ជំពូក ១១
ព្រះយេស៊ូបង្រៀនសាវ័កអំពីរបៀបអធិស្ឋាន*
(ម៉ាថាយ ៦.៩-១៣, ៧.៧-១១)
1 មានមួយថ្ងៃ ព្រះយេស៊ូអធិស្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិស្ឋានរួចហើយ មានសាវ័ក*ម្នាក់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមបង្រៀនយើងខ្ញុំឲ្យចេះអធិស្ឋាន ដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោកនោះផង»។ 2 ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «ពេលអ្នករាល់គ្នាអធិស្ឋាន ត្រូវពោលថាៈ
ឱព្រះបិតាអើយ សូមសម្ដែងព្រះបារមី
ឲ្យមនុស្សលោកស្គាល់ ព្រះនាមព្រះអង្គ
សូមឲ្យព្រះរាជ្យ*ព្រះអង្គបានមកដល់។
3 សូមប្រទានអាហារដែលយើងខ្ញុំត្រូវការ
ជារៀងរាល់ថ្ងៃ។
4 សូមអត់ទោសយើងខ្ញុំឲ្យរួចពីបាប
ដ្បិតយើងខ្ញុំអត់ទោសឲ្យអស់អ្នក
ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្ដោយឲ្យយើងខ្ញុំចាញ់
ការល្បួងឡើយ»។
5 ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើម្នាក់មានមិត្តសម្លាញ់មករកទាំងពាក់កណ្ដាលអធ្រាត្រ ហើយពោលថា “សម្លាញ់អើយ! ឲ្យគ្នាខ្ចីនំបុ័ងបីដុំសិនមក 6 ព្រោះមានមិត្តភក្ដិទើបនឹងធ្វើដំណើរមកដល់ ហើយគ្មានអ្វីទទួលគេសោះ”។ 7 អ្នកនៅក្នុងផ្ទះឆ្លើយមកវិញថា “កុំរំខានគ្នាធ្វើអ្វី គ្នាបានខ្ទាស់ទ្វារទៅហើយ ម្យ៉ាងទៀត កូនចៅគ្នាកំពុងដេកលក់ គ្នាមិនអាចក្រោកទៅយកនំបុ័ងឲ្យសម្លាញ់ឯងបានទេ”។ 8 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ម្ចាស់ផ្ទះប្រាកដជាក្រោកទៅយកនំបុ័ង ព្រមទាំងអ្វីៗដែលមិត្តសម្លាញ់របស់គាត់ត្រូវការមិនខាន។ គាត់ក្រោកទៅយកដូច្នេះ មិនមែនមកពីគាត់យោគយល់មិត្តសម្លាញ់ទេ គឺមកពីមិត្តសម្លាញ់នោះចេះតែរំខានមិនឈប់។ 9 រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះព្រះជាម្ចាស់នឹងប្រទានឲ្យ ចូរស្វែងរក គង់តែនឹងឃើញ ចូរគោះទ្វារ នោះព្រះអង្គនឹងបើកឲ្យអ្នករាល់គ្នាជាពុំខាន 10 ដ្បិតអ្នកណាសូម អ្នកនោះតែងតែទទួល អ្នកណាស្វែងរករមែងតែងតែឃើញ ហើយគេតែងតែបើកទ្វារឲ្យអ្នកដែលគោះ។ 11 ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំត្រី មិនដែលមានឪពុកណាយកពស់អសិរពិសឲ្យវាទេ 12 បើកូនសុំពងមាន់ ក៏មិនដែលមានឪពុកណាយកខ្យាដំរីឲ្យវាដែរ។ 13 សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ក៏ចេះឲ្យរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតាដែលគង់នៅស្ថានបរមសុខ* តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ* ឲ្យអស់អ្នកដែលទូលសូមពីព្រះអង្គយ៉ាងណាទៅទៀត»។
ព្រះយេស៊ូឆ្លើយតបនឹងពួកអ្នកចោទប្រកាន់ព្រះអង្គ
(ម៉ាថាយ ១២.២២-៣០, ៤៣-៤៥ ម៉ាកុស ៣.២០-២៧)
