ជំពូក ៤
ព្រះគ្រីស្តជួយគាំពារអ្នកផ្សាយដំណឹងល្អ
1 បើព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណា ប្រគល់មុខងារនេះមកឲ្យយើងបំពេញ យើងមិនបាក់ទឹកចិត្តឡើយ។ 2 យើងបដិសេធមិនប្រព្រឹត្តការលួចលាក់ណាដែលគួរឲ្យអៀនខ្មាសនោះទេ ហើយយើងក៏មិនបោកបញ្ឆោតគេ ឬក្លែងបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ យើងបង្ហាញឲ្យមនុស្សលោកស្គាល់សេចក្ដីពិត ទាំងនាំគេឲ្យទុកចិត្តលើយើង នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ 3 ប្រសិនបើអត្ថន័យនៃដំណឹងល្អ*នៅតែលាក់កំបាំង គឺលាក់កំបាំងតែចំពោះអស់អ្នកដែលត្រូវវិនាសអន្តរាយប៉ុណ្ណោះ 4 ជាអ្នកមិនជឿដែលត្រូវព្រះនៃលោកីយ៍នេះធ្វើឲ្យចិត្តគំនិតរបស់គេទៅជាងងឹត មិនឲ្យគេឃើញពន្លឺរស្មីដ៏រុងរឿងនៃដំណឹងល្អរបស់ព្រះគ្រីស្ត ជាតំណាងរបស់ព្រះជាម្ចាស់នោះឡើយ។ 5 យើងមិនប្រកាសអំពីខ្លួនយើងទេ គឺយើងប្រកាសអំពីព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ហើយយើងដាក់ខ្លួនជាអ្នកបម្រើបងប្អូន ព្រោះតែព្រះយេស៊ូនេះហើយ។ 6 ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ព្រះអង្គក៏បានបំភ្លឺចិត្តគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់ នូវសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលភ្លឺចាំងពីព្រះភ័ក្ត្ររបស់ព្រះគ្រីស្តដែរ។
7 យើងមានមុខងារដ៏ប្រសើរនេះប្រៀបបីដូចជាឆ្នាំងដី ដែលមានកំណប់នៅខាងក្នុង ដើម្បីឲ្យមនុស្សលោកឃើញថា ឫទ្ធានុភាពដ៏ប្រសើរខ្ពង់ខ្ពស់នេះ ជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ មិនមែនជារបស់យើងទេ។ 8 គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច 9 គេបៀតបៀនយើងមែន តែព្រះជាម្ចាស់មិនបោះបង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជីវិតឡើយ។ 10 ក្នុងរូបកាយយើង យើងផ្ទុកសេចក្ដីឈឺចាប់របស់ព្រះយេស៊ូជានិច្ច ដើម្បីឲ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង។ 11 ដោយសារតែព្រះយេស៊ូ យើងដែលកំពុងរស់ តែងតែប្រឈមមុខទល់នឹងសេចក្ដីស្លាប់ជានិច្ច ដើម្បីឲ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើងដែលតែងតែស្លាប់។ 12 ដូច្នេះ សេចក្ដីស្លាប់ចេះតែយាយីយើង រីឯបងប្អូនវិញ បងប្អូនចេះតែមានជីវិតចម្រើនឡើង។
13 ដោយយើងមានវិញ្ញាណដែលនាំឲ្យជឿ ស្របតាមសេចក្ដីដែលមានចែងទុកមកថា «ខ្ញុំជឿ ហេតុនេះហើយបានជាខ្ញុំនិយាយ» យើងក៏ជឿដែរ ហេតុនេះហើយបានជាយើងនិយាយ។ 14 យើងដឹងថា ព្រះអង្គដែលបានប្រោសព្រះអម្ចាស់យេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រោសយើងឲ្យរស់ឡើងវិញ រួមជាមួយព្រះយេស៊ូដែរ ព្រមទាំងនាំយើងទៅនៅក្បែរព្រះអង្គ រួមជាមួយបងប្អូនថែមទៀតផង។ 15 ហេតុការណ៍ទាំងនេះកើតឡើងជាប្រយោជន៍ដល់បងប្អូន គឺឲ្យព្រះជាម្ចាស់ប្រណីសន្ដោសបងប្អូនកាន់តែចម្រើនឡើង ដើម្បីឲ្យមានគ្នាមួយចំនួនធំ អរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើង និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
លំនៅដែលស្ថិតស្ថេរអស់កល្បជានិច្ច
16 ហេតុនេះហើយបានជាយើងមិនបាក់ទឹកចិត្តឡើយ ទោះបីរូបកាយរបស់យើងចេះតែទ្រុឌទ្រោមទៅៗក៏ដោយ ក៏ជម្រៅចិត្តយើងកាន់តែចម្រើនឡើងជារៀងរាល់ថ្ងៃដែរ 17 ដ្បិតទុក្ខលំបាកបន្ដិចបន្តួចដែលយើងជួបប្រទះម្ដងម្កាលនោះ ធ្វើឲ្យយើងមានសិរីរុងរឿងដ៏ប្រសើរលើសលប់ ជាសិរីរុងរឿងនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។ 18 ដូច្នេះ យើងមិនចាប់អារម្មណ៍នឹងអ្វីៗ ដែលភ្នែកមើលឃើញឡើយ គឺយើងចាប់អារម្មណ៍នឹងអ្វីៗដែលភ្នែកមើលមិនឃើញនោះវិញ ដ្បិតអ្វីៗដែលភ្នែកមើលឃើញនៅស្ថិតស្ថេរតែមួយរយៈប៉ុណ្ណោះ តែអ្វីៗដែលភ្នែកមើលមិនឃើញនៅស្ថិតស្ថេរអស់កល្បជានិច្ច។