព្រះយេស៊ូជាអម្ចាស់នៃយើង យាងមកជាមួយពួកទេវទូតដ៏វិសុទ្ធរបស់ព្រះអង្គ!។
ចំពោះរឿងឯទៀតៗ បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយបានប្រព្រឹត្តតាមទៀតផង។ ដូច្នេះ យើងសូមអង្វរ និងសូមដាស់តឿនបងប្អូនក្នុងព្រះនាមព្រះអម្ចាស់យេស៊ូថា សូមឱ្យបងប្អូនបានប្រសើរលើសពីនេះទៅទៀត!។ បងប្អូនជ្រាបស្រាប់ហើយថា យើងបានទូន្មានបងប្អូនក្នុងព្រះនាមព្រះអម្ចាស់យេស៊ូយ៉ាងណា។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៨៥,៨
អលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ សូមយាងមកសង្គ្រោះយើងខ្ញុំផង!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ២១,២-២៨.៣៤-៣៦
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីដំណើរនិវត្តន៍ព្រះអង្គដូចតទៅ៖ «នៅគ្រានោះនឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះចន្ទ និងក្នុងផ្កាយទាំងប៉ុន្មាន។ ប្រជាជាតិទាំងអស់នៅលើផែនដីនឹងតឹងទ្រូងព្រួយបារម្ភ ដោយឮសូរសន្ធឹករលកសមុទ្របក់បោក។ មនុស្សម្នាភ័យស្លុតបាត់ស្មារតី នៅពេលគិតអំពីហេតុការណ៍ដែលនឹងកើតមាននៅលើផែនដី ដ្បិតវត្ថុស័ក្តសិទ្ធិនានានៅលើមេឃ នឹងកក្រើករំពើក។ ពេលនោះ គេនឹងឃើញបុត្រមនុស្សមកក្នុងពពកប្រកបដោយឫទ្ធានុភាព និងសិរីរុងរឿងពន់ពេកក្រៃ។ កាលណាព្រឹត្តការណ៍ទាំងនោះចាប់ផ្តើមកើតមាន ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ។ ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នឱ្យមែនទែន! កុំបណ្តោយឱ្យចិត្តរបស់អ្នករាល់គ្នាវក់វីនឹងគ្រឿងសប្បាយ គ្រឿងស្រវឹង ឬក៏ខ្វល់ខ្វាយអំពីរឿងជីវិតនេះឡើយ ក្រែងលោថ្ងៃនោះមកដល់ តែអ្នករាល់គ្នាពុំបានប្រុងប្រៀបខ្លួន ដ្បិតថ្ងៃនោះមកដល់ ប្រៀបបាននឹងសំណាញ់ដែលគ្របពីលើមនុស្សទាំងអស់ នៅលើផែនដីទាំងមូល។ ចូរប្រុងស្មារតី និងទូលអង្វរគ្រប់ពេលវេលា ដើម្បីឱ្យអ្នករាល់គ្នាមានកម្លាំងឆ្លងផុតពីហេតុការណ៍ទាំងអស់ដែលត្រូវកើតមាន ហើយដើម្បីឱ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រមនុស្ស»។