ព្រះយេស៊ូប្រសូត​ផ្តល់​អំណរគ្រួសារ​ក្រីក្រ​ក្នុងខេត្ត​កោះ​កុង

ដើម្បីចូលរួម​អំណរសប្បាយ​ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត​ ព្រះវិហារ​សន្ត​ម៉ាថាយនៃ​ព្រះសហគមន៍កោះកុង​ កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកម្មវិធីជប់​លៀង​​មួយ​សម្រាប់គ្រួសារក្រីក្រដែលមានជំងឺ​ប្រចាំកាយ ចំនួន២៥គ្រួសារ ​​ដោយមាន​ការចែកអំណោយនិង​ពិសារអាហារសាមគ្គីរួមជាមួយគ្រីស្តបរិស័ទ​ឯទៀតៗប្រមាណ​ជាង១០០នាក់។

ថ្លែងទៅកាន់​អ្នក​ចូលរួម​ លោកអភិបាលអូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​​​មានប្រសាសន៍ថា កម្មវិធីនេះ ជាឱកាសមួយដែលយើងបានបង្ហាញថា យើងជាគ្រួសារ​មួយយ៉ាងពិសេស និងអរគុណដល់គណៈកម្មានៅព្រះសហគមន៍កោះកុងដែលបានអញ្ជើញបងប្អូនមក​ពី​ទីឆ្ងាយជិត​ដើម្បីចូលរួមថ្ងៃនៃអំណរសប្បាយនៃបុណ្យព្រះយេស៊ូប្រសូត្រ។

លោកអភិបាលបានបន្តថា បុណ្យព្រះយេស៊ូប្រសូត្រគឺជាពន្លឺមួយ ណែនាំឱ្យយើងមាន​សេចក្ដីសុខទាំងអស់គ្នា។ លោក​អភិបាល​បាន​ជូន​ពរ ដល់គ្រួសារ​ទាំង​២៥​​ទាំង​អស់​ ឲ្យមានសុខភាពល្អ មានកម្លាំងកាយ កម្លាំងចិត្ត​តស៊ូ។

លោក​បញ្ជាក់ថា «​ជីវិតរបស់យើងមានតែការ​តស៊ូ ទោះពិបាកក៏ត្រូវតែតស៊ូដើម្បីយកឈ្នះការលំបាក និងយកឈ្នះដើម្បីកូនយើង ដើម្បីឱ្យកូនយើងមាន​អនាគតល្អ​ និងសូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូនទាំងអស់គ្នា។»

លោកបូជាចារ្យ តាវ៉ូឡា​ យ៉ាំងលូកា ជាបូជាចារ្យទទួលខុសត្រូវក្នុង​មណ្ឌល​សកម្មភាព​កំពង់សោម និង​កោះ​កុង​ មានប្រសាសន៍ថា ពិធី​ចែកអំណោយដល់​គ្រួសារក្រីក្រ​ជារបៀបមួយដើម្បីឱ្យបងប្អូនស្គាល់​ព្រះសហគមន៍ ហើយនឹងបានរីករាយរួម​ជាមួយ​គ្នាតាម​រយៈ​​ការសម្ដែងរឿងព្រះយេស៊ូប្រសូត្រ មានរបាំ និងមាន​ចាប់យក​រង្វាន់ជាច្រើន រួម​និង​អាហារ​សាមគ្គី​ ដើម្បីបង្ហាញសេចក្ដីស្រលាញ់​ បង្ហាញសេចក្ដីសុខសាន្ត និងអំណរសប្បាយនៅរាត្រីនេះផងដែរ។

លោក សំ វណ្ណា អាយុ៧០ឆ្នាំ​សព្វថ្ងៃរស់នៅក្នុងភូមិនាងកុក ឃុំបាក់ក្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ប្រពន្ធរបស់គាត់មានអាយុ៧២ឆ្នាំមានជំងឺប្រចាំកាយ​សម្រាក​នៅផ្ទះ ដែល​មាន​​​ចៅស្រីអាយុ​១៩​ឆ្នាំ​ កំពុង​ធ្វើការងារ​នៅ​ក្នុង​រោងចក្រ​ ​ផ្គត់ផ្គង់​ក្នុងគ្រួសារនិងញថ្នាំសង្កូវសម្រាប់ជំងឺ​របស់ពួកគាត់។

លោក​វណ្ណា ឲ្យ​ដឹងថា ថ្ងៃនេះ លោក​សប្បាយចិត្តណាស់ដែលបានទទួលអំណោយពីព្រះសហគមន៍ ឲ្យ​គាត់​បាន​ហូបអាហារជុំគ្នាជាមួយបងប្អូនដែលមកចូលរួមទាំងអស់។ លោក​ថា ទោះបីមិនច្រើន ប៉ុន្តែអាចអោយគាត់ដោះស្រាយជីវភាព​បានមួយគ្រា។

