ជំពូក ៨

បញ្ហា​ជីវិត​ដែល​ដោះ​ស្រាយ​មិន​រួច

1 តើ​នរណា​ដូច​អ្នក​ប្រាជ្ញ តើ​នរណា​អាច​ពន្យល់​ព្រឹត្តិ‌ការណ៍​ផ្សេងៗ​បាន? ប្រាជ្ញា​របស់​មនុស្ស​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​របស់​គេ​ភ្លឺ​ថ្លា ព្រម​ទាំង​បំផ្លាស់‌បំប្រែ​ទឹក​មុខ​ដ៏​មួហ្មង​របស់​គេ​ផង។ 2 ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ស្តេច ដោយ​យល់​ពាក្យ​ដែល​យើង​បាន​សច្ចា​ចំពោះ​ព្រះ‌ជាម្ចាស់​ 3 កុំ​បោះ‌បង់​ចោល​ស្តេច​ឲ្យ​សោះ ហើយ​ក៏​កុំ​តាំង​ចិត្ត​មានះ​ប្រព្រឹត្ត​អំពើ​ដែល​ស្តេច​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ដែរ ដ្បិត​ស្តេច​អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់​តាម​ព្រះ‌រាជ​បំណង។ 4 ស្តេច​មាន​រាជ‌ឱង្ការ​យ៉ាង​ណា​ក្តី ក៏​សុទ្ធ​តែ​មាន​អំណាច។ គ្មាន​នរណា​អាច​សួរ​ស្តេច​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ធ្វើ​ដូច្នេះ” បាន​ឡើយ។ 5 អ្នក​ធ្វើ​តាម​បទ‌បញ្ជា មិន​ដែល​ជួប​នឹង​ទុក្ខ‌ទោស​ឡើយ។ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​តែង‌តែ​ចេះ​សម្គាល់​មើល​កាលៈ‌ទេសៈ និង​ការ​វិនិច្ឆ័យ។ 6 អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រព្រឹត្ត​នឹង​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ នៅ​ពេល​អំពើ​អាក្រក់​របស់​មនុស្ស​កើន​ដល់​កម្រិត។ 7 មនុស្ស​ពុំ​អាច​ដឹង​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល​បាន​ឡើយ គ្មាន​នរណា​ម្នាក់​ប្រាប់​ឲ្យ​គេ​ដឹង​ទេ។ 8 មនុស្ស​គ្មាន​អំណាច​នឹង​ឃាត់​ដង្ហើម​ជីវិត​របស់​ខ្លួន​បាន​ឡើយ ហើយ​ក៏​ពុំ​អាច​ពន្យារ​ថ្ងៃ​ស្លាប់​របស់​ខ្លួន​បាន​ដែរ។ គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​ពី​ការ​តយុទ្ធ​ទេ រីឯ​អំពើ​អាក្រក់​ពុំ​អាច​ជួយ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ឲ្យ​រួច​ជីវិត​បាន​ជា​ដាច់​ខាត។

9 ពេល​ខ្ញុំ​សង្កេត​មើល​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​លើ​ផែន‌ដី ខ្ញុំ​យល់​ឃើញ​ដូច​ត​ទៅ​នេះ: មាន​ពេល​ខ្លះ មនុស្ស​ត្រួត‌ត្រា​លើ​មនុស្ស​ដូច​គ្នា ដែល​ធ្វើ​ឲ្យ​គេ​រង​ទុក្ខ​វេទនា។
10 ខ្ញុំ​បាន​ឃើញ​គេ​បញ្ចុះ​សព​មនុស្ស​អាក្រក់។ អ្នក​ទាំង​នោះ​ធ្លាប់​ចូល​មក​ក្នុង​ទី​សក្ការៈ ប៉ុន្តែ នៅ​ក្នុង​ទី‌ក្រុង អ្នក​ក្រុង​មិន​នឹក​ចាំ​ពី​អំពើ​ដែល​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ឡើយ។ ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ​ដែរ។ 11 មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់​ពុំ​បាន​ទទួល​ទោស​ភ្លាមៗ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​របស់​មនុស្ស​ចេះ​តែ​ជំរុញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។ 12 ទោះ​បី​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​មួយ‌រយ​ដង ហើយ​មាន​អាយុ​យឺន‌យូរ​យ៉ាង​ណា​ក្តី ក៏​ខ្ញុំ​យល់​ឃើញ​ថា មាន​តែ​អស់​អ្នក​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ ដែល​បាន​សេចក្ដី​សុខ ព្រោះ​គេ​គោរព​ព្រះ‌អង្គ។ 13 មនុស្ស​អាក្រក់​មិន​ដែល​បាន​សេចក្ដី​សុខ​ទេ ហើយ​ក៏​គ្មាន​អាយុ​វែង​ដែរ គឺ​មិន​យូរ​ជាង​ស្រមោល​ឡើយ ព្រោះ​គេ​មិន​គោរព​ព្រះ‌ជាម្ចាស់។
14 មាន​ការ​ឥត​ប្រយោជន៍​មួយ​ទៀត នៅ​លើ​ផែន‌ដី គឺ​មនុស្ស​សុចរិត​ទទួល​ផល​វិបាក​ដែល​បម្រុង​ទុក​សម្រាប់​មនុស្ស​ទុច្ចរិត ហើយ​មនុស្ស​ទុច្ចរិត​ទទួល​រង្វាន់​ដែល​បម្រុង​ទុក​សម្រាប់​មនុស្ស​សុចរិត។ ដូច​ខ្ញុំ​បាន​ពោល​រួច​មក​ហើយ​ថា ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ។ 15 ដូច្នេះ ខ្ញុំ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​សប្បាយ ដ្បិត​នៅ​លើ​ផែន‌ដី​នេះ​គ្មាន​អ្វី​ប្រសើរ​សម្រាប់​មនុស្ស ក្រៅ​ពី​ការ​ស៊ី​ផឹក និង​សប្បាយ​រីក‌រាយ​ឡើយ។ គេ​ត្រូវ​តែ​ធ្វើ​ដូច្នេះ ថែម​ពី​លើ​ការ‌ងារ​ដ៏​នឿយ‌ហត់ ដែល​គេ​បំពេញ​ក្នុង​ពេល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​គេ​រស់​នៅ​លើ​ផែន‌ដី​នេះ។ 16 ពេល​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់​អំពី​ប្រាជ្ញា ហើយ​សង្កេត​មើល​ការ​ខ្វល់‌ខ្វាយ​របស់​មនុស្ស​នៅ​លើ​ផែន‌ដី គឺ​គេ​ខ្វល់‌ខ្វាយ​ទាំង​ថ្ងៃ​ទាំង​យប់ ដេក​ពុំ​លក់ 17 នោះ​ខ្ញុំ​ក៏​យល់​ឃើញ​ថា ហេតុ‌ការណ៍​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​ព្រះ‌ជាម្ចាស់។ គ្មាន​នរណា​ម្នាក់​អាច​យល់​ពី​ហេតុ‌ការណ៍ ដែល​កើត​មាន​នៅ​លើ​ផែន‌ដី​នេះ​ឡើយ ទោះ​បី​មនុស្ស​ខិត‌ខំ​ស្វែង​យល់​យ៉ាង​ណា​ក្តី ក៏​គេ​ពុំ​អាច​យល់ សូម្បី​តែ​អ្នក​ប្រាជ្ញ​ដែល​អះ‌អាង​ថា​ខ្លួន​ដឹង ក៏​នៅ​តែ​ពុំ​អាច​យល់​ដែរ។