ដូនជី​ជន​ជាតិ​ជប៉ុន​ចំណាយពេល​ជិត​២០ឆ្នាំ​ក្នុង​វិស័យអប់រំ​កុមារ

ស្ត្រីវ័យ​៨១ឆ្នាំ ជាជន​ជាតិ​ជប៉ុន​បាន​មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា ជិត​២០ឆ្នាំ​ ដោយ​ខិត​ខំ​បម្រើ​ការងារ​ក្នុង​វិស័យអប់រំសម្រាប់​កុមារ​កម្ពុជា ឲ្យ​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ​​។

ដូនជី​ ហាស៊ីម៉ូតុ ស៊ីនកុ មកពីក្រុម​គ្រួសារ​បងស្រី​ស្រឡាញ់​ព្រះយេស៊ូនៅ​ចូហ្វែល មាន​ប្រសាសន៍ថា «១៩ឆ្នាំមកហើយមានរឿងជាច្រើនខ្ញុំចង់និយាយ និងសូមអរគុណ​ទាំងអស់គ្នា​ដែលបានស្និទ្ធស្នាលជាមួយនឹង(ក្រុមគ្រួសារ)បងស្រីមកដល់សព្វថ្ងៃនេះ ដោយមានទាំងអស់គ្នា​ចូលរួម​ជាមួយខ្ញុំគ្រប់កិច្ចការ»។

រយៈពេល​កន្លង​មកនេះ ដូនជី​ស៊ីនកុ តែង​តែ​ធ្វើ​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​តំបន់​កំពត ដោយ​ផ្តោត​សំខាន់​លើ​​អំណាន​សម្រាប់​កុមារ​និង​ជំទង់។ គាត់​បាន​ឲ្យដឹងថា «សមត្ថភាព​​នៅក្នុងការអាននាំឱ្យមានសមត្ថភាពក្នុងការគិតវែកញែកវិនិច្ឆ័យ។ ខ្ញុំជឿ​ថា​ការអាននិងការរិះ​គិតនាំឲ្យការយល់ដឹងរបស់យើងរីកចម្រើន សុំធ្វើការ​​អាន​ជាមួយ​មិត្ត​របស់​អ្នក ខ្ញុំ​អាន​ជាមួយ​អ្នក»។

ទោះបី​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​វ័យ៦៣​ឆ្នាំ​​​ហើយ​ក៏​ដោយ ក៏​ដូនជីរូប​នេះ​នៅ​តែ​ខិត​ខំ​រៀន​ភាសា​ខ្មែរ​ផង និង​អង់​គ្លេស​ផង​ ដើម្បីអាច​ប្រាស្រ័យទាក់​ទង​ជាមួយ​មនុស្ស​ក្នុង​តំបន់ និង​អាច​ជួយ​ដល់​កុមារ​ឲ្យ​ចេះ​អាន​ភាសារ​បស់​ខ្លួន តាម​រយៈ​បណ្ណាល័យ​ដែល​គាត់​បាន​រៀបចំ​។

នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​នេះ ព្រះសហគមន៍​មណ្ឌលសកម្មភាព​កំពតកែបប្រារព្ធ​ពិធីថ្លែង​អំណរ​គុណ​បងស្រី ហាស៊ីម៉ុតុ ស៊ីនកុ ដែល​បាន​បម្រើ​ព្រះសហគមន៍មណ្ឌលសកម្មភាព​កំពតកែបក្នុង​វិស័យ​អប់រំ​អស់​រយៈពេល​១៩ឆ្នាំ​កន្លងទៅនេះ។

កម្មវិធី​នេះ​ធ្វើ​ឡើង​ ក្រោម​អធិបតីភាព​លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីត​ហស្លេ នៅព្រះវិហារ​សន្ត​អូគូស្តាំង ក្នុង​ខេត្តកំពត ដោយ​មានគ្រីស្ត​បរិស័ទ​ចូលរួម​ជាច្រើនកុះករ។​

ឆ្លៀតក្នុង​ឱកាសនេះដែរលោកអភិបាលព្រះសហគមន៍អូលីវីយ៉េមានប្រសាសន៍ ថ្លែងអំណរ​គុណ​អស់​ពី​ដួងចិត្តដល់បងស្រី ស៊ីងកុ ដែលបានចាប់ផ្ដើមបេសកកម្មជាមួយមណ្ឌលកំពតនេះក្នុងឆ្នាំ ២០០៤​ បន្ទាប់​ពី​លោក​បានទាក់ទង​ជាមួយក្រុម​ដូនជី​នៅប្រទេសជប៉ុន ដោយ​​បង្កើត​បណ្ណាល័យ​តូចៗ​​នៅ​តាម​ភូមិ​ដើម្បី​ជួយ​ឲ្យ​កុមារ​​​មាន​ម៉ោង​ពិសេស​ក្នុង​ការអាន​សៀវភៅ​។​