ដោយឡែក លោក ឯក សុធី មានអាយុ៤៦ឆ្នាំ​ រស់នៅក្នុងក្រុងខេមរភូមិន្ទ​ មានជំងឺទឹកក្នុងថ្លើម ជា​អតីត​អ្នក​​នេសាទ មានកូន៣នាក់ក្នុងបន្ទុក​ បានរៀបរាប់ទាំងក្ដុកក្ដួលថា«នៅពេល​ដែល​ខ្ញុំអត់ និងខ្វះខាត មានព្រះសហគមន៍ជួយគឺខ្ញុំរំភើបណាស់។ ខ្ញុំតែងតែមានអារម្មណ៍ថា ខ្ញុំក្រហើយ​ឈឺ​បែបនេះ ប្រហែលមិនមានអ្នកណាជួយខ្ញុំនឹងគ្រួសារខ្ញុំទេ​​​ ប៉ុន្តែមានព្រះសហគមន៍កាតូលិក បាន​អញ្ជើញខ្ញុំ​មកទទួលអំណោយនៅថ្ងៃនេះជាមួយបងប្អូនដទៃទៀត ធ្វើអោយខ្ញុំរំភើបណាស់ និយាយអ្វី​មិន​ចង់ចេញទេ។»

លោកបន្ថែមថា នៅថ្ងៃនេះដែរគាត់បានហូបអាហារសាមគ្គីមួយដែលជាគ្រួសារមួយដែលកក់ក្ដៅ មិនរើសអើងគ្នា ទោះបងប្អូនខ្លះមានជំងឺនិងក្រីក្រ ប៉ុន្តែព្រះសហគមន៍នៅទីនេះ​បានបង្ហាញ​ក្ដីស្រលាញ់​មួយ ធ្វើអោយចិត្តគាត់មានសង្ឃឹមបន្តប្រឹងប្រែងជាមួយដំណើរជីវិត។

លោក លេង ស៊ីន អាយុ៦៨ឆ្នាំ​ ជាគណៈកម្មាសង្គហៈនិងជាគ្រូអប់រំជំនឿក្នុងព្រះសហគមន៍ បានឱ្យដឹង​ថា គ្រួសារ​ចំនួន​២៥នេះ មកពីសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ (ភូមិដងទង់១​និង​ភូមិដងទង់២) សង្កាត់ស្ទឹងវែង និងក្រុងខេមរភូមិន្ទ។

លោកបានបន្តថា បុណ្យព្រះយេស៊ូប្រសូត្រនេះ​ព្រះសហគមន៍​ជួយទៅដល់អ្នកក្រីក្រ ដើម្បីឱ្យគេទទួលពន្លឺ ដែលណែនាំឱ្យគេមានសង្ឃឹមនៅក្នុងជីវិតរបស់គេ ហើយដើម្បីអោយគេនឹកឃើញថា «ទោះបីជាពួកគេ​ក្រីក្រខ្វះខាតមែន ប៉ុន្តែបងប្អូនទាំងអស់​មិនបោះបង់​ចោល​ពួកគេនោះទេ ហើយទាំងនេះជា​បំណងរបស់​ព្រះសហគ​មន៍ ដើម្បីឱ្យបងប្អូនទទួលសេចក្ដី​ស្រលាញ់​ពីព្រះជាម្ចាស់។»

លោកបានបញ្ជាក់ផងដែរថា អំណោយដែល​ចែក​ជូន​គ្រួសារ​ក្រីក្រទាំងនេះ គឺ​បាន​មយយចំណែក​ពី​គ្រីស្ត​បរិស័ទ ហើយ​មួយ​ភាគ​ធំ​គឺ​មក​ពី​ព្រះសហគមន៍​។

ព្រះសហគមន៍កោះកុង​ បាន​ផ្តល់​ទាន​ដល់​គ្រួសារ​ក្រីក្រ​ក្នុង​ឱកាស​បុណ្យ​ធំៗ​ ដូចជា បុណ្យចម្លង បុណ្យព្រះយេស៊ូប្រសូត្រ បុណ្យចូល​ឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ។

ព្រះសហគមន៍​កោះកុង​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៤ ​ស្ថិតនៅ​ក្នុង​ភូមិ​១ សង្កាត់​ស្មាច់​មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះ​កុង​​​ ជា​ខេត្ត​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ ដែល​មាន​ចំងាយ​២៧១គីឡូម៉ែត្រ​ពី​រាជធានីភ្នំពេញ ស្ថិតនៅ​ភាគ​និរតីនៃប្រទេស។ បច្ចុប្បន្ន​ព្រះសហគមន៍នេះ មាន​​២០គ្រួសារ​គ្រីស្ត​បរិស័ទ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​នោះ ដែល​ភាគ​ច្រើន​ពួកគាត់​ប្រកប​របរ​ជា​អ្នក​លក់ដូរ នេសាទ ធ្វើ​ការ​រោង​ចក្រជាដើម៕

ដោយ​ចាន់ ម៉ានុត

Facebook
Twitter
LinkedIn