ជំពូក ១១

លោក​ប៉ូល និង​គ្រីស្តទូត​ក្លែង‌ក្លាយ

1 សូម​បង‌ប្អូន​អត់‌ឱន​ឲ្យ​ខ្ញុំ​ផង ពេល​នេះ ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា សូម​អត់‌ឱន​ឲ្យ​ខ្ញុំ​ផង! 2 ព្រោះ​ខ្ញុំ​ប្រច័ណ្ឌ​បង‌ប្អូន ដោយ​ចិត្ត​ប្រច័ណ្ឌ​មក​ពី​ព្រះ‌ជាម្ចាស់ ដ្បិត​ខ្ញុំ​បាន​ដណ្ដឹង​បង‌ប្អូន ឲ្យ​ធ្វើ​ជា​គូ​ដណ្ដឹង នឹង​ស្វាមី​តែ​មួយ​គត់ គឺ​ខ្ញុំ​នាំ​បង‌ប្អូន​មក ដូច​ជា​នាំ​ក្រមុំ​ព្រហ្មចារីយក​ទៅ​ថ្វាយ​ព្រះ‌គ្រីស្ត*។ 3 ប៉ុន្តែ ខ្ញុំ​ក៏​បារម្ភ​ថា ពស់​បាន​ល្បួង​នាង​អេវ៉ា ដោយ​កល‌ល្បិច​របស់​វា​យ៉ាង​ណា ចិត្ត​គំនិត​របស់​បង‌ប្អូន​បែរ​ទៅ​ជា​សៅ‌ហ្មង លះ‌បង់​ចិត្ត​ស្មោះ‌សរ និង​ចិត្ត​បរិសុទ្ធ* ចំពោះ​ព្រះ‌គ្រីស្ត​យ៉ាង​នោះ​ដែរ 4 ព្រោះ​ថា​ពេល​មាន​នរណា​ម្នាក់មក​ប្រកាស​អំពី​ព្រះ‌យេស៊ូ​ណា​មួយ​ផ្សេង​ទៀត ក្រៅ​ពី​ព្រះ‌យេស៊ូ​ដែល​យើង​ប្រកាស​នោះ ឬ​មួយ​បើ​បង‌ប្អូន​ទទួល​វិញ្ញាណ​ណា​ផ្សេង ក្រៅ​ពី​ព្រះ‌វិញ្ញាណ​ដែល​បង‌ប្អូន​បាន​ទទួល​ហើយ ឬ​ក៏​ដំណឹង‌ល្អ*​ណា​មួយ​ទៀត ក្រៅ​ពី​ដំណឹង‌ល្អ​ដែល​បង‌ប្អូន​បាន​ទទួល​នោះ បង‌ប្អូន​ចេះ​តែ​អត់‌ឱន​ឲ្យ​គេ​យ៉ាង​ស្រួលៗ។
5 ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​មិន​មែន​អន់​ជាង​អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​មហា​គ្រីស្តទូត​ទាំង​នោះ ត្រង់​កន្លែង​ណា​មួយ​ឡើយ 6 ថ្វី‌ដ្បិត​តែ​ខ្ញុំ​មិន​សូវ​មាន​វោហារ​ក៏​ដោយ ផ្នែក​ខាង​ចំណេះ ខ្ញុំ​ក៏​មិន​អន់​ដែរ ដូច​យើង​ធ្លាប់​បាន​បង្ហាញ​ឲ្យ​បង‌ប្អូន​ឃើញ​ក្នុង​គ្រប់​វិស័យ និង​គ្រប់​ពេល​វេលា​ស្រាប់​ហើយ។

