អត្ថបទព្រះគម្ពីរ ថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០២៤

អង្គារ – ស្វ – រដូវរង់ចាំ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គជាទីពឹង និងជាខែលការពារយើងខ្ញុំជានិច្ច។ សូមទ្រង់ព្រះមេត្តាព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំផង! សូមជួយផ្តល់កម្លាំងឱ្យយើងខ្ញុំដែលកំពុងជួបប្រទះទុក្ខលំបាកគ្រប់យ៉ាងក្នុងលោកនេះ។ សូមព្រះបុត្រាដ៏ជាទីស្រឡាញ់ របស់ព្រះអង្គ ដែលគង់នៅជាមួយយើងខ្ញុំ ប្រទានឱ្យយើងខ្ញុំមានចិត្តក្លាហាន និងជៀសផុតពីអំពើបាបនានា គឺព្រះបុត្រាដែលមានព្រះជន្មគង់នៅ ហើយសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ១១,១-១០

នៅពេលអនាគតនឹងមានបុត្រមួយអង្គប្រសូតពីពូជពង្សលោកយេសាយ ជាបិតារបស់ព្រះបាទដាវីឌ។ បុត្រនោះ ប្រៀបដូចជាខ្នែងមួយ ដែលដុះចេញពីគល់របស់លោក ឬដូចជាដើមថ្មីមួយដែលដុះចេញពីឫសរបស់លោក។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងសណ្ឋិតនៅលើព្រះបុត្រានោះ គឺជាព្រះវិញ្ញាណដែលផ្តល់ប្រាជ្ញាឱ្យចេះពិចារណាដឹងខុសត្រូវ ជាព្រះវិញ្ញាណដែលផ្តល់ការឈ្លាសវៃ និងចិត្តអង់អាច ជាព្រះវិញ្ញាណដែលបំភ្លឺឱ្យស្គាល់ និងគោរពកោតខ្លាចព្រះអម្ចាស់។ បុត្រនោះមិនវិនិច្ឆ័យតាមលក្ខណៈខាងក្រៅឡើយ ព្រះអង្គក៏មិនកាត់ក្តីតាមសេចក្តីដែលទ្រង់ឮគេនិយាយដែរ។ បុត្រនោះនឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ ហើយកាត់ក្តីឱ្យជនទុគ៌តដោយទៀងត្រង់។ ព្រះអង្គប្រើព្រះបន្ទូលដូចជាយកដំបងមកដាក់ទោសអ្នកស្រុក ទ្រង់ក៏នឹងចេញបញ្ជាប្រហារជីវិតមនុស្សអាក្រក់ដែរ។ ព្រះអង្គនឹងយក​យុត្តិធម៌ធ្វើជាខ្សែក្រវាត់ចង្កេះ ហើយយកព្រះហឫទ័យស្មោះត្រង់ធ្វើជាសង្វារ។ នៅគ្រានោះ ចចក និងកូនចៀមនឹងរស់នៅជាមួយគ្នា ខ្លារខិននឹងដេកជាមួយកូនពពែ។ កូនគោ និងកូនសិង្ហនឹងស៊ីជាចំណីជាមួយគ្នា ហើយមានក្មេងតូចម្នាក់ឃ្វាលវា។ គោញី និងខ្លាឃ្មុំនឹងស៊ីស្មៅជាមួយគ្នា ហើយកូនរបស់វាក៏នឹងនៅជាមួយគ្នាដែរ។ សិង្ហ នឹងចេះស៊ីចំបើងដូចគោ។ ក្មេងដែលនៅបៅដោះនឹងលែងនៅមាត់រន្ធពស់វែក ហើយក្មេងតូចៗលូកដៃទៅក្នុងរន្ធពស់អសិរពិស។ នៅគ្រានោះ ប្រជាជននឹងលែងប្រព្រឹត្តអំពើអាក្រក់ លែងបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ។ សមុទ្រពោរពេញដោយទឹកយ៉ាងណា នៅផែនដីក៏មានសុទ្ធតែមនុស្សស្គាល់ព្រះអម្ចាស់យ៉ាងនោះដែរ។ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងលើកព្រះមហាក្សត្រដែលប្រសូត្រចេញពីពូជពង្សរបស់លោកយេសាយ ជាបិតារបស់ព្រះបាទដាវីឌ ឱ្យធ្វើជាទង់សម្រាប់ប្រជាជនទាំងឡាយ។ ប្រជាជាតិទាំងនោះនឹងស្វែងរកព្រះមហាក្សត្រ ហើយកន្លែងដែលព្រះអង្គប្រថាប់នៅនឹងបានថ្កុំថ្កើងរុងរឿង។

