មណ្ឌលលីនដាល់វាផ្តល់ការអប់រំនិងថែទាំកុមារក្រីក្រ

អគារ​កម្ពស់​២​ជាន់ បាន​ស្ថាបនា​ឡើង​ដើម្បី​​ទទួល​ថែទាំ​កុមារ​តូច​ ដែល​ភាគ​ច្រើន​ជា​កូនៗ​របស់​កម្មករ-ការិនី​រោង​ចក្រ​កាត់ដេរ នៅ​​ក្នុងភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ នារាជធានីភ្នំពេញ​ ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងបងប្អូនគ្រីស្តបរិស័ទនិង​ពុទ្ធបរិស័ទ​ចូលរួមប្រមាណជា១០០នាក់។កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។

អគារ​ថ្មី​នេះ មាន​ឈ្មោះ​ថា​មណ្ឌលលីនដាល់វា ដែល​គ្រប់​គ្រង​ដោយ​​ក្រុមគ្រួសារបុត្រីនៃមេត្តាករុណាកម្ពុជា។

ក្នុងពិធី​សម្ពោធ ដោយ​មាន​ពិធី​ថ្វាយ​អភិបូជាអរព្រះគុណ​ព្រះជាម្ចាស់ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានមានប្រសាសន៍ក្នុង​ធម្មទេសនា​ថា មណ្ឌលនេះដូចជាភូមិបេថ្លេហឹមដ៏តូចមួយដែលជាកន្លែងយ៉ាងពិសេស ដើម្បីទទួល​ស្វាគមន៍កុមារ​​ឲ្យ​ទទួល​បាន​ការសិក្សា​អប់រំ ហើយ​ជា​កន្លែង​មួយ​ ដែល​ផ្តល់​សេចក្តីស្រឡាញ់​ និង​ថែរក្សា​តាម​របៀប​ព្រះនាង​ម៉ារី។

លោកអភិបាលបាន​បន្ថែមថា ស្នាដៃដែលមណ្ឌល​មាន សេវាកម្មដែលមណ្ឌលមាន របៀបដែលមណ្ឌលបង្ហាញសេចក្ដីស្រលាញ់ដល់កុមារ​និង​អ្នក​ជិត​ខាង គឺ​មក​ពី​​ការ​ លើកតម្កើងសិរីរុង​រឿង​របស់ព្រះជាម្ចាស់ពីព្រឹកដល់យប់ និងព្រះនាងម៉ារីជាគំរូមួយដើម្បីថែរក្សាសេចក្ដី​ស្រលាញ់​ដែល​ទទួល​ពីព្រះជាម្ចាស់។

មណ្ឌលលីនដាល់វា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ដោយក្រុមគ្រួសារបុត្រីមេត្តាករុណានៃសន្តវ៉ាំងសង់ដឺប៉ូលនៅលើដីជួលមួយកន្លែង ក្នុងភូមិព្រៃទាទី១នេះដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងសម្រាប់ សុវត្ថិភាព និងការថែទាំកុមារតូច។

ដូនជី ដេសាកូឡា ជូលី ជាតំណាង​ប្រធាន​អង្គការ​បុត្រីមេត្តាករុណា​​នៅកម្ពុជាបានឱ្យដឹងថា ក្នុងតំបន់នេះភាគច្រើនមាន​ជនចំណាកស្រុក​ពីខេត្តផ្សេងៗ​ធ្វើ​ការងារ និង​រក​ចំណូល​ តាមរោងចក្រនានា ហើយក្រុមគ្រួសារខ្លះគ្មាន​លទ្ធភាពនិង​គ្មាន​អ្នក​មើល​ថែ​និង​ដឹកជញ្ជូន​កូនៗ​ទៅសាលា ដូច្នេះ រាល់​ថ្ងៃ​ពួកគេបានចាក់សោរពី​ខាង​​ក្រៅ​នៅពេល​ចេញទៅ​ធ្វើការ​ឬ​រក​ស៊ី​ ដោយឱ្យកូនៗរបស់ពួកគេនៅក្នុងបន្ទប់ ព្រោះខ្លាចមានបញ្ហាផ្សេងៗ។

សង្កាត់​ចោម​ចៅ​ ​ជា​តំបន់​ឧស្សាហកម្ម​មួយ​​ដែល​សំបូរ​ដោយ​រោងចក្រ​និង​សហគ្រាស​ ផលិត​និង​នាំចេញ​ទំនិញ​មួយ​ចំនួន។ ប្រជា​ជន​ចំណាក​ស្រុក​ពី​ខេត្ត​បាន​ផ្តុំ​គ្នានៅ​តំបន់​នេះ​មួយ​ចំនួន​ ដោយ​ធ្វើ​ការងារ​នៅ​ក្នុង​រោង​ចក្រ ធ្វើសំណង់និងរើសអេតចាយ។

រយៈ​ពេល​១៤​ឆ្នាំ​កន្លង​មក​នេះ តម្លៃ​ជួល​ផ្ទះ​បាន​កើន​ឡើងជា​បន្ត​បន្ទាប់ ហើយ​ក្នុងរដូវ​វស្សា ផ្ទះ​ជួលនោះ​លិច​ទឹក​ជា​ប្រចាំ ដែល​ពិបាក​បន្ត​សកម្មភាព។

