អត្ថបទព្រះគម្ពីរ ថ្ងៃអាទិត្យ ទី២៨ ខែកក្ដដា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គតែងតែការពារ ថែរក្សាអស់អ្នកដែលផ្ញើជីវិតទាំងស្រុងលើព្រះអង្គ។ ប្រសិនបើព្រះអង្គមិនជួយណែនាំទេ យើងខ្ញុំពុំអាចប្រព្រឹត្តកិច្ចការដ៏ពេញលក្ខណៈណាមួយបានឡើយ។ សូមទ្រង់ព្រះមេត្តា ប្រោសយើងខ្ញុំឱ្យចេះប្រើសម្បត្តិក្នុងលោកនេះ ដោយភ្ជាប់ចិត្តនឹងសម្បតិ្តសួគ៌ជានិច្ច! សូមពង្រឹងជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់របស់យើងខ្ញុំផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រទី២ ២ ពង្ស ៤,៤២-៤៤

នៅសម័យនោះ មានទុរ្ភិក្សក្នុងស្រុកទាំងមូល។ មានបុរសម្នាក់យកនំប័ុងធ្វើពីម្សៅថ្មីចំនួនម្ភៃដុំ ព្រមទាំងស្រូវថ្មីដាក់នៅក្នុងថង់ មកជូនព្យាការីអេលីសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។ ព្យាការីអេលីសេមានប្រសាសន៍ថា៖ «ចូរយកទៅចែកឱ្យអ្នកទាំងនោះបរិភោគចុះ»។ ប៉ុន្តែ អ្នកបម្រើរបស់ព្យាការីឆ្លើយថា៖ «តើខ្ញុំអាចយកអាហារតែប៉ុណ្ណេះ ចែកជូនមនុស្សដល់ទៅមួយរយនាក់គ្រប់បានដូចម្តេច?»។ ព្យាការីអេលីសេមានប្រសាសន៍ថា៖ «ចូរយកចែកឱ្យពួកគេបរិភោគចុះ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា ពួកគេនឹងបរិភោគឆ្អែត ហើយនៅសេសសល់ទៀតផង»។ អ្នកបម្រើក៏យកអាហារចែកជូនមនុស្សទាំងអស់នៅទីនោះ។ ពួកគេបរិភោគឆ្អែត ហើយមានអាហារនៅសេសសល់ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។

ទំនុកតម្កើងលេខ ១៤៥ (១៤៤), ១០-១២.១៥-១៨ បទកាកគតិ

១០ បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ មានច្រើនពេកក្រៃ
នាំគ្នាតម្កើង រុងរឿងសិរី រាស្រ្តទាំងប្រុសស្រី
ក៏ថ្កើងទ្រង់ដែរ
១១ គេនឹងរៀបរាប់ ព្រះរាជ្យគួរគាប់ រុងរឿងស្ថិតស្ថេរ
របស់ព្រះអង្គ ឥតមានប្រួលប្រែ អានុភាពឥតកែ
ព្រះអង្គនៅគង់
១២ ដើម្បីឱ្យមនុស្ស ទាំងស្រីទាំងប្រុស គ្រប់គ្នាបានដឹង
ពីការអស្ចារ្យ របស់ព្រះអង្គ រស្មីរឿងរុង
ចិញ្ចែងចិញ្ចាច
១៥ បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ ចាំមិនហ៊ានខាន
ដោយចិត្តសង្ឃឹម ពួកគេនឹងបាន អាហារគ្រប់ប្រាណ
តាមពេលកំណត់
១៦ ទ្រង់មានព្រះទ័យ ទូលាយពេកក្រៃ ពេញដោយអំណត់
ព្រះអង្គប្រទាន ដល់អ្នកក្រខ្សត់ បានឆ្អែតគ្រប់មាត់
តាមចិត្តប្រាថ្នា
១៧ ព្រះជាអម្ចាស់ ធ្វើសព្វទាំងអស់ នូវរាល់កិច្ចការ
ដោយព្រះហឫទ័យ សុចរិតថ្លៃថ្លា សន្តោសករុណា
ទ្រង់បានប្រព្រឹត្ត
១៨ ព្រះអម្ចាស់គង់ នៅជិតអែបអង្គ កៀកកើយនែបនិត្យ
នឹងអ្នកអង្វរ ដោយក្តីសុទ្ធចិត្ត រកព្រះអង្គពិត
មិនយាងទៅណា

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អភ ៤,១-៦

បងប្អូនជាទីស្រឡាញ់!
ខ្ញុំដែលជាប់ឃុំឃាំង សូមដាស់តឿនបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ថា ដោយព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ចូររស់នៅឱ្យបាសមរម្យនឹងការត្រាស់ហៅនោះទៅ។ ចូរបន្ទាបខ្លួន មានចិត្តស្លូតបូត និងចេះអត់ធ្មត់ ព្រមទាំងទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់។ ចូរយកចិត្តទុកដាក់រក្សាឯកភាព ដែលមកពីព្រះវិញ្ញាណ ដោយយកសេចក្តីសុខសាន្តធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា។
ព្រះកាយមានតែមួយ ហើយព្រះវិញ្ញាណក៏មានតែមួយ ដូចព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឱ្យមានសេចក្តីសង្ឃឹមតែមួយនោះដែរ។ ព្រះអម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹកមានតែមួយ។ ព្រះជាម្ចាស់មានតែមួយ ព្រះអង្គជាព្រះបិតារបស់មនុស្សទាំងអស់ ព្រះអង្គខ្ពង់ខ្ពស់លើសអ្វីៗទាំងអស់ ហើយព្រះអង្គធ្វើការ ដោយសារមនុស្សទាំងអស់ និងសណ្ឋិតនៅក្នុងមនុស្សទាំងអស់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក  ៧,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
មានព្យាការីដ៏ប្រសើរឧត្តមម្នាក់បានមករស់នៅក្នុងចំណោមយើង ហើយព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្តរបស់ព្រះអង្គ។អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៦,១-១៥

