ជំពូក ២

កំណើត​ព្រះ‌យេស៊ូ

1 នៅ​គ្រា​នោះ ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ព្រះ‌នាម​អូគូស្ដ មាន​ព្រះ‌រាជ‌បញ្ជា​ឲ្យ​ជំរឿន​ចំនួន​ប្រជាជន​ទាំង​អស់ ក្នុង​ចក្រភព​រ៉ូម៉ាំង​ទាំង​មូល​។ 2 ការ​ជំរឿន​ប្រជាជន​លើក​ដំបូង​នេះបាន​ធ្វើ​ឡើង ក្នុង​អំឡុង​ពេល​ដែល​លោក​គីរី‌ញូសធ្វើ​ជា​ទេសា‌ភិបាល នៅ​ស្រុក​ស៊ីរី។ 3 អ្នក​ស្រុក​ទាំង​អស់​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី តាម​ស្រុក​កំណើត​រៀងៗ​ខ្លួន។ 4 រីឯ​លោក​យ៉ូសែប​ក៏​ចេញ​ដំណើរ​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ឆ្ពោះ​ទៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ជា​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ ព្រោះ​លោក​ជា​ព្រះ‌ញាតិ​វង្ស​នឹង​ព្រះ‌បាទ​ដាវីឌ។ 5 លោក​ទៅ​ចុះ​ឈ្មោះ​ជា​មួយ​នាង​ម៉ារី ជា​គូ​ដណ្ដឹង​ដែល​មាន​ផ្ទៃ​ពោះ។ 6 ពេល​អ្នក​ទាំង​ពីរ​នៅ​ឯ​ភូមិ​បេថ្លេ‌ហិម នាង​ម៉ារី​គ្រប់​ខែ​ហើយ។ 7 នាង​សម្រាល​បាន​បុត្រ​មួយ ជា​បុត្រ​ច្បង។ នាង​រុំ​បុត្រ​នោះ​នឹង​សំពត់ រួច​ដាក់​ឲ្យ​ផ្ទំ​ក្នុង​ស្នូក​សត្វ ដ្បិត​ពុំ​មាន​សល់​កន្លែង​សំណាក់​ក្នុង​ផ្ទះ​សោះ។

