ជំពូក ១០

ផល​វិបាក​នៃ​អំពើ​លេលា

1 រុយ​ងាប់​ធ្វើ​ឲ្យ​ខូច​ប្រេង​ក្រអូប​របស់​អ្នក​ធ្វើ​ទឹក​អប់​យ៉ាង​ណា អំពើ​លេលា​តែ​បន្តិច​ក៏​អាច​បង្ខូច​ប្រាជ្ញា និង​កិត្តិ‌យស​យ៉ាង​នោះ​ដែរ។ 2 ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​លំអៀង​ទៅ​រក​អ្វីៗ​ដែល​ត្រឹម‌ត្រូវ រីឯ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​វិញ លំអៀង​ទៅ​រក​អ្វីៗ​ដែល​ខុស​ឆ្គង។ 3 ពេល​មនុស្ស​ល្ងី‌ល្ងើ​ដើរ​តាម​ផ្លូវ ការ​វង្វេង​ស្មារតី​របស់​គាត់ បង្ហាញ​ឲ្យ​មនុស្ស‌ម្នា​ទាំង​អស់​ឃើញ​ថា គាត់​ពិត​ជា​ល្ងី‌ល្ងើ​មែន។ 4 ប្រសិន​បើ​ចៅហ្វាយ​នាយ​របស់​អ្នក​ខឹង​នឹង​អ្នក កុំ​បោះ‌បង់​ចោល​មុខ‌ងារ​របស់​អ្នក​ឡើយ ដ្បិត​ការ​ចេះ​ទប់​ចិត្ត​អាច​ចៀស​វាង​កំហុស​ដ៏​ធ្ងន់។
5 ខ្ញុំ​ឃើញ​ការ​អាក្រក់​មួយ​ទៀត​នៅ​លើ​ផែន‌ដី គឺ​មេ​ដឹក​នាំ​ក៏​អាច​ភ្លាត់​ដែរ។ 6 ជួន​កាល​មនុស្ស​ល្ងី‌ល្ងើ​ទទួល​តំណែង​ដ៏​ខ្ពង់‌ខ្ពស់ ហើយ​អ្នក​មាន​ទទួល​តំណែង​តូច‌តាច។ 7 ខ្ញុំ​ធ្លាប់​ឃើញ​ទាសករ​ជិះ​សេះ តែ​មន្ត្រី​ខ្ពង់‌ខ្ពស់​បែរ​ជា​ដើរ​ជើង​ទទេ ដូច​ទាសករ​ទៅ​វិញ។
8 អ្នក​ជីក​រណ្ដៅ​រមែង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ រីឯ​អ្នក​ដែល​ទំលុះ​ជញ្ជាំង រមែង​ត្រូវ​ពស់​ចឹក។ 9 អ្នក​គាស់​ថ្ម​រមែង​ត្រូវ​របួស ហើយ​អ្នក​ពុស​អុស​ក៏​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដែរ។
10 ប្រសិន​បើ​មិន​សំលៀង​ពូថៅ​ដែល​មាន​មុខ​រឹល​ទេ នោះ​ត្រូវ​ប្រើ​កម្លាំង​ជា​ច្រើន។ រីឯ​ប្រាជ្ញា​វិញ​តែង‌តែ​នាំ​ឲ្យ​សម្រេច​ជោគ‌ជ័យ។
11 ប្រសិន​បើ​គ្រូ​អាលម្ពាយ​បណ្តោយ​ឲ្យ​ពស់​ចឹក តើ​ការ​សូត្រ​របៀន​ដាក់​ពស់​នោះ​មាន​ប្រយោជន៍​អ្វី?។
12 ពាក្យ​សម្ដី​របស់​អ្នក​ប្រាជ្ញ​រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពេញ​ចិត្ត តែ​ពាក្យ​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​រមែង​បណ្តាល​ឲ្យ​ខ្លួន​វិនាស។ 13 មុន​ដំបូង​ពាក្យ​សម្ដី​របស់​គេ​គ្រាន់​តែ​ល្ងី‌ល្ងើ​ប៉ុណ្ណោះ លុះ​ដល់​ទី​បំផុត ក៏​ក្លាយ​ទៅ​ជា​ការ​លេលា​ដ៏​អាស្រូវ។ 14 មនុស្ស​ល្ងី‌ល្ងើ​រមែង​និយាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ មនុស្ស​មិន​អាច​ស្គាល់​ពី​អ្វីៗ​ដែល​នឹង​កើត​មាន​ទេ ហើយ​ក៏​គ្មាន​នរណា​ប្រាប់​ឲ្យ​គេ​ដឹង​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​ក្រោយ​ពេល​គេ​ស្លាប់​ដែរ។ 15 កិច្ច‌ការ​របស់​មនុស្ស​ល្ងី‌ល្ងើ​បណ្តាល​ឲ្យ​ខ្លួន​ហត់‌នឿយ សូម្បី​តែ​ផ្លូវ​ចូល​ទៅ​កាន់​ទី‌ក្រុង ក៏​គេ​រក​មិន​ឃើញ​ដែរ។
16 ស្រុក​ណា​មាន​កូន​ក្មេង​សោយ​រាជ្យ ហើយ​មាន​ពួក​មន្ត្រី​គិត​តែ​ពី​ស៊ី​ផឹក​តាំង​ពី​ព្រលឹម ស្រុក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន! 17 រីឯ​ស្រុក​ដែល​មាន​អ្នក​ត្រកូល​ខ្ពស់​សោយ​រាជ្យ ហើយ​មាន​មន្ត្រី​បរិភោគ​តាម​ពេល​កំណត់ គឺ​បរិភោគ​ឲ្យ​មាន​កម្លាំង មិន‌មែន​ឲ្យ​ស្រវឹង​ទេ​នោះ ស្រុក​នោះ​ពិត​ជា​មាន​សុភមង្គល​ពុំ‌ខាន។
18 មនុស្ស​ខ្ជិល​ច្រអូស​មុខ​ជា​ត្រូវ​ដំបូល​ផ្ទះ​បាក់​សង្កត់​លើ ហើយ​មនុស្ស​ខ្ជីខ្ជា​ក៏​ត្រូវ​ភ្លៀង​លិច​ផ្ទះ​ដែរ។
19 គេ​តែង‌តែ​បរិភោគ ដើម្បី​លំហែ​កាយ រីឯ​ស្រា​រមែង​ធ្វើ​ឲ្យ​ជីវិត​បាន​សប្បាយ ហើយ​ប្រាក់​ធ្វើ​ឲ្យ​បំណង​ទាំង​អស់​បាន​សម្រេច។
20 កុំ​ដាក់​បណ្ដាសា​ស្តេច​ឲ្យ​សោះ សូម្បី​តែ​ក្នុង​ចិត្ត​ក៏​កុំ​ដាក់​បណ្ដាសា​ដែរ។ កុំ​ដាក់​បណ្ដាសា​អ្នក​មាន​ឲ្យ​សោះ សូម្បី​តែ​ក្នុង​បន្ទប់​ដេក​ក៏​កុំ​ដាក់​បណ្ដាសា​ដែរ ដ្បិត​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ នឹង​នាំ​យក​ពាក្យ​សម្ដី​របស់​អ្នក​ទៅ​ថ្លែង​ប្រាប់​គេ​ជា​មិន​ខាន។