ជំពូក ៦

ព្រះ‌យេស៊ូ​មាន​អំណាច​លើ​ថ្ងៃ​សប្ប័ទ
(ម៉ាថាយ ១២.១-៨ ម៉ាកុស ២.២៣-២៨)

1 មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ* ព្រះ‌យេស៊ូ​យាង​កាត់​វាល​ស្រែ សាវ័ក*​របស់​ព្រះ‌អង្គ​នាំ​គ្នា​បូត​កួរ​ស្រូវ​សាឡី មក​ឈ្លី​បរិភោគ។ 2 មាន​ពួក​ខាង​គណៈ‌ផារីស៊ី*​ខ្លះ​និយាយ​ទៅ​សាវ័ក​ទាំង​នោះ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ*​ដូច្នេះ?»។ 3 ព្រះ‌យេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គម្ពីរ មាន​អត្ថ‌បទ​មួយស្ដី​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត​នៅ​ពេល​ឃ្លាន 4 គឺ​ស្ដេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ យក​នំបុ័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់​មក​សោយ ព្រម​ទាំង​ចែក​ឲ្យ​ពួក​បរិពារ​បរិភោគ​ទៀត​ផង។ តាម​វិន័យ* មាន​តែ​ពួក​បូជា‌ចារ្យ*​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំបុ័ង​នោះ​បាន។ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អត្ថ‌បទ​នោះ​ឬ​ទេ?»។ 5 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ បុត្រ​មនុស្ស*​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ*។

ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ
(ម៉ាថាយ ១២.៩-១៤ ម៉ាកុស ៣.១-៦)

6 នៅ​ថ្ងៃ​សប្ប័ទ*​មួយ​ទៀត ព្រះ‌យេស៊ូ​យាង​ចូល​ក្នុង​សាលា​ប្រជុំ* ហើយ​ព្រះ‌អង្គ​បង្រៀន​គេ។ នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ស្ដាំ។ 7 ពួក​បណ្ឌិត​ខាង​វិន័យ* និង​ពួក​ខាង​គណៈ‌ផារីស៊ី*​តាម​មើល​ព្រះ‌យេស៊ូ ក្រែង​លោ​ព្រះ‌អង្គ​ប្រោស​អ្នក​ជំងឺ​នៅ​ថ្ងៃ​សប្ប័ទ ព្រោះ​គេ​ចង់​រក​លេស​ចោទ​ប្រកាន់​ព្រះ‌អង្គ។ 8 ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​ពួក​គេ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង មក​ឈរ​នៅ​កណ្ដាល​គេ​ឯ‌ណេះ!»។ បុរស​នោះ​ក៏​ក្រោក​ឈរ​ឡើង។ 9 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​សួរ​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​សប្ប័ទ តើ​មនុស្ស​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​ត្រូវ​សង្គ្រោះ​ជីវិត​មនុស្ស ឬ​ធ្វើ​ឲ្យ​វិនាស​អន្តរាយ?»។ 10 ព្រះ‌អង្គ​បែរ​ព្រះ‌ភ័ក្រ្ត​ទត​មើល​មនុស្ស​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ រួច​មាន​ព្រះ‌បន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ គាត់​ក៏​លាត​ដៃ ហើយ​ដៃ​គាត់​បាន​ជា​ដូច​ដើម​វិញ។ 11 ពួក​គេ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ពិគ្រោះ​គ្នា គិត​ធ្វើ​យ៉ាង​ណា ដើម្បី​ប្រឆាំង​នឹង​ព្រះ‌យេស៊ូ។

ព្រះ‌យេស៊ូ​ជ្រើស‌រើស​គ្រីស្តទូត*​ដប់‌ពីរ​រូប
(ម៉ាថាយ ១០.១-៤ ម៉ាកុស ៣.១៣-១៩)

