ដើម្បីជួយដល់គ្រួសារគ្រីស្តបរិស័ទកាតូលិកអាចរស់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងមានសុ ភមង្គល ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមបានរៀបចំជាសិក្ខាសាលាជាច្រើននៅក្នុងតំបន់ ឲ្យគ្រីស្តបរិស័ទអាចចូលរួមចែករំលែកនិងរិះគិតរកមធ្យោបាយរស់នៅជាលក្ខណៈគ្រួសារគ្រីស្តបរិស័ទ។
គោលដៅគឺជួបជុំគ្នានេះមាន ចំនួន៣ដងក្នុងតំបន់នីមួយៗ ហើយតំបន់នីមួយៗក៏មានរៀបចំជាសិក្ខាសាលាផ្សេងៗតាមលោកពុកនិងគណៈកម្មការនៅទីនោះ ដោយរិះគិតអំពីលិខិតរបស់សម្តេចប៉ាប (Amoris Laetitia) «អំណរនៃសេចក្តីស្រឡាញ់» ដើម្បីជួយគ្រីស្តបរិស័ទអាចរស់នៅក្នុងគ្រួសារ ដោយសង្កត់ធ្ងន់លើសេចក្តីស្រលាញ់ ណែនាំឲ្យមានសុភមង្គល អំណរសប្បាយ និងក្តីស្រឡាញ់ជាលក្ខណៈគ្រួសារគ្រីស្តបរិស័ទ។ នេះជាប្រសាសន៍របស់លោកសិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម។
នៅក្នុងជំនួបគ្រួសារគ្រីស្តបរិស័ទតំបន់កំពង់ចាមនិងត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែឧសភានេះ នៅព្រះវិហារសន្តហ្វ្រង់ស្វ័រ និងសន្តីក្លារ៉ានៅអាស៊ីស៊ី ស្ថិតនៅក្នុងភូមិកោះរការក្រៅ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាមប្រមាណ១៣៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ លោកអភិបាលបន្ថែមថា នេះជាការជួបជុំលើកទី២។
លោកបន្តថា ក្នុងកម្មវិធីនេះដែរ ព្រះសហគមន៍ភូមិភាគកំពង់ចាម ចង់ឲ្យលោកបូជាចារ្យនិងដូនជីនៅតាមព្រះសហគមន៍ចាប់អារម្មណ៍អំពីគ្រួសារ ដើម្បីជួយរំលែកទុក្ខលំបាកផ្សេងៗ និងអាចឲ្យគ្រួសារគ្រីស្តបរិស័ទរស់នៅតាមជំនឿ ទោះបីមានបញ្ហាផ្សេងៗខុសនឹងច្បាប់នៃអគ្គសញ្ញាក៏ដោយ គឺឲ្យពួកគាត់អាចរស់នៅតាមលក្ខណៈគ្រួសារគ្រីស្តបរិស័ទឡើងវិញ។
តាមរយៈកម្មវិធីនេះ លោករំពឹងដោយសង្ឃឹមថា លោកបូជាចារ្យ និងដូនជីនៅបន្តសកម្មភាពនេះ ទោះបីយើងចប់ឆ្នាំគ្រួសារនេះក៏ដោយ ហើយនឹងជួយអប់រំយុវជនឲ្យចេះរៀបចំគ្រួសារឲ្យមានសុភមង្គល។
ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម បានចាប់ផ្តើមបើកឆ្នាំគ្រួសារកាលពីខែមីនាឆ្នាំ២០២៣កន្លងទៅ ហើយនឹងបញ្ចប់នៅខែកញ្ញាខាងមុខនេះ។
ព្រះសគមន៍ភូមិភាគកំពង់ចាម មានព្រះសហគមន៍ចំនួន២៦ ដោយមានព្រះសហគមន៍ធំៗចំនួន៣ គឺមួយនៅប៊ូស្រា មួយនៅអ្នកលឿង និងមួយទៀតនៅក្តុលើ ក្រៅពីនោះមានព្រះសហគមន៍តូចៗដែលទើបតែកកើតឡើង។ លោកអភិបាលហង្សលីបន្ថែមថា ភូមិភាគកំពង់ចាមមានគ្រីស្តបរិស័ទតិច ហើយភាគច្រើនពួកគាត់រៀបការជាមួយសាសនាដទៃដែលនេះជាផលលំបាកក្នុងការរស់នៅដើម្បីកាន់ជំនឿរបស់យើងជាគ្រីស្តបរិស័ទ។
«ប៉ុន្តែយើងជឿថា ដោយសារការព្យាយាមអប់រំណែនាំបន្ថែមរបស់ព្រះសហគមន៍និងដោយជំនួយពីព្រះជាម្ចាស់ដែលជាកម្លាំងរបស់យើងផង យើងជឿថាអាចជួយបងប្អូនទាំងនោះ អាចស្វែងរកឃើញនូវចំណុចផ្សេងៗដើម្បីអាចរស់នៅដោយសុភមង្គលក្នុងលក្ខណៈជាគ្រួសារគ្រីស្តបរិស័ទ។» លោកអភិបាលបញ្ជាក់។