14 ព្រះយេស៊ូកំពុងបណ្ដេញខ្មោចចេញពីមនុស្ស គម្នាក់។ លុះខ្មោចចេញផុតទៅ មនុស្សគនោះនិយាយបាន ហើយមហាជនក៏ស្ងើចសរសើរក្រៃលែង។ 15 ប៉ុន្តែ មានអ្នកខ្លះនិយាយថា៖ «អ្នកនេះដេញខ្មោចបានដូច្នេះ ព្រោះបេលសេប៊ូលជាស្ដេចខ្មោចបានប្រគល់អំណាចឲ្យគាត់»។ 16 មានអ្នកខ្លះទៀតចង់ចាប់កំហុសព្រះអង្គ ក៏សូមឲ្យព្រះអង្គសម្ដែងទីសម្គាល់មួយ បញ្ជាក់ថា ព្រះអង្គបានទទួលអំណាចមកពីព្រះជាម្ចាស់។ 17 ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចជានគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាស ហើយផ្ទះទាំងប៉ុន្មានមុខជារលំសង្កត់លើគ្នាមិនខាន។ 18 យ៉ាងណាមិញ ប្រសិនបើមារសាតាំង*បាក់បែកទាស់ទែងគ្នាឯង ធ្វើម្ដេចនឹងឲ្យរាជ្យរបស់វានៅស្ថិតស្ថេរបាន! ខ្ញុំនិយាយដូច្នេះ ព្រោះអ្នករាល់គ្នាថា ខ្ញុំដេញខ្មោចដោយអំណាចបេលសេប៊ូល។ 19 ប្រសិនបើខ្ញុំដេញខ្មោច ដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញខ្មោច ដោយអំណាចនរណាវិញ?។ ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នា។ 20 ផ្ទុយទៅវិញ បើខ្ញុំដេញខ្មោច ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់ នោះបានសេចក្ដីថា ព្រះរាជ្យ*របស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។ 21 បើមនុស្សណាម្នាក់ខ្លាំងពូកែ មានអាវុធការពារផ្ទះរបស់ខ្លួន ទ្រព្យសម្បត្តិរបស់គេនឹងបានគង់វង្ស។ 22 ប៉ុន្តែ បើមានម្នាក់ទៀតខ្លាំងពូកែជាង មកវាយយកជ័យជម្នះបាន គេនឹងដកហូតគ្រឿងអាវុធ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិពីអ្នកនោះ យកទៅចែកឲ្យអ្នកផ្សេងថែមទៀតផង។ 23 អ្នកណាមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ។ 24 កាលបើខ្មោចចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជម្រកនៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេ នោះវាមុខជានិយាយថា “អញនឹងវិលត្រឡប់ទៅផ្ទះដែលអញទើបនឹងចេញមក”។ 25 លុះទៅដល់ ឃើញផ្ទះនោះបោសស្អាត ហើយតុបតែងល្អ 26 វានឹងចេញទៅបបួលខ្មោចប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវា មកចូលអ្នកនោះ បណ្ដាលឲ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត»។
សុភមង្គលដ៏ពិតប្រាកដ
27 កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលដូច្នេះ មានស្ត្រីម្នាក់បន្លឺសំឡេងចេញពីចំណោមបណ្ដាជន ទូលព្រះអង្គថា៖ «ស្ត្រីដែលបានបង្កើតលោក ព្រមទាំងបានបំបៅលោក ពិតជាមានសុភមង្គល*មែន!»។ 28 ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។
ទីសម្គាល់របស់លោកយ៉ូណាស
(ម៉ាថាយ ១២.៣៨-៤២)
