អត្ថបទព្រះគម្ពីរ ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤

សៅរ៍ – បៃតង – រដូវធម្មតា

សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន វវ ២២,១-៧

ទេវទូត​បង្ហាញ​ឱ្យ​ខ្ញុំ​​ យ៉ូហានឃើញ​ទន្លេដែល​មាន​ទឹក​ផ្ដល់​ជីវិត​ថ្លា​ដូច​កែវ‌ចរណៃហូរ​ចេញ​មក​ពី​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់ និង​បល្ល័ង្ក​របស់​កូន​ចៀម។ នៅ​ចំ​កណ្ដាល​លាន​ក្រុង និង​នៅ​មាត់​ច្រាំង​ទាំង​សង​ខាង​របស់​ទន្លេ​នោះ មាន​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ផ្លែ​ដប់‌ពីរ​ដង​ក្នុង​មួយ​ឆ្នាំ គឺ​មាន​ផ្លែ​រៀង​រាល់​ខែ។ រីឯ​ស្លឹក​ឈើ​នោះជា​ថ្នាំ​សម្រាប់​ព្យាបាល​ប្រជា‌ជាតិ​នានា​ឱ្យបាន​ជា។ ក្នុង​ក្រុង​នោះ អ្វីៗ​ទាំង​អស់នឹង​លែង​ត្រូវ​បណ្ដាសា​ទៀត​ហើយ។ បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់ និង​បល្ល័ង្ក​របស់​កូន​ចៀមស្ថិត​នៅ​ក្នុង​ក្រុង​នោះ ហើយ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​នាំ​គ្នា​គោរព​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ គេ​នឹង​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ហើយ​នៅ​លើ​ថ្ងាស​គេ​ក៏​មាន​ដៅ​ព្រះ‌នាម​ព្រះ‌អង្គ​ដែរ។ នៅ​ក្រុង​នោះ គ្មាន​យប់​ទៀត​ទេ គេ​ក៏​លែង​ត្រូវ​ការ​ពន្លឺ​ចង្កៀង ឬ​ពន្លឺ​ព្រះ‌អាទិត្យ​ទៀត​ដែរ ដ្បិត​ព្រះ‌ជា‌អម្ចាស់​ព្រះ‌អង្គ​ជា​ពន្លឺ​បំភ្លឺ​គេ ហើយ​គេ​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ទេវទូត​ពោល​មក​ខ្ញុំ​ថា៖«ពាក្យ​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិតគួរ​ឱ្យ​ជឿ។ ព្រះ‌ជា‌អម្ចាស់​ដែល​ប្រទាន​ព្រះ‌វិញ្ញាណ​ដល់​ពួក​ព្យាការី ព្រះ‌អង្គ​បាន​ចាត់​ទេវទូត​របស់​ព្រះ‌អង្គឱ្យ​មក​ប្រាប់​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ​ដឹង​អំពី​ហេតុ‌ការណ៍ដែល​ត្រូវ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថាៈ “ចូរ​ស្ដាប់ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ អ្នក​ណា​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ អ្នក​នោះ​មាន​សុភមង្គល​ហើយ!”»។

ទំនុកតម្កើងលេខ ៩៥(៩៤) ,១-៧ បទកាកគតិ

យើងស្រែកច្រៀងឡើង សរសើរតម្កើង ថ្វាយព្រះអម្ចាស់
ដោយចិត្តអបអរ សាទរថ្វាយព្រះ ជាថ្មមាំណាស់
ជួយសង្គ្រោះយើង
យើងនាំគ្នីគ្នា រូតរះម្នីម្នា ជួបភ័ក្រ្តព្រះអង្គ
ទាំងអរព្រះគុណ ស្មូត្របទតម្កើង កោតសរសើរទ្រង់
អស់កល្បអង្វែង
ដ្បិតព្រះអម្ចាស់ ប្រសើរពេកណាស់ វិសេសក្រៃលែង
ទ្រង់គឺជាក្សត្រ សោយរាជ្យអង្វែង ខ្ពង់ខ្ពស់ស្ញប់ស្ញែង
លើសព្រះទាំងឡាយ
ព្រះអង្គគ្រប់គ្រង លើអ្វីទាំងពួង ឥតមានខ្វល់ខ្វាយ
តាំងពីបាតដី សន្លឹមអន្លាយ ដល់ទីសែនឆ្ងាយ
កំពូលភ្នំផង
ព្រះអង្គជាម្ចាស់ សមុទ្រទាំងអស់ មើលថែគ្រប់គ្រង
ព្រោះទ្រង់បង្កើត សមុទ្រមកផង ដីល្អកន្លង
ជាស្នាដៃទ្រង់
ចូរនាំគ្នីគ្នា គោរពវន្ទា ក្រាបថ្វាយព្រះអង្គ
យើងក្រាបចំពោះ ព្រះភក្រ្តផូរផង់ បារមីត្រចង់
ទ្រង់បង្កើតយើង
ព្រះអង្គជាព្រះ នៃយើងទាំងអស់ ចារមីថ្កុំថ្កើង
ទ្រង់ជាគង្វាល ដឹកនាំពួកយើង ថ្ងៃនេះព្រះអង្គ
បន្លឹឡើងថា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតីអធិដ្ឋានគ្រប់ពេលវេលា ពិតជាមានសុភមង្គល ដ្បិតអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២១,៣៤-៣៦