ទំនុកតម្កើងលេខ ៧២ (៧១), ១-២.៧-៨.១២-១៣.១៧ បទកាកគតិ

ព្រះជាម្ចាស់អើយ សូមប្រទានឱ្យ រាជបុត្រនេះចេះ
វិនិច្ឆ័យក្តី តាមព្រះតម្រិះ សុចរិតវិសេស
របស់ព្រះអង្គ
សូមឱ្យរាជា គ្រប់គ្រងគ្រប់គ្នា ប្រជារាស្រ្តទ្រង់
ដោយយុត្តិធម៌ សុចរិតផូរផង់ វិសេសឥតហ្មង
ត្រឹមត្រូវតាមច្បាប់
សូមឱ្យសេចក្តី សុចរិតថ្លាថ្លៃ ចម្រើនខ្ពង់ខ្ពស់
នៅក្នុងរជ្ជកាល រាជាអង្គនោះ កុំបីមានទាស់
សុខសាន្តតទៅ
សូមព្រះរាជា គ្រប់គ្រងកុំរា កុំឱ្យហ្មងសៅ
ពីសមុទ្រមួយ មិនបង្អង់នៅ រហូតដល់ទៅ
ស្រុកដាច់ស្រយាល
១២ ទ្រង់នឹងរំដោះ អ្នកក្រទាំងអស់ ដោយធម៌មេត្តា
អ្នកទុរគតស្រែក សុំក្តីករុណា ព្រះអង្គរក្សា
អ្នកគ្មានទីពឹង
១៣ ទ្រង់សែនអាណិត អាសូរពេកពិត អ្នកអត់លំនឹង
និងជនកម្សត់ គ្មានអ្វីរំពឹង ព្រះអម្ចាស់នឹង
សង្គ្រោះជីវិត
១៧ សូមឱ្យរាជា មានព្រះនាមា ល្បីល្បាញតទៅ
នាមព្រះករុណា ស្ថិតស្ថេរគង់នៅ ដរាបរៀងទៅ
លើដីក្រោមមេឃ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់របស់យើងយាងមកប្រកបដោយឫទ្ធិអំណាច ដើម្បីបំភ្លឺអស់អ្នកបម្រើរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,២១-២៤

នៅគ្រានោះ ព្រះវិញ្ញាបានធ្វើឱ្យព្រះយេស៊ូមានព្រះហឫទ័យរីករាយយ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា៖«បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការណ៍លាក់កំបាំងនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់ តែព្រះអង្គបានលាក់មិនឱ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់វិញ។ មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសម្រេចដូច្នេះ។ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មាននរណាស្គាល់ព្រះបុត្រាក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតា ក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសម្តែងឱ្យស្គាល់នោះដែរ»។ បន្ទាប់មក ព្រះយេស៊ូបែរទៅរកសាវ័ក ហើយមានព្រះបន្ទូលដាច់​ឡែកពីគេថា៖«អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះអ្នករាល់គ្នាឃើញហេតុការណ៍ទាំងអស់នេះ! ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មានព្យាការី និងស្តេចជាច្រើនចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនោះដែរ តែមិនបានឃើញ ហើយគេចង់ឮសេចក្តីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮសោះ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ សូមទទួលតង្វាយដ៏ស្តួចស្តើងរបស់យើងខ្ញុំដោយអនុគ្រោះ។ យើងខ្ញុំពុំអាចពឹងផ្អែកលើកុសលផលបុណ្យរបស់យើងខ្ញុំបានឡើយ សូមព្រះអង្គប្រណីសន្តោសយើងខ្ញុំ និងយាង​មកសង្គ្រោះយើងខ្ញុំផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលប្រោសប្រណីឱ្យយើងខ្ញុំចូលរួមក្នុងអភិបូជានេះ។ យើងខ្ញុំបានទទួលព្រះកាយព្រះគ្រីស្ត សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយល់អត្ថន័យដ៏ពិតប្រាកដនៃព្រឹត្តិការណ៍ទាំងអស់ដែលកើត ឡើងនៅក្នុងលោកនេះ សូមតម្រង់ចិត្តគំនិតយើងខ្ញុំ ឱ្យស្រឡាញ់សម្បត្តិនៃស្ថានបរមសុខផង។

