ក្រោយពេលតុអសនៈក្នុងព្រះវិហារព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញនៃព្រះសហគមន៍ចម្លាក់ បានឆេះកាលពីពេលកន្លងទៅ ព្រះសហគមន៍នេះបានរៀបចំតុសក្ការៈថ្មី និងដាក់ឲ្យប្រើប្រាស់ក្រោមអធិបតីភាពរបស់លោកអភិបាលសិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម កាលពីថ្ងៃទី២៦ ខែសីហា កន្លងទៅ ដោយមានគ្រីស្តបរិស័ទចូលរួម ជិត១០០នាក់។
ក្នុងធម្មទេសនា លោកអភិបាលហង្សលី មានប្រសាសន៍ថា តុសក្ការៈថ្មីនេះធ្វើអំពីថ្ម គឺដើម្បីព្រះយេស៊ូគង់នៅជាមួយ ដើម្បីយើងទទួលពរពីព្រះអង្គ តែសំខាន់ជាងនេះទៅទៀត គឺព្រះយេស៊ូជាថ្មដែលមានជីវិត។ គឺយើងទាំងអស់គ្នាជាគ្រីស្តបរិស័ទជាថ្មដែលមានជីវិត ជាថ្មដែលត្រូវសង់ជាតុសក្ការៈពិតប្រាកដ ហើយតាមរយៈយើង អ្នកដទៃអាចទទួលព្រះពរនិងការសង្គ្រោះ ជាពិសេសអ្នកដែលរស់នៅក្នុងភូមិចម្លាក់នេះ។
លោកអភិបាលបន្ថែម «ព្រះយេស៊ូបានត្រាស់ហៅលោកសិលាទៅជាថ្ម ហើយថ្ងៃនេះ ព្រះអង្គត្រាស់ហៅយើងឲ្យទៅជាថ្មដែរ ដើម្បីឲ្យយើងសាងសង់ព្រះវិហារដែលមានប្រយោជន៍សម្រាប់ពិភពលោកបច្ចុប្បន្ន ដែលណែនាំឲ្យពិភពលោកបច្ចុប្បន្នទទួលការសង្គ្រោះមកពីព្រះជាម្ចាស់។»
លោកអភិបាលបានបន្តទៀតថា ជាមួយតុសក្ការៈនៅព្រះសហគមន៍ចំឡាក់នេះមានលក្ខណៈពិសេស ដោយសារយើងមានអដ្ឋិធាតុរបស់ អ្នកមានសុភមង្គល កាឡូ អាគីទីស ដើម្បីឲ្យបងប្អូនមកអធិដ្ឋាន និងចូលរួមអភិបូជា បានទទួលព្រះពរពីព្រះជាម្ចាស់និងក្លាយជាគ្រីស្តបរិស័ទដ៏ល្អ ហើយមានសេចក្តីស្រឡាញ់ចំពោះព្រះកាយព្រះគ្រីស្ត និងចំពោះបងប្អូនឯទៀតៗនៅក្នុងភូមិចម្លាក់នេះផង។
តុសក្ការៈចាស់ធ្វើអំពីឈើបានឆេះទាំងស្រុងដោយមិនដឹងមូលហេតុ កាលពីថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២៣។ តុសក្ការៈថ្មីនេះបានបញ្ចុះសក់ចំនួន៣សរសៃរបស់អ្នកមានសុភមង្គល កាឡូ អាគីទីស ដែលសម្តេចប៉ាប ប្រកាសជាអ្នកមានសុភមង្គល កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅទីក្រុងអាស៊ីស៊ី ប្រទេសអ៊ីតា។ កាឡូ អាគីទីស កើតនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៩១ នៅប្រទេសអ៊ីតាលី។ លោកជាយុវជនម្នាក់ដែលមានសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះព្រះកាយព្រះគ្រីស្ត។ គាត់បានចូលរួមអភិបូជាជារៀងរាល់ថ្ងៃចាប់តាំងពីអាយុ ៧ឆ្នាំ និងចំណាយពេលជារៀងរាល់ថ្ងៃដើម្បីតាំងព្រះកាយ។ គាត់ជឿថា «យើងទទួលព្រះកាយព្រះគ្រីស្ត នោះយើងនឹងកាន់តែដូចជាព្រះយេស៊ូ»។ គាត់បានទទួលមរណភាពនៅឆ្នាំ២០០៦ ដោយជម្ងឺមហារីកឈាម។
ព្រះសហគមន៍កាតូលិកចម្លាក់ ស្ថិតនៅភូមិចំឡាក់ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ មានចម្ងាយ៤០គីឡូ ពីក្រុងកំពង់ចាម និងមានចម្ងាយ១២២គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ព្រះសហគមន៍នេះ បានកសាងនៅឆ្នាំ២០០៥ ដោយលោកបូជាចារ្យ ហ្វ្រង់ស្វ័រ ប៉ុងសូដ៍។ សព្វថ្ងៃមានគ្រីស្តបរិស័ទប្រមាណ ៣០នាក់ ជាអ្នកធ្វើស្រែចម្ការ។ ព្រះសហគមន៍កាតូលិកនេះ សកម្មភាពដូចជា សាលាមត្តេយ្យ មណ្ឌលទទួលសិស្សថ្នាក់មធ្យមសិក្សា និងកម្មវិធីអប់រំជំនឿជាដើម៕
ដោយម៉េង ភីឡុង