ព្រះវិហារសន្តអន់ទន់ ជាព្រះវិហារថ្មីមួយក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តខេត្តស្វាយរៀងក្នុងភូមិភាគកំពង់ចាម ដែលមានគ្រីស្តបរិស័ទតិចតួចនៅឡើយ បើប្រៀបធៀបនឹងមុនសង្គ្រាមស៊ីវិលក្នុងប្រទេស គឺជាតំបន់ទី២ដែលមានគ្រីស្តបរិស័ទច្រើនជាងគេក្នុងភូមិភាគ។
«កន្លែងនេះ មានប្រសិទ្ធភាពមែនទែន ដោយសារផ្អែកលើកូនសិស្សស្វែងរកសាលារៀន។» លោកអតីតអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម អន់តូនីសាមី ស៊ូសៃរាជ្យ មានប្រសាសន៍នៅក្នុងពិធីសម្ពោធព្រះវិហារសន្តអន់ទន់ស្វាយរៀងកាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ ក្រោមអធិបតីភាពរបស់លោកសិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមបច្ចុប្បន្ន។
លោកមានប្រសាសន៍បន្ថែមថា កាលពីមុនយើងមានកូនសិស្ស៣នាក់ដែលសុខចិត្តចេញពីផ្ទះ មកបន្តការសិក្សានៅទីនេះ មានពីឆ្លូងនៃខេត្តក្រចេះ កអណ្តើកពីស្វាយរៀង និងព្រៃវែង។ ពួកគេខិតខំរៀន ទទួលបានលទ្ធផលល្អ។
លោកអន់តូនីសាមី បន្តថា សកម្មភាពនេះ បានចាប់ផ្តើមក្នុងឆ្នាំ១៩៩៩ តាមបំណងរបស់លោកអភិបាលឡឺ ស្វេប អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមពីដើម។
លោកឡាយ ប៉ូល បូជាចារ្យទទួលខុសត្រូវតំបន់ស្វាយរៀងឲ្យដឹងថា «ពីមណ្ឌលទីនេះ យើងមានដូនជី២ឬ៣នាក់ ដែលកើតចេញពីទីនេះ។ មានបងស្រីអានម៉ារី បងស្រីសានីជាដើម។ ហើយព្រះសហគមន៍នៅទីនេះជាឫសនៃព្រះសហគមន៍នៅបាវិតនិងកអណ្តើកសព្វថ្ងៃ។»
ព្រះសហគមន៍ស្វាយរៀងបានបង្កើតឡើងក្នុងឆ្នាំ១៨៧៧ ដែលមានចំនួនគ្រីស្តបរិស័ទជិត២០០០នាក់ ជាតំបន់ទី២ដែលមានគ្រីស្តបរិស័ទច្រើនជាងគេក្នុងភូមិភាគកំពង់ចាមបន្ទាប់ពីព្រះសហគមន៍អ្នកលឿង។ នេះបើតាមការរៀបរាប់របស់លោកបូជាចារ្យឡាយប៉ូល។
លោកប៉ូលឲ្យដឹងទៀតថា ក្នុងឆ្នាំ១៩៧០ គ្រីស្តបរិស័ទត្រូវបានភៀសខ្លួនទៅកាន់ប្រទេសផ្សេង ដោយសារតែសង្គ្រាម រហូតដល់ឆ្នាំ១៩៩២ក្រោយពេលកម្ពុជាមានសន្តិភាពខ្លះៗ ទើបលោកបូជាចារ្យចាប់ផ្តើមស្វែងរកគ្រីស្តបរិស័ទ នៅតាមតំបន់និងបានចាប់ផ្តើមសកម្មភាពខ្លះៗឡើងវិញ។
លោកបន្តថា ក្នុងឆ្នាំ១៩៩៧ មានសកម្មភាពពេញលេញ ដោយសារមានបូជាចារ្យទទួលខុសត្រូវច្បាស់លាស់ ដោយមានអភិបូជាប្រចាំសប្តាហ៍ ហើយបានទិញដីដើម្បីធ្វើសកម្មភាពព្រះសហគមន៍ ដោយចាប់ផ្តើមទទួលសិស្សឲ្យស្នាក់នៅដើម្បីបន្តការសិក្សា។
ដំណើរការនៃការកសាងព្រះសហគមន៍ឡើងវិញ គឺធ្វើតាមដំណាក់កាលជាច្រើន ដោយចាប់ផ្តើមពីស្វែងរកគ្រួសារគ្រីស្តបរិស័ទ និងផ្តល់កន្លែងស្នាក់នៅសម្រាប់កូនសិស្សដែលចង់រៀនអក្ខរកម្ម និងវិជ្ជាជីវៈ។
លោកបូជាចារ្យទទួលខុសត្រូវឡាយប៉ូលបន្តទៀតថា នៅទីនេះ មិនសូវមានសកម្មភាពសកម្មទេ ប៉ុន្តែយ៉ាងហោចណាស់១ឬ២ខែម្តង គណៈកម្មការព្រះសហគមន៍បានរៃថវិកាដើម្បីជួយដល់ជនក្រក្រី ដែលខ្វះខាតម្ហូបអាហារ ជូនទៅមន្ទីរពេទ្យនិងផ្តល់ថ្នាំសង្កូវជាដើម។
លោកឲ្យដឹងទៀតថា ក្នុងពេលទឹកជំនន់ទឹកភ្លៀងនិងអំឡុងកូវីដ១៩ ព្រះសហគមន៍បានខ្នះខ្នែងជួយដល់ជនគ្មានផ្ទះសម្បែង ម្តង២០គ្រួសារ ឬ៣០គ្រួសារតាមលទ្ធភាព មានទាំងខ្មែរនិងវៀតណាម។
បច្ចុប្បន្នព្រះសហគមន៍នេះ មានគ្រីស្តបរិស័ទភាគច្រើនជាជនជាតិវៀតណាម ដែលមានសរុបប្រមាណ២០គ្រួសារ ប្រកបរបរជាអាជីវករលក់ដូរតូចតាច និងជាជាងសំណង់។ ព្រះសហគមន៍នេះ មានផ្ទះស្នាក់នៅសម្រាប់កូនសិស្សចំនួន១២នាក់ មកពីតំបន់ផ្សេងៗ ដូចជាមណ្ឌលគិរី និងទីដាច់ស្រយាលផ្សេងៗដែលគ្មានសាលាអនុវិទ្យាល័យ។
លោកប៉ូលឲ្យដឹងទៀតថា គោលដៅសំខាន់ក្រោយមានព្រះវិហារនេះហើយ លោកនឹងពង្រឹងសមាជិកគណៈកម្មការព្រះសហគមន៍ឲ្យរឹងមាំ និងជួយឲ្យគ្រីស្តបរិស័ទដែលមិនសូវមកព្រះវិហារចូលរួមឲ្យបានសកម្មឡើងវិញ៕
កែវ កញ្ញា