29 ខណៈនោះ មហាជនប្រជុំគ្នាយ៉ាងច្រើនកុះករ ព្រះអង្គមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេង ក្រៅពីទីសម្គាល់របស់ព្យាការី*យ៉ូណាសឡើយ។ 30 លោកយ៉ូណាសបានធ្វើជាទីសម្គាល់ឲ្យអ្នកក្រុងនីនីវេឃើញយ៉ាងណា បុត្រមនុស្សក៏នឹងធ្វើជាទីសម្គាល់ឲ្យមនុស្សជំនាន់នេះឃើញយ៉ាងនោះដែរ។ 31 នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រិយ៍ស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ព្រះបន្ទូលរបស់ស្ដេចសាឡូម៉ូន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសស្ដេចសាឡូម៉ូនទៅទៀត។ 32 នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់ពួកគេផង ព្រោះកាលពីជំនាន់ដើម អ្នកក្រុងនីនីវេបានកែប្រែចិត្តគំនិត នៅពេលឮសេចក្ដីដែលលោកយ៉ូណាសប្រកាស។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសលោកយ៉ូណាសទៅទៀត!»។
ពាក្យប្រស្នាស្ដីអំពីចង្កៀង
(ម៉ាថាយ ៥.១៥, ៦.២២-២៣)
33 «ពុំដែលមាននរណាអុជចង្កៀង យកទៅលាក់ទុក ឬយកធុងគ្របពីលើឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលទៅក្នុងផ្ទះ។ 34 ភ្នែកជាចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកក៏ងងឹតដែរ។ 35 ហេតុនេះ ត្រូវប្រយ័ត្នកុំឲ្យពន្លឺនៅក្នុងខ្លួនអ្នក ត្រឡប់ទៅជាភាពងងឹតឡើយ។ 36 ប្រសិនបើរូបកាយរបស់អ្នកទាំងមូលមានពន្លឺ ឥតងងឹតត្រង់ណាទេនោះ រូបកាយរបស់អ្នកទាំងមូលនឹងភ្លឺចិញ្ចែងចិញ្ចាច ដូចចង្កៀងបំភ្លឺអ្នកដែរ»។
ពុតត្បុតរបស់ពួកបណ្ឌិតខាងវិន័យ និងពួកខាងគណៈផារីស៊ី
(ម៉ាថាយ ២៣.១-៣៦ ម៉ាកុស ១២.២៨-៤០)
37 កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូល មានបុរសម្នាក់ខាងគណៈផារីស៊ី* បានសូមយាងព្រះអង្គទៅសោយព្រះស្ងោយនៅផ្ទះគាត់។ ព្រះអង្គក៏យាងចូលទៅរួមតុជាមួយគាត់។ 38 អ្នកខាងគណៈផារីស៊ីនោះងឿងឆ្ងល់ក្រៃលែង ព្រោះឃើញព្រះយេស៊ូមិនលាងព្រះហស្ដមុនពេលសោយ។
39 ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅគាត់ថា៖ «ពួកផារីស៊ីអើយអ្នករាល់គ្នាសំអាតពែង និងចាន តែផ្នែកខាងក្រៅប៉ុណ្ណោះ ប៉ុន្តែ ផ្នែកខាងក្នុងរបស់អ្នករាល់គ្នាពោរពេញទៅដោយចិត្តកេងប្រវ័ញ្ច និងគំនិតអាក្រក់។ 40 មនុស្សឆោតល្ងង់អើយ! ព្រះជាម្ចាស់បានបង្កើតខាងក្រៅ តើព្រះអង្គមិនបានបង្កើតខាងក្នុងដែរទេឬ? 41 ចូរយកអ្វីៗនៅក្នុងចាន ធ្វើទានដល់ជនក្រីក្រទៅ នោះប្រដាប់ប្រដាទាំងអស់ នឹងបានស្អាតបរិសុទ្ធ* សម្រាប់ឲ្យអ្នករាល់គ្នាប្រើប្រាស់។