ទេវទូត​ប្រកាស​អំពី​កំណើត​ព្រះ‌យេស៊ូ​ប្រាប់​ពួក​គង្វាល

8 ក្នុង​ស្រុក​នោះ ពេល​យប់ មាន​ពួក​គង្វាល​នៅ​មើល​ហ្វូង​សត្វ​របស់​គេ​តាម​វាល​ស្មៅ។ 9 ពេល​នោះ ទេវទូត*​របស់​ព្រះ‌អម្ចាស់​មក​ឈរ​នៅ​ក្បែរ​ពួក​គេ សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​បាន​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​នៅ​ជុំ‌វិញ​គេ នាំ​ឲ្យ​គេ​ភ័យ‌ខ្លាច​យ៉ាង​ខ្លាំង។ 10 ទេវទូត​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នាំ​ដំណឹង‌ល្អ​មួយ​មក​ប្រាប់​អ្នក​រាល់​គ្នា។ ដំណឹង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ដ្រ​ទាំង​មូលមាន​អំណរ​ដ៏​លើស‌លប់។ 11 យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ ព្រះ‌សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ប្រសូត​ហើយ គឺ​ព្រះ‌គ្រីស្ដ​ជា​អម្ចាស់។ 12 នេះ​ជា​សញ្ញា​សម្គាល់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង គឺ​អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​ទារក​មួយ ទើប​នឹង​ប្រសូត រុំ​ដោយ​សំពត់ ផ្ដេក​នៅ​ក្នុង​ស្នូក​សត្វ»។
13 រំពេច​នោះ មាន​ទេវទូត​ច្រើន​កុះ‌ករ ចុះ​ពី​ស្ថាន​បរម‌សុខ*​មក​រួម​ជា​មួយ​ទេវទូត​នោះ ច្រៀង​សរសើរ​ព្រះ‌ជាម្ចាស់​ថា៖ 14 «សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សូម​ឲ្យ​មនុស្ស​លោក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត នៅ​លើ​ផែន‌ដី!»។
15 លុះ​ពួក​ទេវទូត​ត្រឡប់​ទៅ​ស្ថាន​បរម‌សុខ​វិញ​អស់​ទៅ ពួក​គេ​បបួល​គ្នា​ថា៖ «ទៅ! យើង​នាំ​គ្នា​ទៅ​បេថ្លេ‌ហិម មើល​ហេតុ‌ការណ៍​ដែល​កើត​មាន ដូច​ព្រះ‌អម្ចាស់​បាន​សម្ដែង​ឲ្យ​យើង​ដឹង​នោះ​មើល៍»។ 16 ពួក​គេ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ ឃើញ​នាង​ម៉ារីលោក​យ៉ូសែប ព្រម​ទាំង​ព្រះ‌ឱរស​ផ្ទំ​ក្នុង​ស្នូក​សត្វ។ 17 ពេល​ពួក​គង្វាល​ឃើញ​ព្រះ‌ឱរស​ហើយ គេ​ក៏​រៀប‌រាប់​អំពី​សេចក្ដី​ដែល​ទេវទូត​បាន​ប្រាប់​អំពី​ព្រះ‌ឱរស​នេះ។ 18 អស់​អ្នក​ដែល​បាន​ឮ​ពួក​គង្វាល​និយាយ នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ 19 រីឯ​នាង​ម៉ារី​វិញ នាង​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ត ព្រម​ទាំង​ត្រិះ‌រិះ​ពិចារណា​ថែម​ទៀត​ផង។ 20 បន្ទាប់​មក ពួក​គង្វាល​ត្រឡប់​ទៅ​វិញ ទាំង​ច្រៀង​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​ហេតុ‌ការណ៍​ទាំង​អស់ ដែល​គេ​បាន​ឃើញបាន​ឮស្រប​តាម​សេចក្ដី​ដែល​ទេវទូត​បាន​ប្រាប់​គេ ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។
21 ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ដល់​ពេល​កំណត់​ធ្វើ​ពិធី​កាត់​ស្បែក*​ថ្វាយ​ព្រះ‌ឱរស គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូ» ជា​ព្រះ‌នាម​ដែល​ទេវទូត*​បាន​ប្រាប់​នាង​ម៉ារី មុន​ពេល​មាន​ផ្ទៃ​ពោះ។

ពិធី​ថ្វាយ​ព្រះ‌ឱរស​យេស៊ូ​នៅ​ក្នុង​ព្រះ‌វិហារ

22 លុះ​ដល់​ពេល​កំណត់​ដែល​លោក​យ៉ូសែប និង​នាង​ម៉ារី ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយឲ្យ​បាន​បរិសុទ្ធ* តាម​គម្ពីរ‌វិន័យ*​លោក​ម៉ូសេ*​​បាន​ចែង​ទុក អ្នក​ទាំង​ពីរ​ក៏​នាំ​ព្រះ‌ឱរស​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម 23 ដ្បិត​ក្នុង​គម្ពីរ‌វិន័យ​របស់​ព្រះ‌អម្ចាស់​មាន​ចែង​ទុក​មក​ថា៖ «កូន​ប្រុស​ច្បង​ទាំង​អស់ត្រូវ​ទុក​ជា​ចំណែក​ថ្វាយ​ព្រះ‌អម្ចាស់»។ 24 អ្នក​ទាំង​ពីរ​ថ្វាយ​យញ្ញ‌បូជា តាម​គម្ពីរ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ដែល​បាន​ចែង​ទុក​មក “គឺ​ថ្វាយ​លលក​មួយ​គូ ឬ​ព្រាប​ស្ទាវ​ពីរ”​។
25 នៅ​ក្រុង​យេរូ‌សាឡឹម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ជា​មនុស្ស​សុចរិត* គាត់​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ទន្ទឹង​រង់‌ចាំ​ពេល​ព្រះ‌អង្គ​យាង​មក​សម្រាល​ទុក្ខ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល។ ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​សណ្ឋិត​លើ​គាត់ 26 ហើយ​សម្ដែង​ឲ្យ​គាត់​ដឹង​ថាគាត់​មិន​ត្រូវ​ស្លាប់ ដរាប​ណា​មិន​ទាន់​បាន​ឃើញ​ព្រះ‌គ្រីស្ដ* ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​មក​ទេ​នោះ។ 27 ព្រះ‌វិញ្ញាណ​នាំ​លោក​ស៊ីម៉ូន​ចូល​ក្នុង​ព្រះ‌វិហារ*។ ពេល​មាតា‌បិតា​នាំ​ព្រះ‌ឱរស​យេស៊ូ​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ តាម​គម្ពីរ‌វិន័យ* 28 លោក​តា​ស៊ីម៉ូន​ក៏​យក​ព្រះ‌ឱរស​មក​បី រួច​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ថា៖
29 «បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ!
ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សម្រេច​តាម
ព្រះ‌បន្ទូល​សន្យា​ហើយ។
ដូច្នេះ សូម​ឲ្យ​ទូល‌បង្គំ
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
លា​ចាក​លោក​នេះ​ទៅ ដោយ​សុខ‌សាន្ត​ផង​ចុះ
30 ដ្បិត​ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ការ​សង្គ្រោះ
31 ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឲ្យ
ប្រជា‌ជាតិ​ទាំង​អស់
32 គឺ​ជា​ពន្លឺ​ដែល​នាំ​ឲ្យ​មនុស្ស
គ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះ‌អង្គ
និង​ជា​សិរី‌រុង​រឿង​របស់​អ៊ីស្រា‌អែល
ជា​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ»។