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុងសាវ័កអំពីដំណើរនិវិត្តរបស់ព្រះអង្គថា៖«ចូរ​អ្នក​រាល់​គ្នា​ប្រុង‌ប្រយ័ត្ន​ឱ្យមែន‌ទែន! កុំ​បណ្ដោយ​ឱ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​វក់‌វី​នឹង​គ្រឿង​សប្បាយ គ្រឿង​ស្រវឹង ឬ​ក៏​ខ្វល់‌ខ្វាយ​អំពី​រឿង​ជីវិត​នេះ​ឡើយ ក្រែង​លោ​ថ្ងៃ​នោះ​មក​ដល់ តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ប្រុង‌ប្រៀប​ខ្លួន ដ្បិត​ថ្ងៃ​នោះ​មក​ដល់ប្រៀប​បាន​នឹង​សំណាញ់ដែល​គ្រប​ពី​លើ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែន‌ដី​ទាំង​មូល។ ចូរ​ប្រុង​ស្មារតី និង​ទូល‌អង្វរ​គ្រប់​ពេល​វេលា ដើម្បី​ឱ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ឆ្លង​ផុត​ពី​ហេតុ‌ការណ៍​ទាំង​អស់ដែល​ត្រូវ​កើត​មាន ហើយ​ដើម្បី​ឱ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​នៅ​មុខ​បុត្រ​មនុស្ស»។

ក្រហម – សន្ដអន់ដ្រេ ជាគ្រីស្ដទូត

បពិត្រព្រះអម្ចាស់នៃពីភពលោកទាំងមូល! ព្រះអង្គប្រោសសន្តអន់ដ្រេឱ្យប្រកាសដំណឹងល្អ និងណែនាំព្រះសហគមន៍ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសព្រះសហគមន៍នៅប្រទេសកម្ពុជាឱ្យរីកចម្រើនឡើងតាមព្រះហឫទ័យព្រះអង្គផង។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ១០,៩-១៨

ប្រសិន​បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌អម្ចាស់ ហើយ​បើ​ចិត្ត​អ្នក​ជឿ​ថា ព្រះ‌ជាម្ចាស់​ពិត​ជា​បាន​ប្រោស​ព្រះ‌យេស៊ូ​ឱ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន នោះ​អ្នក​នឹង​ទទួល​ការ​សង្គ្រោះ​ជា​មិន​ខាន ដ្បិត​បើ​ចិត្ត​យើង​ជឿ យើង​នឹង​បាន​សុចរិត ហើយ​បើ​មាត់​យើង​ប្រកាស​ជំនឿ នោះ​យើង​នឹង​ទទួល​ការ​សង្គ្រោះ ដូច​មាន​ថ្លែង​ទុក​ក្នុង​គម្ពីរ​ថា៖ «អ្នក​ណា​ជឿ​លើ​ព្រះ‌អង្គ អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ត​ឡើយ»។ ដូច្នេះ សាសន៍​យូដា និង​សាសន៍​ក្រិកមិន​ប្លែក​ពី​គ្នា​ត្រង់​ណា​ទេ គេ​ទាំង​អស់​គ្នា​មាន​ព្រះ‌អម្ចាស់​តែ​មួយ​ដែល​មាន​ព្រះ‌ហឫទ័យ​ទូលាយដល់​អស់​អ្នក​អង្វរ​រក​ព្រះ‌អង្គ ដ្បិត «អ្នក​ណា​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ»​។ ប៉ុន្តែ ឱ្យគេ​អង្វរ​រក​ព្រះ‌អង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ជឿ? ឱ្យគេ​ជឿ​លើ​ព្រះ‌អង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ដែល​ឮ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល? ឱ្យ​គេ​ឮ​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ប្រកាស? ឱ្យ​មាន​អ្នក​ប្រកាស​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ចាត់​ឱ្យ​ទៅ​ប្រកាស​ផង​នោះ? ដូច​មាន​ចែង​ទុក​ថា៖ «មើល៍ អ្នក​ដែល​ធ្វើ​ដំណើរ​នាំ​ដំណឹង​ដ៏​ល្អៗ​មកប្រសើរ​រុង‌រឿង​ណាស់​ហ្ន៎!»​។ ប៉ុន្តែ មិន​មែន​មនុស្ស​គ្រប់​គ្នា​ទេ​ដែល​ព្រម​ស្ដាប់​តាម​ដំណឹង‌ល្អ ដូច​ព្យាការីអេសាយ​បាន​ថ្លែង​ទុក​មក​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​នរណា​ជឿ​សេចក្ដី​ដែល​យើង​និយាយ​ឱ្យ​ស្ដាប់?»​។ដូច្នេះ ជំនឿ​កើត​មក​ពី​សេចក្ដី​ដែល​យើង​បាន​ស្ដាប់ រីឯ​សេចក្ដី​ដែល​យើង​បាន​ស្ដាប់​នោះកើត​មក​ពី​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ដ​។ ប៉ុន្តែ ខ្ញុំ​សូម​សួរ​ថា តើ​ពួក​គេ​មិន​ដែល​បាន​ឮ​ទេ​ឬ? ទេ ពួក​គេ​ប្រាកដ​ជា​បាន​ឮ​ហើយ។ «សំឡេង​របស់​គេ​បាន​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញលើ​ផែន‌ដី​ទាំង​មូល ហើយ​ពាក្យ​សម្ដី​របស់​គេ​បាន​ឮ​ខ្ចរ​ខ្ចាយរហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ពិភព‌លោក»

