ព្រះនាមដ៏វិសុទ្ទរបស់ព្រះយេស៊ូ។ ថ្ងៃទី ៣ ខែមករា

ពីដើម តាមពិធីអភិបូជាឆ្នាំ ១៩៦២ របស់អ្នកមានសុភមង្គល សម្តេចប៉ាប យ៉ូហានទី ២៣ បានទុកថ្ងៃ នេះនៅថ្ងៃទី ២ ប៉ុន្តែក្រោយមហាសន្និបាតវ៉ាទិកង់ទី ២ បានទុកជាថ្ងៃរំលឹក ដែលអាច ជ្រើសរើសយកបាន មិនមែនជាថ្ងៃរំលឹកដែលត្រូវធ្វើបុណ្យដូចមុន មកដាក់ នៅថ្ងៃទី ៣ ខែមករា។ “យេស៊ូ” ជាភាសាហេប្រឺ “យេហ្ស៊ូអា” ប្រែថា “ព្រះអម្ចាស់ទ្រង់ សង្គ្រោះ ” មានប្រាកដនៅក្នុងព្រះគម្ពីរ នៅក្នុងសុបិនរបស់ សន្តយ៉ូសែប និង ការសន្ទនា រវាងទេវទូតកាព្រីអែលជាមួយនាងម៉ារី។ ប្រាំបីថ្ងៃក្រោយពីព្រះយេស៊ូប្រសូតនៅភូមិ បេថ្លេហិម នាងម៉ារី និងលោកយ៉ូសែប នាំព្រះឱរសយកទៅព្រះវិហារក្រុងយេរូសាឡឹម ដើម្បីធ្វើពិធីកាត់ស្បែក យោងតាមគម្ពីរវិន័យលោកម៉ូសេបានចែងទុក ហើយនៅពេលប្រារព្ធពិធីនោះ ជនជាតិយូដាក៏ធ្លាប់ដាក់ឈ្មោះឲ្យកូនផងដែរ។ ដូចដែលអគ្គទេវទូត កាព្រីអែល បានពោលទៅលោកយ៉ូសែបថា ៖ «លោកត្រូវថ្វាយព្រះនាមទៅព្រះអង្គថា “យេស៊ូ” ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្រព្រះអង្គ ឲ្យរួចពីបាបរបស់គេ »។ ក្នុងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត មានចែងថា៖ “នៅក្រោមមេឃនេះព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បី សង្គ្រោះយើងនោះឡើយ ” (កក ៤,១២)។ គ្រប់ពេលសន្តប៊ែរណាថ្លែងនាម ដ៏វិសុទ្ធរបស់ ព្រះយេស៊ូនេះឡើង លោក ធ្លាប់ មានអារម្មណ៍រីករាយ និងទទួលការ លួងលោមដ៏អស្ចារ្យ ក្នុងចិត្តលោក «ព្រះនាម ព្រះអង្គមានរសជាតិឈ្ងុយឆ្ងាញ់ ដូចទឹកឃ្មុំនៅក្នុងមាត់យើង ហើយ ផ្តល់ឱ្យ ចិត្តយើង ប្រកបដោយសេចក្តីសុខសាន្តជានិច្ចទៀតផង»។ ពិតមែនហើយ ព្រះនាម នេះមាន ឥទ្ធិពលខ្លាំងណាស់ ដ្បិតរៀងរាល់ ពេលដែលយើងថ្លែងថា “យេស៊ូ យើងក៏លើក តម្កើង សិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលប្រកបដោយព្រះហឫទ័យប្រណីសន្តោស ដ៏លើស លប់ សម្រាប់ទាំងមនុស្សដែលនៅរស់ ព្រមទាំងមនុស្សដែលស្លាប់ទៅហើយ និង វិញ្ញាណក្ខន្ឋដែលនៅស្ថានជម្រះនោះផងដែរ។ ព្រះនាមនេះសំដៅទៅ លើព្រឹត្តិការណ៍ ដ៏អស្ចារ្យបំផុតនៃជំនឿគ្រីស្តសាសនា គឺថាព្រះជាម្ចាស់ ជាព្រះបុត្រា សព្វព្រះហឫទ័យ ចាប់កំណើតជាមនុស្ស ព្រះអង្គដែលមានសភាពជាព្រះជាម្ចាស់ដ៏ពិតប្រាកដ បានយក សភាពជាមនុស្សទ្រង់ក្លាយទៅជាមនុស្សដ៏ពិតប្រាកដផងដែរ ដើម្បីសង្រ្គោះមនុស្សលោក គឺព្រះយេស៊ូគ្រីស្តជាអម្ចាស់។ ព្រះអង្គពិតជាស្ពានមេត្រីរវាងមនុស្សយើង និងព្រះជាម្ចាស់។ តាំងពីសម័យដើមនៃគ្រឹស្តសាសនាមកម្ល៉េះ គ្រីស្តបរិស័ទយើងតែងតែសូត្រព្រះនាមនេះទាំងយប់ ទាំងថ្ងៃ ដូចជាខ្យល់ដកដង្ហើមដែលមិនចេះអស់ មិនចេះហើយ ដើម្បីអធិដ្ឋានជានិច្ច ៖ «ចូរអធិដ្ឋានឥតឈប់ឈរចូរអរព្រះគុណព្រះជាម្ចាស់គ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះអង្គសព្វព្រះហឫទ័យឲ្យបងប្អូន ដែលរួមជាមួយព្រះគ្រីស្តយេស៊ូ ធ្វើដូច្នេះឯង» (១ថស ៥, ១៧-១៨) ។ ព្រះអង្គធ្លាប់មានព្រះបន្ទូលមកយើងថា៖ «អ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះបិតាក្នុងនាម ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាពុំខាន» (យហ ១៥,១៦) ព្រះនាមរបស់ព្រះយេស៊ូ ជាពាក្យអធិដ្ឋានដ៏ខ្លីជាងគេ និងងាយស្រួលជាងគេ ហើយដែលមានឥទ្ធិពលដ៏ខ្លាំងជាងគេបំផុត ក្នុងបណ្ដាពាក្យអធិដ្ឋានឯទៀតៗទាំងអស់ «ឱព្រះយេស៊ូ! ព្រះបុត្រារបស់ព្រះជាម្ចាស់អើយ ! សូមអាណិតមេត្តាទូលបង្គំដែលជាអ្នកបាបផង! »

Facebook
Twitter
LinkedIn