ជំពូក ៥

1 យើង​ដឹង​ហើយ​ថា រូប​កាយ​របស់​យើង​នៅ​លើ​ផែន‌ដី​នេះប្រៀប​ដូច​ជា​ជម្រក​មួយ​ដែល​ត្រូវ​រលាយ​សូន្យ​ទៅ តែ​យើង​មាន​វិមាន​មួយ​នៅ​ស្ថាន​បរម‌សុខ* ជា​លំ‌នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច ដែល​ពុំ​មែន​ជា​ស្នា​ដៃ​របស់​មនុស្ស​ឡើយ គឺ​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌ជាម្ចាស់។ 2 ឥឡូវ​នេះ យើង​តែង‌តែ​ត្អូញ‌ត្អែរ​សង្វាត​ចង់​បាន​រូប​កាយ​សួគ៌​មក​គ្រប​ពី​លើ​រូប​កាយ​នេះ​ថែម​ទៀត 3 គឺ​ឲ្យ​តែ​យើង​បាន​រូប​កាយ​ថ្មី ប្រសើរ​ជា​ជាង​គ្មាន។ 4 ពេល​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ​នៅ​ឡើយ យើង​តែង‌តែ​ត្អូញ‌ត្អែរ និង​ពិបាក​ចិត្ត។ យើង​មិន​ចង់​ដោះ​រូប​កាយ​នេះ​ចោល​ទេ គឺ​ចង់​ពាក់​រូប​កាយ​ថ្មី​ពី​លើ​ថែម​ទៀត ដើម្បី​ឲ្យ​ជីវិត​លេប​បំបាត់​នូវ​អ្វីៗ​ដែល​តែង‌តែ​ស្លាប់​នេះ។ 5 ព្រះ‌ជាម្ចាស់​ផ្ទាល់​បាន​តម្រូវ​ឲ្យ​យើង​ផ្លាស់​ប្រែ​ដូច្នេះ ព្រះ‌អង្គ​ក៏​បាន​ប្រទាន​ព្រះ‌វិញ្ញាណ មក​បញ្ចាំ​ចិត្ត​យើង​ផង​ដែរ។

6 ដូច្នេះ យើង​មាន​ចិត្ត​ក្លា‌ហាន​ជា‌និច្ច។ យើង​ដឹង​ថា ដរាប​ណា​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ 7 ដ្បិត​យើង​ដើរ​ដោយ​មាន​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​នោះ​ទេ។ 8 យើង​មាន​ចិត្ត​ក្លា‌ហាន យើង​ចូល​ចិត្ត​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ ហើយ​ទៅ​នៅ​ជិត​ព្រះ‌អម្ចាស់​ប្រសើរ​ជាង។ 9 ទោះ​បី​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ ឬ​ក៏​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ​ក្តី យើង​មាន​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ 10 ដ្បិត​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ទៅ​ឈរ​នៅ​មុខ​ទី​កាត់​ក្តី​របស់​ព្រះ‌គ្រីស្ត ដើម្បី​ឲ្យ​ម្នាក់ៗ​ទទួល​ផល តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត កាល​ពី​នៅ​រស់​ក្នុង​រូប​កាយ​នេះ​នៅ​ឡើយ ទោះ​បី​ជា​អំពើ​នោះ​ល្អ ឬ​អាក្រក់​ក្តី។