7 ពេល​ខ្ញុំ​ប្រកាស​ដំណឹង‌ល្អ*របស់​ព្រះ‌ជាម្ចាស់ ប្រាប់​បង‌ប្អូន​ដោយ​ឥត​គិត​ថ្លៃ​នោះ ខ្ញុំ​បាន​បន្ទាប​ខ្លួន ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ថ្កើង​ឡើង។ តើ​ខ្ញុំ​ធ្វើ​ដូច្នេះ បាន​សេចក្ដី​ថា ខ្ញុំ​ធ្វើ​ខុស​ឬ?។ 8 ខ្ញុំ​បាន​ទទួល​ប្រាក់​ពី​ព្រះ‌សហគមន៍*​ឯ​ទៀតៗ ធ្វើ​ឲ្យ​គេ​ខ្វះ‌ខាត​ខ្លះៗ ដើម្បី​បម្រើ​បង‌ប្អូន។ 9 ពេល​ខ្ញុំ​នៅ​ជា​មួយ​បង‌ប្អូន បើ​ខ្ញុំ​ខ្វះ​ខាត​អ្វីៗ ខ្ញុំ​ពុំ​បាន​ធ្វើ​ជា​បន្ទុក​ដល់​នរណា​ម្នាក់​ឡើយ ដ្បិត​បង‌ប្អូន​មក​ពី​ស្រុក​ម៉ាសេ‌ដូន​បាន​ជួយ​ផ្គត់‌ផ្គង់នូវ​អ្វីៗ ដែល​ខ្ញុំ​ត្រូវ​ការ។ ក្នុង​គ្រប់​កិច្ច‌ការ ខ្ញុំ​បាន​ចៀស‌វាង​កុំ​ឲ្យ​ខ្លួន​ខ្ញុំ​ទៅ​ជា​បន្ទុក​ដល់​បង‌ប្អូន ហើយ​ខ្ញុំ​នឹង​ចៀស‌វាង​ត​ទៅ​មុខ​ទៀត។ 10 ខ្ញុំ​សូម​បញ្ជាក់ដោយ​មាន​សេចក្ដី​ពិត​របស់​ព្រះ‌គ្រីស្ត​នៅ​ក្នុង​ខ្លួន​ថា ក្នុង​ស្រុក​អាខៃ​ទាំង​មូល គ្មាន​នរណា​អាច​បង្អាប់​កិត្តិយស​ខ្ញុំ​ត្រង់​ចំណុច​នេះ​ឡើយ។ 11 ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ធ្វើ​ដូច្នេះ? តើ​មក​ពី​ខ្ញុំ​មិន​ស្រឡាញ់​បង‌ប្អូន​ឬ? ទេ! ព្រះ‌ជាម្ចាស់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បង‌ប្អូន។

12 ការ​ដែល​ខ្ញុំ​ធ្វើ​នេះ ខ្ញុំ​នឹង​ធ្វើ​ត​ទៅ​មុខ​ទៀត ដើម្បី​កុំ​ឲ្យ​អស់​អ្នក​ដែល​ចង់​រក​លេស​នឹង​អួត​ខ្លួន ដោយ​ពោល​ថា គេ​ធ្វើ​ការ​ដូច​យើង​ដែរ​នោះ អាច​រក​លេស​បាន​សោះ​ឡើយ។ 13 ជន​ប្រភេទ​នោះសុទ្ធ​តែ​ជា​គ្រីស្តទូត​ក្លែង‌ក្លាយ អ្នក​បន្លំ​ធ្វើ​ការ អ្នក​ក្លែង​ខ្លួន​ធ្វើ​ជា​គ្រីស្តទូត​របស់​ព្រះ‌គ្រីស្ត*។ 14 ត្រង់​នេះ សូម​កុំ​ឆ្ងល់​អ្វី​ឡើយ សូម្បី​តែ​មារ*​សាតាំង​ផ្ទាល់ក៏​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវទូត​នៃ​ពន្លឺ​ដែរ។ 15 ដូច្នេះ បើ​ពួក​អ្នក​បម្រើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​សេចក្ដី​សុចរិត​នោះ គ្មាន​អ្វី​ចម្លែក​សោះ​ឡើយ។ អ្នក​ទាំង​នោះ​នឹង​វិនាស ស្រប​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ជា​មិន​ខាន។

