ព្រះវិហារ​ថ្មី ជា​ដំណើរ​ប្រកាសដំណឹងល្អ

អាគារពណ៌លឿងខ្ចី​នៅកណ្តាលក្រុង​ពោធិ៍សាត់​ដែលមានដំបូល​ប្រក់​ក្បឿង និងមាន​ប៉ម​​ស្រួច​កម្ពស់​ជិត​៥០ម៉ែត្រ មាន​រូប​សំណាក​បុរសម្នាក់​ពណ៌ទឹកមាស​ពាក់​មួក​សំបុក ​ដៃកាន់​ឈើច្រត់​យ៉ាង​ស្រស់ស្អាត​ ហើយ​នៅ​ខាង​ចុង​កំពូល​មាន​រូប​ឈើឆ្កាង​ឆ្លាក់​ក្បាច់​យ៉ាង​ប្រណិត​ផង បើក្រលេកទៅមើល​ខាង​ក្រោម​រូបសំណាកនោះ​មាន​សរសេរអក្សរថា ព្រះវិហារ​កាតូលិក​សន្តយ៉ាកុប​ ខេត្ត​ពោធិ៍សាត់។

ព្រះវិហារ​​ដ៏ស្រស់ស្អាត​នេះ​ត្រូវ​បាន​ធ្វើ​ពិធី​ឆ្លងកាលពីថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​របស់​លោក​អេនរីគេ ហ្វីការេដូ ជាអភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​បាត់ដំបង រួមនិង​លោក​បូជាចារ្យ​ជាច្រើន​អង្គ ដោយមានវត្ត​មាន​របស់​អាជ្ញាធរ​ភូមិឃុំ​និង​មន្ទីរ​ធម្មការនិង​សាសនា​ចូលរួម​ផងដែរ រួមនិង​គ្រីស្តបរិស័ទ​ជិត​ឆ្ងាយ​យ៉ាង​ច្រើន​កុះករ។

«ព្រះសហគមន៍នៅពោធិ៍សាត់ មានដំណាក់កាលជាយូរមកហើយ បើយើងនិយាយអំពីប្រវត្តិសាស្ត្រ អំពីព្រះសហគមន៍យើងមានដូចនៅបាត់ដំបងពីសតវត្សរ៍ទី១៨»។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​អភិបាល​អេនរីគេ។

ព្រះសហគមន៍កាតូលិក​ក្នុងខេត្ត​ពោធិ៍សាត់​ បាន​ចាប់​ផ្តើម​ឡើងវិញក្នុងអំឡុង​ឆ្នាំ​១៩៩២ ​ក្រោយសង្គ្រាម​នៃរបប​ខ្មែរក្រហម​ដែល​បាន​បំផ្លិច​បំផ្លាញ​ហេដ្ឋារចនាសម្ពន្ធ​និង​សម្លាប់​មនុស្ស​ជិត​២​លាននាក់​ ដោយ​មាន​គ្រីស្ត​បរិស័ទមួយគ្រួសារ​​​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ពីជំរំ​ខ្មែរ​-ថៃ។

តាម​ប្រសាសន៍​របស់​លោក​សិលា ឱ វិសិដ្ឋ អាយុ៧២ឆ្នាំ ​ជាទីប្រឹក្សា​ព្រះសហគមន៍​និង​ជា​គ្រីស្ត​បរិស័ទ​ដើម​ដំបូង​មាន​ប្រសាសន៍​ថា គាត់​មិន​បាន​ដឹង​ច្បាស់​អំពី​ប្រវត្តិ​នៃ​ព្រះសហគមន៍​នេះ​មុន​សង្គ្រាម​នោះ​ទេ ដោយសារ​គាត់​ទើប​នឹង​ក្លាយជា​គ្រីស្ត​បរិស័ទ​កាតូលិក​នៅ​ពេល​ភៀសខ្លួន​ទៅជំរំ​។

