ជំពូក ៨
អំពីការរៃប្រាក់
1 បងប្អូនអើយ យើងសូមជម្រាបបងប្អូនឲ្យដឹងថា ព្រះជាម្ចាស់បានប្រណីសន្ដោសព្រះសហគមន៍*នានា នៅស្រុកម៉ាសេដូន 2 គឺទោះបីបងប្អូនទាំងនោះកំពុងជួបប្រទះទុក្ខវេទនាជាច្រើនយ៉ាងណាក្តី ក៏គេមានអំណរខ្លាំងក្រៃលែង ហើយទោះបីគេក្រតោកយ៉ាកយ៉ាងណាក្តី ក៏គេនៅតែមានចិត្តសទ្ធាជ្រះថ្លាដ៏លើសលប់ដែរ។ 3 បងប្អូនទាំងនោះបានចូលប្រាក់តាមសមត្ថភាពរបស់ខ្លួន ហើយខ្ញុំសូមបញ្ជាក់ថា គេធ្វើលើសពីសមត្ថភាព និងដោយស្ម័គ្រអស់ពីចិត្តទៀតផង។ 4 ពួកគេបានទទូចសុំយើង មេត្តាអនុញ្ញាតឲ្យគេចូលរួមបម្រើការងារនេះ គឺផ្ញើប្រាក់ទៅជួយប្រជាជនដ៏វិសុទ្ធ។ 5 គេធ្វើដូច្នេះ លើសពីសេចក្ដីសង្ឃឹមរបស់យើងទៅទៀត គឺមុនដំបូង គេថ្វាយខ្លួនទៅព្រះអម្ចាស់ បន្ទាប់មក គេក៏ដាក់ខ្លួនបម្រើយើង ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ 6 ហេតុនេះហើយបានជាយើងអង្វរលោកទីតុស ឲ្យមកបង្ហើយការប្រមូលតង្វាយនេះពីបងប្អូន ដូចគាត់បានចាប់ផ្ដើមរួចមកហើយ។ 7 បងប្អូនបានចម្រើនឡើងយ៉ាងបរិបូណ៌គ្រប់វិស័យទាំងអស់ គឺមានជំនឿ មានសំនួនវោហារ មានចំណេះ មានចិត្តខ្នះខ្នែងគ្រប់យ៉ាង ព្រមទាំងមានចិត្តស្រឡាញ់យើងផង។ ហេតុនេះ ចំពោះការប្រមូលតង្វាយ ចូរចម្រើនឡើងយ៉ាងបរិបូណ៌ដូច្នោះដែរ។ 8 ខ្ញុំនិយាយបែបនេះ មិនមែនបញ្ជាបងប្អូនទេ គឺខ្ញុំគ្រាន់តែចង់ស្ទង់មើលចិត្តស្រឡាញ់ដ៏ស្មោះរបស់បងប្អូន ដោយនិយាយអំពីការខ្នះខ្នែងរបស់អ្នកឯទៀតៗប៉ុណ្ណោះ 9 ដ្បិតបងប្អូនស្គាល់ព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ត*ស្រាប់ហើយ គឺព្រះអង្គមានសម្បត្តិដ៏ច្រើន ព្រះអង្គបានដាក់ខ្លួនមកជាអ្នកក្រ ព្រោះតែបងប្អូន ដើម្បីឲ្យបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។
10 ត្រង់នេះ ខ្ញុំគ្រាន់តែជូនយោបល់បងប្អូនប៉ុណ្ណោះ។ គួរគប្បីបង្ហើយកិច្ចការដែលបងប្អូនបានចាប់ផ្ដើមធ្វើតាំងពីឆ្នាំទៅ។ បងប្អូនមិនត្រឹមតែបានចាប់ផ្ដើមធ្វើមុនគេប៉ុណ្ណោះទេ គឺថែមទាំងបានផ្ដើមគំនិតទៀតផង។ 11 ដូច្នេះ សូមបងប្អូនបង្ហើយការនេះឥឡូវចុះ។ បងប្អូនមានឆន្ទៈផ្ដើមគំនិតនេះយ៉ាងណា ត្រូវធ្វើឲ្យបានសម្រេចជាស្ថាពរតាមសមត្ថភាព ដែលបងប្អូនមានយ៉ាងនោះដែរ។ 12 កាលណាយើងមានឆន្ទៈល្អ យើងនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមអ្វីៗដែលយើងមាន គឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេ។ 13 ប៉ុន្តែ មិនត្រូវឲ្យបងប្អូនជួយអ្នកដទៃរហូតដល់ខ្លួនឯងខ្វះខាតនោះឡើយ គឺគ្រាន់តែធ្វើឲ្យមានស្មើៗគ្នាប៉ុណ្ណោះ។ 14 ក្នុងកាលៈទេសៈសព្វថ្ងៃ អ្វីៗដែលបងប្អូនមានលើសពីសេចក្ដីត្រូវការ បងប្អូនយកទៅផ្គត់ផ្គង់អស់អ្នកដែលខ្វះខាត លុះដល់ថ្ងៃមួយ ពេលបងប្អូនខ្វះខាត គេនឹងយកអ្វីៗដែលគេមានលើសពីសេចក្ដីត្រូវការ មកផ្គត់ផ្គង់បងប្អូនវិញ។ ធ្វើដូច្នេះ ទើបមានស្មើៗគ្នា 15 ដូចមានសេចក្ដីចែងទុកមកថាៈ «អ្នកប្រមូលបានច្រើន ក៏មិនមានច្រើនជ្រុល រីឯអ្នកដែលប្រមូលបានបន្ដិចបន្តួចក៏មិនខ្វះខាតអ្វីដែរ»។
លោកទីតុស និងសហការីរបស់លោក
16 សូមអរព្រះគុណព្រះជាម្ចាស់ ដែលបានប្រោសប្រទានឲ្យលោកទីតុសមានចិត្តខ្នះខ្នែងចង់ជួយបងប្អូនដូចយើងដែរ 17 ដ្បិតគាត់បានយល់ព្រមធ្វើតាមសំណូមពររបស់យើង ហើយលើសពីនេះ គាត់ក៏មានចិត្តខ្នះខ្នែងសម្រេចចិត្តដោយខ្លួនឯងធ្វើដំណើរមករកបងប្អូន។ 18 យើងបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយគាត់ គឺបងប្អូនម្នាក់ដែលព្រះសហគមន៍*ទាំងអស់កោតសរសើរ ក្នុងការផ្សព្វផ្សាយដំណឹងល្អ*។ 19 មិនតែប៉ុណ្ណោះសោត ព្រះសហគមន៍បានជ្រើសរើសគាត់ឲ្យរួមដំណើរជាមួយយើង ក្នុងមុខងារប្រមូលតង្វាយនេះ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ និងដើម្បីសម្ដែងឆន្ទៈល្អរបស់យើងដែរ។
20 យើងចង់ចៀសវាងមិនឲ្យគេរិះគន់យើង អំពីរបៀបចាត់ចែងប្រាក់ ដែលរៃបានដ៏ច្រើននេះឡើយ 21 ដ្បិតយើងចង់ធ្វើការល្អ មិនត្រឹមតែនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ប៉ុណ្ណោះទេ គឺថែមទាំងនៅចំពោះមុខមនុស្សទាំងអស់ទៀតផង។ 22 យើងបានចាត់បងប្អូនយើងម្នាក់ទៀតឲ្យមកជាមួយអ្នកទាំងពីរ។ យើងធ្លាប់ល្បងលមើលចិត្តគាត់ជាច្រើនលើកច្រើនសា ហើយឃើញថាគាត់ ពិតជាមានចិត្តខ្នះខ្នែងមែន។ លើកនេះ គាត់បានបង្ហាញនូវទឹកចិត្តខ្នះខ្នែងជាងមុនទៅទៀត ព្រោះគាត់ទុកចិត្តបងប្អូនខ្លាំងណាស់។ 23 ចំពោះលោកទីតុស គាត់ជាសហការីរបស់ខ្ញុំ ហើយគាត់ធ្វើការរួមជាមួយខ្ញុំ ដើម្បីបម្រើបងប្អូន។ រីឯបងប្អូនពីរនាក់ទៀតជាតំណាងរបស់ព្រះសហគមន៍ និងជាសិរីរុងរឿងរបស់ព្រះគ្រីស្ត។ 24 ដូច្នេះ សូមបងប្អូន សម្ដែងឲ្យព្រះសហគមន៍នានាឃើញថា បងប្អូនស្រឡាញ់គេពិតមែន និងឃើញថា សេចក្ដីដែលយើងនិយាយសរសើរពីបងប្អូនប្រាប់គេនោះ ពិតជាត្រឹមត្រូវមែន។