ជំពូក ៧
1 កេរ្តិ៍ឈ្មោះល្អ
ប្រសើរជាងទឹកអប់ដ៏ក្រអូប
ហើយថ្ងៃស្លាប់ ក៏ប្រសើរជាងថ្ងៃកើតដែរ។
2 ចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ
ប្រសើរជាងចូលទៅក្នុងផ្ទះដែលគេជប់លៀង
ដ្បិតអ្នកដែលនៅរស់ត្រូវចងចាំថា សេចក្ដីស្លាប់
ជាចុងបញ្ចប់របស់មនុស្សគ្រប់ៗរូប។
3 ទុក្ខព្រួយប្រសើរជាងសើចសប្បាយ
ដ្បិតទឹកមុខក្រៀមក្រំអាចបង្កប់នូវ
ចិត្តអរសប្បាយ។
4 មនុស្សមានប្រាជ្ញាតែងចូលចិត្ត
នៅជាមួយអ្នកមានទុក្ខ
រីឯមនុស្សលេលាចូលចិត្តតែកន្លែងណា
ដែលមានការសប្បាយ។
5 ស្ដាប់ពាក្យស្តីបន្ទោសរបស់មនុស្សមានប្រាជ្ញា
ប្រសើរជាងស្ដាប់ពាក្យបញ្ចើចបញ្ចើរបស់
មនុស្សល្ងីល្ងើ។
6 សំណើចរបស់មនុស្សលេលាប្រៀបបីដូចជា
ស្នូរបន្លាដែលឆេះនៅពីក្រោមឆ្នាំង។
ត្រង់នេះក៏ឥតបានការអ្វីដែរ។
7 ពេលណាអ្នកប្រាជ្ញប្រើអំណាច
សង្កត់សង្កិនអ្នកដទៃ
អ្នកប្រាជ្ញនោះក្លាយទៅជាមនុស្សលេលា
ហើយសំណូកក៏រមែងធ្វើឲ្យ
មនុស្សពុករលួយដែរ។
8 បង្ហើយការងារអ្វីមួយ វិសេសជាងចាប់ផ្តើម
ចិត្តអត់ធ្មត់ ក៏វិសេសជាងចិត្តអួតបំប៉ោងដែរ។
9 កុំឆាប់មានចិត្តមួម៉ៅឡើយ
ដ្បិតមានតែមនុស្សលេលាប៉ុណ្ណោះ
ដែលរហ័សមួម៉ៅ។
10 មិនត្រូវពោលថា «ហេតុអ្វីបានជាសម័យបុរាណប្រសើរជាងសព្វថ្ងៃ?» ដ្បិតសំណួរបែបនេះមិនមែនមកពីប្រាជ្ញាទេ។
11 ប្រាជ្ញាមានតម្លៃដូចកេរមត៌ក ហើយតែងតែផ្តល់ផលប្រយោជន៍ឲ្យមនុស្សគ្រប់ៗរូប។ 12 ស្ថិតនៅក្រោមម្លប់ប្រាជ្ញា ក៏ដូចជាស្ថិតនៅក្រោមម្លប់របស់ប្រាក់ដែរ។ គុណប្រយោជន៍នៃចំណេះដឹងមានដូចតទៅ: ប្រាជ្ញាតែងតែផ្តល់អាយុយឺនយូរដល់អ្នកដែលមានប្រាជ្ញា។
13 ចូរសង្កេតមើលកិច្ចការដែលព្រះជាម្ចាស់ធ្វើ។ អ្វីៗដែលព្រះអង្គធ្វើឲ្យកោង នោះគ្មាននរណាអាចពត់ឲ្យត្រង់បានឡើយ។
14 នៅថ្ងៃមានសុភមង្គល ចូរសប្បាយរីករាយ ហើយនៅថ្ងៃមានទុក្ខវេទនា ចូររិះគិតពិចារណា។ ព្រះជាម្ចាស់ធ្វើឲ្យមានសុភមង្គល និងទុក្ខវេទនា ដើម្បីកុំឲ្យមនុស្សដឹងថា អនាគតនឹងទៅជាយ៉ាងណា។
អំពើបាបរបស់មនុស្ស