លោក​ព្រឹទ្ធាចារ្យ​រូបនេះ បន្ថែមថា ក្រោយសង្គ្រាម​ស៊ីវិល​​បញ្ចប់​ មាន​សំណល់​អគារ​ព្រះវិហារ​ចាស់​ៗមួយចំនួន​ក្នុង​ខេត្ត​ពោធិ៍សាត់នេះ ហើយ​មួយទៀត​ត្រូវ​បាន​ក្លាយជា​ទីតាំង​បុស្តិ៍ប៉ូលីស​សព្វថ្ងៃនេះ។

បច្ចុប្បន្ននេះ ក្នុង​ខេត្ត​ពោធិ៍សាត់​ មាន​ព្រះសហគមន៍កាតូលិក​តែ​មួយ​ប៉ុណ្ណោះ ដែល​​​​ស្ថិត​នៅ​ក្នុង​ភូមិ​មាន់ចែ សង្កាត់​ព្រៃញី ក្រុងពោធិ៍សាត់​ ខេត្ត​ពោធិ៍សាត់ ដែលមាន​សកម្មភាព​ភាគច្រើន​លើ​ផ្នែក​អប់រំ​កុមារ​តូច​និង​យុវជន។

លោកអភិបាល​អេនរីគេ​បន្ត​ថា ពេលណា​យើង​មាន​ព្រះវិហារ​នៅទីនេះ ជា​សញ្ញាសម្គាល់​ពិសេស​ដែលព្រះសហគមន៍​មាន​វត្ត​មាន​នៅ​ក្នុង​សង្គម​ក្នុង​ខេត្ត​ពោធិ៍សាត់ មាន​ដំណើរការ​ មាន​សកម្មភាព​និង​មាន​ជីវិត​ និងឲ្យ​បងប្អូន​ឃើញអំពី​កិច្ច​ការប្រកាស​ដំណឹងល្អ​របស់​ព្រះសហគមន៍​តាមរយៈ​សេវាកម្មល្អនៅ​ក្នុងខេត្ត​ពោធិ៍សាត់។

លោក​គង្វាល​រូប​នេះ​បន្ថែមថា ព្រះវិហារ​សន្តយ៉ាកុបនេះ​ ណែនាំ​ឲ្យ​យើង​ត្រូវ​ធ្វើ​ដំណើរ​ឥតឈប់ឈរ​តាម​មាគ៌ារបស់​ព្រះជាម្ចាស់ និង​បម្រើ​អ្នកក្រីក្រ និងប្រកាសដំណឹងល្អ ដែលនាំ​ឲ្យយើង​មាន​ការរីកចម្រើន​រហូត​។

ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មក​នេះ ព្រះវិហារសន្ត​យ៉ាកុប មានក្រុម​ដូនជី​ប្រៀនប្រដៅ​ដោយព្រះយេស៊ូ​ បាន​ខិត​ខំ​ប្រកាស​ដំណឹង​ល្អ​តាម​រយៈការបង្កើត​ជា​សាលាមត្តេយ្យសិក្សា និង​មណ្ឌល​សិក្សា​សម្រាប់​យុវជន​ ហើយ​ដំណឹងល្អ​បាន​រីកចម្រើន​ឡើង​ក្នុង​ស្រទាប់​នៃ​វិស័យអប់រំនេះ។​

«សាលាមត្តេយ្យម៉ារីមេត្តាករុណា ចាប់ផ្តើម២០១៤ ឥឡូវ២០២២ជិត៨-៩ឆ្នាំ។ តាំងពីចាប់ផ្តើមសាលាមត្តេយ្យនៅព្រះវិហារពោធិ៍សាត់ យើងខ្ចីបន្ទប់មួយ(មាន)កូនសិស្ស២០-៣០នាក់ (ដោយបង្រៀន)ពេលព្រឹកប៉ុណ្ណោះ ហើយហ្នឹង២-៣ឆ្នាំក្រោយ កូនសិស្សមកច្រើន» នេះ​ជា​សម្តី​របស់​ដូនជី​ម៉ារី​យ៉ា ដូមីនីកា គីម ជាសមាជិកនៃក្រុមបងស្រី​​ប្រៀនប្រដៅដោយព្រះយេស៊ូ។