42 ពួកផារីស៊ីអើយ អ្នករាល់គ្នានឹងត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរលីងល័ខ និងបន្លែគ្រប់មុខ មួយភាគដប់ មកថ្វាយព្រះជាម្ចាស់ ប៉ុន្តែ អ្នករាល់គ្នាធ្វេសប្រហែសមិនបានប្រព្រឹត្តតាមសេចក្ដីសុចរិត* ហើយមិនបានស្រឡាញ់ព្រះអង្គឡើយ គឺការនេះហើយដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត ឯការដទៃទៀតក៏អ្នករាល់គ្នាមិនត្រូវបំភ្លេចចោលដែរ។
43 ពួកផារីស៊ីអើយ! អ្នករាល់គ្នាត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាចូលចិត្តអង្គុយនៅកន្លែងកិត្តិយសក្នុងសាលាប្រជុំ* ហើយចូលចិត្តឲ្យគេឱនកាយគោរពអ្នករាល់គ្នានៅតាមផ្សារ។ 44 អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរខ្មោច ដែលគេមើលមិនឃើញ ហើយត្រូវគេដើរជាន់ដោយមិនដឹងខ្លួន»។
45 មានបណ្ឌិតខាងវិន័យម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! លោកមានប្រសាសន៍ដូច្នេះ បានសេចក្ដីថាលោកត្មះតិះដៀលយើងខ្ញុំ»។ 46 ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ពួកបណ្ឌិតខាងវិន័យអើយ អ្នករាល់គ្នាក៏នឹងត្រូវវេទនាដែរ ព្រោះអ្នករាល់គ្នាបានបង្កើតវិន័យតឹងរ៉ឹងយកមកផ្ទុកលើមនុស្ស ហើយអ្នករាល់គ្នាមិនជួយគេទេ សូម្បីតែបន្ដិចក៏មិនជួយផង។ 47 អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឲ្យព្យាការី* ដែលបុព្វបុរស*របស់អ្នករាល់គ្នាបានសម្លាប់។ 48 អ្នករាល់គ្នាធ្វើដូច្នេះបញ្ជាក់ថា អ្នករាល់គ្នាសមគំនិតនឹងអំពើដែលបុព្វបុរសរបស់អ្នករាល់គ្នាបានប្រព្រឹត្ត គឺគេបានសម្លាប់ពួកព្យាការី ហើយអ្នករាល់គ្នាបានសង់ផ្នូរ។ 49 ហេតុនេះហើយបានជាព្រះជាម្ចាស់ ប្រកបដោយព្រះប្រាជ្ញាញាណ មានព្រះបន្ទូលថា “យើងនឹងចាត់ព្យាការី* ព្រមទាំងទូតរបស់យើងជាច្រើនឲ្យទៅរកគេ តែគេនឹងសម្លាប់ខ្លះ ព្រមទាំងបៀតបៀនខ្លះទៀតផង”។ 50 ដូច្នេះ មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ពីព្រោះបុព្វបុរសរបស់គេបានសម្លាប់ព្យាការីតាំងតែពីកំណើតពិភពលោកមក 51 គឺចាប់តាំងពីលោកអេបិល រហូតដល់លោកសាការី ដែលត្រូវគេសម្លាប់នៅត្រង់ចន្លោះទីអាសនៈ និងទីសក្ការៈ។ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ព្រោះតែឃាតកម្មទាំងនោះជាមិនខាន។
52 ពួកបណ្ឌិតខាងវិន័យ*អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានបិទទ្វារមាគ៌ា មិនឲ្យគេចូលទៅស្គាល់ព្រះជាម្ចាស់។ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងឃាត់អស់អ្នកដែលចង់ចូល មិនឲ្យគេចូលទៀតផង»។
53 ពេលព្រះយេស៊ូយាងចាកចេញពីទីនោះទៅ ពួកបណ្ឌិតខាងវិន័យ និងពួកខាងគណៈផារីស៊ី នាំគ្នាប្រឆាំងនឹងព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលសួរព្រះអង្គអំពីរឿងផ្សេងៗជាច្រើន 54 ដែលសុទ្ធសឹងតែជាកលល្បិចរកចាប់កំហុសព្រះអង្គ។