15 ក្នុងជីវិតដ៏ឥតន័យរបស់ខ្ញុំនេះ ខ្ញុំបានសង្កេតឃើញហេតុការណ៍គ្រប់យ៉ាង។ ខ្ញុំឃើញមនុស្សសុចរិតបាត់បង់ជីវិត ព្រោះតែអំពើសុចរិត ហើយមនុស្សទុច្ចរិតមានអាយុវែងដោយសារអំពើទុច្ចរិតរបស់ខ្លួន។ 16 កុំសុចរិតជ្រុលពេក ហើយក៏កុំបង្ហាញថាខ្លួនមានប្រាជ្ញាជ្រុលពេកដែរ ក្រែងនាំឲ្យខ្លួនវិនាស។ 17 កុំបណ្តោយខ្លួនឲ្យអាក្រក់ហួសហេតុ ហើយក៏កុំលេលាឲ្យសោះ ក្រែងនាំឲ្យខ្លួនអាយុខ្លី។ 18 ត្រូវតែទទួលយកយោបល់ទាំងពីរនេះ ដ្បិតអ្នកដែលកោតខ្លាចព្រះជាម្ចាស់ នៅពេលស្ថានភាពទាំងពីរកើតមាន គេតែងតែមានច្រកចេញជានិច្ច។
19 ប្រាជ្ញារមែងធ្វើឲ្យអ្នកប្រាជ្ញមានកម្លាំង ជាងអភិបាលដប់នាក់នៅក្នុងក្រុងមួយទៅទៀត។ 20 នៅលើផែនដីនេះ គ្មានមនុស្សណាម្នាក់សុចរិតធ្វើតែអំពើល្អ ហើយមិនប្រព្រឹត្តអំពើបាបនោះឡើយ។
21 ហេតុនេះ កុំយកចិត្តទុកដាក់ស្ដាប់ពាក្យសម្ដីទាំងប៉ុន្មាន ដែលមនុស្សម្នានិយាយឡើយ បើមិនដូច្នោះទេ ក្រែងលោអ្នកឮខ្ញុំបម្រើរបស់អ្នកនិយាយអាក្រក់ពីអ្នក។ 22 អ្នកដឹងខ្លួនស្រាប់ហើយថា អ្នកក៏ធ្លាប់និយាយអាក្រក់ពីអ្នកដទៃ ជាច្រើនលើកច្រើនសាដែរ។
23 ខ្ញុំពិនិត្យពិច័យមើលហេតុការណ៍ទាំងនេះដោយប្រើប្រាជ្ញា ហើយខ្ញុំគិតថា ខ្ញុំនឹងមានប្រាជ្ញា តែប្រាជ្ញាស្ថិតនៅឆ្ងាយពីខ្ញុំនៅឡើយ។ 24 អ្វីៗដែលមានសព្វថ្ងៃហាក់ដូចជានៅឆ្ងាយ ហើយជ្រៅបំផុត គ្មាននរណាអាចយល់បានទេ។ 25 ខ្ញុំយកចិត្តទុកដាក់ស្វែងយល់ ខិតខំពិចារណា ព្រមទាំងស្វែងរកប្រាជ្ញា និងវិចារណញ្ញាណ។ ខ្ញុំក៏យល់ថាអំពើអាក្រក់ជាការឆោតល្ងង់ ហើយភាពល្ងីល្ងើជាការលេលាបំផុត។ 26 ខ្ញុំបានឃើញទៀតថា ស្ត្រីៗជាអន្ទាក់ដែលនាំឲ្យខ្លោចផ្សាជាងសេចក្ដីស្លាប់ទៅទៀត។ សេចក្ដីស្រឡាញ់របស់នាងប្រៀបដូចជាសំណាញ់ ហើយដៃរបស់នាងប្រៀបដូចជាចំណង។ អ្នកដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់រមែងគេចផុតពីនាង រីឯអ្នកមានបាបតែងតែធ្លាក់ក្នុងកណ្ដាប់ដៃរបស់នាង។
27 សាស្តាមានរាជឱង្ការទៀតថា៖ ខ្ញុំយល់ឃើញដូចតទៅ: ខ្ញុំបានសង្កេតមើលហេតុការណ៍ទាំងនេះម្ដងមួយៗ ដើម្បីស្វែងរកហេតុផល 28 ប៉ុន្តែ ខ្ញុំរកមិនទាន់ឃើញទេ ហើយខ្ញុំចេះតែស្វែងរកបន្តទៀត។ ក្នុងចំណោមបុរសមួយពាន់នាក់ ខ្ញុំរកបានម្នាក់ដែលគួរគោរព ប៉ុន្តែ ក្នុងចំណោមស្ត្រីទាំងអស់ សូម្បីតែម្នាក់ក៏ខ្ញុំរកពុំបានដែរ។ 29 ខ្ញុំគ្រាន់តែយល់ឃើញថា ព្រះជាម្ចាស់បង្កើតមនុស្សមកឲ្យបានទៀងត្រង់ តែមនុស្សធ្វើឲ្យខ្លួនឯងក្លាយជាស្មុគស្មាញយ៉ាងច្រើនទៅវិញ។