គ្រីស្តបរិស័ទចាស់ក្មេងប្រុសស្រីជិត២០០០នាក់បានចួបជុំគ្នាដើម្បីអរព្រះគុណព្រះជាម្ចាស់និងបព្វការីជនដែលបានថែរក្សាជំនឿនិងបញ្ជូនបន្តដល់កូនចៅជំនាន់ក្រោយរហូតមកដល់សព្វថ្ងៃនេះ ទោះបីជាឆ្លងកាត់នូវទុក្ខលំបាកជាច្រើនរាប់មិនអស់ក្នុងពេល១៦០ឆ្នាំក៏ដោយ។
អ្នកលឿងជាព្រះវិហារចាស់ជាងគេក្នុងភូមិភាគកំពង់ចាមនិងមានគ្រីស្តបរិស័ទច្រើនជាងគេក្នុងភូមិភាគនេះផងដែរ ដែលបានចាប់កំណើតក្នុងឆ្នាំ១៨៦៣ ក្នុងអំឡុងពេលអាណានិគមបារាំងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ គ្រីស្តបរិស័ទកាតូលិកក្នុងប្រទេសវៀតណាម បានរត់ភៀសខ្លួនពីប្រទេសកំណើតដោយសារការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ មកតាំងទីលំនៅនៅភូមិបាណាម ហើយបច្ចុប្បន្នគឺនៅអ្នកលឿង ស្ថិតក្នុងឃុំព្រែកខ្សាយខ ស្រុកពាមរ ខេត្តព្រៃវែង មានចម្ងាយ៦៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ផល មើយ អាយុ៣៣ឆ្នាំ ជាគ្រីស្តបរិស័ទនៅព្រះសហគមន៍នេះ បានឲ្យដឹងថា លោករីករាយណាស់ដែលលោកបូជាចារ្យទទួលខុសត្រូវ បានរំលឹកឡើងអំពីភាពលំបាករបស់ជីដូនជីតាដែលត្រូវរដ្ឋអំណាចវៀតណាមសម័យមុនគេធ្វើបាប។ លោកបានរៀបរាប់ថា «ពួកយើងបានភៀសខ្លួនមកទីនេះ នៅស្រុកខ្មែរ ហើយបានកសាងព្រះសហគមន៍នៅទីនេះ ដោយដាក់ឈ្មោះថាគ្រួសារដ៏វិសុទ្ធ។ កម្មវិធីថ្ងៃនេះ ធ្វើឲ្យយើងនឹកឃើញឡើងវិញនូវប្រវត្តិសាស្ត្ររបស់ពួកយើង។»
លោកមើយបន្តទៀតថា សព្វថ្ងៃពួកយើងខំប្រឹងធ្វើសកម្មភាពមួយចំនួនរបស់ព្រះសហគមន៍ដើម្បីប្រកាសដំណឹងល្អ មានដូចជាជួយអ្នកក្រីក្រ អប់រំជំនឿ សូត្រធម៌និងអធិដ្ឋានសម្រាប់មនុស្សស្លាប់ជាដើម។
លោកមើយជាគ្រូអប់រំបន្តជំនឿដល់កុមារនិងយុវជនជំនាន់ក្រោយ។ លោកយល់ថាតួនាទីនេះ ក៏សំខាន់ណាស់សម្រាប់ព្រះសហគមន៍ ហើយអ្នកដែលបន្តជំនឿត្រូវរស់នៅជាគំរូសម្រាប់ក្មេងៗជំនាន់ក្រោយ។ លោកបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះគឺត្រូវបណ្តុះគំនិតឲ្យកុមារនិងយុវជនយល់ឲ្យច្បាស់ថា «ថ្វីត្បិតពួកយើងជាគ្រីស្តបរិស័ទដែលមកពីវៀតណាម ប៉ុន្តែយើងមកទីនេះជាយូរឆ្នាំហើយ។ ខ្ញុំចង់ឲ្យគេយល់ថា យើងត្រូវសម្របខ្លួន ដើម្បីធ្វើជាគ្រីស្តបរិស័ទនៅស្រុកខ្មែរ ហើយខំរៀនភាសាខ្មែរឲ្យច្បាស់ ប្រហែលជាគ្មាននរណាវិលត្រឡប់ទៅវៀតណាមទៀតទេ។»
លោកបូជាចារ្យសេរ៉ាល់ វ៉ូសាំង ជាអ្នកទទួលខុសត្រូវព្រះសហគមន៍នេះ មានប្រសាសន៍ថា នៅក្នុងប្រវត្តិសាស្ត្រដែលលោកបានស្រាវជ្រាវ គឺយ៉ាងហោចណាស់ព្រះសហគមន៍ត្រូវបានបំផ្លាញ២ដង តែទោះជាយ៉ាងណាគ្រីស្តបិរស័ទនៅតែបន្តជំនឿនិងរស់នៅក្នុងតំបន់នេះ ហើយកសាងព្រះសហគមន៍បន្តិចម្តងៗក៏បានរីកចម្រើន រហូតដល់មានបូជាចារ្យចំនួន១៥អង្គ និងបងប្រុសបងស្រីជាច្រើននាក់ ហើយប្រហែលមានមនុស្សរាប់ពាន់នាក់ទទួលពិធីជ្រមុជទឹក។
លោកបូជាចារ្យរូបនេះបន្ថែមថា ក្នុងរបបប៉ុលពត ព្រះសហគមន៍នេះ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលត្រូវបានសាបសូន្យ ហើយបន្ទាប់ពីរបបនេះដួលរលំ កន្លែងជាច្រើនដែលមានគ្រីស្តបរិស័ទរាប់ពាន់នាក់មិនបានវិលត្រឡប់មកវិញនោះទេ «បានន័យថា ដល់សព្វថ្ងៃនេះ ស្ទើរតែសូន្យ។ ប៉ុន្តែនៅទីនេះ គេវិលត្រឡប់មកវិញ ហើយកសាងសហគមន៍របស់គេសារជាថ្មីលើទឹកដីអ្នកលឿងនេះ។»