12 នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិ‌ស្ឋាន*។ ព្រះ‌អង្គ​អធិ‌ស្ឋាន​ពេញ​មួយ​យប់។ 13 លុះ​ព្រលឹម​ឡើង ព្រះ‌អង្គ​ត្រាស់‌ហៅ​សាវ័ក*​មក ក្នុង​ចំណោម​សាវ័ក​ទាំង​នោះ ព្រះ‌អង្គ​ជ្រើស​យក​ដប់‌ពីរ​រូប ហើយ​ប្រទាន​ងារ​ជា​ទូត​របស់​ព្រះ‌អង្គ 14 គឺ​មាន​ស៊ីម៉ូន​ដែល​ព្រះ‌អង្គ​ប្រទាន​ឈ្មោះ​ថា សិលា និង​អន់ដ្រេ​ជា​ប្អូន​របស់​គាត់ យ៉ាកុប យ៉ូហាន ភីលីព បាថូ‌ឡូមេ 15 ម៉ាថាយ ថូម៉ាស យ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម​ 16 យូដាស​ជា​កូន​លោក​យ៉ាកុប និង​យូដាស‌អ៊ី‌ស្កា‌រី‌យ៉ុត ដែល​នឹង​ក្បត់​ព្រះ‌អង្គ។

ព្រះ‌យេស៊ូ​បង្រៀន​បណ្ដា‌ជន និង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា
(ម៉ាថាយ ៤.២៣-២៥)

17 ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សាវ័ក*​ទាំង​នោះ​មក​ប្រថាប់​នៅ​ត្រង់​កន្លែង​មួយ​រាប​ស្មើ។ នៅ​ទី​នោះ មាន​សាវ័ក​ជា​ច្រើន និង​ប្រជាជន​ពី​ស្រុក​យូដា ពី​ក្រុង​យេរូ‌សាឡឹម ពី​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន​នៅ​តាម​មាត់​សមុទ្រ មក​រង់‌ចាំ​ព្រះ‌អង្គ​យ៉ាង​កក‌កុញ។ 18 គេ​នាំ​គ្នា​មក​ស្ដាប់​ព្រះ‌អង្គ និង​សូម​ព្រះ‌អង្គ​ប្រោស​គេ​ឲ្យ​ជា​ពី​ជំងឺ។ រីឯ​អស់​អ្នក​ដែល​មាន​ខ្មោច​ចូល​ក៏​បាន​ជា​ដែរ។ 19 បណ្ដា‌ជន​ប្រជ្រៀត​គ្នា​ចូល​មក​ពាល់​ព្រះ‌យេស៊ូ ដ្បិត​មាន​ឫទ្ធា‌នុភាព​ចេញ​ពី​ព្រះ‌អង្គ​មក ប្រោស​គេ​ឲ្យ​ជា​គ្រប់ៗ​គ្នា។

សុភមង្គល និង​អព‌មង្គល
(ម៉ាថាយ ៥.១-១២)

20 ព្រះ‌យេស៊ូ​ងើប​ព្រះ‌ភ័ក្រ្ត​ទត​មើល​សាវ័ក*​របស់​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖
«អ្នក​រាល់​គ្នា​ដែល​ជា​ជន​ក្រ‌ខ្សត់​អើយ!
អ្នក​មាន​សុភមង្គល*​ហើយ
ដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់។
21 អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​អើយ!
អ្នក​មាន​សុភមង្គល​ហើយ
ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត។
អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​យំ​សោក​អើយ!
អ្នក​មាន​សុភមង្គល​ហើយ
ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ត្រេក​អរ។
22 ប្រសិន​បើ​មាន​គេ​ស្អប់​លែង​រាប់​រក​អ្នក​រាល់​គ្នា
ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា
ព្រោះ​តែ​បុត្រ​មនុស្ស*
អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ។ 
23 នៅ​គ្រា​នោះ ចូរ​មាន​អំណរ​សប្បាយ​ឡើង ដ្បិត​អ្នក​រាល់​គ្នា​ទទួល​រង្វាន់​យ៉ាង​ធំ នៅ​ស្ថាន​បរម‌សុខ*។ កាល​ពី​ជំនាន់​មុន បុព្វ‌បុរស*​របស់​គេ​ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ព្យាការី​ដូច្នោះ​ដែរ។
24 ចំណែក​ឯ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​មាន​អើយ!
អ្នក​នឹង​ត្រូវ​វេទនា ព្រោះ​អ្នក​រាល់​គ្នា​បាន
ទទួល​ការ​សម្រាល​ទុក្ខ​រួច​ស្រេច​ហើយ។
25 អ្នក​រាល់​គ្នា​ដែល​ឆ្អែត​នៅ​ពេល​នេះ​អើយ!
អ្នក​នឹង​ត្រូវ​វេទនា
ដ្បិត​អ្នក​រាល់​គ្នា​នឹង​ស្រេក​ឃ្លាន​ជា​ពុំ‌ខាន។
អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ត្រេក‌អរ​អើយ!
អ្នក​នឹង​ត្រូវ​វេទនា ព្រោះ​អ្នក​រាល់​គ្នា
នឹង​កាន់​ទុក្ខ ហើយ​យំ​សោក​ជា​ពុំ‌ខាន។
26 អ្នក​រាល់​គ្នា​ដែល​មនុស្ស​ទាំង​អស់
កោត​សរសើរ​អើយ!
អ្នក​ត្រូវ​វេទនា​ហើយ
ព្រោះ​បុព្វ‌បុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្ត
ចំពោះ​ពួក​ព្យាការី​ក្លែង‌ក្លាយ​ដូច្នោះ​ដែរ!»។