លោក​អភិបាល​ក៏​បាន​រំឭក​សកម្មភាព​​មណ្ឌលវប្បធម៌និងភាសាបរទេស ដែល​សម្ពោធកាលពីឆ្នាំ​​២០០៧ ជា​​​ពូជនៃ​សាលាដែលយើងមាននៅសព្វថ្ងៃ និង​អនុស្សាវរីយ៍​ស្នាដៃមួយយ៉ាងពិសេស​ដែល​លោក​បានទទួលពីដូនជី​ស៊ីនកុ ក្នុង​អំឡុង​ពេល​លោកនៅ​​ជា​បូជាចារ្យ​ទទួលខុសត្រូវ​ព្រះ​សហ​គមន៍​​​ខេត្ត​កំពតកែបជាមួយ​លោក​បូជាចារ្យ សួន​ ហង្សលី ដែលបច្ចុប្បន្នលោក​ជា​អភិបាល​ព្រះសហគមន៍​ភូមិភាគ​កំពង់​ចាម​។

លោក​អភិបាល​បន្ថែម​ថា ដូនជី​បានខិតខំអស់ពីសមត្ថភាពនៅក្នុង​សេចក្ដីស្រឡាញ់និងបម្រើ​ដូចជា​​អ្នក​បម្រើ​​របស់ព្រះជាម្ចាស់ ហើយ​គាត់​ជាម្ដាយរបស់យើង និង​កម្លាំង​របស់​គាត់​គឺ​ការ​អធិដ្ឋាន។

លោក​បន្ថែម​ថា កិច្ចការដែល​សាមញ្ញ​របស់​គាត់​ប្រចាំ​ថ្ងៃ​គឺ​ គាត់បានយកចិត្តទុកដាក់រៀបចំផ្កា​និងគ្រឿងអភិបូជាប្រចាំថ្ងៃ។

លោកអភិបាល​អូលីវីយ៉េ​បាន​ជូន​ពរ និង​អធិដ្ឋាន​ជូន​ដូនជីរូបនេះ ក្នុង​បេសកកម្មរបស់​គាត់​នៅ​ក្នុងភូមិភាគ​បាត់ដំបង ក្នុងខេត្ត​សៀមរាប នៅក្នុងសេចកីសុខ និងអាចចែករំលែកសេចក្ដី​ស្រឡាញ់​ដែល​មាន​ចំពោះ​ប្រទេស​កម្ពុជា​ក៏​ដូចជា​ចំពោះ​មនុស្ស​ទាំង​អស់ដែលកំពុង​ទន្ទឹងរង់ចាំ​វត្តមាន​របស់ព្រះជាម្ចាស់។

​អ្នកស្រី ជូ អាន តំណាងគណៈកម្មការ​​ព្រះសហគមន៍សន្ត​យ៉ូសែប​ជុំគិរី ក្នុង​ខេត្ត​កំពត​មាន​ប្រសាសន៍​ថា នៅជុំគីរីដូនជីស៊ីនកុ បានជួយបំពេញតម្រូវការ ចាំបាច់មួយ​គឺ​បង្កើតបណ្ណាល័យ​មួយនៅក្នុងព្រះសហគមន៍ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​កុមារ​បាន​សិក្សា​និងស្រាវជ្រាវអាននិងស្ដាប់។

អ្នកស្រី ជូ អាន​ បន្តថា ពិតមែន​ការ​​អាន​សៀវភៅបានផ្ដល់អត្ថប្រយោជន៍ដ៏អស្ចារ្យ គឺជា​មូល​ដ្ឋាន​មួយដ៏សំខាន់គ្រប់មុខវិជ្ជា​ទាំងអស់​ ដោយ​ផ្ដល់ឲ្យកុមារមានសមត្ថភាពអាន ពូកែគិត ពូកែសង្កេត និងចេះវិនិច្ឆ័យ​ដោយ​ភាព​ត្រឹមត្រូវ ហើយ​ការអានសៀវភៅ​បង្កើតបញ្ញា​ក្នុង​ការរស់នៅ។

«អ្វី​ដែល​សំខាន់​បំផុត​ការអានសៀវភៅ​ក៏​ជា​ជំនួយ​ស្មារតី​ដើម្បី​ឲ្យ​គេបម្រើព្រះជាម្ចាស់បានល្អប្រសើរ។» អ្នកស្រី​ជូ​ អាន​បន្ថែម។

