កាលពីថ្ងៃទី១៩ ខែធ្នូ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ សម្រាប់សាលាមត្តេយ្យចំនួន២ នៅឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ ដែលកម្មវិធីនេះ ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀងនៃមណ្ឌលសកម្មភាពតាកែវ។
មានមតិសំណេះសំណាល ទៅកាន់អង្គពិធីដែលមានគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សប្រមាណជា២០០នាក់ លោកអភិបាលអូលីវីយ៉ ជ្មីតហស្លេមានប្រសាសន៍ថាលោកសូមអរគុណដល់លោកគ្រូអ្នកគ្រូដែលដឹកនាំសាលាមត្តេយ្យរបស់យើង រីកចម្រើនទៅមុខ ដោយមាន២០ទៅ៣០នាក់ក្នុងឆ្នាំ២០០២ ហើយពេលនេះមានកូនសិស្សឡើងដល់១៨០នាក់សម្រាប់សាលាទាំង២។
លោកអភិបាលក៏បានរំឮកដល់មាតាបិតា និងអាណាព្យាបាលសិស្សជួយតាមដានកូនៗរបស់ខ្លួនពេលត្រឡប់ទៅផ្ទះវិញ ត្រូវយកចិត្តទុកដាក់សួរនាំនិងរំឭកមេរៀន កុំបណ្ដោយកូនៗមើលទូរស័ព្ទខ្ជះខ្ជាយពេលវេលា ទុកឱ្យកូនៗរីកចម្រើនក្នុងការសិក្សា ក្នុងទំនាក់ទំនងនៅក្នុងជីវិតប្រចាំថ្ងៃ។ លោកអភិបាលបញ្ជាក់ថា នេះជាអ្វីសំខាន់ណាស់សម្រាប់ឪពុកម្ដាយ ដើម្បីឱ្យកូនៗមានអនាគតដ៏ភ្លឺស្វាង។
ជាមួយគ្នានេះដែរ អ្នកគ្រូតំណាងសាលាមត្តេយ្យទាំងពីរកន្លែងឡើងធ្វើរបាយការណ៍សង្ខេបសម្រាប់ឆ្នាំសិក្សាថ្មី២០២៣-២០២៤ នឹងមានការសម្ដែងរឿង របាំ នឹងចម្រៀងកាយវិការដោយកូនសិស្សមត្តេយ្យផងដែរ។
អ្នកគ្រូ រុន ចិន្ដា តំណាងសាលាមត្តេយ្យចំការទៀងបានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សាថ្មី២០២៣-២០២៤នេះ សិស្សសរុបមានចំនួន៨៥នាក់ ស្រី៤៩នាក់ ដោយក្នុងនោះមានកុមារអាយុ៣ឆ្នាំមានចំនួន២០នាក់ស្រី១១នាក់ អាយុ៤ឆ្នាំមានចំនួន៣០នាក់ ស្រី១៦នាក់ អាយុឆ្នាំមានចំនួន៣៥នាក់ ស្រី២២នាក់ និងមានអ្នកគ្រូចំនួន៣នាក់។
អ្នកគ្រូបន្តថា សម្រាប់សាលាមត្តេយ្យទាំងពីរកន្លែងដែលមានសន្តីតេរេសានៃព្រះកុមារយេស៊ូ និងសាលាមេត្តេយ្យភូមិសុខសាន្ត បង្រៀនកូនសិស្សតាមកម្មវិធី ម៉ុងតេសូរី ដោយបែងចែកកុមារជា៣និងមធ្យមផ្ដោតសំខាន់ទៅលើការប្រើចលនាដៃ ការប្រើសម្ភារដោយប្រើវិញ្ញាណទាំង៥និងការងារប្រចាំថ្ងៃ និងក្នុងនោះកុមារនឹងចេះសំណេរ និងគណិតវិទ្យាដោយប្រើរូបភាព។
មុនបញ្ចប់កម្មវិធី លោកអភិបាល អូលីវីយ៉េ បានចែកអំណោយដល់កូនសិស្ស ដើម្បីអបអរសាទរបុណ្យព្រះយេស៊ូប្រសូត្រ៕
ដោយចាន់ ម៉ានុត