ទុក្ខ​លំបាក​របស់​លោក​ប៉ូល​ក្នុង​ការ​បំពេញ​មុខ‌ងារ​ជា​គ្រីស្តទូត

16 ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ទៀត​ថា កុំ​ឲ្យ​នរណា​ម្នាក់​យល់​ថា​ខ្ញុំ​ជា​មនុស្ស​លេលា​ឡើយ ឬ​មួយ​ទុក​ឲ្យ​ខ្ញុំ​លេលា​ទៅ​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​អាច​អួត​ខ្លួន​បន្ដិច​ដែរ។ 17 សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ខ្ញុំ​មិន​និយាយ​ស្រប​តាម​ព្រះ‌អម្ចាស់​ទេ គឺ​ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា​វិញ​ដោយ​យល់​ឃើញ​ថា ខ្ញុំ​មាន​ហេតុ​នឹង​អួត​ខ្លួន​ប្រាកដ​មែន។ 18 ដោយ​មាន​មនុស្ស​ជា​ច្រើន​លើក​ខ្លួន​តាម​របៀប​លោកីយ៍ នោះ​ខ្ញុំ​ក៏​អាច​នឹង​លើក​ខ្លួន​ឯង​តាម​របៀប​លោកីយ៍​ដែរ! 19 បង‌ប្អូន​ជា​មនុស្ស​ដឹង​ខុស​ត្រូវ តែ​បង‌ប្អូន​ចេះ​ទ្រាំ‌ទ្រ​នឹង​មនុស្ស​លេលា​បាន 20 គឺ​ទ្រាំ‌ទ្រ​ឲ្យ​គេ​ជិះ‌ជាន់ កេង‌ប្រវ័ញ្ច រឹប​អូស​យក​របស់​ទ្រព្យ ប្រមាថ​មាក់‌ងាយ និង​ឲ្យ​គេ​ទះ​កំផ្លៀង​ផង។ 21 ខ្ញុំ​សូម​ជម្រាប​ថា គួរ​ឲ្យ​ខ្មាស​ណាស់! យើង​ហាក់​បី​ដូច​ជា​ទន់​ខ្សោយ​ពេក។

