ជំពូក ១៣
ការរំឭកដាស់តឿន និងការសួរសុខទុក្ខរបស់លោកប៉ូល
1 នេះជាលើកទីបីហើយ ដែលខ្ញុំមករកបងប្អូន។ ត្រូវសម្រួលរឿងទាំងអស់ ដោយមានសាក្សីពីរ ឬបីនាក់។ 2 កាលខ្ញុំនៅជាមួយបងប្អូនជាលើកទីពីរ ខ្ញុំបាននិយាយសេចក្ដីនេះរួចស្រេចហើយ ហើយឥឡូវនេះ ពេលដែលខ្ញុំនៅឆ្ងាយ ខ្ញុំសូមជម្រាបអស់អ្នកដែលបានប្រព្រឹត្តអំពើបាបកាលពីមុន និងសូមជម្រាបអ្នកឯទៀតៗទាំងអស់ ឲ្យបានដឹងជាមុនថា បើខ្ញុំវិលមករកបងប្អូនវិញនោះ ខ្ញុំនឹងមិនប្រណីអ្នកណាម្នាក់ឡើយ 3 ដ្បិតបងប្អូនចង់បានភស្តុតាងថា ព្រះគ្រីស្តមានព្រះបន្ទូលតាមរយៈខ្ញុំ។ ព្រះអង្គមិនទន់ខ្សោយចំពោះបងប្អូនទេ គឺព្រះអង្គបង្ហាញឫទ្ធានុភាពនៅកណ្ដាលចំណោមបងប្អូនវិញ។ 4 ព្រះអង្គត្រូវគេឆ្កាង ដោយព្រះអង្គមានភាពទន់ខ្សោយ ប៉ុន្តែ ព្រះអង្គមានព្រះជន្មរស់ ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ រីឯយើងវិញក៏ដូច្នោះដែរ យើងទន់ខ្សោយរួមជាមួយព្រះអង្គមែន ប៉ុន្តែ ដោយយល់ដល់បងប្អូន យើងមានជីវិតរស់រួមជាមួយព្រះអង្គ ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។
5 សូមបងប្អូនល្បងមើលខ្លួនឯងទៅ តើបងប្អូននៅតែមានជំនឿមែនឬយ៉ាងណា សូមបងប្អូនពិនិត្យពិច័យខ្លួនឯងមើលទៅចុះ! បងប្អូនមិនទទួលស្គាល់ទេឬ ថាព្រះយេស៊ូគ្រីស្តគង់នៅក្នុងបងប្អូន! ឬមួយមានតែបងប្អូនឃើញថា ព្រះអង្គមិនគង់នៅជាមួយ! 6 ខ្ញុំសង្ឃឹមថា បងប្អូនពិតជាដឹងថា ព្រះអង្គគង់នៅជាមួយយើងមែន។ 7 យើងទូលអង្វរព្រះជាម្ចាស់ សូមកុំឲ្យបងប្អូនប្រព្រឹត្តអំពើអាក្រក់អ្វីឡើយ។ យើងគ្មានបំណងចង់បង្ហាញភស្តុតាងថា យើងមានព្រះអង្គគង់ជាមួយហើយនោះទេ យើងគ្រាន់តែចង់ឃើញបងប្អូនប្រព្រឹត្តអំពើល្អប៉ុណ្ណោះ ទោះបីការពិនិត្យពិច័យនេះបែរជាបង្ហាញថា យើងគ្មានភស្តុតាងអំពីព្រះអង្គគង់ជាមួយក៏ដោយ 8 ដ្បិតយើងមិនអាចប្រឆាំងនឹងសេចក្ដីពិតឡើយ គឺយើងគ្រាន់តែអាចបម្រើសេចក្ដីពិតប៉ុណ្ណោះ។ 9 យើងសប្បាយចិត្ត នៅពេលណាយើងទន់ខ្សោយ ហើយបងប្អូនមានកម្លាំង។ យើងអធិស្ឋានសុំសេចក្ដីតែមួយនេះ គឺសូមឲ្យបងប្អូនបានគ្រប់លក្ខណៈ។ 10 ហេតុនេះហើយបានជាពេលខ្ញុំនៅឆ្ងាយ ខ្ញុំសរសេរសេចក្ដីនេះមកជូនបងប្អូន។ ដូច្នេះ កាលណាខ្ញុំមកដល់ ខ្ញុំមិនបាច់និយាយតឹងរ៉ឹងមកកាន់បងប្អូន តាមអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំនោះឡើយ។ ព្រះអង្គប្រទានអំណាចនេះមកខ្ញុំ មិនមែនដើម្បីបំផ្លាញទេ គឺដើម្បីកសាងវិញ។
11 នៅទីបញ្ចប់ បងប្អូនអើយ ចូរមានអំណរឡើង ចូរខំប្រឹងឲ្យបានគ្រប់លក្ខណៈ ចូរលើកទឹកចិត្តគ្នា ចូរមានចិត្តគំនិតតែមួយ ចូររស់នៅដោយសុខសាន្តជាមួយគ្នា នោះព្រះជាម្ចាស់ដែលជាប្រភពនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត មុខជាគង់ជាមួយបងប្អូនមិនខាន។
12 ចូរជម្រាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធស្នាលផង។ បងប្អូនដ៏វិសុទ្ធ*ទាំងអស់ក៏សូមជម្រាបសួរមកបងប្អូនដែរ។
13 សូមឲ្យបងប្អូនបានប្រកបដោយព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងសូមឲ្យបងប្អូនបានរួមរស់ជាមួយគ្នា ដោយព្រះវិញ្ញាណដ៏វិសុទ្ធ*ផង។