ពាក្យ​ទំនាយ​របស់​លោក​ស៊ីម៉ូន

33 មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿង‌ឆ្ងល់​នឹង​សេចក្ដី​ដែល​លោក​តា​ស៊ីម៉ូន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។ 34 លោក​តា​ស៊ីម៉ូន​ជូន​ពរ​អ្នក​ទាំង​ពីរ ហើយ​និយាយ​ទៅ​កាន់​នាង​ម៉ារីជា​មាតា​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ចាត់​បុត្រ​នេះ​មក ដើម្បី​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ច្រើន​នាក់​ដួល ឬ​ងើប​ឡើង​វិញ។ បុត្រ​នេះ​ជា​ទី​សម្គាល់​មួយ​បង្ហាញ​អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌ជាម្ចាស់ តែ​មាន​មនុស្ស​ជា​ច្រើន​នឹង​ជំទាស់​ប្រឆាំង។ 35 បុត្រ​នេះ​ធ្វើ​ឲ្យ​គំនិត​លាក់​កំបាំង​របស់​មនុស្ស​ជា​ច្រើន លេច​ច្បាស់​ឡើង រីឯ​នាង​វិញ នាង​នឹង​ឈឺ​ចុក‌ចាប់​យ៉ាង​ខ្លាំង ដូច​មាន​ដាវ​មួយ​មក​ចាក់​ទម្លុះ​ដួង​ចិត្ត​របស់​នាង»។

ពាក្យ​ទំនាយ​របស់​លោក​យាយ​ហាណ្ណា

36 មាន​ព្យាកា‌រិនី​ម្នាក់​ឈ្មោះ ហាណ្ណា ជា​កូន​របស់​លោក​ផានូ‌អែល ក្នុង​កុល‌សម្ព័ន្ធ*​អស៊ែរ។ គាត់​រៀប‌ការ​បាន​ប្រាំ​ពីរ​ឆ្នាំ ប្ដី​គាត់​ក៏​ទទួល​មរណ‌ភាព​ចោល​ទៅ 37 គាត់​នៅ​មេ‌ម៉ាយ​រហូត ឥឡូវ​នេះ គាត់​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ អាយុ​ប៉ែត‌សិប​បួន​ឆ្នាំ។ គាត់​មិន​ទៅ​ណា​ឆ្ងាយ​ពី​ព្រះ‌វិហារ*​ទេ គាត់​នៅ​គោរព​បម្រើ​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​តម​អាហារ និង​អធិ‌ស្ឋាន*​ផង។ 38 ពេល​នោះ លោក​យាយ​ហាណ្ណា​ក៏​នៅ​ទី​នោះ​ដែរ គាត់​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ រួច​តំណាល​អំពី​ព្រះ‌ឱរស​នោះ ប្រាប់​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជាម្ចាស់​យាង​មក​លោះ​ក្រុង​យេរូ‌សាឡឹម។

ព្រះ‌ឱរស​ត្រឡប់​ទៅ​ភូមិ​ណាសា‌រ៉ែត​វិញ

39 កាល​មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​បាន​បំពេញ​កិច្ច‌ការ​ទាំង​អស់ ស្រប​តាម​គម្ពីរ‌វិន័យ*​របស់​ព្រះ‌អម្ចាស់​សព្វ​គ្រប់​ហើយ គាត់​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ណាសា‌រ៉ែត ជា​ភូមិ​របស់​គាត់​ក្នុង​ស្រុក​កាលី‌ឡេ​វិញ។ 40 ព្រះ‌កុមារ​មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ មាន​កម្លាំង​កាន់​តែ​មាំ‌មួន​ឡើង និង​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ។ ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​ព្រះ‌កុមារ​នេះ​ណាស់។