ទំនុកតម្កើងលេខ ១៩ (១៨),២-៥ បទកាកគតិ

ផ្ទៃមេឃថ្លាថ្លែង រុងរឿងស្ញប់ស្ញែង របស់ព្រះម្ចាស់
អាកាសវេហាស៍ ក៏បានប្រកាស ពីស្នាព្រះហស្ត
របស់ព្រះអង្គ
ថ្ងៃមួយពោលប្រាប់ ថ្ងៃមួយទៀតស្តាប់ មិននៅរេរង់
យប់មួយទៀតប្រាប់ យប់ផ្សេងឱ្យដឹង អំពីដំណឹង
ល្បីល្បាញអស្ចារ្យ
មិនប្រើសម្តី មិនចារសេចក្តី ឬប្រើភាសា
ហើយក៏មិនចេញ សូរស័ព្ទវាចា បន្តិចឡើយណា
ឱ្យគេដឹងឮ
ដំណឹងទាំងនោះ ឮឆ្ងាយសាយសុះ ពេញពាសរន្ទឺ
លើភពផែនដី ទីងងឹតភ្លឺ លាន់ល្បីរន្ទឺ
គ្មានសល់ចន្លោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,១៩

អាលេលូយ៉ា! អាលេលូយ៉ា!
លោកអន់ដ្រេជាសាវ័កដែលព្រះយេស៊ូត្រាស់ហៅមុនគេ មានប្រសាសន៍ទៅកាន់លោកស៊ីម៉ូនសិលាជាបងថា៖ “យើងបានរកព្រះមេស្សីឃើញហើយ”។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៤,១៨-២២

ព្រះយេស៊ូ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ ព្រះ‌អង្គ​ទត​ឃើញ​បង‌ប្អូន​ពីរ​នាក់​ជា​អ្នក​នេសាទកំពុង​តែ​បង់​សំណាញ់ គឺ​លោក​ស៊ីម៉ូន ហៅ​សិលា និង​លោក​អន់ដ្រេជា​ប្អូន​របស់​គាត់។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឱ្យនេសាទ​មនុស្ស​វិញ»។ អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​ព្រះ‌អង្គ​ទៅ។ ព្រះ‌យេស៊ូ​យាង​ទៅ​មុខ​ឆ្ងាយ​បន្ដិច ព្រះ‌អង្គ​ទត​ឃើញ​បង‌ប្អូន​ពីរ​នាក់​ទៀត គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​របស់​លោក​សេបេដេកំពុង​តែ​រៀប‌ចំ​អួន​នៅ​ក្នុង​ទូក​ជា​មួយ​លោក​សេបេដេជា​ឪពុក។ ព្រះ‌អង្គ​ក៏​ត្រាស់‌ហៅ​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ចាក‌ចោល​ទូក ចាក‌ចោល​ឪពុក​ភ្លាម រួច​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! នៅថ្ងៃគោរពសន្តអន់ដ្រេ យើងខ្ញុំសូមថ្វាយសក្ការបូជានេះ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ សូមថែរក្សាព្រះសហគមន៍របស់ព្រះអង្គផង។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ជាព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើង និងអរព្រះគុណព្រះអង្គ! ព្រះអង្គពិតជាគង្វាលដែលមានព្រះហឫទ័យស្មោះត្រង់ មិនដែលលះបង់ព្រះសហគមន៍ព្រះអង្គឡើយ គឺព្រះអង្គនៅតែថែរក្សាការពារព្រះសហគមន៍ដោយសារគ្រីស្តទូត។ សព្វថ្ងៃនេះ ក៏ព្រះអង្គនៅតែណែនាំព្រះសហគមន៍ដោយចាត់ចែងឱ្យមានគង្វាលបន្តមុខងារពីគ្រីស្តទូតក្នុងព្រះនាមព្រះបុត្រាព្រះអង្គ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំទុកជាអាហារផ្តល់កម្លាំង។ សូមទ្រង់ព្រះមេត្តប្រោសយើងខ្ញុំឱ្យសុខចិត្តលីឈើឆ្កាងរបស់ព្រះយេស៊ូ សូមឱ្យយើងខ្ញុំរួមរស់ជាមួយព្រះអង្គ ក្នងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជានិច្ចផង។

Facebook
Twitter
LinkedIn