ស -សន្ដហ្វ្រង់ស្វ័រ សាវីយេ

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ ៦០,១-៦

យេរូសាឡឹមអើយ! ចូរក្រោកឡើងបញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ មើល! ផែនដីទាំងមូលនៅងងឹងស្លុង ហើយភាពអន្ធការគ្របលើប្រជាជនទាំងឡាយ តែពន្លឺរបស់ព្រះអម្ចាស់រះឡើងបំភ្លឺអ្នក សិរីរុងរឿងរបស់ព្រះអង្គក៏លេចមកដូចថ្ងៃរះ ចាំងមកលើអ្នកដែរ។ ប្រជាជាតិនានានាំគ្នាដើរទៅរកពន្លឺរបស់អ្នកហើយស្តេចទាំងឡាយ ក៏ដើរទៅរករស្មីដែលចាំងចេញពីអ្នកដែរ។ ចូរងើបមុខឡើង មើលជុំវិញខ្លួន មនុស្សទាំងអស់ជួបជុំគ្នាដើរតម្រង់មករកអ្នក។ កូនប្រុសៗរបស់អ្នកនឹងមកពីឆ្ងាយ ហើយប្រជាជាតិនានា ក៏បីកូនស្រីៗរបស់អ្នកមកដែរ។ ពេលណាអ្នកឃើញ អ្នកនឹងត្រេកអរសប្បាយរីករាយ និងរំភើបចិត្ត។ គេនឹងនាំភោគសម្បត្តិពីខាងនាយសមុទ្រមកឱ្យអ្នក ហើយធនធានរបស់ប្រជាជាតិនានាក៏នឹងហូរមកដល់អ្នកដែរ។ សត្វអូដ្ឋទាំងហ្វូងៗនឹងចេញមកពេញទីក្រុង គឺអូដ្ឋរបស់ពួកម៉ាឌីយ៉ាន និងពួកអេផា។ អ្នកស្រុកសាបាទាំងអស់នឹងនាំគ្នាមក ពួកគេយកមាស និងកំញានមកជាមួយផង ហើយលើកតម្កើងការអស្ចារ្យដែលព្រះអម្ចាស់បានធ្វើ។

ឬសូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ១ករ ៩,១៦-១៩.២២-២៣

បងប្អូនជាទីស្រឡាញ់!
ខ្ញុំមិនត្រូវអួតថាការប្រកាសដំណឹងល្អជាកិត្តិយសរបស់ខ្ញុំនោះទេ ព្រោះជាភារកិច្ចមួយដែលខ្ញុំត្រូវតែធ្វើដោយខានមិនបាន។ ប្រសិនបើខ្ញុំមិនប្រកាសដំណឹងល្អទេសូមឱ្យខ្ញុំវេទនាទៅចុះ!។ ប្រសិនបើខ្ញុំស្ម័គ្រចិត្តប្រកាសដំណឹងល្អដោយខ្លួនឯង ខ្ញុំត្រូវតែទទួលបៀវត្សរ៍។ ផ្ទុយទៅវិញបើកិច្ចការនេះជាភារកិច្ចរបស់ខ្ញុំ ខ្ញុំត្រូវតែបំពេញតាមតែព្រះអង្គផ្ទុកផ្ដាក់ឱ្យខ្ញុំធ្វើ។ ដូច្នេះ តើខ្ញុំទទួលបៀវត្សរ៍ឯណា! បៀវត្សរ៍របស់ខ្ញុំ គឺឱ្យខ្ញុំប្រកាសដំណឹងល្អ ដោយឥតគិចថ្លៃ ដោយឥតប្រើសិទ្ធជាអ្នកប្រកាសដំណឹងល្អឡើយ។ ទោះបីខ្ញុំជាមនុស្សមានសេរីភាព គ្មានជាប់បំណងរបស់នរណាក៏ដោយ ក៏ខ្ញុំសុខចិត្តដាក់ខ្លួនធ្វើជាទាសារបស់មនុស្សទាំងអស់ដែរ ដើម្បីនាំមនុស្សជាច្រើនថ្វាយព្រះគ្រីស្ត។ កាលខ្ញុំនៅជាមួយអ្នកមានជំនឿទន់ខ្សោយ ខ្ញុំក៏ទៅជាអ្នកមានជំនឿទន់ខ្សោយដែរ ដើម្បីឱ្យមានអ្នកមានជំនឿទន់ខ្សោយថ្វាយព្រះគ្រីស្ត។ ខ្ញុំធ្វើឱ្យបានដូចមនុស្សទាំងអស់ ក្នុងគ្រប់កាលៈទេសៈ ដើម្បីសង្គ្រោះអ្នកខ្លះតាមគ្រប់មធ្យោបាយទាំងអស់។ ព្រោះតែដំណឹងល្អ ខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ ដើម្បីឱ្យបានចូលរួមទទួលផលពីដំណឹងល្អនោះ។

