ពាក្យលំនាំ
ដំណឹងល្អរៀបរៀងដោយលោកលូកា
លោក លូកា ជាគ្រូពេទ្យជាតិក្រិកមួយរូប។ លោកពុំបានស្គាល់ព្រះយេស៊ូដោយផ្ទាល់ខ្លួនលោកទេ ហើយលោកក៏ពុំមែនជាសាវ័កដំបូង ឬជាគ្រីស្ដទូតរបស់ព្រះអង្គដែរ តែលោកជាគ្រីស្ដបរិស័ទមួយរូបដែលជាសហការីរបស់គ្រីស្ដទូតប៉ូល ក្នុងពេលលោកធ្វើដំណើរទៅប្រកាសផ្សាយដំណឹងល្អ នៅមជ្ឈិមបូព៌ាប្រទេស។
លោកលូកាបានតែងគម្ពីរពីរកណ្ឌ គឺគម្ពីរ «ដំណឹងល្អលូកា» និងគម្ពីរ «កិច្ចការរបស់គ្រីស្ដទូត»។ លោកបានប្រមូលឯកសារផ្សេងៗស្តីអំពីព្រះយេស៊ូ ហើយបានពិនិត្យមើលដោយហ្មត់ចត់ តាមរបៀបអ្នកប្រាជ្ញក្នុងសម័យនោះ។ លោកបានតែងគម្ពីរនេះក្រោមការបំភ្លឺរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់។ លោកលូកាបានតែងគម្ពីរដំណឹងល្អនេះនៅចន្លោះគ.ស.៨០-៩០។
គោលបំណងលោកលូកា
លោកលូកាបានតែងគម្ពីរនេះ សម្រាប់ឲ្យជនជាតិក្រិកអាន។ លោករ៉ាយរ៉ាប់ប្រវត្តិរបស់ព្រះយេស៊ូ ដោយចង់ពន្យល់ថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានណែនាំព្រះយេស៊ូ តាំងពីមុនព្រះអង្គប្រសូតមក រហូតដល់ពេលព្រះអង្គសោយទិវង្គត នៅក្រុងយេរូសាឡឹម។ ក្រោយព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ព្រះវិញ្ញាណបានណែនាំក្រុមគ្រីស្ដបរិស័ទឲ្យប្រកាសផ្សាយដំណឹងល្អអំពីព្រះគ្រីស្ដ រហូតដល់ចុងកាត់មាត់ញកនៃផែនដី។
លោកប្រៀនប្រដៅអ្នកដែលជឿលើព្រះយេស៊ូឲ្យមានចិត្តមេត្តាករុណាដូចព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណា។ លោកប្រៀនប្រដៅគេឲ្យចេះស្រឡាញ់រាប់អានជនជាតិដទៃ ជាពិសេសជាមួយជនជាតិដែលរស់នៅជិតខាង ឲ្យចេះអត់ទោសគ្នាទៅវិញទៅមក ឲ្យយកចិត្តទុកដាក់ជួយអ្នកក្រីក្រ និងសុខចិត្តលះបង់អ្វីៗទាំងអស់ ដោយយល់ដល់ព្រះគ្រីស្ដ។ អ្នកជឿព្រះយេស៊ូត្រូវយកចិត្តទុកដាក់អធិស្ឋាន គឺនិយាយសារស័ព្ទជាមួយព្រះបិតាដោយស្និទ្ធស្នាល ត្រូវមានអំណរសប្បាយជានិច្ច ព្រោះមានព្រះវិញ្ញាណរបស់ព្រះគ្រីស្ដគង់នៅជាមួយ និងត្រូវយល់ច្បាស់ថាព្រះជាម្ចាស់សង្គ្រោះអ្នកជឿឥឡូវនេះ។
គម្រោងរបស់គម្ពីរលូកា
- បុព្វកថា (១.១-៤)
- កំណើតរបស់លោកយ៉ូហានបាទីស្ដ និងព្រះយេស៊ូ (១.៥‑២.៥២)
- សេចក្ដីប្រកាសរបស់លោកយ៉ូហានបាទីស្ដ (៣.១-២០)
- ព្រះយេស៊ូទទួលពិធីជ្រមុជទឹក និងឈ្នះការល្បួង (៣.២១‑៤.១៣)
- ព្រះយេស៊ូប្រកាសដំណឹងល្អនៅស្រុកកាលីឡេ (៤.១៤‑៩.៥០)
- ព្រះយេស៊ូយាងពីស្រុកកាលីឡេឆ្ពោះទៅក្រុងយេរូសាឡឹម (៩.៥១‑១៩.២៧)
- សប្តាហ៍ចុងក្រោយនៅក្រុងយេរូសាឡឹម និងភូមិដែលនៅជុំវិញ (១៩.២៨‑២៣.៥៦)
- ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និងបង្ហាញខ្លួនឲ្យអ្នកជឿឃើញ (២៤.១-៥៣)