មណ្ឌលសកម្មភាពព្រះសីហនុមានគង្វាលថ្មី

លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានធ្វើ​ពិធី​ចាត់តាំង​លោក​បូជាចារ្យ ហ្គូស្តាវ៉ូ បេនីតេស អាដ្រីយ៉ាន ជា​អ្នក​ទទួល​ខុសត្រូវ​លើ​មណ្ឌល​សកម្មភាព​ព្រះសីហនុ​-កោះកុង​ជា​ផ្លូវការ កាលពី​ថ្ងៃទី១៧ ខែ​ធ្នូ កន្លងទៅ នៅព្រះវិហារ​សន្ត​មីកាអែល​ ក្នុង​ខេត្តព្រះសីហនុ ដែល​មាន​គ្រីស្តបរិស័ទ​ចូលរួម​យ៉ាង​ច្រើន​កុះករ។

ក្នុងថ្ងៃ​ផ្តល់​មុខងារនេះ លោក​អភិបាល​អូលីវីយ៉េ​ មានប្រសាសន៍ថា លោក​បូជាចារ្យ​ហ្គូស្តាវ៉ូ នឹង​ចែករំលែក តួនាទីពីលោកអភិបាល ដើម្បី​ថែទាំនិងធ្វើដំណើរជាមួយមនុស្សដែល​ជាប់ជាមួយ​ភាពងងឹត និងគ្មាន​ក្ដីសង្ឃឹម គឺត្រូវ​ប្រកាសដំណឹង​ល្អ ដើម្បីអោយមនុស្ស​ក្នុងតំបន់​មាន​ជីវិតបរិបូរណ៍ដែល​មក​ពី​ព្រះជាម្ចាស់។

លោកអភិបាល​បាន​រំលឹកទៀតថា អ្នក​គង្វាល​ដឹងថា ព្រះជាម្ចាស់គង់នៅ និង​បាន​បំពាក់សេចក្ដី​សុចរិត របស់ព្រះអង្គ​ដើម្បី​ឲ្យ​យើង​បំពេញ​បេសកកម្មនេះ ដែល​នាំឲ្យប្រជារាស្រ្ដរបស់​ព្រះជាម្ចាស់​រស់នៅក្នុង​អំណេសប្បាយ។

លោកអភិបាល​បន្ថែមថា តួនាទី​របស់លោក​គង្វាលគឺ​ដឹកនាំ​បងប្អូនឲ្យ​​ចេះ​អធិដ្ឋាន​លើកតម្កើងសិរីរុងរឿង​​ព្រះជាម្ចាស់ ដើម្បីភ្ជាប់​ជាមួយ​ព្រះជាម្ចាស់​ដែល​ប្រទានជីវិតនិង​ប្រទានការសង្គ្រោះនិង​ដើម្បី​ប្រោះបងប្អូន​ឲ្យ​បាន​វិសុទ្ធ និ​ងមានជីវិត​អស់កល្បជានិច្ច​ ជា​ពិសេស​តាម​រយៈ​អគ្គសញ្ញានានា។

កិច្ចការទាំងនេះ​មិន​ងាយស្រួលទេ តែ​អ្វីដែល​ជា​កំលាំង​របស់​លោកនោះ គឺ​ព្រះជាម្ចាស់​ដែល​បាន​ត្រាស់ហៅ​លោក​ដោយ​មាន​ព្រះហទ័យស្មោះត្រង់ ហើយ​ព្រះអង្គ​នឹង​សម្រេចកិច្ច​ការទាំងនេះ​តាមរយៈ​លោកបូជាចារ្យផ្ទាល់។ លោអភិបាល​បញ្ជាក់។

«ដូច្នេះ​លោកឪពុក​មិន​នៅ​ឯកោទេ ព្រោះមានព្រះជាម្ចាស់​គង់នៅ» លោកអភិបាល​បន្ថែម។

យើង​ជា​បូជាចារ្យ​មែន ប៉ុន្តេ​យើង​មិនមែន​ព្រះយេស៊ូ ប៉ុន្តែ​យើង​ទទួល​តួនាទីមួយ​ពិសេស គឺ​ផ្តល់​សក្ខីភាពអំពីពន្លឺ ដែល​ជា​​ព្រះយេស៊ូកំពុង​យាង​មក ហើយ​ឲ្យ​គ្រីស្តបរិស័ទ​ក្លាយជា​ពន្លឺ​បំភ្លឺពិភពលោក​។

ក្នុងនោះ​ដែរ លោកអភិបាលព្រះសហគមន៍​​ស្នើ​សុំ​ឲ្យ​លោក​បូជាចារ្យហ្គូស្តាវ៉ូ​ រៀបចំ​​គណៈកម្មា​ការ ដែល​ជា​សហការី របស់​លោក​​ក្នុង​ព្រះសហគមន៍ ធ្វើ​ដំណើរ​ជាមួយ​គ្រីស្តបរិស័ទ​ឯទៀតៗ​ ដើម្បី​ផ្ដល់សក្ខីភាពនៃជំនឿនិង​ពន្លឺ  ដោយ​ចេះ​ដាក់​ខ្លួន​និងទុកឲ្យ​ព្រះយេស៊ូ​ដឹកនាំ។

លោកអភិបាល​បញ្ជាក់ថា «យើង​ជា​គណៈកម្មការ ជា​បងប្រុស បងស្រី យើង​ជា​លោកឪពុក យើង​មាន​គោលដៅតែមួយ​ គឺ​​បម្រើតាមរបៀបលោក​យ៉ូហានបាទីស្ដ បម្រើ​ព្រះយេស៊ូ​ដើម្បីឲ្យ​មនុស្ស​លោក​មើល​ឃើញ​ពន្លឺ»។

