ជំពូក ៦

ខ្ញុំ​សង្កេត​ឃើញ​ការ​វេទនា​មួយ​ទៀត ដែល​រមែង​កើត​មាន​ដល់​មនុស្ស​លោក​នៅ​លើ​ផែន‌ដី។ 2 ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​មនុស្ស​ម្នាក់​មាន​ទ្រព្យ‌សម្បត្តិ ធន‌ធាន និង​កិត្តិ‌យស។ គេ​មិន​ខ្វះ​អ្វី​ឡើយ គឺ​គេ​ទទួល​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​ប្រាថ្នា​ចង់​បាន។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ពុំ​បាន​ទុក​ឲ្យ​គេ​ទាញ​ផល​ប្រយោជន៍​ពី​អ្វីៗ​ដែល​គេ​មាន​នោះ​ឡើយ គឺ​មាន​ម្នាក់​ទៀត​ទទួល​ជំនួស។ ត្រង់​នេះ​ក៏​ឥត​បាន​ការ ហើយ​អាក្រក់​បំផុត។ 3 ឧបមា​ថា​បុរស​ម្នាក់​មាន​កូន​ប្រុស​មួយ‌រយ និង​មាន​អាយុ​យឺន‌យូរ ទោះ‌បី​គាត់​មាន​អាយុ​វែង​ក៏​ដោយ ប្រសិន​បើ​គាត់​មិន​ដែល​មាន​សុភមង្គល ហើយ​គ្មាន​នរណា​បញ្ចុះ​សព​គាត់​ទេ​នោះ ខ្ញុំ​យល់​ថា កូន​រលូត​ប្រសើរ​ជាង​គាត់​ឆ្ងាយ​ណាស់។ 4 កូន​រលូត​នោះ​កកើត​មក ដោយ​ឥត​បាន​ការ ហើយ​បាត់​សូន្យ​ទៅ​វិញ ក្នុង​ទី​ងងឹត គ្មាន​នរណា​នឹក​នា​ដល់​វា​ទេ។ 5 វា​មិន​ដែល​បាន​ឃើញ ក៏​មិន​ដែល​ស្គាល់​ពន្លឺ​ព្រះ‌អាទិត្យ​ដែរ ប៉ុន្តែ វា​បាន​សុខ​ជាង​អ្នក​មាន​អាយុ​វែង​ទៅ​ទៀត។ 6 ប្រសិន​បើ​មនុស្ស​មិន​ជួប​នឹង​សុភមង្គល​ទេ ទោះ‌បី​គេ​រស់​បាន​ពីរ‌ពាន់​ឆ្នាំ​ក្តី ក៏​ឥត​បាន​ការ​អ្វី​ដែរ ព្រោះ​មនុស្ស​ទាំង​អស់​ឈាន​ទៅ​រក​ចុង​បញ្ចប់​ដូច​គ្នា។
7 កិច្ច‌ការ​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ខំ​ប្រឹង‌ប្រែង​ធ្វើ បាន​ត្រឹម​តែ​ចម្អែត​ក្រពះ​ប៉ុណ្ណោះ តែ​ពុំ​អាច​ធ្វើ​ឲ្យ​គេ​ស្កប់​ចិត្ត​ឡើយ។ 8 តើ​មនុស្ស​មាន​ប្រាជ្ញា​ទទួល​បាន​អ្វី​លើស​មនុស្ស​លេលា? រីឯ​អ្នក​ក្រ​ដែល​ខំ​តស៊ូ​ក្នុង​ជីវិត​នោះ តើ​បាន​ប្រយោជន៍​អ្វី​ដែរ? 9 អ្វីៗ​ដែល​យើង​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នោះ ប្រសើរ​ជាង​ចិត្ត​ស្រមើ‌ស្រមៃ។ សូម្បី​តែ​ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។

យោបល់​របស់​ប្រាជ្ញា

10 អ្វីៗ​ដែល​មាន​នៅ​ក្នុង​លោក​នេះ សុទ្ធ​តែ​មាន​ឈ្មោះ​របស់​ខ្លួន​ស្រេច​ទៅ​ហើយ ហើយ​យើង​ក៏​ដឹង​ថា អ្វី​ទៅ​ដែល​ហៅ​ថា​មនុស្ស។ មនុស្ស​ពុំ​អាច​ជជែក​តវ៉ា​នឹង​អ្នក​ដែល​ខ្លាំង​ពូកែ​ជាង​ខ្លួន​ឡើយ។ 11 យើង​និយាយ​កាន់​តែ​ច្រើន​យ៉ាង​ណា ពាក្យ​សម្ដី​របស់​យើង​រឹត​តែ​ឥត​បាន​ការ​យ៉ាង​នោះ​ដែរ ហើយ​យើង​ពុំ​អាច​ទាញ​ផល​ប្រយោជន៍​អ្វី​ឡើយ។ 12 ជីវិត​របស់​មនុស្ស​ប្រៀប​បាន​នឹង​ស្រមោល។ គ្មាន​នរណា​អាច​ដឹង​ថា ខ្លួន​ត្រូវ​ធ្វើ​ការ​អ្វី​ដែល​ប្រសើរ​ជាង​គេ នៅ​ពេល​ដែល​ខ្លួន​រស់​នៅ​ក្នុង​ជីវិត​ដ៏​ខ្លី ហើយ​ឥត​ន័យ​នេះ​ឡើយ។ គ្មាន​នរណា​អាច​ថ្លែង​ប្រាប់​មនុស្ស​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន​នៅ​លើ​ផែន‌ដី ក្រោយ​ពេល​គេ​ស្លាប់​ផុត​ទៅ​ហើយ​នោះ​ដែរ។