សេចក្ដី​ស្រឡាញ់​ចំពោះ​ខ្មាំង​សត្រូវ
(ម៉ាថាយ ៥.៣៨-៤៨ និង​៧.១២)

27 «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្ដាប់​ខ្ញុំ​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន និង​ធ្វើ​អំពើ​ល្អ​ដល់​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា 28 ត្រូវ​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ប្រទេច‌ផ្តាសា​អ្នក​រាល់​គ្នា និង​អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា។ 29 ប្រសិន​បើ​មាន​គេ​ទះ​កំផ្លៀង​អ្នក​ម្ខាង ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ចុះ។ ប្រសិន​បើ​គេ​យក​អាវ​ធំ​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​ក្នុង​ថែម​ទៀត​ទៅ។ 30 បើ​មាន​អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឲ្យ​គេ​ទៅ ហើយ​បើ​គេ​រឹប​អូស​យក​អ្វី​ដែល​ជា​របស់​អ្នក ចូរ​កុំ​ទារ​ពី​គេ​វិញ​ឡើយ។ 31 បើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ 32 បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ 33 ហើយ​បើ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​ល្អ​តែ​ជា​មួយ​មនុស្ស​ណា​ដែល​ធ្វើ​អំពើ​ល្អ​ដល់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ធ្វើ​អំពើ​ល្អ​ដល់​គ្នា​គេ​ដែរ។ 34 បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​សំណង​វិញ តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ឲ្យ​គ្នា​គេ​ខ្ចី ដើម្បី​ទទួល​សំណង​ដូច​ដើម​វិញ​ដែរ។ 35 ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​គេ ព្រម​ទាំង​ឲ្យ​គេ​ខ្ចី ដោយ​កុំ​នឹក​សង្ឃឹម​ចង់​បាន​អ្វី​វិញ​ឲ្យ​សោះ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​កូន​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដ្បិត​ព្រះ‌អង្គ​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​ជន​អកតញ្ញូ និង​ជន​កំណាច​ដែរ។ 36 ចូរ​មាន​ចិត្ត​មេត្តា‌ករុណាដូច​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា»។

កុំ​ថ្កោល‌ទោស​អ្នក​ដទៃ
(ម៉ាថាយ ៧.១-៥)