មុន​បញ្ចប់​កម្មវិធី​លោក​អភិបាលអូលីវីយ៉េ បាន​ហៅ​លោកបូជាចារ្យ​ហ្គូស្តាវ៉ូ មក​បញ្ជាក់ពីពាក្យសន្យា ក្នុងតួនាទី​របស់លោកជា​អ្នក​ទទួល​ខុស​ត្រូវ​​មណ្ឌលសកម្មភាពព្រះសីហនុ-កោះកុង។

ការ​ចាត់​តាំង​នេះ​មាន​រយៈពេល​៦ឆ្នាំ រួម​ជា​មួយ​លោក​បូជាចារ្យ​ជំនួយ គឺលោក​បូជាចារ្យ​គង់​ វៀល ដោយ​គ្រប់​គ្រង​ទៅលើ​ព្រះសហគមន៍នៅ​ភាគ​ខាងលិចនៃប្រទេស​កម្ពុជា​​ មានដូចជា ព្រះវិហារ​សន្ត​មីកាអែល ព្រះវិហារ​សន្តម៉ាថាយកោះកុង ព្រះវិហារ​សន្តីតេរេសា​ស្រែអំបិល ព្រះសហគមន៍កោះស្តេច ព្រះវិហារ​សន្តីម៉ារីកោះខ្យង ព្រះវិហារសន្តដូមិនីកូបឹងតាព្រហ្ម និង​តំបន់​តូចៗមួយចំនួនទៀត។

លោក​បូជាចារ្យ​ហ្គូស្តាវ៉ូ បាន​ទទួល​លិខិតតែងតាំង​ជា​ផ្លូវការពីលោកអភិបាល​ព្រះសហគមន៍​ ទទួល​ព្រះគម្ពីរ​ដែល​ជា​​ព្រះបន្ទូលរបស់​ព្រះជាម្ចាស់ដើម្បីប្រកាសជំនឿដល់​បងប្អូន​ ទទួល​ប្រេងសម្រាប់ធ្វើអគ្គសញ្ញានានា ទទួល​ឧបករណ៍ តាំងព្រះកាយព្រះគ្រីស្ត ទទួល​កូនសោរទូរព្រះកាយ និង​ទទួល​កន្សែងបូជាចារ្យ​ជា​សញ្ញានៃ​សិទ្ធិ​ផ្តល់​ឲ្យ​លោក​ធ្វើ​ពិធី​ លើកលែងទោសឲ្យ​គ្រីស្តបរិស័ទ​ក្នុងនាម​លោកអភិបាល​ផ្ទាល់។

«ខ្ញុំសូមអរគុណ​លោកអភិបាល​ដែល​បាន​ទុកចិត្ត​ខ្ញុំ​ ដើម្បីណែនាំ​ព្រះសហគមន៍​។ ខ្ញុំមានអំណរសប្បាយយ៉ាងច្រើន​ ដោយសារ​ព្រះសហគមន៍ (ខ្ញុំ)បានទទួល​មុខងារជាគ្រូគង្វាល ដែល​ជា​គំរូរបស់​ព្រះយេស៊ូតែម្តង» លោកហ្គូស្តាវ៉ូ បេនីតេស អាឌ្រីយ៉ាន បូជាចារ្យទទួល​ខុស​ត្រូវ​ថ្មីផ្តល់​បទសំភាសន៍​ក្រោយបញ្ចប់ពិធីចាត់តាំង។​

លោក​បូជាចារ្យ​ឲ្យដឹងថា មណ្ឌល​សកម្មភាពនេះ ​មានសកម្មភាពជា​ច្រើន មិន​ត្រឹមតែ​ពិធីបុណ្យក្នុងព្រះសហគមន៍នោះទេ តែមានសាលាមត្តេយ្យ និងថ្នាក់​អក្ខរកម្មផង ដូច្នេះ​មាន​កូនក្មេងនិង​បងប្អូនជាច្រើន។ លោក​បន្ថែមថា យើងមាន​អំណរសប្បាយ​ដោយសារ​យើងមាន​បងប្អូនសហការ។

«ខ្ញុំ​គ្មានអារម្មណ៍ថាឯកោទេ ឬ​ធ្វើ​ការងារតែម្នាក់ឯងទេ ព្រោះ​ខ្ញុំមានបងប្អូ​ន​សហការ​ជាមួយគ្នា​យ៉ាង​ច្រើន​ដែរ» លោកបូជាចារ្យបញ្ជាក់។​

លោក​បាន​ប្រាប់​ទៀតថា ការងារ​គង្វាលនេះ​មានច្រើន​តំណរមក​ហើយ ដោយ​មាន​លោក​បូជាចារ្យ​ទទួល​ខុស​ត្រូវ​ជា​ច្រើន​នាក់ ដើម្បីណែនាំ​គ្រីស្តបរិស័ទ​​ ដែល​នេះ​បញ្ជាក់​ថា ព្រះជាម្ចាស់​មិន​បាន​បោះ​បង់​ព្រះសហគមន៍នេះ​ទេ ដែលនាំ​ឲ្យ​បងប្អូន​មានអំណរសប្បាយ​រួមជាមួយគ្នា៕

 

ដោយ កែវ កញ្ញា

Facebook
Twitter
LinkedIn