ព្រះយេស៊ូយាងទៅត្រើយខាងនាយសមុទ្រកាលីឡេ ដែលមានឈ្មោះថា សមុទ្រទីបេរីយ៉ាដ។ មានបណ្តាជនច្រើនកុះករមកតាមព្រះអង្គ ព្រោះគេបានឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ ដោយប្រោសអ្នកជំងឺឱ្យជា។ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ហើយគង់នៅទីនោះជាមួយក្រុមសាវ័ក។ ពេលនោះបុណ្យចម្លងជាបុណ្យរបស់ជនជាតិយូដាកាន់តែខិតជិតណាស់ហើយ។ ព្រះយេស៊ូទតឃើញបណ្តាជនមកតាមព្រះអង្គច្រើនកុះករយ៉ាងនេះ ទ្រង់មានព្រះបន្ទូលទៅលោកភីលីពថា៖ «តើយើងទៅរកទិញ អាហារឯណាមកចែក​ឱ្យអ្នកទាំងនេះបរិភោគបាន?»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីល្បងមើលចិត្តលោកភីលីព តាមពិតព្រះអង្គជ្រាបអំពីកិច្ចការដែលព្រះអង្គបម្រុងនឹងធ្វើស្រេចទៅហើយ។ លោកភីលីពទូលថា៖ «ទោះបីយើងយកប្រាក់ពីររយដួងទៅទិញនំប័ុងក៏មិនគ្រាន់ដែរ សូម្បីតែម្នាក់មួយដុំតូចៗក៏មិនបានផង»។ មានសាវ័កម្នាក់ឈ្មោះអន់ដ្រេ ជាប្អូនរបស់លោកសិលា ទូលព្រះអង្គថា៖ «នៅទីនេះ ក្មេងប្រុសម្នាក់មាននំប័ុងប្រាំដុំ និងត្រីតូចៗពីរកន្ទុយ។ ប៉ុន្តែ បើមានតែប៉ុណ្ណឹង ធ្វើម្តេចនឹងឱ្យគ្រាន់សម្រាប់មនុស្សដ៏ច្រើនយ៉ាងនេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សុំឱ្យគេអង្គុយចុះ»។ នៅទីនោះ មានស្មៅច្រើន។ បណ្តាជនក៏នាំគ្នាអង្គុយ មានមនុស្សប្រុសទាំងអស់ប្រមាណប្រាំពាន់នាក់។ ព្រះយេស៊ូយកនំប័ុងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឱ្យអ្នកអង្គុយនៅទីនោះ។ រីឯត្រីវិញ ព្រះអង្គក៏ធ្វើដូច្នោះដែរ ទ្រង់ប្រទានឱ្យគេតាមតែម្នាក់ៗចង់បាន។ លុះគេបានបរិភោគឆ្អែតហើយ ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «ចូរប្រមូលនំប័ុងដែលនៅសល់ កុំឱ្យមានបាត់មួយដុំសោះឡើយ»។ ក្រុមសាវ័កនាំគ្នារើសសំណល់នំប័ុងទាំងប្រាំដុំដែលបណ្តាជនបរិភោគ​សល់ ប្រមូលដាក់បានពេញដប់ពីរល្អី។ កាលមនុស្សម្នាឃើញទីសម្គាល់ ដែលព្រះយេស៊ូបានធ្វើនោះ គេពោលថា៖ «លោកនេះពិតជាព្យាការីដែលត្រូវមកក្នុងពិភពលោកមែន»។ ព្រះយេស៊ូជ្រាបថា គេបម្រុងនឹងចាប់ព្រះអង្គយកទៅតែងតាំងជាស្តេច។ ហេតុនេះ ព្រះអង្គ​យាងចាកចេញពីគេ ឡើងទៅលើភ្នំសាជាថ្មី តែមួយព្រះអង្គឯង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយតង្វាយដែលកើតមកពីធម៌មេត្តាករុណារបស់ព្រះអង្គ។ យើងខ្ញុំក៏សូមថ្វាយ កាយ វាចា ចិត្ត រួមជាមួយដែរ។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយទាំងនេះដោយអនុគ្រោះ ទាំងរួមបញ្ចូលយើងខ្ញុំក្នុងសក្ការបូជារបស់ព្រះយេស៊ូ គ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលត្រាស់ហៅយើងខ្ញុំឱ្យចូលរួមក្នុងពិធីជប់លៀងនេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្រេកឃ្លានតែព្រះបន្ទូលព្រះអង្គ ព្រមទាំងឱ្យមានកម្លាំងក្លាហាន បង្ហាញធម៌មេត្តាករុណារបស់ព្រះអង្គចំពោះមនុស្សលោកផង។

Facebook
Twitter
LinkedIn