37 «កុំ​ថ្កោល‌ទោស​អ្នក​ដទៃ​ឲ្យ​សោះ នោះ​ព្រះ‌ជាម្ចាស់​ក៏​មិន​ថ្កោល‌ទោស​អ្នក​រាល់​គ្នា​ដែរ។ កុំ​ផ្ដន្ទា‌ទោស​អ្នក​ដទៃ​ឲ្យ​សោះ នោះ​ព្រះ‌ជាម្ចាស់​ក៏​មិន​ផ្ដន្ទា‌ទោស​អ្នក​រាល់​គ្នា​ដែរ។ ត្រូវ​លើក‌លែង​ទោស​ឲ្យ​អ្នក​ដទៃ នោះ​ព្រះ‌ជាម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ​អ្នក​រាល់​គ្នា។ 38 ចូរ​ធ្វើ​អំណោយ​ដល់​អ្នក​ដទៃ នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​អំណោយ​ដល់​អ្នក​រាល់​គ្នា​ដែរ ព្រះ‌អង្គ​នឹង​ប្រទាន​មក​យ៉ាង​បរិបូណ៌​ហូរ‌ហៀរ។ ព្រះ‌ជាម្ចាស់​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​អ្នក​ដទៃ»។
39 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​ទៅ​គេ​ទៀត​ថា៖ «មនុស្ស​ខ្វាក់​ពុំ​អាច​នាំ​មនុស្ស​ខ្វាក់​ម្នាក់​ទៀត​បាន​ឡើយ។ បើ​ធ្វើ​ដូច្នោះ មុខ​ជា​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​មិន​ខាន។ 40 ពុំ​ដែល​មាន​សិស្ស​ណា​ធំ​ជាង​គ្រូ​ឡើយ ប៉ុន្តែ សិស្ស​ដែល​បាន​ទទួល​ចំណេះ​សព្វ​គ្រប់ អាច​ស្មើ​នឹង​គ្រូ​បាន។ 41 ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​ល្អង​ធូលី​នៅ​ក្នុង​ភ្នែក​របស់​បង‌ប្អូន​អ្នក តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ផ្ទាល់​ដូច្នេះ?។ 42 បើ​អ្នក​មើល​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​មិន​ទាំង​ឃើញ​ផង ម្ដេច​ក៏​ហ៊ាន​និយាយ​ទៅ​បង‌ប្អូន​ថា “ទុក​ឲ្យ​ខ្ញុំ​ផ្ដិត​យក​ល្អង​ធូលី​នេះ​ចេញ​ពី​ភ្នែក​អ្នក?”។ មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ល្មម​នឹង​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​របស់​បង‌ប្អូន​អ្នក​បាន»។

ដើម​ឈើ​ល្អ និង​ដើម​ឈើ​អាក្រក់
(ម៉ាថាយ ៧.១៦-២០ និង​១២.៣៣-៣៥)

43 «ដើម​ឈើ​ល្អមិន​ដែល​ឲ្យ​ផ្លែ​អាក្រក់​ឡើយ ឯ​ដើម​ឈើ​អាក្រក់​វិញ ក៏​មិន​ដែល​ឲ្យ​ផ្លែ​ល្អ​ដែរ 44 ដ្បិត​គេ​ស្គាល់​ដើម​ឈើ​បាន ដោយ‌សារ​ផ្លែ​វា។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ឧទុម្ពរ* ឬ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ពី​គុម្ព​បន្លា​ឡើយ។ 45 មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​អំពើ​ល្អ ព្រោះ​ចិត្ត​របស់​គេ​ល្អ រីឯ​មនុស្ស​អាក្រក់ តែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​ចិត្ត​របស់​គេ​អាក្រក់ ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន»។

មនុស្ស​ពីរ​នាក់​សង់​ផ្ទះ
(ម៉ាថាយ ៧.២៤-២៧)

46 «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា “ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!” តែ​មិន​ប្រព្រឹត្ត​តាម​ពាក្យ​ខ្ញុំ​ដូច្នេះ?។ 47 អ្នក​ដែល​ចូល​មក​រក​ខ្ញុំ ស្ដាប់​ពាក្យ​ខ្ញុំ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​សុំ​បង្ហាញ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា គេ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ប្រភេទ​ណា 48 អ្នក​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ។ គាត់​ជីក​ដី​យ៉ាង​ជ្រៅ ហើយ​ចាក់​គ្រឹះ​លើ​ផ្ទាំង​ថ្ម លុះ​ទឹក​ជំនន់​មក​ដល់ ទោះ​បី​ទឹក​ហូរ​មក​ប៉ះ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ធ្វើ​ឲ្យ​ផ្ទះ​នោះ​រង្គើ​ដែរ ព្រោះ​គាត់​បាន​សង់​យ៉ាង​មាំ។ 49 ចំណែក​ឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ តែ​មិន​ប្រព្រឹត្ត​តាម ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​ដោយ​ពុំ​បាន​ចាក់​គ្រឹះ។ លុះ​ទឹក​ហូរ​មក​បោក​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ខូច​ខាត​ភ្លាម គ្មាន​អ្វី​សល់​ឡើយ»។