ព្រះ‌កុមារ​យេស៊ូ​នៅ​ក្នុង​ព្រះ‌វិហារ

41 ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង* មាតា‌បិតា​របស់​ព្រះ‌យេស៊ូ តែង‌តែ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម។ 42 លុះ​ដល់​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្មាយុ​ដប់‌ពីរ​ព្រះ‌វស្សា មាតា‌បិតា​ក៏​នាំ​ព្រះ‌អង្គ​ឡើង​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ តាម​ទំនៀម‌ទម្លាប់។ 43 លុះ​ពិធី​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ អ្នក​ទាំង​ពីរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ រីឯ​ព្រះ‌កុមារ​យេស៊ូ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ឡើយ តែ​មាតា‌បិតា​ពុំ​បាន​ដឹង​ទេ។ 44 គាត់​នឹក​ស្មាន​ថា ព្រះ‌កុមារ​គង់​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​គ្នា។ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​អស់‌រយៈ​ពេល​មួយ​ថ្ងៃ ទើប​គាត់​នាំ​គ្នា​ដើរ​រក​ព្រះ‌កុមារ​ក្នុង​ចំណោម​ញាតិ​មិត្ត​ទាំង​អស់ 45 ប៉ុន្តែ រក​ពុំ​ឃើញ​សោះ គាត់​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដើម្បី​រក​ព្រះ‌អង្គ​នៅ​ទី​នោះ​ទៀត។ 46 បី​ថ្ងៃ​ក្រោយ​មក មាតា‌បិតា​ឃើញ​ព្រះ‌យេស៊ូ​ក្នុង​ព្រះ‌វិហារ* ព្រះ‌អង្គ​គង់​នៅ​កណ្ដាល​ចំណោម​គ្រូ​បណ្ឌិត​ខាង​វិន័យ* កំពុង​តែ​ស្ដាប់​គេ​និយាយ ព្រម​ទាំង​សួរ​សំណួរ​ផ្សេងៗ​ដល់​គេ​ផង។ 47 អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌កុមារ នឹក​ឆ្ងល់​ពី​ព្រះ‌បន្ទូល​ឆ្លើយ‌ឆ្លង​របស់​ព្រះ‌អង្គ ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ។ 48 កាល​មាតា‌បិតា​បាន​ឃើញ​ព្រះ‌កុមារ​ហើយ គាត់​នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ មាតា​សួរ​ថា៖ «កូន​អើយ! ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ឪពុក‌ម្ដាយ​ព្រួយ​ចិត្ត​ណាស់ ខំ​ដើរ​រក​កូន»។ 49 ព្រះ‌កុមារ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​អ្នក​ម្ដាយ​រក​កូន​យ៉ាង​ហ្នឹង? តើ​លោក​ឪពុក​អ្នក​ម្ដាយ​មិន​ជ្រាប​ថា កូន​ត្រូវ​នៅ​ក្នុង​ដំណាក់​ព្រះ‌បិតា​របស់​កូន​ទេ​ឬ?»។ 50 ប៉ុន្តែ មាតា‌បិតា​ពុំ​បាន​យល់​អត្ថ‌ន័យ​នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌កុមារ​ឡើយ។
51 បន្ទាប់​មក ព្រះ‌កុមារ​យេស៊ូ​យាង​ត្រឡប់​ទៅ​ភូមិ​ណាសា‌រ៉ែត​ជា​មួយ​មាតា‌បិតា​វិញ ហើយ​ធ្វើ​តាម​ឱវាទ​របស់​គាត់​ទាំង​ពីរ​នាក់។ មាតា​របស់​ព្រះ‌អង្គ​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​អស់​នោះ​ទុក​ក្នុង​ចិត្ត។ 52 ព្រះ‌យេស៊ូ​មាន​វ័យ​ចម្រើន​ឡើង ហើយ​មាន​ប្រាជ្ញា​កាន់​តែ​វាង‌វៃ ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ជាម្ចាស់ និង​ជា​ទី​គាប់‌ចិត្ត​មនុស្ស​ផង​ទាំង​ពួង។