ប៉ុន្តែ បើ​គេ​ហ៊ាន​អះ‌អាង​ត្រង់​ចំណុច​ណា​មួយ (ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា​មែន) ខ្ញុំ​ក៏​ហ៊ាន​ត្រង់​ចំណុច​នោះ​ដូច​គេ​ដែរ។ 22 អ្នក​ទាំង​នោះ​ជា​សាសន៍​ហេប្រឺ​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​ហេប្រឺ​ដែរ! អ្នក​ទាំង​នោះ​ជា​សាសន៍​អ៊ីស្រា‌អែល​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​អ៊ីស្រា‌អែល​ដែរ! អ្នក​ទាំង​នោះ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​ឬ? ខ្ញុំ​ក៏​ជា​ពូជ‌ពង្ស​របស់​លោក​ដែរ! 23 អ្នក​ទាំង​នោះ​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ត*​ឬ? ខ្ញុំ​សូម​និយាយ​ដូច​ជា​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង​ទៅ​ចុះ​ថា ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​លើស​អ្នក​ទាំង​នោះ​ទៅ​ទៀត។ ខ្ញុំ​ធ្វើ​ការ​នឿយ‌ហត់​ច្រើន​ជាង​អ្នក​ទាំង​នោះ ខ្ញុំ​បាន​ជាប់​ឃុំ‌ឃាំង​ច្រើន​ជាង ខ្ញុំ​ត្រូវ​គេ​វាយ‌ដំ​ច្រើន​ជាង​ហួស​ប្រមាណ ហើយ​ខ្ញុំ​ក៏​មាន​គ្រោះ​ថ្នាក់​ជិត​ស្លាប់​ជា​ញឹក‌ញាប់​ដែរ។ 24 ខ្ញុំ​ត្រូវ​ជន​ជាតិ​យូដា​វាយ​សាម‌សិប​ប្រាំ​បួន​រំពាត់​ចំនួន​ប្រាំ​ដង។ 25 គេ​វាយ​ខ្ញុំ​នឹង​ដំបង​ចំនួន​បី​លើក គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​ខ្ញុំ​ម្ដង ខ្ញុំ​ត្រូវ​លិច​សំពៅ​បី​ដង ហើយ​មាន​ម្ដង​ខ្ញុំ​អណ្ដែត​នៅ​ក្នុង​សមុទ្រ​មួយ​ថ្ងៃ​មួយ​យប់។ 26 ពេល​ខ្ញុំ​ធ្វើ​ដំណើរ ខ្ញុំ​តែង‌តែ​ជួប​ប្រទះ​គ្រោះ​ថ្នាក់​ជា​ញឹក‌ញាប់​នៅ​តាម​ទន្លេ គ្រោះ​ថ្នាក់​ដោយ​ចោរ​ប្លន់ គ្រោះ​ថ្នាក់​មក​ពី​ជន​រួម​ជាតិ​របស់​ខ្ញុំ គ្រោះ​ថ្នាក់​មក​ពី​សាសន៍​ដទៃ គ្រោះ​ថ្នាក់​ក្នុង​ទីក្រុង គ្រោះ​ថ្នាក់​នៅ​វាល​រហោ‌ស្ថាន គ្រោះ​ថ្នាក់​នៅ​ក្នុង​សមុទ្រ គ្រោះ​ថ្នាក់ ព្រោះ​តែ​ពួក​បង‌ប្អូន​ក្លែង‌ក្លាយ។ 27 ខ្ញុំ​បាន​ធ្វើ​ការ​ទាំង​នឿយ​លំបាក និង​ត្រូវ​អត់​ងងុយ អត់​បាយ​អត់​ទឹក​ជា​ញឹក​ញាប់។ ខ្ញុំ​ត្រូវ​តម​អាហារ ត្រូវ​រងា និង​ខ្វះ​ខាត​សម្លៀក‌បំពាក់​ជា​ញឹក​ញាប់។ 28 លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ខ្វល់‌ខ្វាយ​រៀង​រាល់​ថ្ងៃ ដោយ​គិត​ដល់​ព្រះ‌សហគមន៍​ទាំង​អស់​ផង​ដែរ! 29 ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ទន់​ខ្សោយ ខ្ញុំ​ក៏​ទន់​ខ្សោយ​ដែរ ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឃ្លាត​ចេញ​ពី​ជំនឿ ខ្ញុំ​ឈឺ​ចុក​ចាប់​ណាស់! 30 ប្រសិន​បើ​ខ្ញុំ​ត្រូវ​អួត​ខ្លួន នោះ​ខ្ញុំ​នឹង​អួត​តែ​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ 31 ព្រះ‌ជាម្ចាស់​ដែល​ជា​ព្រះ‌បិតា​របស់​ព្រះ‌អម្ចាស់‌យេស៊ូ ព្រះ‌អង្គ​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​មិន​និយាយ​កុហក​ទេ (សូម​លើក​តម្កើង​ព្រះ‌អង្គ​អស់​កល្ប‌ជានិច្ច!)។ 32 កាល​ខ្ញុំ​នៅ​ក្រុង​ដាម៉ាស លោក​អភិបាល​របស់​ស្ដេច​អរេតាស បាន​ដាក់​ទាហាន​ឲ្យ​យាម​ទ្វារ​ក្រុង ដើម្បី​ចាំ​ចាប់​ខ្ញុំ 33 ប៉ុន្តែ គេ​បាន​ដាក់​ខ្ញុំ​ក្នុង​ជាល​មួយ​សម្រូត​ចុះ​តាម​បង្អួច​កំពែង ហើយ​ខ្ញុំ​បាន​គេច​ផុត​ពី​កណ្ដាប់​ដៃ​លោក​។