ដូនជី ដេសាកូឡា ជូលី បន្ថែម​ថា ដោយការ​លំបាកនេះ និងតម្រូវការរបស់កុមារ​ សប្បុរជន​ជន​ជាតិ​ខ្មែរមួយរូប បានផ្ដល់ដីមួយនេះដល់ក្រុម​ដូនជី​យើង ប្រើប្រាស់លើ​កិច្ច​ការ​ធម៌មេត្តាករុណា ហើយក្រុមយើង​បាន​ស្វែងរក​ជំនួយផ្សេងៗ​ ដើម្បីសាងសង់អគារមួយនេះឡើង រួចរាល់​នៅ​​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ។

«មណ្ឌល​លីនដាល់វាបានជួយឱ្យកូនរបស់ខ្ញុំចូលសាលា ទទួលការសិក្សារៀនសូត្រតាំងពីអាយុ៤ឆ្នាំរហូតមកដល់សព្វថ្ងៃនេះ ហើយបើគ្មានមណ្ឌលជួយអនាគតជីវិតកួនរបស់ខ្ញុំមិនដឹងជាល្ងង់ដល់កម្រិតណាទេ» នេះជាសម្ដីរបស់អ្នកស្រី ហួន ថាវី វ័យ៥៦ឆ្នាំ សព្វថ្ងៃជាកម្មការិនីកាត់ដេរនៅរោងចក្រមួយកន្លែងក្នុងតំបន់នេះ។

អ្នកស្រីបន្តថា មណ្ឌលលីនដាល់វាសម្រាល​ទុក្ខ​ព្រួយ​របស់​គ្រួសារ​គាត់ ជាកន្លែងដែលផ្ដល់សេចក្ដីស្រលាញ់ សេចក្ដីសុខ និងសង្គ្រោះកូនក្មេងទាំងអស់ ដែលគ្រួសារមានជីវភាពខ្វះខាតបានចូលសាលាសិក្សារៀនសូត្រ មានចំណេះដឹងដើម្បីមានអនាគតភ្លឺស្វាងដូចកូនគេដទៃទៀតបាន។

យុវតី អូន លីហ្សា អាយុ២០ឆ្នាំ បាន​ស្គាល់មណ្ឌលលីនដាល់វាតាំងពីអាយុ១០ឆ្នាំ បានរៀបរាប់ថា មណ្ឌលលីនដាល់វា ជាកន្លែងដែលផ្ដល់ជីវិត ផ្ដល់ភាពកក់ក្ដៅ​ ផ្ដល់សេចក្ដីស្រលាញ់ ការមើលថែទាំយ៉ាងកក់ក្ដៅពីក្រុមគ្រួសារដូនជី​បុត្រីមេត្តាករុណា។

លីហ្សា​តែង​តែ​ទទួល​បានសម្លៀកបំពាក់ គ្រឿ​ង​ឧបភោគ​ សម្ភារសិក្សា និងថវិកាមួយចំនួន​ដែរ។

នាងបន្តទៀតថា​ រូប​នាង​បាន​ក្លាយជា​មនុស្ស​ថ្មី​ម្នាក់ ដោយមានភាពក្លាហាន មានចំណេះដឹង​​ ហ៊ានធ្វើការងារសង្គមនិងមានការងារធ្វើ ដើម្បី​ជួយដល់​បន្ទុក​ឪពុក​ម្តាយ​ ទៀតផង។

មណ្ឌលលីនដាល់វា ទទួល​កុមារ​ចាប់​ពី​អាយុ​៤​ឆ្នាំឡើង​ទៅ ដោយ​ផ្តល់​​ការថែទាំ ផ្តល់​​អាហាររូបត្ថម្ភ និងមានកម្មវិធី​​មេត្តេយ្យ​សិក្សា កម្មវិធីអក្ខរកម្មសម្រាប់កុមារដែលមិនអាចទៅសាលារដ្ឋបាន ផ្តល់​អាហាររូបករណ៍​ដល់​កុមារក្រីក្រ​នៅ​ថ្នាក់​ធម្យមសិក្សា​និង​ឧត្តមសិក្សា។

ដូនជីប្រធាន​មណ្ឌល​ឲ្យដឹងថា ក្នុង​កុមារ​ម្នាក់​មណ្ឌល​ឲ្យ​បង់​ប្រាក់​វិភាគ​ទាន ១៥០០០៛​ក្នុង​មួយ​ខែ ប្រសិន​បើ​ឪពុកម្តាយ​គ្មានលទ្ធភាព​ជា​អ្នក​រើស​អេតចាយ និង​ជា​កម្មករ​រើសសំរាម មណ្ឌល​ផល់​សេវា​ឲ្យ​ឥតគិត​ថ្លៃ។

ដូនជី​ជូលី បន្ថែម​ថា កន្លង​មក​មាន​កុមារប្រមាណជា១៥០នាក់ដែល​បញ្ចប់​ការសិក្សា​នៅ​មណ្ឌល​ហើយ​ត្រូវបានចុះឈ្មោះចូលរៀននៅសាលារដ្ឋ៕

 

ដោយ​ចាន់​ ម៉ានុត

Facebook
Twitter
LinkedIn