អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៩,១៥,២៤-២៨
បងប្អូនជាទីស្រឡាញ់!
ព្រះយេស៊ូជាស្ពានសម្ពន្ធមេត្រីមួយថ្មី។ ដូច្នេះ អស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ អាចទទួលមត៌កដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យា ព្រោះព្រះយេស៊ូបានសោយទីវង្គតដើម្បីលោះមនុស្សលោកឱ្យរួចពីកំហុសដែលគេបានប្រព្រឹត្តល្មើសកាលនៅក្រោមសម្ពន្ធមេត្រីចាស់។ ព្រះគ្រីស្តពុំបានយាងចូលក្នុងទីសក្ការៈសង់ឡើយដោយដៃមនុស្សដែលគ្រាន់តែជាតំណាងនៃទីសក្ការៈដ៏ពិតប្រាកដនោះឡើយ គឺព្រះអង្គបានយាងទៅចូលក្នុងស្ថានបរមសុខតែម្តង។ ឥឡូវនេះ ព្រះអង្គស្ថិនៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់យើង។ ព្រះគ្រីស្តពុំបានបូជាព្រះជន្មព្រះអង្គផ្ទាល់ច្រើនដង ដូចលោកមហាបូជាចារ្យដែលតែងតែយកឈាមសត្វចូលទៅក្នុងទីសក្ការៈជារៀងរាល់ឆ្នាំនោះឡើយ។ បើព្រះអង្គបូជាព្រះជន្មច្រើនដង ព្រះអង្គមុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសាតាំពីកំណើតពិភពលោកមក។ តាមពិត នៅគ្រាចុងក្រោយនេះ ព្រះអង្គយាងមកតែម្តងគត់ដើម្បីលុបបំបាត់បាបដោយព្រះអង្គបានបូជាព្រះជន្ម។ ដូចមនុស្សលោកទាំងអស់ ត្រូវស្លាប់តែមួយដង រួចត្រូវព្រះជាម្ចាស់វិនិច្ឆ័យទោសយ៉ាងណា ព្រះគ្រីស្តក៏បានបូជាព្រះជន្មតែមួយដងធ្វើជាយញ្ញបូជាដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ ព្រះអង្គនឹងយាងមកម្តងទៀត តែលើកក្រោយនោះ គ្មានទាក់ទាមអ្វីនឹងបាបទេ គឺព្រះអង្គយាងមកសង្រ្គោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គ។
ទំនុកតម្កើងលេខ ៩៨ (៩៧),១-៦ បទកាកគតិ
១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | កុំភ្លេចឡើយណា |
ដ្បិតទ្រង់ប្រព្រឹត្ត | សព្វកិច្ចអស្ចារ្យ | ដោយប្ញទ្ធិចេស្តា | |
យកជ័យជំនះ | ។ | ||
២ | ព្រះម្ចាស់បង្ហាញ | ប្រជាឱ្យឃើញ | ពីការសង្រ្គោះ |
ព្រះអង្គសម្តែង | ឱ្យគេទាំងអស់ | ឃើញសុចរិតស្មោះ | |
របស់ព្រះអង្គ | ។ | ||
៣ | ព្រះអង្គនៅតែ | សម្តែងឥតប្រែ | ករុណាត្រចង់ |
ព្រះទ័យស្មោះស្ម័គ្រ | អ៊ីស្រាអែលផង | សុចរិតឥតហ្មង | |
ចងចាំទាំងអស់ | ។ | ||
មនុស្សម្នាមូលមីរ | រស់នៅគ្រប់ទី | ឆ្ងាយទាំងស្រីប្រុស | |
នៃភពផែនដី | ឃើញការសង្រ្គោះ | ព្រះម្ចាស់របស់ | |
យើងគ្រប់ៗគ្នា | ។ | ||
៤ | មនុស្សទាំងប្រុសស្រី | នៅលើផែនដី | រៀបចំអង្គា |
អបអរសាទរ | ថ្វាយព្រះនាមា | ស្រែកហ៊ោរខ្ញៀវខ្ញា | |
ដោយតូរ្យតន្រ្តី | ។ | ||
៥ | សូមផ្ញើចិត្តកាយ | ដេញទាំងពិណថ្វាយ | ព្រះធ្លាប់ប្រណី |
ព្រោះព្រះអង្គនោះ | ធ្លាប់ថ្នមបមបី | ថែទាំយប់ថ្ងៃ | |
រៀងរាល់វេលា | ។ | ||
៦ | ចូរនាំគ្នាផ្លុំ | ត្រែស្នែងប្រគុំ | ថ្វាយព្រះរាជា |
អបអរសាទរ | អង្គមហាក្សត្រា | ខ្ពស់លើលោកា | |
គ្មានអ្វីសើ្មព្រះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១,១០
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង បានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតដោយសារដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,២២-៣០
ពួកធម្មាចារ្យដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖ «អ្នកនេះមានបេលសេប៊ូលជាស្តេចខ្មោចនៅក្នុងខ្លួន។ គាត់អាចដេញខ្មោចបានដូច្នេះ ព្រោះស្តេចខ្មោចប្រគល់អំណាចឱ្យ»។ ព្រះយេស៊ូត្រាស់ហៅគេមក រួចមានព្រះបន្ទូលជាប្រស្នាថា៖ «តើមារសាតាំងអាចដេញមារសាតាំងដូមម្តេចកើត?។ ប្រសិនបើពលរដ្ឋក្នុងនគរណាមួយបែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរគង់វង្សតទៅមុខបានឡើយ។ ប្រសិនបើក្រុមគ្រួសារមួយបែកបាក់ទាស់ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចស្ថិតស្ថេរគង់វង្សបានដែរ។ ដូច្នេះ ប្រសិនបើមារសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនឯងបែកបាក់ទាសតែងនឹងខ្លួនឯង។ វាមិនអាចស្ថិតស្ថេរគង់វង្សបានឡើយ គឺវាមុខជាត្រូវវិនាសមិនខាន។ គ្មាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់គាត់បានឡើយ គឺត្រូវតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើមនុស្សលោកធ្វើអំពើបាប និងពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោសទាំងអស់ រីឯអ្នកដែលពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធវិញ ព្រះអង្គមិនលើកលែងទោសសោះឡើយ ដ្បិតអ្នកនោះមានទោសអស់កល្បជានិច្ច។ ព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ ព្រោះគេនិយាយថា “ព្រះអង្គមានខ្មោចនៅក្នុងខ្លួន”។