សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន វវ ២០,១-៤.១១-២១,២
ខ្ញុំយ៉ូហាន ឃើញទេវទូតមួយរូបចុះពីលើមេឃ ទាំងកាន់កូនសោស្ថាននរកអវិចី និងច្រវាក់មួយយ៉ាងធំនៅដៃផង។ ទេវទូតនោះបានចាប់នាគមកចងទុកក្នុងរយៈពេលមួយពាន់ឆ្នាំ។ នាគនោះជាពស់ពីបុរាណ ជាមារ និងជាសាតាំង។ ទេវទូតបានបោះវាទៅស្ថាននរកអវិចី ហើយចាក់សោបិទត្រាលើទ្វារ រហូតដល់គម្រប់មួយពាន់ឆ្នាំ ដើម្បីកុំឱ្យវាល្បួងជាតិសាសន៍នានាឱ្យវង្វេងទៀត។ លុះផុតកំណត់នេះទៅ ត្រូវតែដោះលែងវាមួយរយៈពេលខ្លី។ ខ្ញុំឃើញបល្ល័ង្កជាច្រើន ហើយអស់អ្នកដែលអង្គុយនៅលើបល្ល័ង្កទាំងនោះបានទទួលអំណាចនឹងវិនិច្ឆ័យទោស។ ខ្ញុំក៏ឃើញវិញ្ញាណក្ខ័ន្ធរបស់អស់អ្នកដែលស្លាប់ដោយគេកាត់ក ព្រោះតែបានផ្ដល់សក្ខីភាពអំពីព្រះយេស៊ូ និងអំពីព្រះបន្ទូលរបស់ព្រះអង្គ។ ខ្ញុំក៏ឃើញវិញ្ញាណក្ខ័ន្ធរបស់អស់អ្នកដែលមិនបានក្រាបថ្វាយបង្គំសត្វតិរច្ឆាន ឬថ្វាយបង្គំរូបចម្លាក់របស់វា ហើយមិនបានទទួលសញ្ញាសម្គាល់លើថ្ងាស និងនៅលើដៃដែរ។ អ្នកទាំងនោះមានជីវិតរស់ឡើងវិញ សោយរាជ្យជាមួយព្រះគ្រីស្ដក្នុងរយៈពេលមួយពាន់ឆ្នាំ។ បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញព្រះអង្គដែលគង់នៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និងផ្ទៃមេឃ បានរត់ចេញបាត់ពីព្រះភក្ត្រព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។ ខ្ញុំក៏ឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូចឈរនៅមុខបល្ល័ង្ក ហើយមានក្រាំងជាច្រើនបើកជាស្រេច មានក្រាំងមួយទៀតបើកដែរ គឺក្រាំងនៃបញ្ជីជីវិត។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់វិនិច្ឆ័យទោសមនុស្សស្លាប់ទាំងអស់តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងក្រាំងទាំងនោះស្រាប់។ សមុទ្របានប្រគល់មនុស្សស្លាប់ដែលនៅក្នុងទឹកមកវិញ សេចក្ដីស្លាប់ និងស្ថានមច្ចុរាជក៏បានប្រគល់មនុស្សស្លាប់ដែលនៅទីនោះមកវិញដែរ ហើយព្រះអង្គនឹងវិនិច្ឆ័យទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។ សេចក្ដីស្លាប់ និងស្ថានមច្ចុរាជត្រូវគេបោះទៅក្នុងបឹងភ្លើង។ បឹងភ្លើងនេះហើយជាសេចក្ដីស្លាប់ទីពីរ។ អស់អ្នកដែលគ្មានឈ្មោះក្នុងបញ្ជីជីវិត ក៏នឹងត្រូវបោះទៅក្នុងបឹងភ្លើងដែរ។ ពេលនោះ ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃពីមុន និងផែនដីពីមុននោះបាត់អស់ទៅហើយ ហើយក៏គ្មានសមុទ្រទៀតដែរ។ បន្ទាប់មក ខ្ញុំឃើញក្រុងដ៏វិសុទ្ធ ជាក្រុងយេរូសាឡឹមថ្មី ចុះពីស្ថានបរមសុខ គឺចុះមកពីព្រះជាម្ចាស់ ទាំងតែងខ្លួនដូចភរិយាថ្មោងថ្មីតុបតែងខ្លួនទទួលស្វាមី។
ទំនុកតម្កើងលេខ ៨៤(៨៣),២-៦.១១ បទព្រហ្មគីតិ
២ | ព្រះអម្ចាស់លើពិភព | ទូទាំងសព្វលើផែនដី | |
ខ្ញុំស្ម័គ្រពន់ពេកក្រៃ | តំណាក់ថ្លៃព្រះអង្គណាស់ | ។ | |
៣ | ខ្ញុំសែនអន្ទះសារ | ចិត្តប្រាថ្នាយ៉ាងជាក់ច្បាស់ | |
ចង់ចូលវិហារព្រះ | ជាអម្ចាស់ទាំងចិត្តកាយ | ។ | |
ចិត្តចង់នៅជាមួយ | ព្រះអង្គជួយមិនរសាយ | ||
អស់ពីកម្លាំងកាយ | មិនមានណាយរួមទាំងចិត្ត | ។ | |
៤ | ត្រចៀកកាំនិងចាប | ជាដរាបវានែបនិត្យ | |
សំបុកធ្វើនៅជិត | អាសនៈពិតនែព្រះអង្គ | ។ | |
៥ | អស់អ្នកដែលបានស្នាក់ | ក្នុងដំណាក់ដ៏ត្រចង់ | |
មានសុខមង្គលផង | សរសើរថ្កើងទ្រង់មិនឈប់ | ។ | |
៦ | អ្នកណាដែលផ្អែកពឹង | លើកម្លាំងព្រះជាម្ចាស់ | |
ដ្បិតគេស្វែងមិនឈប់ | ដំណាក់គាប់ដោយស្មោះសរ | ។ | |
១១ | មួយថ្ងៃដែលនៅក្នុង | វិហារទ្រង់សប្បាយក្រៃ | |
ជាងរ់មួយពាន់ថ្ងៃ | នៅសន្លែងដទៃទៀត | ។ | |
ខ្ញុំបានសម្រេចចិត្ត | ឈរនៅជិតមិនចង់ឃ្លាត | ||
ជាជាងស្នាក់នៅប្រៀត | លំនៅញាតិមនុស្សអាក្រក់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,២៨
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២១,២៩-៣៣
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីដំណើរនិវត្តរបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះថា៖«ចូរមើលដើមឧទុម្ពរ និងដើមឈើទាំងអស់ចុះ! កាលណាអ្នករាល់គ្នាឃើញស្លឹកវាលាស់ អ្នករាល់គ្នាដឹងថារដូវប្រាំងជិតមកដល់ហើយ។ ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងនោះកើតឡើង ត្រូវដឹងថា ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើងនៅពេលដែលមនុស្សជំនាន់នេះមានជីវិតរស់នៅឡើយ។ ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។