ភូមិភាគកំពង់ចាមបានរៀបចំកម្មវិធីសន្និបាតក្រោមប្រធានបទ”ព្រះសហគមន៍”សម្រាប់គ្រីស្តបរិស័ទពេញវ័យ ដែលមានលោកអភិបាល សួន ហង្សលីជាអធិបតី។
តាមប្រសាសន៍លោក បូជាចារ្យ វ៉ូសំាង សេរ៉ាល់ បានឲ្យដឹងថា សន្និបាតគ្រីស្តបរិស័ទពេញវ័យនេះ ជាឱកាសឲ្យគ្រីស្តបរិស័ទជួបជុំគ្នាឡើងវិញ ជជែកគ្នា និងផ្លាស់ប្តូរយោបល់គ្នា រិះគិតពីព្រះសហគមន៍ ជាការល្អ និងមានប្រយោជន៍។
លោក បូជាចារ្យ វ៉ូសាំង សេរ៉ាល់ បន្តថា ជីវិតព្រះសហគមន៍មានសុភមង្គល និងសេចក្តីសុខសាន្ត ដោយសារយើងស្គាល់ព្រះយេស៊ូគ្រីស្ត យើងធ្វើដំណើររួមជាមួយព្រះយេស៊ូដែលជាព្រះសង្គ្រោះ ដូច្នេះនេះជាប្រភពសុភមង្គលរបស់យើង។
សន្និបាតនេះធ្វើឡើងនៅព្រះសហគមន៍កំពង់ចាមក្រុង ក្នុងខេត្តកំពង់ចាម នៃភូមិភាគកំពង់ចាម ពីថ្ងៃទី២៤-២៦ តុលា ២០២២ដែលមានគ្រីស្តបរិស័ទតំណាងពីព្រះសហគមន៍ផ្សេងៗក្នុងភូមិភាគប្រមាណ៨០នាក់ចូលរួម។
លោក បន្ថែមថា ក្នុងសន្និបាតរយៈពេល២ថ្ងៃនេះបានណែនំាឲ្យបងប្អូនគ្រីស្តបរិស័ទយល់និងស្គាល់ពីប្រវត្តិសាស្រ្តរបស់ភូមិភាគកំពង់ចាម នៃកិច្ចប្រកាសដំណឹងល្អលើកដំបូងអស់រយៈពេល២៥០ឆ្នាំមកដល់បច្ចុប្បន្ន និង ២៥០ឆ្នាំនេះ បូជាចារ្យបរទេសមកប្រកាសដំណឹងល្អឲ្យគ្រីស្តបរិស័ទជាតិខ្មែរ ព្រមទំាងពលីជីវិតរបស់ខ្លួនផងដែរ។
ក្នុងសន្និបាតក៏បានរិះគិតអំពីការធ្វើដំណើរ ជាមួយគ្នាជាព្រះសហគមន៍ ប្រកាសដំណឹងល្អដល់មនុស្សឯទៀតៗនៅប្រទេសកម្ពុជា ដោយលោកបូជាចារ្យ ប្រ៊ុយណូ កូសម៍។ ព្រះសហគមន៍និងព្រះគម្ពីរ ដោយផ្តោតទៅលើការអធិដ្ឋាន ទៅលើការអានគម្ពីរ និងជីវិតក្រុមធ្វើការងាររួមជាមួយព្រះជាម្ចាស់ ដោយលោកផាន បូរ៉ា។
លោកបូជាចារ្យ វ៉ូសំាង សេរ៉ាល់បញ្ជាក់ថា ដើម្បីឲ្យគ្រីស្តបរិស័ទមានជំនឿមាំមួន លោកបូជាចារ្យនៅតាមព្រះសហគមន៍ ត្រូវធ្វើដំណើររួមជាមួយគ្រីស្តបរិស័ទ និងត្រូវយកចិត្តទុកដាក់ឈ្វេយល់ពីអរិធម៌ ដើម្បីអោយពួកគាត់មានអារម្មណ៍ថាកក់ក្តៅ។
ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមរួមគ្របដណ្ដប់ខេត្តចំនួន៨ គឺកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ស្ទឹងត្រែង រតនគិរី ក្រចេះ និងមណ្ឌលគិរី ហើយខេត្តមួយចំនួនគឺមានជនជាតិដើមភាគតិចរស់នៅ។