លោកបូជាចារ្យសែ សាត ទទួលខុសត្រូវព្រះសហគមន៍តំបន់កំពង់ចាមមានប្រសាសន៍ថា គ្រួសារជាព្រះសហគមន៍ដ៏តូចមួយ ហើយមានបេសកកម្មដូចនឹងព្រះសហគមន៍ទាំងមូលដែរ។
លោកបន្តថា បេសកកម្មរបស់គ្រួសារគឺឈរលើគ្រឹះរបស់ព្រះសហគមន៍គឺមានបញ្ជូនបន្តជំនឿដល់កូនៗឲ្យស្គាល់ព្រះជាម្ចាស់ បំពេញកិច្ចការសប្បុរសដែលនាំឲ្យមនុស្សលោកមានក្តីសង្ឃឹម មានស្នាមញញឹម ឬឲ្យមនុស្សលោកទទួលស្គាល់វត្តមានរបស់ព្រះជាម្ចាស់និងទទួលព្រះជន្មរបស់ព្រះអង្គ។
លោកបន្ថែមថា មិនតែប៉ុណ្ណោះ គ្រួសារត្រូវអធិដ្ឋានថ្វាយបង្គំព្រះជាម្ចាស់ ចូលរួមអភិបូជា ឬទទួលអគ្គសញ្ញាដែលព្រះសហគមន៍បញ្ចូនបន្តមក ដោយប្រោះយើងឲ្យទៅជាជនដ៏វិសុទ្ធតាមរយៈព្រះយេស៊ូដែលបានបង្កើត ដែលណែនាំឲ្យគ្រីស្តទូតបន្តកិច្ចការនេះ ហើយនេះក៏ជាកិច្ចការរបស់ក្រុមគ្រួសារត្រូវជួយសមាជិករបស់ខ្លួនឲ្យជាប់ជាមួយព្រះជាម្ចាស់។
លោកបានបញ្ជាក់ថា ការបញ្ជូនបន្ត គឺត្រូវអប់រំជំនឿដល់កូនៗឲ្យស្គាល់សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺព្រះអង្គស្រឡាញ់គេម្នាក់ៗ ហើយវត្តមានរបស់គេក្នុងគ្រួសារគឺជាអំណោយរបស់ព្រះជាម្ចាស់ចំពោះក្រុមគ្រួសារ។ ជីវិតរបស់គេមានតម្លៃដ៏ខ្ពង់ខ្ពស់បំផុតព្រោះគេជារូបតំណាងរបស់ព្រះអង្គ។
លោកសុខ សារុន អាយុ៦៦ឆ្នាំ មកពីព្រះសហគមន៍បុស្សខ្នុរ បានឲ្យដឹងថា គាត់បានស្គាល់ព្រះសហគមន៍ក្នុងឆ្នាំ២០១៤។ លោកថា សព្វថ្ងៃនេះ លោកខិតខំអនុវត្តព្រះបន្ទូលបានខ្ជាប់ខ្ជួនអំពីសេចក្តីស្រឡាញ់ ការលើកលែងទោស។
លោកបន្ថែមថា «កុំតែមានព្រះជាម្ចាស់ណែនាំកុំអីជីវិតគ្រួសាររបស់ខ្ញុំពិបាកដែរ ជាពិសេសការថ្នាំងថ្នាក់ចិត្តចំពោះគ្នាទៅវិញទៅមក។»
ក្នុងជីវិតជាក្រុមគ្រួសារ ដែលមានកូនៗមិនមែនជាគ្រីស្តបរិស័ទ លោកសារុនតែងប្រដៅពួកគេឲ្យយល់ដឹងអំពីសុភមង្គលនៅក្នុងគ្រួសារដោយមិនចេះឈ្លោះទាស់ទែងគ្នា ខិតខំប្រឹងប្រែងរកស៊ីដើម្បីគ្រួសារ ហើយត្រូវរស់នៅក្នុងក្រមសីលធម៌ដោយរាបសារនិងស្លូតបូត និងត្រូវចេះថែទាំសុខភាពឲ្យបានល្អ។
លោកថា ក្នុងគ្រួសារលោកមិនដែលឈ្លោះទាស់ទែងគ្នាខ្លាំងដល់វាយតប់គ្នានោះទេ មានតែជជែកទាស់សម្តីគ្នាខ្លះប៉ុណ្ណោះ។
លោកសារុនឲ្យដឹងទៀតថា ៖ «ខ្ញុំតែងណែនាំកូនឲ្យស្គាល់ព្រះជាម្ចាស់ គឺឲ្យគេយល់ថា មានតែព្រះជាម្ចាស់ទេ ដែលផ្តល់សេចក្តីស្រឡាញ់ឲ្យពិតប្រាកដ។»
អ្នកស្រីញឹក ស្រីរ៉ាន់ អាយុ៤២ឆ្នាំ មកពីព្រះសហគមន៍ចម្លាក់ បានឲ្យដឹងដែរថា ក្រោយពេលចូលរួមសិក្ខាសាលានេះ គាត់នឹងចែករំលែកសេចក្តីស្រឡាញ់ដល់ក្រុមគ្រួសាររបស់គាត់ឲ្យបានច្រើន ដោយទុកពេលវេលាសម្រាប់គ្រួសារច្រើនជាងមុន។
ស្រីរ៉ាន់បន្ថែមថា ការចែករំលែកសេចក្តីស្រឡាញ់ក្នុងគ្រួសារជាអ្វីដែលសំខាន់ «នៅក្នុងភូមិដែលខ្ញុំរស់នៅជាពុទ្ធបរិស័ទទាំងអស់ ដូច្នេះខ្ញុំត្រូវធ្វើជាគំរូឲ្យគេមើលឃើញថាយើងមានព្រះយេស៊ូ គ្រួសារយើងមានសុភមង្គលយ៉ាងម៉េចខ្លះ ដែលកើតមកពីព្រះយេស៊ូ។»
កែវ កញ្ញា