ដូនជីដែល​ជា​ប្រធាន​សាលា​មត្តេយ្យខាងលើ​ប​ន្តថា នៅ​ខេត្ត​ពោធិ៍សាត់​មាន​អ្នក​ក្រីក្រ​ច្រើន ហើយ​កុមារ​អត់​បានទៅសាលា​រៀន​ក៏ច្រើន​ដែរ ប៉ុន្តែ​ការប្រកាសដំណឹងល្អនៅ​តំបន់នេះ​ក៏មិន​ងាយ​ស្រួល​ដែរ​កាលពី​ដំបូង។ ដូនជីម៉ារី​យ៉ា ​ «ព្រោះ​​មនុស្ស​ចាស់ៗយល់​ថា យើង​កាន់​សាសនា​បរទេសមិន​មែន​សាសនា​កម្ពុជា​ទេ តែ​ក្រោយមក​ពួកគាត់​បាន​ផ្លាស់​ប្តូរ​គំនិត​ «ពីមុនកូនសិស្ស ៤០នាក់ ពេលនេះ៩០ជាង​​ដល់១០០នាក់។»

បេសកកម្មនេះ បាន​ជំរុញ​ឲ្យ​កុមារ​មួយ​ចំនួន​​ដែល​បញ្ចប់​ការសិក្សា​ពី​ព្រះវិហារ​​ វិលមក​វិញ​ដោយ​ចូលរួម​រៀន​អប់រំ​ជំនឿ​ដើម្បីក្លាយជាគ្រីស្ត​បរិស័ទ​។​

ដូនជី​ម៉ារីយ៉ា​ ​«ឥឡូវគេឡើងខ្ពស់ថ្នាក់ទី៦-៧ គេមកព្រះវិហារ ហើយនឹងចូលអប់រំជំនឿដែរ។ ខ្ញុំគិតថា(មត្តេយ្យ)សំខាន់» ដើម្បី​ប្រកាសដំណឹងល្អ។

ក្រៅពីសកម្មភាព​ខាង​អប់រំចំណេះដឹងទូទៅ​និង​​អប់រំ​ជំនឿ ព្រះសហគមន៍​ដែល​មាន​ដូនជី​៣​រូបនិង​បូជាចារ្យ​ម្នាក់ ជា​ជន​ជាតិ​កូរ៉េ បានចំណាយពេល​វេលា​រស់នៅ​ជាមួយប្រជាជន​និង​ចុះ​សួរ​សុខ​ទុក្ខ​ពួកគាត់​តាម​ផ្ទះ​ផងដែរ ដើម្បីបង្ហាញពីវត្ត​មាន​របស់​ព្រះជាម្ចាស់។

ព្រះវិហារ​សន្តយ៉ាកុប បច្ចុប្បន្ន​មាន​គ្រីស្ត​បរិស័ទ​៤០នាក់ ដែលភាគច្រើន​ជា​មនុស្ស​ចាស់ និង​យុវជន។ ​ការកសាង​ព្រះវិហារ​នេះ​បាន​ចំណាយ​ប្រាក់​អស់៣៧ម៉ឺន​ដុល្លារ ដែលបាន​មក​ពី​ការរៃអង្គាស​ថវិកា​ពីសប្បុរសជន​ក្រៅប្រទេស​និង​ក្នុងប្រទេស។

ក្នុងថ្ងៃដដែល​នោះ​ក៏​មាន​សម្ពោធ​អគារ​សាលាមត្តេយ្យសិក្សា​ចំនួន​មួយ​ខ្នងឈ្មោះថាម៉ារីមេត្តាករុណា ដែលស្ថិត​នៅ​ក្នុងបរិវេណព្រះវិហារសន្តយ៉ាកុប ដោយ​ក្នុងនោះ​មាន​បន្ទប់រៀន​ចំនួន​៤​បន្ទប់ ផ្ទះបាយ​១ កន្លែង​លែង​របស់​កុមារ​១ កន្លែងញ៉ាំបាយ និង​ការិយាល័យ​ចំនួន​១បន្ទប់ ដែល​អគារសិក្សានេះចំណាយថវិកាអស់​ប្រមាណជា ១៥ម៉ឺន​ដុល្លារអាមេរិក៕

ដោយ​កែវ កញ្ញា

Facebook
Twitter
LinkedIn