ទំនុកតម្កើងលេខ ៩៦,១-៣.៧-៨.១០ បទព្រហ្មគីតិ
១. ចូរច្រៀងបទថ្មីថ្វាយ ព្រះម្ចាស់ថ្លៃកុំឈរឈប់
មនុស្សនៅលើពិភព ច្រៀងកុំឈប់ថ្វាយព្រះអង្គ ។
២. ចូរច្រៀងថ្វាយព្រះម្ចាស់ តម្កើងព្រះនាមត្រចង់
ប្រកាសរាល់ថ្ងៃផង ពីបំណងដ៏ថ្លាថ្លៃ ។
៣. ចូរប្រកាសនៅម្តុំ ចំណោមក្រុមជាតិទីទៃ
នូវរុងរឿងសិរី ព្រះហស្តថ្លៃដ៏អស្ចារ្យ ។
៧. ប្រជាទាំងឡាយអើយ កុំកន្តើយចូរតម្រង់
លើកតម្កើងព្រះអង្គ ថ្លែងឥតហ្មងពីឫទ្ធា ។
៨. លើកតម្កើងសិរី រុងរឿងជ័យព្រះនាមា
យកតង្វាយគ្រប់គ្នា ទៅព្រះវិហារថ្វាយក្សត្រា ។
១០. ចូរប្រកាសនៅម្តុំ ចំណោមក្រុមជាតិច្រើននាក់
ថាទ្រង់គ្រងរាជ្យជាក់ ឥតបែកបាក់រឹងមាំល្អ ។
ព្រះម្ចាស់គ្រប់គ្រងលើ សព្វសារពើមានអំណរ
ពេញដោយយុត្តិធម៌ រាស្រ្តអបអរពន់ពេកក្រៃ ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២៨,១៩-២០

អាលេលូយ៉ា! អាលេលូយ៉ា!
«ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យធ្វើជាសាវ័ក! ខ្ញុំនៅជាមួយអ្នករាល់ថ្ងៃរហូតដល់អវសាកាលនៃពិភពលោក»។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដម៉ាកុស មក ១៦,១៥-២០

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសាវ័កថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។ អ្នកណាជឿហើយទទួលពិពីជ្រមុជទឹក ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។ អស់អ្នកដែលជឿនឹងធ្វើទីសម្គាល់ទាំងនោះ គឺគេនឹងដេញខ្មោចក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។ ប្រសិនបើគេកាន់ពស់ ឬផឹកអ្វីដែលមានជាតិពុល ក៏គេពុំមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺអ្នកជំងឺនឹងជាសះស្បើយ»។
កាលព្រះអម្ចាស់យេស៊ូមានព្រះបន្ទូលទាំងនេះរួចហើយ ព្រះជាម្ចាស់លើកព្រះអង្គឡើងទៅស្ថានបរមសុខឱ្យគង់នៅខាងស្តាំព្រះអង្គ។ ពួកសាវ័កនាំគ្នាចេញទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង។ ព្រះអម្ចាស់ធ្វើការរួមជាមួយគេទាំងបញ្ជាក់ព្រះបន្ទូល ដោយសម្តែងទីសម្គាល់ផ្សេងៗជាប់ជាមួយផង។

Facebook
Twitter
LinkedIn