លោក ផាន បូរ៉ា គ្រូឧទ្ទេសមកពីព្រះសហគមន៍កំពង់ចាមក្រុង បានមានប្រសាសន៍ថា ក្នុងនាមលោកជាគ្រីស្តបរិស័ទ លោកត្រូវរស់ជាប់ជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ លើកទឹកចិត្តគ្រីស្តបរិស័ទឯទៀតៗ រស់នៅជាប់ជាមួយព្រះកាយព្រះគ្រីស្ត រស់នៅជាប់ជាមួយក្តីស្រឡាញ់ រស់នៅជាប់ព្រះបន្ទូល និងស្តាប់បង្គាប់។
លោកបន្តថា “យើងរស់នៅបាននិងមានខ្យល់ដកដង្ហើម បានធម្មជាតិ បានគ្រួសារ អ្វីដែលយើងទទួលបានគឺដោយសារការបង្ហូរឈាមរបស់ព្រះគ្រីស្ត ដោយសារតែទុក្ខលំបាករបស់ព្រះយេស៊ូ។”
លោក បូរ៉ា បន្តថា គ្រីស្តបរិស័ទត្រូវប្រកាន់នូវភាពស្មោះត្រង់ជាមួយការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយមានចិត្តសប្បុរស និងបម្រើដោយភាពស្មោះត្រង់។
កញ្ញា ហៃ សៀងលីន មកពីព្រះសហគមន៍កអណ្តើក បានឲ្យដឹងថា កម្មវិធីនេះ ជួយគាត់អោយយល់បន្ថែមអំពីការតស៊ូរបស់លោកបូជាចារ្យក្នុងការប្រកាសដំណឹងល្អដល់គ្រីស្តបរិស័ទនៅកម្ពុជា។
សៀងលីនបន្តថា “ទោះបីគាត់(បូជាចារ្យ)ដឹងថាកន្លែងនឹងគាត់ទៅហើយអាចស្លាប់ តែពួកគាត់នៅតែទៅ ដើម្បីមកប្រកាសដំណឹងល្អដល់បងប្អូននៅប្រទេសខ្មែរ។”
សៀងលីនបន្ថែមថា នាងនឹងតាំងចិត្តព្យាយាមអានព្រះបន្ទូលឲ្យច្រើនដើម្បីស្គាល់ព្រះជាម្ចាស់ អធិដ្ឋានរួមជាមួយព្រះអង្គ និងចូលរួមសកម្មភាពផ្សេងៗជាក្រុមក្នុងព្រះសហគមន៍។
កញ្ញា ហៃ សៀងលីន បានលើកឡើងថា កិច្ចការធម៌មេត្តាករុណា គឺជាទីសម្គាល់មួយនៃការប្រកាសដំណឹងល្អ។ ហើយយុវតីរូបនេះ តែងចុះតាមភូមិសួរសុខទុក្ខអ្នកភូមិ ទោះបីគេមិនមែនគ្រីស្តបរិស័ទក៏ដោយ។
សៀងលីន “ពេលនោះហើយដែលពួកគាត់ស្គាល់ព្រះសហគមន៍។”
ព្រះសហគមន៍នៅកម្ពុជាបានកកើតឡើងក្នុងសតវត្សទី១៦ ដោយបព្វជិតជាតិប៉ទុយហ្គាល លោកហ្គាស្ប៉ា ដាគ្រុស។
ទោះបីព្រះសហគមន៍មានអាយុកាលយូរឆ្នាំយ៉ាងណាក៏៏ដោយ តែចំនួនគ្រីស្តបរិស័ទមិនមានច្រើននោះទេ គឺប្រមាណ២០០០០នាក់ប៉ុណ្ណោះ។ នេះដោយសារវិបត្តិសង្គ្រាម រាប់មិនអស់ក្នុងប្រវត្តិសាស្ត្រនៃប្រទេសមួយនេះ ជាពិសេសគឺក្នុងរបបខ្មែរក្រហម។ លោកអភិបាលជាខ្មែរ យ៉ូសែប ឆ្មារ សាឡាស់និងសហជីវិន បព្វជិត-ជិតាខ្មែរ និងគ្រីស្តបរិស័ទមួយចំនួនបានស្លាប់រួមជាមួយប្រជាជនខ្មែរជិត២លាននាក់។
បច្ចុប្បន្ន ព្រះសហគមន៍នៅកម្ពុជាមានសាសនទូតក្រៅប្រទេសជិត១០០នាក់ តែបូជាចារ្យជាតិខ្មែរតែ១០អង្គប៉ុណ្ណោះ ដែលក្នុងនោះមានអភិបាលមួយរូបគឺលោកសិលា សួន ហង្សលី ដែលទើបនឹងជ្រើសតាំងដោយសម្តេចប៉ាបក្នុងខែកក្កដាឆ្នាំ២០២២នេះ៕
ដោយហៀម សុកខុន