ព្រះកាយព្រះគ្រីស្តបានដង្ហែទៅកាន់ផ្ទះគ្រីស្តបរិស័ទក្នុងភូមិក្បែរព្រះវិហារ ក្នុងពេលបុណ្យគោរពព្រះកាយនិងព្រះលោហិតរបស់ព្រះគ្រីស្តកាលពីថ្ងៃទី១១ ខែមិថុនាកន្លងទៅ ក្នុងភូមិរំចេក១ ឃុំរតនៈ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ភាគខាងលិចនៃប្រទេសកម្ពុជា គឺប្រមាណជិត៣០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
លោកអភិបាលអេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបងបានកាន់ព្រះកាយព្រះគ្រីស្តហែក្នុងក្បួនដង្ហែ ដែលអមដោយឆៃយ៉ាំ របាំក្ងោក និងបដារូបផ្សេងៗ។
ក្នុងពិធីបុណ្យនេះ ព្រះសហគមន៍បានរៀបចំដោយមានបាចផ្កាក្ងោកដែលមានពណ៌ក្រហមនៅតាមដងផ្លូវក្នុងក្បួនដង្ហែផងដែរ។ អ្នកស្រី ហែម បូរី វ័យ៦៩ឆ្នាំបានឲ្យដឹងថា ផ្កាពណ៌ក្រហមគឺតំណាងឲ្យព្រះលោហិតរបស់ព្រះយេស៊ូ ហើយផ្កាក្ងោកក្នុងរដូវនេះគឺសំបូរ យើងមិនចាំបាច់ចំណាយលុយទៅទិញផ្កាផ្សេងទៀតយកមកប្រារព្ធពិធីនោះទេ។
នៅតាមផ្ទះ គ្រីស្តបរិស័ទបានដាក់តាំងរូបសំណាកព្រះយេស៊ូនិងព្រះនាងម៉ារីនៅមុខផ្ទះរបស់ពួកគាត់ លម្អដោយផ្កាផ្ញីផ្សេងៗផង ជាសញ្ញាសម្គាល់សម្រាប់ក្បួនដង្ហែ និងសុំព្រះពរពីព្រះយេស៊ូតាមរយៈព្រះកាយ។
អ្នកស្រី ហែម បូរី ឲ្យដឹងថា«ខ្ញុំឃើញកម្មវិធីនេះ តាំងពីខ្ញុំកើតមកម្ល៉េះ។»
អ្នកស្រីប្រាប់ទៀតថា កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ គឺឲ្យគ្រីស្តបរិស័ទទទួលព្រះពររបស់ព្រះជាម្ចាស់តាមរយៈព្រះកាយព្រះគ្រីស្តដែលបានយាងទៅសួរសុខទុក្ខគ្រីស្តបរិស័ទតាមផ្ទះនីមួយៗ។
ជំនឿគឺសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ស្ត្រីរូបនេះ។ «ខ្ញុំតែងតែជឿថា ព្រះជាម្ចាស់ប្រោសប្រទានឲ្យរហូត ឲ្យតែយើងមានជំនឿលើព្រះអង្គ ទោះបីតិចឬច្រើនព្រះអង្គតែងផ្តល់ឲ្យយើង។» អ្នកស្រីបូរីបន្ថែម។
បន្ទាប់ពីដង្ហែក្បួនតាមផ្ទះរួចហើយ ក្បួនបានវិលត្រឡប់មកព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខវិញ ដើម្បីរៀបចំពិធីអរព្រះគុណព្រះជាម្ចាស់។
ក្នុងធម្មទេសនានាថ្ងៃនោះ លោកអភិបាលអេនរីគេ មានប្រសាសន៍ថា «យើងរួមគ្នាក្នុងព្រះវិហារ ដើម្បីសុំព្រះជាម្ចាស់ប្រទានឲ្យយើងនូវឫទ្ធានុភាព និងកម្លាំងពីព្រះអង្គ ដើម្បីឲ្យយើងអាចធ្វើតាម ឲ្យយើងចេះដាក់ខ្លួន បម្រើនិងបូជាជីវិតជាមួយព្រះអង្គ។»
លោកបន្ថែមថា យើងត្រូវមានអំណរសប្បាយនិងអរព្រះគុណព្រះជាម្ចាស់ ដោយសារព្រះជាម្ចាស់គង់នៅជាមួយយើង។ ពេលណាយើងយកព្រះកាយដើរតាមភូមិ គឺមានន័យសម្រាប់យើងគឺ យើងរំឭកការលំបាករបស់ព្រះយេស៊ូដែលសុខចិត្តបូជាជីវិតសម្រាប់យើងទាំងអស់គ្នា ហើយការលំបាករបស់យើងក៏ជាប់នឹងទុក្ខលំបាករបស់ព្រះអង្គដែរ។
លោកបញ្ជាក់ទៀតថា យើងជារូបកាយរបស់ព្រះគ្រីស្ត យើងត្រូវប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះអង្គ ដោយមិនធ្វើតាមចិត្តរបស់យើង គឺអនុវត្តតាមព្រះបន្ទូល ដែលនាំឲ្យយើងចូលទៅក្នុងមាគ៌ារបស់ព្រះអង្គ។
នៅយប់មុនពិធីបុណ្យនេះ គ្រីស្តបរិស័ទចាស់ក្មេងបានមកព្រះវិហារដើម្បីអធិដ្ឋានតាមវេនជុំគ្នា គោរពព្រះកាយព្រះគ្រីស្តតាំងពីម៉ោង៧ល្ងាចរហូតដល់ម៉ោង១០យប់។
ព្រះសហគមន៍ក្រុងបាត់ដំបង ឬហៅថាពេទ្យយាយជី មានប្រវត្តិជាង២៥០ឆ្នាំមកហើយ។ បច្ចុប្បន្នមានសកម្មភាពជាច្រើនលើផ្នែកសង្គម ដូចជា មណ្ឌលសុខភាពភ្នែកត្រចៀកនិងសសៃ ផ្នែកអប់រំកុមារតូចមានដូចជាមត្តេយ្យសិក្សា មណ្ឌលកុមារមានពិការភាព កន្លែងទទួលប្រឹក្សានិងជួយដល់កុមារអូទីសឹម និងកម្មវិធីចុះតាមភូមិជួយដល់កុមារនិងចាស់ជរាជាដើម៕
ដោយកែវ កញ្ញា