ការ​សម្រុះ‌សម្រួល​ឲ្យ​មនុស្ស​លោក​ជា​នា​នឹង​ព្រះ‌ជាម្ចាស់​វិញ

11 ដោយ​យើង​បាន​ស្គាល់​ការ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ហើយ យើង​ក៏​ខិត‌ខំ​ណែ‌នាំ​មនុស្ស​លោក​ឲ្យ​ជឿ​ដែរ។ ព្រះ‌ជាម្ចាស់​ស្គាល់​ចិត្ត​យើង (ខ្ញុំ​សង្ឃឹម​ថា នៅ​ក្នុង​សតិ​សម្បជញ្ញៈ​របស់​បង‌ប្អូន បង‌ប្អូន​ក៏​ស្គាល់​ចិត្ត​យើង​ដែរ)។ 12 យើង​មិន​តែង‌តាំង​ខ្លួន​ឯងនៅ​ចំពោះ​មុខ​បង‌ប្អូន​សា​ជា​ថ្មី​ទៀត​ទេ តែ​យើង​ជូន​ឱកាស​ឲ្យ​បង‌ប្អូន​បាន​ខ្ពស់​មុខ ព្រោះ​តែ​យើង​វិញ ដើម្បី​ឲ្យ​បង‌ប្អូន​អាច​ឆ្លើយ​តបនឹង​អស់​អ្នក ដែល​អួត​ខ្លួន​តែ​ពី​អ្វីៗ​នៅ​ខាង​ក្រៅ ហើយ​មិន​គិត​ពី​អ្វីៗ​ក្នុង​ចិត្ត​ទេ។ 13 ប្រសិន​បើ​គេ​ថា យើង​ជា​មនុស្ស​វង្វេង​ស្មារតី នោះ​យើង​វង្វេង​ស្មារតី ព្រោះ​តែ​ព្រះ‌ជាម្ចាស់ ហើយ​ប្រសិន​បើ​គេ​ថា យើង​ជា​មនុស្ស​ដឹង​ខុស​ត្រូវ នោះ​យើង​ដឹង​ខុស​ត្រូវ ព្រោះ​តែ​បង‌ប្អូន 14 ដ្បិត​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ត​បាន​ជំរុញ​យើង ដោយ​យើង​យល់​ឃើញ​ថា បើ​មនុស្ស​ម្នាក់​ស្លាប់​សម្រាប់​មនុស្ស​ទាំង​អស់ នោះ​មនុស្ស​ទាំង​អស់​ក៏​ដូច​ជា​បាន​ស្លាប់​ដែរ។ 15 ព្រះ‌អង្គ​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​មាន​ជីវិតលែង​រស់​សម្រាប់​ខ្លួន​ឯង​ទៀត​ហើយ គឺ​រស់​សម្រាប់​ព្រះ‌អង្គ​ដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​សម្រាប់​គេ។ 16 ដូច្នេះ ពី​ពេល​នេះ​ត​ទៅ យើង​ឈប់​រាប់​នរណា​ម្នាក់​តាម​របៀប​ធម្មតា​ទៀត​ហើយ ទោះ​បី​យើង​ធ្លាប់​ស្គាល់​ព្រះ‌គ្រីស្តកាល​ព្រះ‌អង្គ​នៅ​ជា​មនុស្ស​ធម្មតា​ក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​ព្រះ‌អង្គ តាម​របៀប​មុន​ទៀត​ឡើយ។ 17 ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត អ្នក​នោះ​បាន​កើត​ជា​ថ្មី អ្វីៗ​ពី​អតីតកាល​បាន​កន្លង​ផុត​ទៅ ហើយ​អ្វីៗ​ទាំង​អស់​បាន​ប្រែ​មក​ជា​ថ្មី​វិញ។ 18 ការ​ទាំង​នេះ​កើត​មក​ពី​ព្រះ‌ជាម្ចាស់ ដែល​សម្រុះ‌សម្រួល​យើង​ឲ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញ ដោយ‌សារ​ព្រះ‌គ្រីស្ត ហើយ​ប្រទាន​ឲ្យ​យើង​មាន​មុខ‌ងារ​សម្រុះ‌សម្រួល​មនុស្ស‌ម្នា​ឲ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញ​ដែរ។ 19 នៅ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត ព្រះ‌ជាម្ចាស់​បាន​សម្រុះ‌សម្រួល​មនុស្ស​លោក​ឲ្យ​ជា​នា​នឹង​ព្រះ‌អង្គ ដោយ​មិន​ប្រកាន់​ទោស​គេ​ឡើយ។ ព្រះ‌អង្គ​ក៏​ដាក់​ព្រះ‌បន្ទូល​នៃ​ការ​សម្រុះ‌សម្រួល​នេះ​មក​ក្នុង​យើង​ដែរ។ 20 ដូច្នេះ យើង​ជា​ទូត​របស់​ព្រះ‌គ្រីស្ត គឺ​ដូច​ជា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដាស់‌តឿន​បង‌ប្អូនតាម‌រយៈ​យើង​ដែរ។ យើង​សូម​អង្វរ​បង‌ប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌គ្រីស្ត​ថា ទុក​ឲ្យ​ព្រះ‌ជាម្ចាស់​សម្រុះ‌សម្រួល​បង‌ប្អូនឲ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញ​ទៅ។ 21 ព្រះ‌គ្រីស្ត​គ្មាន​បាប​ទាល់​តែ​សោះ តែ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ទៅ​ជា​តួ​បាប​សម្រាប់​យើង ដើម្បី​ប្រោស​យើង​ឲ្យ​បាន​សុចរិត*​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​ដែរ។