វត្តមាន​របស់​ព្រះជាម្ចាស់​បាន​លេច​ចេញ​មក​តាមរយៈដូនជី​ ដោយ​នាំឲ្យយើងចេះបម្រើគ្នាទៅវិញទៅមក​ដោយចិត្ត​មេត្តា​ករុណា។ អ្នកស្រីជូ អាន បញ្ជាក់ថា សកម្មភាពទាំងនេះយើងខ្ញុំ​ទាំងអស់គ្នា​នឹងចង​ចាំ​ក្នុង​ចិត្ត​ ដើម្បី​ធ្វើ​ជា​គំរូ​នៃ​ការបម្រើ​ និងសូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់​នៅក្នុង​គ្រប់​សកម្មភាពរបស់​ដូនជិ​​ក្នុងព្រះសហគមន៍។

កញ្ញាញ៉ែម សុភាព នាយិកា​សាលាបឋមសិក្សាមជ្ឈមណ្ឌលវប្បធម៌និងភាសាបរទេស​ (FLCC) និងជា​តំណាងព្រះសហគមន៍កំពត បាន​និយាយថា ១៩ឆ្នាំ​កន្លងមកនេះ​ដូនជី​បាន​ធ្វើ​ជា​គំរូ​ដ៏ល្អបំផុតដែលប្រៀបបានទៅនឹងម្ដាយ ​ថែរក្សា​កូនដោយ​ភាពទន់​ភ្លន់ និង​បង្ហាញ​ថា​ព្រះជាម្ចាស់​ស្រឡាញ់​យើង​និង​ថែរក្សា​យើង​ដូចដូនជី​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃយ៉ាងដូច្នោះដែរ។

សុភាព​បន្តថា ដូនជី​​ជាគំរូក្នុង​ការអធិដ្ឋាន​ដោយចិត្ត​ស្ងៀមស្ងាត់ មាន​ចិត្ត​ល្អជាមួយ​កុមារ និង​ថែរក្សាព្រះវិហារ​ព្រមទាំង​ចូលរួម​គ្រប់សកម្មភាព​ព្រះសហគមន៍។​

ដូនជី​ស៊ីនកុ ហាស៊ីម៉ុតុ មកពី​ក្រុម​គ្រួសារបងស្រី​នៃព្រះកុមារ​យេស៊ូ​នៅចូហ្វែល ដែល​ចូល​មកបំពេញ​បេសកកម្មនៅ​កម្ពុជាតាម​ការ​ស្នើរបស់​លោក​អភិបាល​អេមីលដេតម្ប និង​លោក​អូលីវីយ៉េ កាលពី​​ខែមីនា ២០០៤ ក្នុង​ខេត្ត​កំពត។

បេសកកម្ម​ដំបូង​របស់គាត់​​គឺការ​អប់រំ​តាម​របៀបម៉ុងតេសូរី។ បេសកកម្ម​ទី២​គឺបម្រើ​ផ្នែក​សុខភាព កាលពី​ខែកុម្ភៈ ២០០៨ ដល់​២០១៣។ បន្ទាប់​មក​ក្នុង​ខែមករា ២០១២ រហូត​មមកដល់​បច្ចុប្បន្ន​នេះ គាត់​​បាន​ចូលរួម​បង្រៀន​គ្រូមត្តេយ្យនិង​បឋមសិក្សានៅព្រះសហគមន៍​កំពត ឱ្យ​ចេះ​បង្រៀន​សិស្ស​តាមរបៀប​ម៉ុង​តេ​សូរី​។​ ជាមួយគ្នា​នេះ គាត់​​បាន​រៀប​ចំ​បង្កើត​ឱ្យ​មាន​កូន​បណ្ណាល៏យ​នៅតាមភូមិនានា​​ដែល​មាន​ព្រះសហគមន៍​ក្នុង​មណ្ឌល​សកម្មភាព​កំពត ដោយ​សកម្មភាព​នេះ​មាន​ចាប់​តាំងពីខែតុលា ២០០៤ រហូត​ដល់​ខែមីនា ២០២៣នេះ មាន​ចំនួន ៧កន្លែង​​រួម​មាន​នៅភូមិកោះស្លា ជុំគិរី គិរីវង់ ចំការទៀង ត្រពាំងរុន ព្រែកប្រស់ និង​ភូមិសុខសាន្ត។

ដូនជី​ស៊ីនកុ ​នឹ​ង​ចេញពីខេត្ត​​កំពត​ទៅខេត្ត​សៀម​រាប​ក្នុង​ខែ​មីនា​ខាង​មុខ​នេះ ដើម្បី​បន្ត​បេសកកម្ម​ផ្នែក​អប់រំ​ក្នុង​តំបន់​​សម្រាប់​កុមារ​តូច៕

ដោយដាលីស

Facebook
Twitter
LinkedIn