ប្រវត្តិរបស់ព្រះសហគមន៍អ្នកលឿងនេះ គឺប្រៀបដូចជាក្រុមគ្រួសារតូចនៅសម័យក្រុមគ្រីស្តទូត ដែលមានគ្រីស្តបរិស័ទតិចតួច ព្រះសហគមន៍តូចតែរីកចម្រើន យើងសង្ឃឹមថាមួយពាន់ឆ្នាំ ទៅមុខទៀតយើងនឹងមានគ្នាច្រើនជាងនេះ។ នេះជាប្រសាសន៍របស់លោកអភិបាលសិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម ក្នុងធម្មទេសនាក្នុងឱកាសបុណ្យខួប១៦០ឆ្នាំកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ។
ក្នុងបទសំភាសន៍លោកអភិបាលមានប្រសាសន៍ថា ថ្ងៃនេះដែរយើងអរព្រះគុណព្រះជាម្ចាស់ដែលបានថែរក្សានិងការពារព្រះសហគមន៍នៅទីនេះ ហើយយើងក៏អរព្រះគុណព្រះអង្គដែលបានបង្កើតព្រះសហគមន៍នៅទីនេះ ដែលមានព្រះនាងម៉ារីជាមាតាតាមជួយថែរក្សា។
លោកអភិបាលសូមឲ្យគ្រីស្តបរិស័ទជឿលើព្រះជាម្ចាស់ជានិច្ច ព្រោះព្រះយេស៊ូនឹងអង្វរព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ឲ្យមកគង់នៅជាមួយអ្នកជឿ តាមថែរក្សាការពារនិងប្រទានឲ្យអ្នកជឿមានកម្លាំងកាយចិត្តជានិច្ច ដើម្បីបន្តដំណើរទៅមុខទៀត។
លោកបន្តថា យើងដឹងថាទុក្ខលំបាកមានជារៀងរហូត តែដោយសារកម្លាំងដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ កម្លាំងដែលមានមកពីជំនឿដែលព្រះអង្គឲ្យ យើងនឹងបន្តដំណើរទៅមុខទៀតជាមួយគ្នា ហើយយើងជឿថា ព្រះអង្គនឹងប្រទានពរឲ្យយើងទាំងអស់គ្នា បានពោរពេញដោយសេចក្តីសុខនិងអំណរសប្បាយ។
តាមគម្រោងការរបស់លោកបូជាចារ្យសេរ៉ាល់ ក្នុងឆ្នាំ២០២៣នេះ ព្រះសហគមន៍អ្នកលឿងនឹងរៀបចំកម្មវិធីមួយចំនួនដើម្បីរំលឹកឡើងវិញអំពីប្រវត្តិសាស្ត្ររបស់ព្រះសហគមន៍។ លោកឲ្យដឹងថា ពេលនេះ គណៈកម្មការបានស្រាវជ្រាវចងក្រងប្រវត្តិសាស្ត្រតាំងពីកកើតរហូតដល់បច្ចុប្បន្ន និងមានជំរឿនគ្រីស្តបរិស័ទក្នុងតំបន់នេះផង។
លោកថា ព្រះសហគមន៍មានគម្រោងនឹងធ្វើបូជនីចរទៅប្រទេសវៀតណាមនៅកន្លែងដែលមានគ្រីស្តបរិស័ទពីអ្នកលឿងរស់នៅបង្កើតជាសហគមន៍នៅទីនោះ និងធ្វើបូជនីចរក្នុងប្រទេសតាមតំបន់ប្រវត្តិសាស្ត្ររបស់ព្រះសហគមន៍ ដើម្បីឲ្យគ្រីស្តបរិស័ទយល់កាន់តែច្បាស់អំពីជិវិតប្រកាសដំណឹងល្អ ការថែរក្សានិងបន្តជំនឿដល់អ្នកជំនាន់ក្រោយ។
ជាមួយគ្នានេះ ព្រះសហគមន៍នឹងរៀបចំនព្វទិវាដើម្បីឲ្យគ្រីស្តបរិស័ទមានពេលអធិដ្ឋាន រិះគិតពីអនាគតដោយយកគុណសម្បត្តិនិងគំរូរបស់បព្វការីជនជាប្រយោជន៍ដល់ជីវិតរស់នៅបច្ចុប្បន្ន ហើយនៅចុងឆ្នាំនឹងប្រារព្ធពិធីខួប១៦០ឆ្នាំនេះម្តងទៀត ដោយអញ្ជើញគ្រីស្តបរិស័ទពីកន្លែងផ្សេងៗមកចូលរួម។
បច្ចុប្បន្នព្រះសហគមន៍អ្នកលឿង មានគ្រីស្តបរិស័ទចំនួន១៣០០នាក់ ភាគច្រើនជាអាជីវករ។ ព្រះសហគមន៍នេះក៏មានបង្កើតមណ្ឌលសិស្សស្នាក់នៅដើម្បីសិក្សានៅតាមសាលារដ្ឋ បង្រៀនអក្ខរកម្មភាសាខ្មែរ មានក្រុមអធិដ្ឋាន មានក្រុមចម្រៀង មានក្រុមវ៉ាំងសង់ដឺប៉ូល និងមានក្រុមពិធីបុណ្យជាដើម៕
ដោយកែវ កញ្ញា